ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលករ​ចំណាក​ស្រុក​កម្ពុជា​​ចំនួន​​២៣០​នាក់​ បាន​ធ្វើ​មាតុភូមិ​និវត្តន៍


អ្នក​នេសាទ​កម្ពុជា​បាន​សង្រ្គោះ​ពី​ទូក​នេសាទ​របស់​ថៃ​កំពុង​បរិភោគ​អាហារ​ពេល​ព្រឹក​នៅ​សង្កាត់​ជ្រោយ​ចង្វា ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃទី១៨ ខែ​មិថុនា ឆ្នាំ២០១៥។ មន្ត្រី​កម្ពុជា​ឲ្យ​ដឹង​ថា អ្នក​នេសាទ​កម្ពុជា​សរុប​២៣០នាក់​ដែល​បាន​ជាប់​គាំង​នៅ​លើ​កោះ Ambon នៃ​ប្រទេស​ឥណ្ឌូនេស៊ី​ត្រូវបាន​ជួយ​សង្គ្រោះ ហើយ​វិល​ត្រឡប់​មក​កាន់​ប្រទេស​កំណើត​វិញ តាម​យន្តហោះ​ឯកជន​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ។ (REUTERS/Samrang Pring)
អ្នក​នេសាទ​កម្ពុជា​បាន​សង្រ្គោះ​ពី​ទូក​នេសាទ​របស់​ថៃ​កំពុង​បរិភោគ​អាហារ​ពេល​ព្រឹក​នៅ​សង្កាត់​ជ្រោយ​ចង្វា ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃទី១៨ ខែ​មិថុនា ឆ្នាំ២០១៥។ មន្ត្រី​កម្ពុជា​ឲ្យ​ដឹង​ថា អ្នក​នេសាទ​កម្ពុជា​សរុប​២៣០នាក់​ដែល​បាន​ជាប់​គាំង​នៅ​លើ​កោះ Ambon នៃ​ប្រទេស​ឥណ្ឌូនេស៊ី​ត្រូវបាន​ជួយ​សង្គ្រោះ ហើយ​វិល​ត្រឡប់​មក​កាន់​ប្រទេស​កំណើត​វិញ តាម​យន្តហោះ​ឯកជន​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ។ (REUTERS/Samrang Pring)

ពលករ​ចំណាក​ស្រុក​កម្ពុជាចំនួន២៣០​នាក់​បាន​ធ្វើ​មាតុភូមិ​និវត្តន៍​មក​ដល់​ប្រទេស​កំណើត​វិញ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ បន្ទាប់​ពី​ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​តំបន់​កោះ​អំបន់​ (Ambon)​ នៃ​ប្រទេស​ឥណ្ឌូនេស៊ី។​ ពលករ​ភាគ​ច្រើន​បាន​ត្រូវ​បាន​គេ​បោក​យក​ទៅ​ធ្វើ​ការ​ ដូច​ជា​ទាសករ​ ​នៅ​លើ​ទូក​នេសាទ​នៃ​ប្រទេស​ថៃ​ មុន​ពេល​អាជ្ញាធរ​ឥណ្ឌូនេស៊ី​ជួយ​សង្គ្រោះ​នោះ។​

ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​វិល​មក​ដល់​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ពលករ​នេសាទ​ភាគ​ច្រើន​បាន​ឲ្យ​ដឹង​ថា ​ពួក​គាត់​ត្រូវ​បាន​មេ​ខ្យល់​បោកទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ ក៏​ប៉ុន្តែ​ពួក​គាត់​ត្រូវ​បាន​លក់​ឲ្យ​ទៅ​ធ្វើការ​នៅ​លើ​ទូក​នេសាទ​ទៅ​វិញ។​

លោក​ សេង ស៊ីណែត ​បាន​ថ្លែង​ថា ​លោក​ត្រូវ​បាន​មេខ្យល់​បោក​ប្រាស់​ទៅ​ធ្វើ​ការ​លើ​ទូក​នេសាទ​នៅ​ប្រ​ទេស​ឥណ្ឌូនេស៊ី​ ដោយ​សន្យា​ថា​ ការងារ​នេះ​នឹង​បាន​ប្រាក់​ចំណូល​ច្រើន​នៅ​ប្រទេស​ថៃ។​ ពលករ​ចំណាក​ស្រុក​អាយុ​២៧​ឆ្នាំ​រូប​នេះ​ ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ លោក​ត្រូវ​បាន​គេ​នាំ​ទៅ​ប្រទេស​ថៃ ​មុខ​ពេល​បញ្ជូន​តាម​ទូក​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី​ ដែល​នៅ​ទី​នោះ​លោក​ធ្វើ​ការ​លើ​ទូក​ក្នុង​សមុទ្រ​ជាង​២០ម៉ោង​ក្នុង​មួយ​ថ្ងៃៗ។​

