ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

​វិស័យ​ទេសចរណ៍​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​អាស៊ាន​រីក​ចម្រើន និង​ធ្វើ​ឲ្យ​វណ្ណៈ​ថ្នាក់​កណ្តាល​កើន​ឡើង 

  • Ron Corben

រូបឯកសារ៖ ភ្ញៀវ​ទេសចរ​ថត​រូប​នៅ​កោះ Mai Khao Beach ខណៈ​យន្ត​ហោះ​មួយ​គ្រឿង​បាន​ហោះ​ទៅ​ជិត​​ពេល​ហោះ​ហើរ​ទៅ​កាន់​ព្រលាន​យន្តហោះ​អន្តរជាតិ Phuket ប្រទេស​ថៃ កាល​ពី​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០១៦។

ឧស្សាហកម្ម​ទេសចរណ៍​របស់​អាស៊ី​កំពុង​រីក​ចម្រើន ​ដោយសារ​តែ​កំណើន​ប្រាក់​ចំណូល ​ការ​​​ដឹក​ជញ្ជូន​តាម​ផ្លូវ​អាកាស​មាន​តម្លៃ​ទាប ​និងការ​រីក​លូត​លាស់នៃ​​​ទីផ្សារ​ក្រៅ​ប្រទេស​របស់​​​ចិន។

ប៉ុន្តែ​ក្រុម​អ្នកវិភាគ​បាន​និយាយ​ថា​ ការរី​ក​លូត​លាស់យ៉ាង​ឆាប់​រហ័ស​នេះ​ ក៏​បាន​ដាក់​សម្ពាធទៅ​លើ​ហេដ្ឋា​រចនាសម្ព័ន្ធ​ និង​តំបន់ទេសចរណ៍ ​ចំនៅពេល​ដែល​មាន​ការ​អំពាវ​នាវ​ឲ្យ​បង្កើនការ​ចំណាយ​ និង​ការគ្រប់​គ្រង​លំហូរ​ទេសចរណ៍​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ជាងមុន​ ដើម្បី​ធានា​បាន​នូវ​និរន្តភាព​យូរ​អង្វែង។

លោក ​John Koldowski​ ​អ្នកវិភាគ​ឧស្សាហកម្ម​ទេសចរណ៍ ​និង​ជា​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ ​Thammasat ​បាន​និយាយ​ថា​ ទស្សន​វិស័យ​ទេសចរណ៍ទៅ​អនាគតមាន​ភាព​ខ្លាំងក្លា​នៅ​លើ​ទីផ្សារ​ជាច្រើន​ក្នុង​តំបន់។

លោក​ Koldowski ​ថ្លែង​ថា៖ «តំបន់​ធំៗ​ដែល​យើង​កំពុង​សម្លឹង​មើល​នៅ​ពេល​នេះ​ គឺ​ថា​ប្រទេស​ថៃកំពុង​រីក​ចម្រើន ​ហើយ​នឹង​បន្ត​រីក​ចម្រើន​ខ្លាំង»។

លោក​បាន​ប្រាប់​ VOA​ ថា៖ «ប្រទេស​វៀតណាម​ក៏​បាន​បង្ហាញ​ពី​ការ​រីក​ចម្រើន​ដ៏​រឹង​មាំ​ក្នុងវិស័យ​មួយ​ចំនួន​ផងដែរ។ ចំណែក​ប្រទេស​កម្ពុជា និង​មីយ៉ាន់ម៉ា ​បើ​ទោះ​បី​អត្រា​កំណើន​មាន​កា​រ​ធ្លាក់​ចុះ​ក៏​ពិត​មែន ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​ទាំង​នេះ​ គេ​ឃើញ​មានការ​វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI)​ ជា​ច្រើន​ ​មាន​សំណង់​ជា​ច្រើន​ ហើយ​មាន​ការ​ចាប់​អារម្មណ៍​ចង់​វិនិយោគ​ និង​សកម្មភាព​ផ្សេងៗ​ទៀត​ក្នុង​ប្រទេស​ទាំង​នេះ»។

