ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាព​ក្រីក្រ​បាន​ជំរុញ​ឲ្យ​ប្រជាជន​ពលរដ្ឋកម្ពុជា​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស


លោក ធិន សៀងលី ឈរ​នៅ​ក្រៅ​ផ្ទះ​របស់​លោក​នៅ​ទីក្រុង​ភ្នំពេញ។ (រូបថត៖ ផន បុប្ផា/VOA Khmer)
លោក ធិន សៀងលី ឈរ​នៅ​ក្រៅ​ផ្ទះ​របស់​លោក​នៅ​ទីក្រុង​ភ្នំពេញ។ (រូបថត៖ ផន បុប្ផា/VOA Khmer)

ក្នុង​សភាព​ត្របក​ភ្នែក​ធ្លាក់ ​និង​ដៃ​ដ៏​គគ្រើម ​ដែល​បណ្តាល​មក​ពី​ការ​ធ្វើ​ជា​ពលករអស់​រយៈ​ពេល​រាប់​ឆ្នាំ​នោះ បទ​ពិសោធន៍​របស់​លោក​ ធិន សៀងលី ​គឺ​ជា​មេរៀន​មួយ​ សម្រាប់​ប្រជាជន​កម្ពុជា​ក្រីក្រ​រាប់​ពាន់​នាក់​ដទៃ​ទៀត​ ដែល​ចង់​ស្វែងរក​ការងារ​ដែល​ប្រសើរ ​និង​បាន​ប្រាក់​ខែ​ច្រើន​នៅ​ឯ​បរទេស​ត្រូវ​តែ​ប្រយ័ត្ន។

លោក ធិន សៀងលី​ មក​ពី​ខេត្ត​ព្រៃវែង។ លោក​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​មនុស្ស​រាប់​ម៉ឺន​នាក់​ ដែល​បាន​បង្ខំ​ចិត្ត​ចាកចេញ​ពី​មាតុភូមិ​ជា​រៀង​រាល់​ឆ្នាំ ព្រោះ​តែ​ជីវភាព​ក្រីក្រ និង​ដើម្បី​រក​ប្រាក់​នៅ​ឯ​ប្រទេស​ថៃ​ និង​ម៉ាឡេស៊ី។

ប៉ុន្តែ​ ដំណើរ​ធ្វើការ​នៅ​បរទេស​នេះ​ គឺ​ពោរពេញ​ទៅ​ដោយ​ភាព​ប្រថុយ​ប្រថាន ហើយ​ទី​បញ្ចប់​ បាន​បង្ក​មហន្តរាយ​ដល់​មនុស្ស​ជា​ច្រើន រួម​មាន​លោក សៀងលី​ ​ជា​ដើម ដែល​បាន​ចាកចេញ​ពី​ទីក្រុង​ភ្នំពេញ បន្ទាប់​ពី​លោក​ត្រូវ​បាន​គេ​សន្យា​ថា​ លោក​នឹង​ទទួល​បាន​ប្រាក់​ខែ​ច្រើន បើ​ធ្វើការ​នៅ​លើ​ទូក​នេសាទ​របស់​ប្រទេស​ថៃ។

ផ្ទុយ​ទៅ​វិញ លោក​បាន​ជាប់​អន្ទាក់​អស់​រយៈពេល​៦ឆ្នាំ នៅ​តំបន់​ដាច់​ស្រយ៉ាល​នៃ​ប្រទេស​ឥណ្ឌូនេស៊ី ​ដោយ​ធ្វើការ​គ្មាន​ប្រាក់ខែ ​និង​គ្មាន​សង្ឃឹម​ទេ ​ថា​អាច​រត់គេច​ចេញ​ពី​ទីនោះ​បាន។​

លោកស្រី លឹម មុនី ​អនុ​ប្រធាន​នៃ​កម្មវិធី​សិទ្ធិ​ស្រ្តី​ និង​កុមារ ​ថ្លែង​ថា ​រៀង​រាល់​ឆ្នាំ ​មាន​ប្រជា​ពលរដ្ឋ​កម្ពុជា​ជា​ច្រើន​ត្រូវ​បាន​គេ​បោក​បញ្ឆោត​យក​ទៅ​ធ្វើការ​នៅ​បរទេស។