«ពេល​ដែល​ខ្ញុំ​ទៅ​ដល់​ផ្ទះ​ថៅ​កែ​ គេ​ទុក​ខ្ញុំ​រយៈ​ពេល​ប្រហែល​៦​ទៅ​៧​ថ្ងៃ​មុន​ទៅ​ប្រទេស​ឥណ្ឌូ។​ ពី​ថៃ​ទៅឥណ្ឌូ​ប្រហែល​១០ថ្ងៃ​ ១០​យប់​ ​នៅ​លើ​ទូក។ ​វា​ពិបាក​ណាស់​ ព្រោះ​នៅ​ផ្ទះ​ធ្លាប់​ដើរ​លេង​ ហូប​ចុក​ តែ​អា​នេះ​ទៅ​ធ្វើ​ការ​ហាល​ថ្ងៃ​ ហាល​ភ្លៀង​ ណា​មួយ​ធ្វើ​ការ​ជាង​២០​ម៉ោង​ទាំង​ថ្ងៃ​ទាំង​យប់»។​

ជាមួយ​គ្នា​នេះ​ដែរ ​លោក​ ទុលលាស់ សល់​ អាយុ​៤៦​ឆ្នាំ​ បានធ្វើ​ចំណាក​ស្រុក​ ជាង​មួយ​ឆ្នាំ​មុន ដោយ​សង្ឃឹម​ថា​ នឹង​អាច​រក​កម្រៃ​ផ្គត់ផ្គង់​ជីវភាព​គួ្រសារ​របស់​លោក​ ​ក៏ប៉ុន្តែ​លោក​ត្រូវ​គេ​យក​ទៅ​ប្រទេស​ថៃ ​និង​ធ្វើ​លិខិត​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​កាន់​ឥណ្ឌូនេស៊ី។​ លោក​ត្រូវ​ជាប់​លើ​ទូក​នេសាទ​ជាង​១៦ខែ​ មុន​ពេល​អាជ្ញាធរ​ឥណ្ឌូនេស៊ី​ជួយ​សង្គ្រោះ​នោះ។​

លោក​ ទុលលាស់ សល់​ ដែល​មក​ពី​ខេត្ត​ក្រចេះ​ ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ​រយៈ​ពេល​ធ្វើ​ការ​លើ​ទូក​នេសាទ​ក្នុង​សមុទ្រ​ប្រហែល​១៦ខែ​នោះ លោក​មាន​ឱកាសផ្ញើរ​ថវិកា​មក​ឲ្យ​គ្រួសារ​ត្រឹម​តែ​១លើក​តែ​ប៉ុណ្ណោះ​ ដែល​មាន​ចំនួន​ប្រហែល​២ម៉ឺន​បាត​ ឬ​ជិត​៦០០ដុល្លារ​សហរដ្ឋ​អាមេរិក​តែ​ប៉ុណ្ណោះ។​

​ដូច​ពលករ​ចំណាក​ស្រុក​ផ្សេង​ទៀត​ដែរ​ លោក​មិន​ចង់​ត្រឡប់​ទៅ​ធ្វើការ​នៅ​ទីនោះ​ជា​លើក​ទីពីរ​នោះ​ទេ។​

«ពេល​ដែល​ទូត​យើង​យក​មក​ ត្រឡប់​មក​ដល់​ស្រុក​ខ្មែរ​វិញ​ គឺ​អត់​ចង់​ត្រឡប់​ទៅ​វិញ​ទេ​ គឺ​វា​ធុញ​នឹង​រលក ​និង​ការងារ​នោះ»។​

សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ក្រសួង​ការ​បរទេស​កាលពី​ថ្ងៃ​ពុធ​កន្លង​ទៅ​បាន​ឲ្យ​ដឹង​ថា ​សម្ព័ន្ធ​ក្រុមហ៊ុន ​PT. Maribu Industries Group ​ដែល​ជា​ក្រុម​ហ៊ុន​តំណាង​ភាគី​ម្ចាស់​ទូក​នេសាទ​ថៃ​ គឺជា​អ្នក​រៀបចំ​មាតុភូមិ​និវត្តន៍​របស់​ពលករ​ខ្មែរ​ចំនួន​២៣០នាក់​នោះ​ពី​កោះ​អំបន់​ (Ambon)។​