ក្រុម​ប្រឹក្សា​វិស័យ​ទេសចរណ៍​និង​ការ​ធ្វើ​ដំណើរ​ពិភពលោក ​(WTTC) បាន​ព្យាករ​ថា​ ការ​រួម​ចំណែក​ដោយ​ផ្ទាល់​របស់វិស័យ​ទេសចរណ៍​ទៅ​លើ​សេដ្ឋកិច្ច​ក្នុងតំបន់ នឹង​កើន​ឡើង ​៥,៦​ ភាគរយ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ ​គិត​ត្រឹម​ឆ្នាំ ​២០២៥ ​គឺ​កើន​ដល់​តម្លៃ​ ៥២៨.៧ ​ពាន់​លាន​ដុល្លារ។ ចំនួន​នេះ​គឺ​ស្មើ​នឹង​ ១២.៦ ​ភាគរយ​នៃ​ផលិតផល​ជាតិ​សរុប ​(GDP)។

វិស័យ​ទេសចរណ៍​ក្នុង​ចំណោមប្រទេស​ទាំង​១០​ នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថាអាស៊ាន ក៏​បាន​ផ្តល់​ការងារ​ផ្ទាល់​ ឬ​ដោយ​ប្រយោល​ទៅ​មនុស្ស​ជាង ៣២ ​លាន​នាក់​ផង​ដែរ។

ទស្សន​វិស័យ​នៃ​ការ​ធ្វើ​វិនិយោគ​សម្រាប់​វិស័យ​ទេសចរណ៍​ក៏​មាន​សភាព​ខ្លាំង​ក្លា​ដែរ​ នេះ​បើយោង​តាម​របាយការណ៍​របស់​អ្នក​សេដ្ឋកិច្ច​ជាន់​ខ្ពស់​ម្នាក់​នៅ​ក្រុមហ៊ុន​វិនិយោគ​ CLSA ។

ក្រុមហ៊ុន​វិនិយោគ​ CLSA ​បាន​ចង្អុលទៅ​លើ​ឱកាស​វិនិយោគ​ដ៏​ធំលើការ​ធ្វើ​ដំណើរ និងទេសចរណ៍​ដែល​ក្នុង​នោះ​រួម​ការ​អភិវឌ្ឍ​ផ្នែកសណ្ឋាគារ​ និង​រមណីយដ្ឋាន ​រួមជាមួយ​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដឹក​ជញ្ជូន ​សន្តិសុខ និងការ​ការពារ​បរិស្ថាន។

ក្រុម​ប្រឹក្សា​នេះ​បាន​និយាយ​ថា ​ការ​ចំណាយ​លើ​ហេដ្ឋារចនា​សម្ព័ន្ធ​វិស័យ​ទេសចរណ៍​និង​ការ​ធ្វើ​ដំណើរ​ នឹង​ក្លាយ​ជា​គន្លឹះ​ក្នុង​ការ​ទប់​ទល់​នឹង​តម្រូវការ។

ប្រទេស​ហ្វីលីពីនគ្រោង​នឹង​វិនិយោគ ​២៣ ​ពាន់​លាន​ដុល្លារ​លើ​វិស័យហេដ្ឋា​រចនា​សម្ព័ន្ធ​ទេសចរណ៍ ​ក្នុង​រយៈ​ពេល​ប្រាំមួយ​ឆ្នាំ​ខាង​មុខ​ បូក​រួម​ទាំងការ​វិនិយោគ​លើ​កាស៊ីណូ ​ដោយ​រដ្ឋាភិបាល​មាន​គោល​បំណង​បង្កើន​ចំណូលពី​វិស័យទេសចរណ៍​ឲ្យ​បាន​ទ្វេរ​ដង ​ទៅ​ក្នុង​សេដ្ឋកិច្ច​ជាតិ​ ដែល​បច្ចុប្បន្ន​នេះ​មាន​កម្រិត​ ១០ ភាគរយ។

លោក​ Oliver Lamb ​បម្រើ​ការ​នៅ​ក្រុមហ៊ុន​ប្រឹក្សា​អាកាសចរណ៍​ប៉ាស៊ីហ្វិក ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ស៊ីដនី ​បាន​និយាយ​ថា​ ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​ក្នុង​តំបន់​ បាន​ជំរុញ​ឲ្យ​មានកំណើន​ទេសចរណ៍។ ចំនួនពលរដ្ឋ​វណ្ណ:​កណ្តាល ត្រូវ​បាន​ព្យាករ​ថា​នឹង​កើន​ឡើង​ពី ​១៩០ ​លាន​នាក់​ទៅ​ ៤០០ លាន​នាក់​នៅ​ក្នុង​ទសវត្សរ៍​ខាង​មុខ​នេះ។