លោកស្រី​ថ្លែង​ថា៖ «ពួកគេ​ទៅ​តាម​ប្រទេស​ថៃ។ ពួកគេ​ត្រូវ​គេ​បោក​ឲ្យទៅ​ប្រទេស​ថៃ។ បន្ទាប់​មក​ ពួកគេ​ត្រូវ​បាន​បញ្ជូន​ទៅ​ទូក​មួយ​ ដែល​មិនមែន​នាំ​ពួកគេ​ទៅ​ថៃ​នោះ​ទេ ប៉ុន្តែ​បែរ​ជា​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី​ទៅ​វិញ‍»។

លោក គោ ស៊ុំ​សា​រឿត ​អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ដែល​មាន​ព្រំ​ប្រទល់​ជាមួយ​នឹង​ប្រទេស​ថៃ បាន​ថ្លែង​ថា អ្នក​ដែល​ចាកចេញ​ពី​ប្រទេស​ដោយ​គ្មាន​ឯកសារ​ស្របច្បាប់​នោះ គឺ​ងាយ​រង​ការ​កេងប្រវ័ញ្ច​ពី​ថៅកែ។ លោក​និយាយ​ថា អ្នក​ទាំង​នោះ​បន្ត​ចាកចេញ​ បន្ទាប់​ពី​ឃើញ​អ្នក​ជិត​ខាង​របស់​ពួកគេ​រក​ចំណូល​បាន​ច្រើន​នៅ​ឯ​បរទេស។

លោក​ថ្លែង​ថា៖ «ពួកគេ​ឃើញ​អ្នក​ខ្លះ​ទៅ​ធ្វើការ​ក្រៅ​ប្រទេស​ ក៏​ទៅ​តាម​គេ‍​ដែរ​ទៅ»។

លោក​និយាយ​ថា ទោះ​បី​ជា​មាន​យុទ្ធនាការ​ដែល​ជំរុញ​ឲ្យ​អ្នក​ទាំង​នោះ ធ្វើ​ឯកសារ​ស្របច្បាប់​ក៏​ដោយ​ ក៏​នៅ​តែ​មាន​អ្នក​មួយ​ចំនួន​ដែល​ព្យាយាមឆ្លង​ដែន​ខុស​ច្បាប់។​

ការ​ធ្វើ​ចំណាក​ស្រុក​ដោយ​ស្របច្បាប់ជា​កត្តា​គន្លឹះ​ដើម្បី​ការពារ​ការ​រំលោភ​បំពាន​

លោក យឹម វីរៈ អគ្គ​លេខាធិការ​រង​នៃ​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស ថ្លែង​ថា វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ពលករ ក្នុង​ការ​ផ្តល់​ព័ត៌មាន​ដល់​សមាជិក​គ្រួសារ អង្គការ​ក្រៅ​រដ្ឋាភិបាល ឬ​ក្រុម​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស។

លោក​និយាយ​ថា៖ «ជា​ទូទៅ ប្រសិន​បើ​អ្នក​ទាំងនោះ​មិន​ចង់​ឲ្យ​គេ​បំពាន​នោះ ពួកគេ​នឹង​ទៅ​ធ្វើការ​ដោយ​ស្រប​ច្បាប់‍»។

លោក​បន្ថែម​ថា វា​មាន​សារៈសំខាន់​ណាស់ មុន​ពេល​ដែល​ពលករ​ធ្វើ​ចំណាកស្រុក ពួកគេ​គួរ​តែ​យល់ដឹង​ពី​ប្រទេស​ដែល​ពួកគេ​ចង់​ទៅ​នោះ ហើយ​ធ្វើការទាក់ទង​ជាមួយ​នឹង​អាជ្ញាធរ​កម្ពុជា។