លោក​ស្រី​ ជូ ប៊ុនអេង​ រដ្ឋ​លេខាធិការ​ក្រសួង​មហា​ផ្ទៃ​ និង​ជា​អនុប្រធាន​អចិន្រ្តៃយ៍​នៃ​គណៈ​កម្មាធិការ​ជាតិ​បង្ក្រាប​ការ​ជួញ​ដូរ​មនុស្ស​ បាន​ប្រាប់​វីអូអេ​ខេមរភាសា​ថា​ នេះ​ជា​លើក​ទីមួយ​ហើយ​នៃ​ការ​បញ្ជូន​ពលករ​កម្ពុជា​ ដែល​មាន​ចំនួន​ច្រើន​មក​ពី​ប្រទេស​ឥណ្ឌូនេស៊ី​នេះ។​ ក្នុង​ចំណោម​ពលករ​ទាំង​២៣០នាក់​នោះ​ ម្នាក់​មាន​ជំងឺ​សរសៃ​ឈាម ​(stroke)​ ដែល​ពិការ​ និង​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ។​ លោក​ស្រី​ក៏​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើការ​រឿង​ពលករ​ចំណាក​ស្រុក​ជាង​២០ឆ្នាំ​មក​ហើយ ​ក្នុង​ការ​ទប់​ស្កាត់​បញ្ហា​ចំណាក​ស្រុក​នេះ។​ ក៏​ប៉ុន្តែ​ការ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​គឺ​ជា​ជម្រើស​ផ្ទាល់​របស់​ពួក​គាត់។​

«មិន​មែន​ទើប​តែ​ពេល​នេះ​ទេ​ដែល​យើង​មាន​ការ​ព្រួយ​បារម្ភ​នោះ។​ យើង​បាន​ធ្វើ​ការ​ងារ​ហ្នឹង​ដែល​ខ្ញុំ​អាច​ប៉ាន់​ថា ​រយៈ​ពេល​២០​ឆ្នាំ​ហើយ​ ដែល​យើង​តែងតែ​អប់រំ​ផ្សព្វ​ផ្សាយ​ឲ្យ​ពលករ​របស់​ពួក​យើង​ហ្នឹង​ពី​បញ្ហា​ចំណាក​ស្រុក។​ រដ្ឋាភិបាល​កម្ពុជា​មិន​បាន​បិទ​សិទ្ធិ​របស់​ពួក​គាត់​ទេ​ ក្នុង​ការ​ចេញ​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស។​ ក៏​ប៉ុន្តែ​យើង​តែងតែ​ព្យាយាម​រក​មធ្យោបាយ​ផ្លូវច្បាប់​ឲ្យ​ពួកគាត់ ​និង​ចេញ​ដោយ​សុវត្ថិភាព»។​

លោក​ស្រី​ ជូ ប៊ុនអេង ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​ អាច​មាន​ពលករ​ចំណាក​ស្រុក​ច្រើន​ ដែល​កំពុង​តែ​ធ្វើការ​នៅ​លើ​ទូក​នេសាទ​នា​កណ្តាល​សាគរ​នោះ។​

ចាប់​តាំងពី​ដើម​ឆ្នាំ​២០១៥​មក​ កម្ពុជា​បាន​ធ្វើ​មាតុភូមិ​និវត្តន៍​ពលករ​ចំណាក​ស្រុក​ប្រហែល​ជាង​៤០០នាក់​ហើយ ​ដែល​ត្រូវបាន​គេ​បោក​ទៅ​ធ្វើ​ការ​លើ​ទូក​នេសាទ​នោះ។​

ជាមួយគ្នា​នេះ​ដែរ ​ពលករ​ខ្មែរ​ចំនួន​២​រូប​ផ្សេង​ទៀត ​និង​ត្រូវ​បញ្ជូន​ពី​ប្រទេស​ម៉ាឡេស៊ី​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នា​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ។​

អ្នក​ជំនាញ​ខាង​សិទ្ធិ​ពលករ​បាន​បញ្ជាក់​ថា​ ភាព​ក្រីក្រ​ដែល​បណ្តាល​មក​ពី​បញ្ហា​ជម្លោះ​ដី​ធ្លី ​និង​ដី​សម្បទាន​សេដ្ឋកិច្ច ​ហើយ​នឹង​បញ្ហា​ផលិតផល​កសិកម្ម​ ដែល​មាន​តម្លៃ​ទាប‍​គឺ​ជា​ការ​កត្តា​ជំរុញ​ឱ្យ​ពលរដ្ឋ​កម្ពុជា​ធ្វើ​ចំណាក​ស្រុក​ទៅ​ធ្វើការ​ទាំង​ស្រប​ច្បាប់​ និង​មិន​ស្រប​ច្បាប់​នៅ​ប្រទេស​ជិតខាង៕​

XS
SM
MD
LG