ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ត្បូង៖ កូរ៉េ​ខាង​ជើង​អាច​នឹង​​សាកល្បង​នុយក្លេអ៊ែរ​​ម្ដង​ទៀត​នា​ពេល​ណា​មួយ


បុរស​ម្នាក់​កំពុង​ទស្សនា​កម្មវិធី​ទូរទស្សន៍ដែល​រាយការណ៏​ពីការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​នៅ​ស្ថានីយ​រថភ្លើង​សេអ៊ូល​ ប្រទេស​កូរ៉េ​ខាង​ត្បូង​កាល​ពី​ថ្ងៃទី ០៩ កញ្ញា ២០១៦។
បុរស​ម្នាក់​កំពុង​ទស្សនា​កម្មវិធី​ទូរទស្សន៍ដែល​រាយការណ៏​ពីការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​នៅ​ស្ថានីយ​រថភ្លើង​សេអ៊ូល​ ប្រទេស​កូរ៉េ​ខាង​ត្បូង​កាល​ពី​ថ្ងៃទី ០៩ កញ្ញា ២០១៦។

ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​បាន​បញ្ជាក់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ប្រទេស​កូរ៉េ​ខាង​ជើង​អាច​ធ្វើ​ការ​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​មួយ​លើក​ទៀត​នៅ​ពេល​ណា​មួយ​ជាក់ជា​មិន​ខាន។

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​លោក Moon Sang-gyun បាន​បដិសេធ​មិន​ផ្ដល់​ព័ត៌មាន​លំអិត​បន្ថែម​ពី​លើ​ការ​ដែល​លោក​បាន​និយាយ​ថា ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ដែល​មាន​សក្ដានុពល​មួយ​អាច​ធ្វើ​ឡើង​នៅ​ក្នុង​ផ្លូវ​រូង​ដែល​ទុក​ចោល​មួយ​កន្លែង​នៅ​ឯ​ការដ្ឋាន Punggy-ri ដែល​នៅ​ការដ្ឋាន​នេះ ប្រទេស​កូរ៉េ​ខាង​ជើង​ពី​មុន​ធ្លាប់​បាន​អនុវត្ត​នូវ​ការ​សាកល្បង​មួយ​ចំនួន ដែល​ការ​សាកល្បង​ទាំង​នោះ​គឺ​ជា​កិច្ច​ប្រឹងប្រែង​ដើម្បី​ផលិត​នូវ​ក្បាល​គ្រាប់​អាវុធ​នុយក្លេអ៊ែរ​ដែល​អាច​ដាក់​ឲ្យ​ត្រូវ​ពី​លើ​គ្រាប់​មីស៊ីល។

ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ថ្មីៗ​នេះ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន។ ការ​សាកល្បង​លើក​នេះ ជា​ការ​សាកល្បង​លើក​ទី ៥ និង​មាន​ឥទ្ធិពល​ខ្លាំង​ក្លា​បំផុត ដែល​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ធ្វើ​កន្លង​មក។

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​បដិសេធ​នូវ​ការ​សាកល្បង​នេះ ដោយ​លើក​ឡើង​ថា ករណី​នេះ​ជា​ការ​រំលោភ​យ៉ាង​ច្បាស់លាស់​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​កូរ៉េ​ខាង​ជើង​កាល​ពី​ទសវត្ស​កន្លង​ទៅ​នេះ ដែល​ការ​ដាក់​ទណ្ឌកម្ម​នេះ​ជា​ការ​ឆ្លើយតប​ទៅ​នឹង​សកម្មភាព​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង។ សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​ថា អង្គការ​សហប្រជាជាតិ​នឹង​ចាត់​វិធានការ​សមស្រប​មួយ​ចំនួន​ដើម្បី​ជា​ការ​ឆ្លើយតប​ចំពោះ​ការ​សាកល្បង​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​នេះ។

សហរដ្ឋ​អាមេរិក និង​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​សហការ​ជាមួយ​ប្រទេស​ចិន ជប៉ុន និង​កូរ៉េ​ខាង​ជើង នៅ​ក្នុង​កិច្ច​ពិភាក្សា ៦ ភាគី ដែល​មាន​គោលបំណង​ក្នុង​ការ​ទប់ទល់​នឹង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង ដោយ​ការ​ផ្ដល់​ជា​ជំនួយ ប៉ុន្តែ​ការ​ចរចា​ទាំង​នោះ​បាន​ទទួល​បរាជ័យ​នៅ​ក្នុង​ឆ្នាំ ២០០៩៕

XS
SM
MD
LG