លោក ​Lamb ​បាន​ថ្លែង​ប្រាប់ VOA​ ថា៖ «កំណើន​នៃ​ពលរដ្ឋ​វណ្ណ:​កណ្តាល ​ភាព​ខ្លាំង​នៃ​ពួក​ថ្នាក់​កណ្តាល​នៅ​អាស៊ី​ ការ​លេច​ឡើង​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​សម្រាប់​ពួក​អ្នក​មាន​ហើយ​ឆ្លើយ​តប​ចំៗ​លើ​តម្រូវ​ការពួក​អាស៊ី​ថ្នាក់​កណ្តាល​ និង​តម្លៃ​ប្រេង​ថោក បាន​ធ្វើ​ឲ្យ​អ្នក​កំពុង​ជួប​មហា​សក្ដានុពល​ដ៏​វិជ្ជមាន​សម្រាប់ដំណើរ​កម្សាន្ត​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

ប៉ុន្តែលោក​ Lamb​ ក៏​បាន​ប្រាប់ឲ្យ​ដឹង​ដែរ​ថា ​កំណើន​នេះ​នាំ​ឱ្យ​មាន​បញ្ហា​ប្រឈម​ផ្សេងទៀត​នៅ​ក្នុង​វិស័យ​អាកាសចរណ៍ ​រួម​មានការបណ្តុះបណ្តាបុគ្គលិកឲ្យបានគ្រប់គ្រាន់​ ​ការជួឧបត្ថម និងហេដ្ឋា​រចនា​សម្ព័ន្ធ។

សមាគម​អាកាសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក AAPA ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​កូ​ឡាឡាំពួ​ បាន​ឲ្យដឹង​ថា ​នៅ​ក្នុង​ឆ្នាំ​ ២០១៦ ​ក្រុមហ៊ុន​អាកាសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​បាន​ដឹក​ភ្ញៀវ​ទេសចរអន្តរជាតិ​សរុប​ ២៩៣ ​លាន​នាក់​ដែល​ចំនួននេះកើន​ឡើង ​៦​ភាគរយ ​បើ​ធៀប​នឹង​ឆ្នាំ​មុន។

សមាគម​ទេសចរណ៍​អាស៊ីប៉ាស៊ីហ្វិក ​(PATA) បាន​ឱ្យ​ដឹងទៀត​ថា​ ការកើនឡើង​យ៉ាង​ឆាប់​រហ័ស​នេះត្រូវ​បានគេ​ឃើញមាន​នៅ​ក្នុង​វិស័យ​អាកាសចរណ៍ ​ដែល​នៅ​បំណាច់​ឆ្នាំ ​២០១៩ ​នឹង​មាន​ការ​ធ្វើ​ដំណើរ​ប្រមាណជិត​ ១១,០០០ ដង​ (​ការ​ចេញ​ដំណើរ ​និង​ការ​មក​ដល់) ​នៃ​ប្រតិបត្ដិការ​នៅ​ក្នុង​តំបន់​នេះ។ តួលេខ​នេះបង្ហាញពីការ​កើន​ឡើង​ចំនួន​ ២០ ​ភាគរយ​ បើធៀប​នឹងឆ្នាំ​២០១៦​។

សមាគម​ទេសចរណ៍​អាស៊ីប៉ាស៊ីហ្វិក ​PATA ​បាន​និយាយ​ថា ​ជា​រៀង​រាល់​ថ្ងៃ​មានការការ​ហោះ​ហើរ​នៅ​ក្នុង​តំបន់ចំនួន​ប្រមាណ​ ២៨,៦០០ ​ដែលតួលេខនេះកើន​ឡើង​ពី​ចំនួន​ ២២.០០០ ​ក្នុង​ឆ្នាំ​ ២០១២។ ​ប្រទេស​ឥណ្ឌូនេស៊ី​បាន​រាយការណ៍​ពី​ការកើនឡើងជើង​ហោះ​ហើរ​ចំនួន ៤៧ ​ភាគរយ ហើយ​ចរាចរណ៍​ផ្លូវ​អាកាស​របស់​ប្រទេស​ម៉ាឡេស៊ី​បាន​កើន​ឡើង ចំនួន​២៩ ​ភាគរយ ហើយការរីកលូតលាស់ដ៍​ឆាប់​រហ័សនេះ​ត្រូវ​បាន​គេ​មើល​ឃើញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ (ដែល​មាន​ចំនួន ៥២ ភាគរយ) និង​វៀតណាម​ (មាន​៧៥​ ភាគរយ) ។