លោក​និយាយ​ថា មន្រ្តី​មិន​មាន​តួលេខ​ច្បាស់លាស់​ស្តី​ពី​ចំនួន​មនុស្ស ដែល​ទៅ​ធ្វើការ​ខុស​ច្បាប់​នោះ​ទេ។ លោក​និយាយ​ថា៖ «ពួកគេ​ទៅ​ដោយ​ខុស​ច្បាប់ ដូច្នេះ​ វា​ធ្វើ​ឲ្យ​យើង​ពិបាក​ក្នុង​ការ​គ្រប់គ្រង‍»។

ទីក្រុង​ភ្នំពេញ​បាន​បង្កើត​កម្មវិធី​ថ្មី​មួយ​ ដើម្បី​ផ្តល់​ឯកសារ​ស្របច្បាប់​ជូន​ជន​ចំណាក​ស្រុក បន្ទាប់​ពី​ប្រទេស​ថៃ​បាន​បញ្ជូន​ពលករ​ខុសច្បាប់​ចំនួន២៥០.០០០ នាក់​មក​ប្រទេស​កម្ពុជា​វិញ​កាល​ពី​ឆ្នាំ​មុន។

អ្នក​ការពារ​សិទ្ធិ​មនុស្ស​លោកស្រី លឹម មុនី និយាយ​ថា ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ​រដ្ឋាភិបាល​ត្រូវ​តែ​រក​ការងារ​ដែល​មាន​ប្រាក់​ខែ​សមល្មម ​ដល់​ប្រជា​ពលរដ្ឋ។

លោកស្រី​និយាយ​ថា៖ «ដោះស្រាយ​បញ្ហា​ជម្លោះ​ដី​ធ្លី និង​ដី​សម្បទាន​សេដ្ឋកិច្ច និង​ដោះស្រាយ​បញ្ហា​ផលិតផល​កសិកម្ម​ដែល​មាន​តម្លៃ​ទាប‍»។ លោកស្រី​បន្ថែម​ថា​មនុស្ស​គ្រប់​រូប​មិន​ប្រកាន់​ថា​ មានឋានៈ​ជា​អ្វី​ក៏​ដោយ​នោះ​គួរ​ទទួល​បាន​ភាព​យុត្តិធម៌​នៅ​ក្នុង​សង្គម និង​សិទ្ធិ​ស្មើ​គ្នា​នៅ​ក្នុង​សង្គម។

លោកស្រី​និយាយ​ថា បញ្ហា​ភាព​យុត្តិធម៌​ក្នុង​សង្គម​គឺ​ជា​ផ្នែក​មួយ​នៃ​មូលហេតុ​ ដែល​ធ្វើ​ឲ្យប្រជាជន​កម្ពុជា​ប្រថុយ​ជីវិត​របស់​ពួកគេ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស។

លោក​ស្រី​ថ្លែង​ថា៖ «នៅ​ពេល​ពួកគេ​មាន​បញ្ហា តុលាការ​មិន​ដោះស្រាយ​ឲ្យ​ពួកគេ​ទេ។ តុលាការ​យល់​តែ​អ្នក​មាន និង​មិន​ជួយ​អ្នក​ក្រ ដែល​ធ្វើ​ឲ្យ​ពួកគេ​ស្អប់​ប្រទេស​របស់​ខ្លួន‍»។

លោកស្រី​និយាយ​ថា៖​«អ្នក​ខ្លះ​បាន​ក្លាយ​ជា​ជន​រងគ្រោះ។ អ្នកខ្លះ​រងគ្រោះ​កម្រិត​ស្រាល អ្នកខ្លះ​មិន​ទាន់​រង​គ្រោះ​នៅ​ឡើយ​នោះ​ទេ‍»។

លោកស្រី លឹម មុនី បន្ថែម​ថា ពលរដ្ឋ​កម្ពុជា​មក​ពី​ខេត្ត​កំពង់ចាម សៀមរាប បាត់ដំបង និង​ព្រៃវែង ជា​រឿយៗ​បាន​ប្រថុយ​ទៅ​ធ្វើការ​នៅ​ប្រទេស​ដទៃ​ទៀត។

