ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តុលាការចោទប្រកាន់និងឃុំខ្លួនមន្ត្រីសាលារាជធានី២នាក់ពីបទពុករលួយ


(File) បាណូ​ផ្សព្វផ្សាយ​អំពី​អំពើ​ពុក​រលួយ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០១៥។ (ហ៊ាន សុជាតា​/ VOA Khmer)

(File) បាណូ​ផ្សព្វផ្សាយ​អំពី​អំពើ​ពុក​រលួយ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០១៥។ (ហ៊ាន សុជាតា​/ VOA Khmer)

លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញប្រាប់ក្រុមអ្នកសារព័ត៌មានតាមបណ្ដាញសង្គម Telegram នៅថ្ងៃព្រហស្បតិ៍នេះថា មន្ត្រីទាំង២នាក់មានឈ្មោះ រ័ត្ន បូរី ប្រធានការិយាល័យវិនិយោគនៃទីចាត់ការផែនការនិងវិនិយោគសាលារាជធានីភ្នំពេញ និង ឈ្មោះ ម៉ៃ វណ្ណារុំ ជាមន្រ្តីការិយាល័យវិនិយោគ នៃទីចាត់ការផែនការនិងវិនិយោគសាលារាជធានីភ្នំពេញ។

២​ខែ​ក្រោយ​ពី​អង្គការ​អន្តរជាតិ​មួយ​បាន​ចេញ​របាយការណ៍​ថា កម្ពុជា​នៅ​តែ​ជា​ប្រទេស​ដែល​ពុករលួយ​ជាង​គេ​នៅ​ក្នុងអាស៊ាននោះ មន្ត្រី​ពីរ​នាក់​របស់​សាលារាជធានី​ភ្នំពេញ​ត្រូវ​បាន​តុលាការ​ចោទប្រកាន់ និង​ឃុំ​ខ្លួន​ពី​បទ​អំពើ​ពុករលួយ។

តុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួនមន្ត្រីរបស់សាលារាធានី​ភ្នំពេញ​ពីរនាក់ ​ពី​បទ​ពុករលួយ បន្ទាប់​ពីអង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (ACU) បានឃាត់ខ្លួនមន្ត្រី​ទាំង​២​នាក់​និង​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការ​។ នេះ​បើ​យោងតាម​មន្ត្រី​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ។

លោក លី សុផាណា ព្រះរាជអាជ្ញារង​និង​ជា​អ្នក​នាំ​ពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​តាមបណ្ដាញ​សង្គម Telegram នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា មន្ត្រី​ទាំង​២​នាក់​មាន​ឈ្មោះ រ័ត្ន បូរី ប្រធាន​ការិយាល័យ​វិនិយោគ​នៃ​ទីចាត់ការ​ផែនការ​និង​វិនិយោគ​សាលា​រាជធានី​ភ្នំពេញ និង ឈ្មោះ ម៉ៃ វណ្ណារុំ ជា​មន្រ្តី​ការិយាល័យ​វិនិយោគ នៃ​ទីចាត់ការ​ផែនការ​និង​វិនិយោគ​សាលា​រាជធានី​ភ្នំពេញ។

លោក លី សុផាណា ឱ្យ​ដឹង​ទៀត​ថា ក្រោយពី​បាន​បញ្ចប់​ការសួរ​ចម្លើយ ពិនិត្យ​ឯកសារ និង​ភស្តុតាង នៅ​ថ្ងៃព្រហស្បតិ៍​នេះ ព្រះរាជអាជ្ញា​រង​លោក សៀង សុខ បាន​សម្រេច​បើក​ការ​ស៊ើបសួរដោយ​ចោទប្រកាន់​អ្នក​ទាំងពីរ​ពីបទ​វិតិក្រម តាមមាត្រា៥៩២ និង​៥៩៣ នៃ​ក្រមព្រហ្មទណ្ឌ និងមាត្រា​៣២​នៃ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ ហើយបាន​សម្រេច​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​ចាត់ការ​បន្ត។

អ្នកនាំពាក្យ​ដដែល​ឱ្យ​ដឹង​ទៀត​ថា ក្រោយពី​បាន​បញ្ចប់​ការសួរចម្លើយ និង​ពិភាក្សា​ដេញដោល​ចំពោះ​មុខ​ លោក ពេជ្រ វិជ្ជាធរ ​ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ ជន​ត្រូវចោទ​ទាំងពីរ​ តាម​បទ​ចោទ​ដែល​ព្រះរាជអាជ្ញា​បាន​ចោទប្រកាន់។ អ្នកទាំង​ពីរ​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​តាម​នីតិវិធី។