ក្រុម​ប្រឹក្សា​ទេសចរណ៍​និង​ការ​ធ្វើដំណើរ​ពិភព​លោក ​បាន​ឱ្យ​ដឹង​ថា​ ការ​ពឹង​ផ្អែក​លើ​វិស័យ​ទេសចរណ៍​បាន​កើន​ឡើង​ ជាពិសេស​ដោយ​សារ​តែ​ «កំណើន​ដ៏​អស្ចារ្យ» នៃ​ទីផ្សារ​ក្រៅ​ប្រទេស​របស់​ចិន។

ក្រុម​ប្រឹក្សា​នេះ​បាន​និយាយ​ថា ​ប្រទេស​ចិន​បាន​ពង្រីក​គម្រោង​ «គោល​ដៅ​ទេសចរណ៍» ​របស់​ខ្លួន​ ពី១៤ប្រទេស ទៅ ​១១៣​ប្រទេសនៅ​ឆ្នាំ​២០១២​ ដែល​នាំ​ឱ្យភ្ញៀវ​ទេសចរ​ចិន​ធ្វើ​ដំណើរ​ចេញ​ទៅ​ទស្សនា​នៅ​ក្រៅ​ប្រទេស​មាន​ការ​កើន​ឡើង​ ៧០០ ​ភាគរយ គឺ​ពី​ចំនួន​ ១០ លាន​នាក់​នៅ​ក្នុង​ឆ្នាំ ​២០០០ ​ទៅ​ ៧៨ ​លាន​នាក់​នៅ​ឆ្នាំ ​២០១៥។

ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​ចិន ​មាន​ចំនួន​ជាង​១​ភាគ៤ ​នៃ​ចំនួន​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិសរុប​ដែល​ចូល​ទៅ​ក្នុង ​ប្រទេស​ព្រុយណេ​ ​ម៉ាឡេស៊ី​ ថៃ ​និង​វៀតណាម​ បាន​កើន​ឡើង​ពី​៥ ​ទៅ​១០​ភាគរយ​នៅ​ក្នុង​ឆ្នាំ ២០០០។

ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​និយាយ​ថា ​ខណៈប្រទេស​ភាគ​ច្រើនស្វះស្វែងផ្សព្វផ្សាយពី​ទីផ្សារ​ប្រទេស​ចិន​ តំបន់​ផ្សេងៗ​ទៀត​ ដូចជាកោះ​តៃវ៉ាន់ ​កូរ៉េខាងត្បូង និង​ហុងកុង ​កំពុងរក​វិធី​ផ្សេង​ទៀត ដើម្បីជៀសវៀង​ពឹង​ផ្អែក​ទាំងស្រុង​ទៅលើ​ប្រទេសចិន។

ក្រុម​ប្រឹក្សា​នេះ​បាន​និយាយ​ថា ​ទ្វីប​អាស៊ី​ រួម​ទាំង​សមាគម​អាស៊ាន​ផង​ នឹង​បង្កើន​ការ​ចំណាយ​សរុប​ស្មើនឹងចំនួន​ស្ទើរ​តែ​៥០​ភាគរយ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​វិស័យ​ទេសចរណ៍ ​និង​ការ​ធ្វើដំ​ណើរ​ពីចន្លោះ​ឆ្នាំ​២០១៦ ​ដល់​ឆ្នាំ​២០២៦។

