ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាព​តាន​តឹង​រវាង​ជន​ទេសន្តរប្រវេសន៍​កើន​ឡើង​ដោយសារ​គោល​នយោបាយ​របស់​អឺរ៉ុប


ជន​ទេសន្តរប្រវេសន៍​ឈរ​តម្រង់​ជួរ​ បន្ទាប់​ពី​ឆ្លង​កាត់​ព្រំដែន​ពី​ប្រទេស​ក្រូអាស៊ី នៅ​ក្បែរ​ភូមិ Zakany ប្រទេស​ហុងគ្រី កាលពី​ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥។
ជន​ទេសន្តរប្រវេសន៍​ឈរ​តម្រង់​ជួរ​ បន្ទាប់​ពី​ឆ្លង​កាត់​ព្រំដែន​ពី​ប្រទេស​ក្រូអាស៊ី នៅ​ក្បែរ​ភូមិ Zakany ប្រទេស​ហុងគ្រី កាលពី​ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥។

មាន​ការ​អះអាង​ថា​ ​ជន​ទេសន្តរប្រវេសន៍​មួយ​ចំនួន​កំពុង​កាន់​លិខិត​ឆ្លង​ដែន​ស៊ីរី​ក្លែងក្លាយ។ សហភាព​អឺរ៉ុប​កំពុង​ប្រឈម​វិបត្តិ​ក្នុង​ការ​បែង​ចែក​ជន​ភៀស​ខ្លួន​ស្វែង​រក​សិទ្ធិ​ជ្រក​កោន និង​ជន​ស្វែង​រក​ប្រយោជន៍​សេដ្ឋកិច្ច។

អឺរ៉ុប​កំពុង​ប្រឈម​មុខ​នឹង​ការ​ពិនិត្យ​ការ​ដាក់​ពាក្យ​របស់​ជន​ភៀស​ខ្លួន​រាប់​ពាន់​នាក់ និង​ការ​កំណត់​អ្នក​ដែល​ត្រូវ​ការ​សិទិ្ធ​ជម្រក​ពិត​ប្រាកដ។ មាន​ការ​អះអាង​ថា​ មាន​ជន​ទេសន្តរប្រវេសន៍​មួយ​ចំនួន​កំពុង​កាន់​លិខិត​ឆ្លង​ដែន​ស៊ីរី​ក្លែងក្លាយ។ ការណ៍​នេះ​បាន​បង្កើត​ឲ្យ​មាន​ភាព​តានតឹង​ជាមួយ​នឹង​ជនជាតិ​ស៊ីរី។

ជន​ទេសន្តរប្រវេសន៍​រាប់​ពាន់​នាក់​បាន​ដើរ​លើ​ផ្លូវ​ហុយ​ទ្រលោម​កាត់​តាម​វាល​ចំការ​ពោត​ និង​ឆ្លង​កាត់​ព្រំដែន​របស់​ប្រទេស​ស៊ែប៊ី (Serbia) ជាមួយ​នឹង​ប្រទេស​ក្រូអាស៊ី (Croatia) កាល​ពី​ពេល​ថ្មីៗ​នេះ ដើម្បី​ព្យាយាម​ឲ្យ​បាន​ទៅ​ដល់​អឺរ៉ុប​ខាង​លិច។ VOA បាន​និយាយ​ជាមួយ​បុរស​ស៊ីរី​ចំនួន​៣នាក់មាន​វ័យ​ក្នុង​ខ្ទង់​២០​ឆ្នាំ ដែល​បាន​ធ្វើ​ដំណើរ​ផ្សង​ព្រេង​នេះ។

ពួកគេ​បាន​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ ហើយ​មាន​អារម្មណ៍​ឆាប់​មួរម៉ៅ​ចំពោះ​ជន​ទេសន្តរប្រវេសន៍​ផ្សេង​ទៀត។ បុរស​ម្នាក់​និយាយ​ថា៖

«មនុស្ស​នៅ​ទីនេះ​ច្រើន​ណាស់​មាន​អត្តសញ្ញាណប័ណ្ណ​ ឬ​លិខិត​ឆ្លង​ដែន​ស៊ីរី​ ប៉ុន្តែ​ពួកគេ​មិន​មែន​ជា​ជនជាតិ​ស៊ីរី​នោះ​ទេ។ ពួកគេ​មក​ពី​ប៉ាគីស្ថាន អាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ លីបង់ និង​ប្រទេស​ជាច្រើន​ទៀត។ តាម​ពិត​ទៅ ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​មែន​ទែន​ ដោយ​សារ​តែ​នេះ​ជា​បញ្ហា​របស់​ពួកយើង វា​ជា​រឿង​របស់​ពួក​យើង»។

ប៉ុន្តែ​ជន​ទេសន្តរប្រវេសន៍​អ៊ីរ៉ាក់​ម្នាក់​ឈ្មោះ​ Sadek បាន​ប្រាប់​ VOA ថា​ លោក ​និង​គ្រួសារ​របស់​លោក​គួរ​តែ​ត្រូវ​បាន​គេ​ផ្តល់​សិទ្ធិ​ជ្រកកោន​ ពីព្រោះ​ថា​ពួកគេ​កំពុង​រត់គេច​ពី​ក្រុម​ភេវរកម្ម​រដ្ឋ​ឥស្លាម ដែល​ត្រូវ​បាន​ស្គាល់​ថា​ Daesh នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។ លោក Sadek និយាយ​ថា៖

