ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​ជំនាញ​ប៉ាន់​ប្រមាណ​ថា ពលរដ្ឋ​ខ្មែរ​៦​សែន​នាក់​មាន​អាការៈ​ពិបាក​ក្នុង​ការ​និយាយ​ស្ដី


អ្នកស្រី​ Claire Salter​ អ្នក​ជំនាញ​ខាង​ការ​ព្យាបាល​អាការៈ​ពិបាក​ក្នុង​ការ​និយាយ​ស្ដី​នៃ​មន្ទីរ​ព្យាបាល Happy Kids Clinic។

អ្នកស្រី​ Claire Salter​ អ្នក​ជំនាញ​ខាង​ការ​ព្យាបាល​អាការៈ​ពិបាក​ក្នុង​ការ​និយាយ​ស្ដី​នៃ​មន្ទីរ​ព្យាបាល Happy Kids Clinic។

អ្នក​ជំនាញ​ខាង​ការ​ព្យាបាល​អាការៈ​ពិបាក​ក្នុង​ការ​និយាយ​ស្ដី លើក​ឡើង​ថា ពលរដ្ឋ​ខ្មែរ​ប្រមាណ​៦សែន​នាក់​ជា​ពិសេស​កុមារ មាន​អាការៈ​ពិបាក​ក្នុង​ការ​និយាយ ហើយ​សេវា​ព្យាបាល​អាការៈ​នេះ​នៅ​មាន​កម្រិត​នៅ​ឡើយ​ក្នុង​ប្រទេស​កម្ពុជា។

កំណត់​និពន្ធ៖ អ្នក​ជំនាញ​ខាង​ការ​ព្យាបាល​អាការៈ​ពិបាក​ក្នុង​ការ​និយាយ​ស្ដី លើក​ឡើង​ថា ពលរដ្ឋ​ខ្មែរ​ប្រមាណ​៦សែន​នាក់​ជា​ពិសេស​កុមារ មាន​អាការៈ​ពិបាក​ក្នុង​ការ​និយាយ ហើយ​សេវា​ព្យាបាល​អាការៈ​នេះ​នៅ​មាន​កម្រិត​នៅ​ឡើយ​ក្នុង​ប្រទេស​កម្ពុជា។​ លោក ​ណឹម សុភ័ក្រ្តបញ្ញា​នៃ​ VOA​ បាន​សម្ភាស​អ្នកស្រី​ Claire Salter​ អ្នក​ជំនាញ​ខាង​ការ​ព្យាបាល​អាការៈ​ពិបាក​ក្នុង​ការ​និយាយ​ស្ដី​នៃ​មន្ទីរ​ព្យាបាល Happy Kids Clinic​ អំពី​កង្វះ​សេវា​ព្យាបាល​និង​បញ្ហា​ពិបាក​និយាយ​នេះ​ដូច​តទៅ៖

តើ​មាន​ភាព​ខ្វះខាត​អ្វីខ្លះ​លើ​ការ​ព្យាបាល​អាការៈ​ពិបាក​ក្នុង​ការ​និយាយ​នៅ​ប្រទេស​កម្ពុជា?

Claire Salter៖ ខ្ញុំ​ប៉ាន់​ស្មាន​ថា ​មនុស្ស​ប្រមាណ​៦សែន​នាក់​នៅ​ប្រទេស​កម្ពុជា​មាន​ការ​លំបាក​ក្នុង​ការ​ទំនាក់​ទំនង។ ចំនួន​នេះ​ស្ថិតនៅ​កម្រិត​ទាប​នៅ​ឡើយ។ យើង​មិន​មាន​អ្នក​ជំនាញ​ព្យាបាល​ការ​លំបាក​ក្នុង​ការ​និយាយ​នោះ​ទេ ក្រៅ​ពី​អ្នក​ជំនាញ​ជា​ជន​បរទេស។

ជាក់​ស្ដែង​ នៅ​ពេល​ដែល​យើង​ព្យាបាល​ទៅ​លើ​បញ្ហា​ក្នុង​ការ​និយាយ​ ប្រជាជន​ចង់​ប្រើប្រាស់​ភាសា​ដែល​ពួក​គាត់​ធ្លាប់​និយាយ។ ដូច្នេះ​ពួកគាត់​ភាគច្រើន​និយាយ​ភាសា​ខ្មែរ។ ដូច្នេះ​ វា​ជា​រឿង​ប្រសើរ​ដែល​ពួក​គេ​ធ្វើ​ការ​ជា​មួយ​មនុស្ស​ដែល​និយាយ​ភាសា​ខ្មែរ​ជា​ភាសា​កំណើត។

ហេតុ​ដូច​នេះ​ហើយ​ វា​តម្រូវ​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​ភាសាខ្មែរ​ច្រើន។ មាន​ប្រជាជន​ចំនួន​៦០០.០០០​នាក់​មិនបាន​ទទួល​សេវាកម្ម​ដែល​ពួក​គាត់​គួរ​តែ​ទទួល​បាន។ ផល​វិបាក​នៃ​ការ​មិន​ទទួល​បាន​សេវា​ទាំងនោះ​មាន​កាន់​តែ​ច្រើន។

តើ​ការ​ពិបាក​ក្នុង​ការ​និយាយ​សំដៅ​ទៅ​លើ​អ្វី​ឲ្យ​ប្រាកដ​ អ្នកស្រី?

