ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តួកគី​ចាប់​ខ្លួន​ជន​សង្ស័យ​១៣នាក់​ទាក់ទិន​នឹង​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ព្រលាន​យន្តហោះ


ប៉ូលិស​ឈរ​យាម​នៅ​ព្រលាន​យន្តហោះ Ataturk ក្នុង​ក្រុង Istanbul ប្រទេស​តួកគី កាលពី​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦។
ប៉ូលិស​ឈរ​យាម​នៅ​ព្រលាន​យន្តហោះ Ataturk ក្នុង​ក្រុង Istanbul ប្រទេស​តួកគី កាលពី​ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦។

បណ្តាញ​ព័ត៌មាន​នៃ​ប្រទេស​តួកគី ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ប៉ូលីស ​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​១៣​នាក់​នៅ​ក្នុង​ការ​ទាក់​ទិន​ទៅ​នឹង​ការ​បំផ្ទុះ​គ្រាប់​បែក​អត្ត​ឃាត​ចំនួន​៣​កាល​ពី​ថ្ងៃ​អង្គារ​នៅ​ឯ​ព្រលាន​យន្តហោះ​ទីក្រុង​ Istanbul ​ដែល​បាន​សម្លាប់​មនុស្ស​៤២​នាក់​ហើយ​និង​ធ្វើ​ឲ្យ​មនុស្ស​២៣៩​នាក់​ផ្សេង​ទៀត​រង​របួស។

​ការ​ចាប់​ខ្លួន​នេះ ​បាន​កើត​មាន​ឡើង​ក្នុង​អំឡុងពេល​នៃ​ការ​វាយឆ្មក់​នៅ​ទីកន្លែង​ចំនួន ១៦​នៅ​ក្នុង​ទីក្រុង​ Istanbul។ មនុស្ស​ដែល​ត្រូវ​ចាប់​ខ្លួន​យ៉ាង​ហោច​ណាស់​ក៏​៣​នាក់​ដែរ​នៃ​មនុស្ស​ដែល​ត្រូវ​ចាប់​ខ្លួន​ទាំងអស់​នោះ​នៅ​ក្នុង​ទីក្រុង​ Istanbul ​បាន​ត្រូវ​គេ​និយាយ​ថា​ជា​ជនជាតិ​បរទេស។

ទីភ្នាក់ងារ​ព័ត៌មាន Anadolu ដែល​រៀប​ចំ​ចាត់​ចែង​ដោយ​រដ្ឋ ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ពួក​អាជ្ញាធរ ​បាន​ចាប់​ខ្លួន​មនុស្ស​៩​នាក់ក្នុង​ទីក្រុង Izmir ដែល​ជា​ទី​ក្រុង​នៅ​តាម​ឆ្នេរ​សមុទ្រ​ភាគ​ខាង​លិច​ដែល​ត្រូវ​បាន​រងការ​ចោទ​ប្រកាន់​ពី​ការ​ជាប់​ការ​ទាក់ទិន​ជាមួយ​ពួក​អ្នក​ប្រយុទ្ធ​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ប្រទេស​ស៊ីរី​ដែល​រួម​មាន​ការ​ជួយ​ឧបត្ថម្ភ​ខាង​ហិរញ្ញវត្ថុ ​ការ​ជ្រើសរើស​និង​សម្ភារៈ​របស់​ក្រុម​នោះ។

ពួក​មន្រ្តី​តួកគី ​បាន​ស្តី​បន្ទោស​ក្រុម​រដ្ឋ​ឥស្លាម​ចំពោះ​ការ​វាយ​ប្រហារ​ព្រលាន​យន្តហោះ ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ​ពួក​ជន​សកម្ម​ប្រយុទ្ធ ​មិន​បាន​អះអាង​ទទួល​ខុសត្រូវ​ ចំពោះ​ការ​វាយ​ប្រហារ​នេះ​ទេ។

នាយក​រដ្ឋ​មន្រ្តី Binali Yildrim បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា ​ការ​ស៊ើប​អង្កេត​កំពុង​ធ្វើ​ឡើង ​ក៏ប៉ុន្តែ ​ភស្តុតាង​នោះចង្អុល​បង្ហាញ​ថា​ពួក​ក្រុម​រដ្ឋ​ឥស្លាម​ជា​អ្នក​ទទួល​ខុសត្រូវ។​លោក ​បាន​និយាយ​ទៀត​ថា ​ការ​វាយ​ប្រហារ ​អាច​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ខំ​ប្រឹង​ប្រែង​របស់​តួកគី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​ជាមួយ​ប្រទេស​រុស្ស៊ី​និង​អ៊ីស្រាអែល។

លោក John Brennan ប្រធាន​ទីភ្នាក់ងារ​កណ្តាល​ស៊ើបការណ៍​សម្ងាត់​របស់​សហរដ្ឋ​អាមេរិក (CIA) បាន​មាន​ប្រសាសន៍​ថា ​ការ​បំផ្ទុះ​គ្រាប់​បែក​នោះ ជា​សញ្ញា​ទូទៅ​របស់​ក្រុម​រដ្ឋ​ឥស្លាម​ ហើយ​លោក​បាន​ព្រមាន​ពី​ការ​តទល់​ដើម្បី​បញ្ឈប់​ការ​វាយ​ប្រហារ​បែប​នេះ៕

XS
SM
MD
LG