ប្រទេស​វៀតណាម ​បាន​រាយការណ៍​ពី​ការ​ចំណាយ​យ៉ាង​ច្រើន​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទេសចរណ៍។ ក្រុម​ប្រឹក្សា​នេះ​បាន​ថ្លែង​ថា៖ «ការ​ព្យាករលើ​ការ​វិនិយោគ​ដ៏​ធំ​របស់​វៀត​ណាម​ ​បង្ហាញ​ថា ​ហេដ្ឋា​រចនា​សម្ព័ន្ធ​វិស័យ​ទេសចរណ៍​របស់​ខ្លួន​អាច​ទាញ​ប្រទេស​វៀត​ណាម​ឲ្យ​នៅ​ឆ្ងាយ​ពី​ប្រទេស​ផ្សេងៗ​ដែល​មាន​សេដ្ឋកិច្ច​ទាប​ដូច​ជា​ កម្ពុជា​ មីយ៉ាន់ម៉ា និងឡាវ» ដែល​ប្រទេស​ទាំង​អស់​នេះ​ត្រូវ​បានរាយការណ៍​ថា​មាន​ការ​វិនិយោគ​តិច​លើវិស័យនោះ។

ក្រុម​ប្រឹក្សា​ក៏​នេះ​បាន​បន្ថែម​ថា ​ក្តី​បារម្ភ​របស់​ប្រទេស​ថៃ​ គឺជាការចំណាយ​ខាង​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីឆ្លើតតបទៅនឹងតម្រូវការដែលកំពុងតែកើនឡើងនេះ។ របាយការណ៍​នេះ​បាន​ឱ្យ​ដឹង​ថា៖ «ប្រទេស​ថៃ​គឺ​ជា​ប្រទេស​តែ​មួយ​គត់​ក្នុង​តំបន់​អាស៊ាន​ ដែល​ការ​ផ្តោត​លើ​អនាគតជា​រឿង​សំខាន់ ​ទាក់​ទង​នឹង​ហេដ្ឋា​រចនា​សម្ព័ន្ធ​វិស័យ​ទេសចរណ៍​ និង​ការ​ធ្វើ​ដំណើរ»។

យោង​តាម​អ្នកវិភាគ ​លោក​ Koldowskiបានឲ្យដឹងដា ប្រទេសថៃ​ត្រូវ​គេ​រំពឹង​ថា​ នឹង​មាន​ចំនួន​ភ្ញៀវ​ទេសចរ​កើន​ឡើង​ពី ​៣២​លាន​នាក់ទៅ​៥០​លាន​នាក់​ក្នុង​ឆ្នាំ​២០២១​។

ប៉ុន្តែ​ លោក​ Koldowski ​បាន​ថ្លែង​ថា​ តំបន់​អាស៊ី​ត្រូវ​ការ​ផ្តោត​ទៅ​លើ​ការ​គ្រប់គ្រង​នៃ​វិស័យ​ទេសចរណ៍ ​ជា​ជាង​ទាក់​ទាញចំនួន​ភ្ញៀវ​ទេសចរ ឲ្យបានច្រើន​បន្ថែម​ទៀតនោះ។

លោក​បាន​ថ្លែង​ថា៖ «យើង​កំពុង​តែ​ចូល​ទៅ​ក្នុង​ដំណាក់​កាល​ថ្មី​មួយ​ហើយ​ដំណាក់​កាល​នោះ​ប្រហែលជា​មិន​សូវ​ផ្តោត​លើ​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ទេ ​ពីព្រោះពួក​គេ​កំពុង​ធ្វើ​ដំណើរ​មក​ស្រាប់​ហើយ ​ប៉ុន្តែ​កត្កា​ជំរុញ​គឺ​ការ​សាង​សង់​វិស័យ​នេះ។ អ្វី​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឥឡូវ​នេះ​ គឺ​ការ​ទាក់​ទាញ​ភ្ញៀវទេសចរ​ឲ្យ​ចំ​គោល​ដៅ» ។

លោក​បន្ត​ថា៖ «ការ​កើន​ឡើង​នេះ​ នឹង​បង្ខំ​ឱ្យ​រដ្ឋាភិបាល ​និង​ស្ថាប័ន​ទេសចរណ៍ ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​គំនិត​ច្នៃ​ប្រឌិត​កាន់​តែ​ច្រើន​ ដើម្បី​យល់​ពី​អត្ថន័យនៃ​ការ​កើន​ឡើង​នេះ ​ហើយ​តើ​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ធានា​ឱ្យ​មាន​និរន្តរភាព»៕

ប្រែ​សម្រួល​ដោយ ឆាយ​ គីមហ៊ង

XS
SM
MD
LG