Claire Salter ៖ ក្នុង​ហេតុផល​ណា​ក៏ដោយ​ កុមារ​អភិវឌ្ឍ​បំណិន​របស់​ពួកគេ​ នៅ​ពេល​ដែល​ពេល​គេ​ឆ្លង​កាត់​វ័យ​កុមារ​ភាព។ ពួកគេ​ហាត់​រៀន​ដើរ​ រៀន​លូន​ ហាត់​រៀន​ធ្វើ​សព្វ​គ្រប់​ទាំងអស់​ ពួកគេ​ក៏​ហាត់រៀន​និយាយ​ផង​ដែរ។

ក្រៅពី​ការហាត់​រៀន​និយាយ​ គឺ​ការ​ហាត់រៀន​របៀប​បញ្ចេញ​សំឡេង​ខុសៗ​គ្នា​ផ្សេងៗ​ សំឡេង​ជាក់លាក់​មួយៗ​ ហើយ​ពួក​គេ​ ក៏​រៀន​ផ្គុំ​ពាក្យ​ បង្កើត​ប្រយោគ​ដែល​អាច​ធ្វើឲ្យ​មនុស្ស​ដទៃ​យល់​ពី​អារម្មណ៍​ និង​គំនិត​របស់​ពួកគេ។

បន្ថែម​លើ​នេះ​គឺ​ពួក​គេ​ត្រូវ​បង្ហាញ​សមត្ថ​ភាព​ដើម្បី​យល់​ពី​អ្វី​ដែល​អ្នកដទៃ​និយាយ​ផង​ដែរ។ ហេតុ​ដូច្នេះ​ហើយ​ ពេលខ្លះ​ ក្នុង​ហេតុផល​ណា​ក៏​ដោយ កុមារ​នៅ​តែ​មាន​បញ្ហា​ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​ទាំងអស់​នេះ​ និង​សមត្ថភាព​ក្នុង​ការ​បញ្ចេញ​សំឡេង​ ឬ​យល់​ពី​អ្វី​ដែល​អ្នក​ដទៃ​និយាយ​ ឬ​ផ្គុំ​ពាក្យ​ពេចន៍​ជា​ប្រយោគ។

ការណ៍​នេះ​យើង​ហៅថា​ ភាព​មិនស៊ីគ្នា​នៃ​ពាក្យ​ពេចន៍​ (a speech impairment) សម្រាប់​សូរ​សំឡេង​ និង​ភាព​មិន​ស៊ីគ្នា​នៃ​ភាសា​ ដែល​ធ្វើឲ្យ​មាន​បញ្ហា​ក្នុង​ការ​យល់​ និង​និយាយ​គ្នា។ បញ្ហា​នេះ​ វា​កើត​ឡើង​ដោយ​ឡែកៗ​ម្ដង​ ហើយ​ពេល​ខ្លះ បញ្ហា​នេះ​អាច​កើត​ឡើង​តាម​ប្រវត្តិ​គ្រួសារ។

ហេតុ​ដូច្នេះ​ហើយ ម្ដាយ​ឬ​ឪពុក​អាច​មាន​បញ្ហា​ក្នុង​ការ​ហាត់រៀន​និយាយ។ អញ្ចឹង​ហើយ​បានជា​យើង​ឃើញ​ថា កុមារ​មួយ​ចំនួន​មិន​អាច​និយាយ​រហូត​ដល់​អាយុ​៤ឆ្នាំ​ដោយសារ​មូលហេតុ​មួយ​ចំនួន។

បញ្ហា​ គឺ​សមត្ថភាព​ក្នុង​ការ​និយាយ​គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​ហាត់​រៀន​អាន​ និង​សរសេរ​ ប្រសិន​បើ​កុមារ​ណា​មាន​បញ្ហា​នេះ​ ពួកគេ​អាច​នឹង​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន​នៅ​សាលារៀន។

ហេតុផល​ផ្សេង​ទៀត​ដែល​មនុស្ស​អាច​មាន​ភាព​លំបាក​ក្នុង​ការ​ទំនាក់​ទំនង​ គឺ​ប្រសិន​បើ​ពួកគេ​មាន​ជំងឺ​ មាន​គ្រោះ​ថ្នាក់​ ឬ​ជំងឺ​ធ្ងន់ធ្ងរ​ដែល​អាច​បង្ក​បញ្ហា​ ឬ​ធ្វើ​ឲ្យ​ខួរក្បាល​រងគ្រោះ។​ ខួរក្បាល​យើង​មាន​ផ្នែក​មួយ​ចំនួន​ដែល​មាន​មុខងារ​លើ​ការ​និយាយ​ស្ដី និង​ទំនាក់​ទំនង។ ​