ពលករ​កម្ពុជា​រាប់សិប​នាក់​ធ្វើការ​លើ​ទូក​នេសាទ​របស់​ប្រទេស​ថៃ

គិត​ត្រឹម​តែ​៦ខែ​ចុងក្រោយ​នេះ មាន​ពលករ​កម្ពុជា​ជាង​២០០នាក់​ត្រូវ​បាន​សង្រ្គោះ​ពី​ការ​ជួញដូរ និង​បង្ខំ​ឲ្យ​ធ្វើការ​នៅ​លើ​ទូក។

លោក​ស្រី Sara Piazzano ប្រធាន​ផ្នែក​គម្រោង​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៃ​ទី​ភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ ឬ​ហៅ​កាត់​ថា (USAID) បាន​ថ្លែង​ថា មាន​មនុស្ស​ជា​ច្រើន​ ដែល​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ក្នុង​ស្ថានភាព​ដូច​ទាសករ​អញ្ចឹង។

លោកស្រី​ថ្លែង​ថា៖ «គ្រាន់​តែ​នៅ​ប្រទេស​ថៃ​ មាន​បុរស​ធ្វើ​ជា​ពលករ​លើ​ទូក​នេសាទ​ប្រមាណ​៤០០.០០០នាក់។ ភាគច្រើន​គឺ​មកពី​ប្រទេស​មីយាន់ម៉ា និង​ប្រទេស​កម្ពុជា ហើយ​អ្នក​ទាំងនោះ​គឺ​ធ្វើការ​ក្នុង​ស្ថានភាព​ដែល​រង​ការ​បំពាន‍»។ អ្នក​នេសាទ​កម្ពុជា​ដទៃ​ទៀត​វិញ​ គឺ​ធ្វើការ​ឲ្យ​ទូក​នេសាទ​របស់​តៃវ៉ាន់ ឬ​ចិន ហើយ​ពួក​យើង​បាន​ជួយ​សង្រ្គោះ​មនុស្ស​ពី​បណ្តា​ប្រទេស​រួម​មាន ប្រទេស​អាហ្រ្វិក​ខាងត្បូង Mauritius និង​Fiji។

លោកស្រី Piazzano ថ្លែង​ថា ក្នុង​រយៈពេល​បួន​ឆ្នាំ​ចុង​ក្រោយ​នេះ គម្រោង​ប្រឆាំង​ការ​ជួញដូរ​មនុស្ស (CTIP) បាន​ជួយ​ជន​រងគ្រោះ​១១០០នាក់​ពី​ការ​ជួញ​ដូរ ដែល​អ្នក​ទាំង​នោះ​ភាគច្រើន​ជា​អ្នក​នេសាទ។

លោកស្រី​បន្ថែម​ថា មាន​ពលករ​ដែល​ធ្វើការ​ដូច​ទាសករ​ប្រមាណ​ត្រឹម​តែ​ពី១​ទៅ​៥ ភាគរយ​ប៉ុណ្ណោះ​នៅ​លើ​ពិភពលោក ដែល​ត្រូវ​បាន​ជួយ​សង្រ្គោះ​ពី​ការ​ជួញដូរ​ជា​រៀង​រាល់​ឆ្នាំ‍»។

លោកស្រី​ Piazzanoថ្លែង​ថា អ្វី​ដែល​ជា​ការ​លំបាក​នោះ​គឺ វា​ពិបាក​នឹង​ទទួល​ព័ត៌មាន ពី​ជន​រង​គ្រោះ​ និង​ដើម្បី​សង្រ្គោះ​អ្នក​ទាំងនោះ​ពី​អំពើ​ទាសភាព។ លោកស្រី​ថ្លែង​ថា៖«​ការ​ជួញដូរ​មនុស្ស​គឺ​ជា​ពាណិជ្ជកម្ម​មួយ​ដែល​រក​ចំណូល​បាន​ច្រើន ដែល​ពិបាក​នឹង​កម្ចាត់៕

XS
SM
MD
LG