ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សភា​ថៃ​ប្រកាស​ទទួល​ស្គាល់​ព្រះអង្គ​ម្ចាស់ Vajiralongkorn ជា​ព្រះ​មហាក្សត្រ​ផ្លូវការ


រូបភាពឯកសារ៖ ព្រះអង្គម្ចាស់​គ្រងរាជ្យ​ Vajiralongkorn ថ្លែង​ទៅកាន់​អ្នក​ចូលរួម​ក្នុង​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​ទីក្រុង​បាំង​កក ប្រទេស​ថៃ​​កាល​ពី​ថ្ងៃទី​០៩ ឧសភា​ ២០១៦។

រដ្ឋសភា​ថៃ​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ប្រកាស​ជា​ផ្លូវការ​ថា ព្រះអង្គ​ម្ចាស់​រជ្ជទាយាទ Vajiralongkorn គឺ​ជា​ព្រះមហាក្សត្រ​ថ្មី​របស់​ព្រះរាជាណាចក្រ​ថៃ។ ការ​ប្រកាស​ដូច​នេះ​គឺ​ជា​ការ​បំពេញ​ដំណាក់​កាល​ផ្លូវការ​ចុង​ក្រោយ​ក្នុង​ការ​ឡើង​គ្រង​រាជ្យ​ជា​ព្រះមហាក្សត្រ​របស់​ព្រះអង្គ​ម្ចាស់ Vajiralongkorn បន្ទាប់ពី​ការ​សោយ​ទិវង្គត​របស់​ព្រះ​បិតា​ព្រះអង្គ​កាល​ពី​ខែ​មុន។

ដោយ​អនុលោម​ទៅ​តាម​ច្បាប់​ស្ដី​ពី​ការ​ឡើង​គ្រង​រាជ្យ​សម្បត្តិ​របស់​ព្រះមហាក្សត្រ​ឆ្នាំ ១៩២៤ គណៈរដ្ឋមន្ត្រី​ថៃ​បាន​បញ្ជូន​ព្រះ​នាម​របស់​ព្រះអង្គ​ម្ចាស់ Vajiralongkorn ទៅ​កាន់​សភា​ជាតិ បន្ទាប់ពី​គណៈរដ្ឋមន្ត្រី​ថៃ​បាន​បើក​ការ​ប្រជុំ​រយៈពេល​ខ្លី​មួយ ដើម្បី​ទទួល​ស្គាល់​ព្រះ​អង្គ​ម្ចាស់ Vajiralongkorn ជា​ព្រះមហាក្សត្រ​ផ្លូវការ​របស់​ព្រះ​រាជាណាចក្រ​ថៃ ក្នុង​ចំណោម​សមាជិក​ទាំង​អស់​របស់​ខ្លួន។

ប្រធាន​រដ្ឋសភា​ជាតិ​លោក Pornpetch Wichitcholchai បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ចង់​ឲ្យ​សមាជិក​សភា​ទាំង​អស់​ធ្វើ​ការ​ប្រសិទ្ធិ​ពរ​ដល់​ព្រះមហាក្សត្រ​ថ្មី​របស់​ព្រះរាជាណាចក្រ​ថៃ‍»។ បន្ទាប់​មក សមាជិក​សភា​ទាំង​អស់​បាន​បន្ទរ​សំឡេង​រួម​គ្នា​ថា «ជយោ! ព្រះមហាក្សត្រ»។

លោក Pornpetch បាន​បញ្ជាក់​ថា លោក​នឹង​អញ្ជើញ​ព្រះ​អង្គ​ម្ចាស់ Vajiralongkorn ឡើង​គ្រង​រាជ្យ​ជា​ផ្លូវការ ដែល​ការ​គ្រោង​រាជ្យ​របស់​ព្រះអង្គ​គឺ​ជា​ការ​គ្រង​រាជ្យ​លើក​ទី ១០ នៅ​ក្នុង​រាជវង្ស​ចក្រី ដែល​រាជវង្ស​នេះ​បាន​បង្កើត​ឡើង​ដំបូង​កាល​ពី​ឆ្នាំ ១៧៨២។ លោក​មិន​បាន​បញ្ជាក់​ថា​តើ​ការ​ឡើង​គ្រង​រាជ្យ​ជា​ផ្លូវការ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ពេល​ណា​នោះ​ទេ។

ព្រះ​អង្គ​ម្ចាស់ Vajiralongkorn មាន​ព្រះជន្ម ៦៤ ព្រះវស្សា។ ព្រះអង្គ​មិន​សូវ​មាន​ចំណាប់​អារម្មណ៍​នៅ​ក្នុង​កិច្ចការ​របស់​ប្រទេស​នោះ​ទេ និង​មាន​ព្រះ​កិត្តិនាម​ជា​អ្នក​ដើរ​លេង​ហ៊ឺហា ដែល​មិន​ទទួល​បាន​ការ​គោរព​ពី​ប្រជានុរាស្ត្រ​ដូច​ព្រះបិតា​របស់​ព្រះអង្គ​នោះ​ទេ។ ព្រះអង្គ​ធ្លាប់​រៀប​អភិសេក ៣ លើក​រួច​មក​ហើយ។ ព្រះ​អង្គ​មាន​បុត្រា​បុត្រី​ចំនួន ៧ នាក់។ ជីវិត​ស្នេហា​របស់​ព្រះ​អង្គ​ត្រូវ​បាន​គេ​លួច​ខ្សឹបខ្សៀវ​តៗ​គ្នា​ដោយ​ស្ងាត់ៗ ដោយសារតែ​ច្បាប់​តឹងតែង​អាច​ដាក់​ទោស​ទណ្ឌ​ដល់​អ្នក​ប្រមាថ​ព្រះ​មហាក្សត្រ និង​រាជវង្សានុវង្ស​ព្រះ​មហាក្សត្រ​រហូត​ដល់ ១៥ ឆ្នាំ៕

XS
SM
MD
LG