«ជនជាតិ​អឺរ៉ុប​ទាំង​អស់​ត្រូវ​តែ​ដឹង​ព័ត៌មាន​នេះ។ ក្រុម​ភេវរកម្ម​ Daesh មិន​មែន​មាន​តែ​នៅ​ក្នុង​ប្រទេស​ស៊ីរី​នោះ​ទេ ដោយសារ​តែ​ក្រុម​នេះ​កើត​ចេញ​ពី​ប្រទេស​អ៊ីរ៉ាក់​ និង​ស៊ីរី ហើយ​ពួកគេ​ស្អប់​មនុស្ស​គ្រប់​គ្នា»។

លោក​ Mohamad ​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ម្នាក់​មក​ពី​អាហ្វហ្គានីស្ថាន​បញ្ចេញ​កំហឹង​ ដោយ​ផ្តោត​លើ​ប្រទេស​ស៊ីរី។ លោក​និយាយ​ថា៖

«ជន​ភៀស​ខ្លួន​ស៊ីរី​មាន​ភាព​ងាយ​ស្រួល​នៅ​គ្រប់​ដំណើរការ​ទាំង​អស់ ប៉ុន្តែ​សម្រាប់​ជន​ភៀស​ខ្លួន​អាហ្វហ្គានីស្ថាន​វិញ​ មិន​មាន​ភាព​ងាយ​ស្រួល​ទេ។ អ្វីៗ​គ្រប់​យ៉ាង​គឺ​សម្រាប់​តែ​ជនជាតិ​ស៊ីរី មិន​មាន​សម្រាប់​ជនជាតិ​អាហ្វហ្គានីស្ថាន​នោះ​ទេ»។

តើ​អ្នក​ណា​ជា​ជន​ភៀស​ខ្លួន​ពិត​ប្រាកដ​ ដែល​កំពុង​រត់​គេច​ចេញ​ពី​កន្លែង​មាន​ជម្លោះ ឬ​មាន​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ និង​តើ​អ្នក​ណា​ជា​ជន​ទេសន្តរប្រវេសន៍​ដោយសារ​បញ្ហា​សេដ្ឋកិច្ច​ ជាពិសេស​ដើម្បី​គេច​ចេញ​ពី​ភាព​ក្រីក្រ ឬ​ដើម្បី​ស្វែងរក​ជីវិត​ដែល​ល្អ​ប្រសើរ​ជាង​មុន?

ប្រទេស​ហុងគ្រី​ ដែល​បាន​កសាង​របាំង​នៅ​ព្រំដែន​ខាង​ត្បូង​របស់​ខ្លួន​ដើម្បី​រារាំង​ជន​ទេសន្តរប្រវេសន៍​ទាំង​នោះ ​ចង់​ឲ្យ​អឺរ៉ុប​អនុវត្ត​ការ​បែងចែក​ប្រភេទ​នៃ​ជន​ទេសន្តរប្រវេសន៍​ទាំង​នេះ។ លោក​ Zoltan Kovacs ជា​អ្នក​នាំ​ពាក្យ​របស់​រដ្ឋាភិបាល​បាន​និយាយ​ថា៖

«កងកម្លាំង​រួមគ្នា​របស់​អឺរ៉ុប​ដែល​អាច​បញ្ឈប់​ទេសន្តរប្រវេសន៍​ខុស​ច្បាប់ ហើយ​បង្កើត​ទម្រង់​ឬ​ពិធីការ​មួយ ​ដែល​យើង​អាច​បែង​ចែក​ជន​ភៀស​ខ្លួន​ពិត​ប្រាកដ​ដែលត្រូវ​ការ​ទី​ជម្រក ​ពី​អ្នក​ដែល​ជា​ជន​ទេសន្តរប្រវេសន៍​ផ្នែក​សេដ្ឋកិច្ច»។

មេដឹកនាំ​ក្នុង​ទ្វីប​អឺរ៉ុប​មាន​គម្រោង​រៀបចំ​កិច្ចប្រជុំ​បន្ទាន់​លើ​វិបត្តិ​នេះ​កាល​ថ្ងៃ​ពុធ ហើយ​មនុស្ស​ជាច្រើន​និយាយ​ថា ផ្នែក​មួយ​នៃ​ដំណោះស្រាយ​នោះ​គឺ​ការ​កំណត់​ជន​ភៀស​ខ្លួន​ពិត​ប្រាកដ។ ប៉ុន្តែ​អ្នក​ជំនាញ​ផ្នែក​ទេសន្តរប្រវេសន៍​និយាយ​ថា ការ​បែង​ចែក​ជន​ទាំង​នេះ​ឲ្យ​បាន​ជាក់​លាក់​គឺ​មាន​ភាព​ពិបាក​ណាស់៕

ប្រែ​សម្រួល​ដោយ​ ប៊ុន ប៉េងហ៊ុយ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG