ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ជើង​បាន​ធ្វើ​ការ​សាក​ល្បង​អាវុធ​នុយក្លេអ៊ែរ​ជា​លើក​ទី២​នៅ​ក្នុង​ឆ្នាំ​នេះ


បុរស​ម្នាក់​មើល​កម្មវិធី​ព័ត៌មាន​ទូរទស្សន៍​ដែល​រាយការណ៍​ពី​ការ​សាកល្បង​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​នៅ​ស្ថានីយ​រថភ្លើង​សេអ៊ូល នៅ​ក្នុង​ក្រុង​សេអ៊ូល​ប្រទេស​កូរ៉េ​ខាង​ត្បូង​ កាលពី​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦។
បុរស​ម្នាក់​មើល​កម្មវិធី​ព័ត៌មាន​ទូរទស្សន៍​ដែល​រាយការណ៍​ពី​ការ​សាកល្បង​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​នៅ​ស្ថានីយ​រថភ្លើង​សេអ៊ូល នៅ​ក្នុង​ក្រុង​សេអ៊ូល​ប្រទេស​កូរ៉េ​ខាង​ត្បូង​ កាលពី​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦។

កូរ៉េ​ខាង​ជើង​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ សកម្មភាព​រញ្ជួយ​ដី​ដែល​បាន​កើត​មាន​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​នៅ​ក្បែរ​តំបន់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ Punggye-ri នោះ​ គឺ​បណ្តាល​មក​ពី​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ។​

អ្នក​ផ្សាយ​ព័ត៌មាន​ម្នាក់​នៃ​ទូរទស្សន៍​រដ្ឋ​របស់​កូរ៉េ​ខាង​ជើង​ KCNA​ បាន​អាន​សេចក្តី​ថ្លែង​ការណ៍​មួយ​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ដោយ​បញ្ជាក់ពី​ភាព​ជោគ​ជ័យ​នៃ​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​មួយ​ដែល​បាន​ធ្វើ​ឡើង​ដើម្បី​សាកល្បង​សមត្ថភាព​ក្បាល​នុយក្លេអ៊ែរ​ ដែល​ឥឡូវ​នេះ​មាន​ទំហំ​តូច​ដែល​ត្រូវ​ជា​មួយ​នឹង​កាំជ្រួច​មីស៊ីល​ជា​ច្រើន​ប្រភេទ។​

អ្នក​ផ្សាយ​ព័ត៌មាន​ម្នាក់​នៃ​ទូរទស្សន៍​រដ្ឋ​របស់​កូរ៉េ​ខាង​ជើង​ KCNA​ បាន​ប្រកាស​ថា៖ «ការ​សាកល្បង​ក្បាល​នុយក្លេអ៊ែរ​នេះ​គឺ​ផ្នែក​មួយ​នៃ​វិធានការ​ដ៏​ឆាប់​រហ័ស​មួយ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​គំរាម​កំហែង ​និង​ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​និង​សត្រូវ​របស់​ខ្លួន​ដែល​ប្រឆាំង​នឹង​ជំហរ​យុទ្ធសាស្ត្រ​របស់​យើង‍​ក្នុង​នាម​ជា​ប្រទេស​មួយ​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ»។​

រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ មិន​បាន​ប្រាប់​ឲ្យ​សហគមន៍​អន្តរជាតិ​ដឹង​ពី​គម្រោង​ក្នុង​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ជា​មុន​នោះ​ទេ។​

ថ្ងៃទី​៩​ ខែ​កញ្ញា​ គឺ​ជា​គំរប់​ខួប​ ៦៨ឆ្នាំ​នៃ​ការ​រក​ឃើញ​ប្រទេស​កូរ៉េ​ខាង​ជើង​ ហើយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ចាត់ទុក​ជា​ថ្ងៃ​សម្រាក​ដ៏​សំខាន់​មួយ​ អបអរ​ដោយការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ និង​កាំជ្រួច​មីស៊ីល​របស់​ខ្លួន។​

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោកស្រី Park Geun-hye បាន​ធ្វើ​ការ​ថ្កោល​ទោស​កូរ៉េ​ខាង​ជើង​ដែល​បាន​ធ្វើ​ការ​សាក​ល្បង​អាវុធ​នុយក្លេអ៊ែរ​ដែល​ជា​ការ​បំពាន​មួយ​ទៅ​លើ​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ។​

នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក​ Shinzo Abe បាន​ថ្លែង​ថា​ ប្រសិន​បើ​មាន​ការ​បញ្ជាក់​ថា​កូរ៉េ​ខាង​ជើង​ពិត​ជា​បាន​ធ្វើ​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​មែន​នោះ​ វា​គឺ​ជា​ទង្វើ​មួយ​ដែល​ត្រូវ​បាន​ហាម​ឃាត់​ ហើយ​រដ្ឋាភិបាល​ជប៉ុន​នឹង​អំពាវនាវ​ឲ្យ​អង្គការ​សហប្រជាជាតិ​ចាត់​វិធានការ​ទៅ​លើ​រឿង​នេះ‍»។​

លោក​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ John Kerry បាន​ថ្លែង​ថា៖ «នៅ​ក្នុង​គ្រា​នេះ​ដែរ​ ខ្ញុំជឿ​ជាក់​ថា​លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ នឹង​ដោះស្រាយ​បញ្ហា​នេះ​ ហើយ​យើង​ច្បាស់​ជា​ពិភាក្សា​អំពី​បញ្ហា​នេះ​ជាមួយ​នឹង​អង្គការ​សហប្រជាជាតិ​ផង​ដែរ‍»។​

សេតវិមាន​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ដើម្បី​អះអាង​ជា​ថ្មី​ម្តង​ទៀត​អំពី​ការ​ប្តេជ្ញា​ចិត្ត​របស់​លោក​អូបាម៉ា​ជាមួយ​នឹង​សម្ព័ន្ធ​មិត្ត​ដែល​មិន​អាច​បំបែក​បាន​របស់​ខ្លួន​នៅ​ក្នុង​តំបន់​អាស៊ី​ ហើយ​សេចក្តី​ថ្លែង​ការណ៍​នេះ​ក៏បាន​ឲ្យ​ដឹង​ទៀត​ថា​ លោក​អូបាម៉ា​ នឹង​ពិភាក្សា​ជាមួយ​នឹង​មេដឹកនាំ​ដទៃ​ទៀត​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​ ទង្វើ​ចង់​បង្ក​រឿង​របស់​កូរ៉េ​ខាង​ជើង​នឹង​ត្រូវ​ទទួល​បាន​លទ្ធផល​អាក្រក់​ជាក់​ជា​មិន​ខាន‍»៕​

XS
SM
MD
LG