មន្ត្រី​ទាំង​២​នាក់​នៃ​សាលា​រាជធានី​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ឃាត់​ខ្លួន​នឹង​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​កាល​ពីថ្ងៃ​ពុធ។

VOA មិនទាន់​អាច​ទាក់ទង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​លោក ឱម យ៉ិនទៀង ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​លើ​ករណី​នេះ​បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍។

លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ប្រាប់​ VOA នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​ពុំ​ទាន់​ទទួល​បាន​ព័ត៌មាន​លម្អិត​ថា​មន្ត្រី​ទាំង​ពីរ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​អំពើ​ពុកលួយ​ក្នុង​ករណី​អ្វី ចំនួន​ទឹក​ប្រាក់​ប៉ុន្មាន​នៅ​ឡើយ​ទេ។

លោក មាន ចាន់យ៉ាដា អះអាង​ថា ករណី​នេះ​គឺ​ជា​រឿង​បុគ្គល ដែលនឹង​មិន​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ ការងារ​សាលារាជធានី​ភ្នំពេញ​នោះទេ។ លោក​ថា សាលា​រាជធានី​ក៏​ពុំ​មាន​ចំណាត់ការ​ឬ​ការ​ត្រួត​ពិនិត្យ​អ្វី​បន្ថែម​ទៀត​នោះ​ទេ ក្រោយ​មាន​ករណី​នេះ។

លោក​ថ្លែង​ថា៖ «ដូចជា​អត់​អី​នេះ​ផង ពីព្រោះ​អានេះ​វា​ជារឿង​បុគ្គល។ នេះ​ជា​ការងារ​ខាង​ ACU ជា​អ្នក​ធ្វើការ»។

លោក​ ព្រាប​ កុល​ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​មាន​ប្រសាសន៍​ថា ចំណាត់​លើ​មន្ត្រី​ប្រព្រឹត្តអំពើ​ពុករលួយ​ជា​រឿង​ល្អ។ ទោះជាយ៉ាងណា លោក​ថា ការ​អនុវត្ត​ច្បាប់​នៅ​ពុំទាន់បាន​ល្អ​នៅឡើយ ដោយ​លោក​ជំរុញ​ឱ្យ​បង្កើន​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​បន្ថែម​ទៀត។

លោក​ ព្រាប​ កុល​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ នៅក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ស្តី​ពី​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុករលួយ​នៅ​ឆ្នាំ​២០១៦​ ក្នុង​រាជធានី​ភ្នំពេញ​កាល​ពីថ្ងៃទី​២៥ ខែ​មករា​ ឆ្នាំ​២០១៧​។ (ហ៊ាន សុជាតា​/ VOA)

លោក​ ព្រាប​ កុល​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​ នៅក្នុង​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ស្តី​ពី​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុករលួយ​នៅ​ឆ្នាំ​២០១៦​ ក្នុង​រាជធានី​ភ្នំពេញ​កាល​ពីថ្ងៃទី​២៥ ខែ​មករា​ ឆ្នាំ​២០១៧​។ (ហ៊ាន សុជាតា​/ VOA)

លោក​ថ្លែង​ថា៖ «គាត់​ត្រូវ​បង្កើន​ការ​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​ថែម​ទៀត ហើយ​កាត់​បន្ថយ​ការ​យោគយល់ កាត់​បន្ថយ​ការ​អនុគ្រោះ ព្រោះ​នៅ​ក្នុង​យុទ្ធសាស្ត្រ​របស់​គាត់ថា មិន​អនុគ្រោះ​ទេ Zero tolerance។ តែ​កន្លង​មក​យើង​ឃើញ​ថា tolerance ហ្នឹងច្រើន ការ​អនុគ្រោះ​ហ្នឹង​ច្រើន»។

កាល​ពី​ខែ​មករា​ របាយការណ៍​ស្តី​ពី​សន្ទស្សន៍​នៃ​ការ​យល់​ឃើញ​ពី​អំពើ​ពុក​រលួយ​នៅ​ឆ្នាំ​២០១៦ ដែល បាន​ចេញ​ផ្សាយ​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ​ បាន​វាយ​តម្លៃ​ថា​ កម្ពុជា​ទទួល​បាន​២១​ពិន្ទុ​ ​លើ​ ១០០​ពិន្ទុ​ និងទទួល​បាន​ចំណាត់​ថ្នាក់​ទី​១៥៦​ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៧៦ ​ដែលត្រូវគេ​បាន​សិក្សា។ ​ពិន្ទុ​ និង​ចំណាត់​ថ្នាក់​នេះបង្ហាញ​ថា​ កម្ពុជា​នៅ​តែ​ជា​ប្រទេស​ដែល​មាន​អំពើ​ពុក​រលួយ​ខ្លាំង​ដដែល៕

XS
SM
MD
LG