ប្រសិន​បើ​ផ្នែក​ទាំង​នោះ​មាន​ការ​ខូច​ខាត នោះ​កុមារ​នឹង​មាន​បញ្ហា។ ជា​លក្ខណៈ​ជីវសាស្ត្រ​ ការ​បញ្ចេញ​សំឡេង​អាច​ធ្វើ​ឲ្យ​មាត់​របស់​គេ​មាន​បញ្ហា ឬ​អាច​ពិបាក​រក​នឹក​ពាក្យ​ ហើយ​ទាំង​អស់នេះ​ហើយ​ជា​បញ្ហា។

កុមារ​ដែល​មាន​ភាព​ភាំង​ជាទូទៅ​មាន​បញ្ហា​ក្នុង​ការ​ទំនាក់​ទំនង។ ពួកគេ​អាច​ដឹង​បាន​ន័យត្រង់។ ពួកគេ​មិន​អាច​យល់​រឿង​កំប្លែង ឬ​ការ​បញ្ចើច​បញ្ចើ ឬ​ភាសា​ពិបាក​យល់ ហើយ​ពួកគេ​នឹង​មាន​ភាព​លំបាក​ក្នុង​ការ​យល់​ដឹង​ពី​ក្រឹត្យក្រម​នានា​របស់​សង្គម​ក្នុង​ការ​ទំនាក់​ទំនង​ ដូចជា​ចម្ងាយ​ដែល​ត្រូវ​ឈ​ពី​អ្នកដទៃ​ ឬ​របៀប​ធ្វើការ​ស្វាគមន៍​អ្នកដទៃ។ អ្វី​ដែល​អាច​ជា​ការ​មិន​គួរសម​ដល់​អ្នក​ដទៃ​ ពួកគេ​មិន​បាន​យល់ដឹង​ពី​របៀប​របប​អស់ហ្នឹង​ច្បាស់លាស់​ទេ។

ខ្ញុំ​ក៏​មើល​ឃើញ​ហេតុផល​ផ្សេង​ទៀត​ដែរ​គឺ​ ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល ឬ​ជំងឺ​ធ្ងន់ធ្ងរ​នានា​ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ខួរ​ក្បាល។ ហេតុដូច្នេះ​ហើយ​គឺ​មាន​ហេតុផល​ច្រើន​ណាស់​ដែល​មនុស្ស​មាន​បញ្ហា​ក្នុង​ការ​ទំនាក់ទំនង។

អ្នកស្រី Claire Salter អ្នកគ្រប់គ្រង និង​អ្នកជំនាញព្យាបាលអាការៈពិបាក​និយាយ​នៅ​មន្ទីរព្យាបាល Happy Kids Clinic។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

អ្នកស្រី Claire Salter អ្នកគ្រប់គ្រង និង​អ្នកជំនាញព្យាបាលអាការៈពិបាក​និយាយ​នៅ​មន្ទីរព្យាបាល Happy Kids Clinic។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

តើ​បញ្ហា​នេះ​ភាគច្រើន​កើត​ឡើង​ជា​លក្ខណៈ​ដំណ​ពូជ​ឬ? មិនមែន​ជា​បញ្ហា​កើតឡើង​ដោយ​កត្តា​ខាងក្រៅ​ទេ​ឬ?

Claire Salter៖ សម្រាប់​កុមារ​ ខួរក្បាល​មាន​មុខងារ​ដើម្បី​ហាត់រៀន​ភាសា​ ប៉ុន្តែ​មនុស្ស​យើង​អាច​រៀន​ភាសា​ ប្រសិន​បើ​យើង​អាច​ប្រើប្រាស់​វា។ យើង​ត្រូវ​ការ​អ្នក​ដទៃ​មក​និយាយ​ជាមួយ​យើង។ ធ្វើ​អញ្ចឹង​យើង​អាច​រៀន​របៀប​និយាយ​បាន។ យើង​មិនមែន​អាច​និយាយ​ដោយ​ស្វ័យ​ប្រវត្តិ​នោះ​ទេ។ យើង​ត្រូវការ​អ្នកដទៃ​ជួយ​បង្ហាញ​យើង​ថា ​តើ​វា​មាន​រូបភាព​បែប​ណា ឬអ្វី​ជា​ការ​ទំនាក់ទំនង។ ហេតុដូច្នេះ​ហើយ កុមារ​នៅ​ពេល​ខ្លះ​ជា​ធម្មតា​ធ្វើត្រាប់​តាម ប៉ុន្តែ​កុមារ​ផ្សេង​ទៀត​ត្រូវការ​ជំនួយ​បន្ថែម​ទៀត។

អ្វី​ដែល​ខ្ញុំ​សង្កេត​ឃើញ​ គឺ​សម័យនេះ មាន​កុមារ​កាន់តែ​ច្រើន​ឡើងៗ​កំពុង​ប្រើប្រាស់ឧបករណ៍​អេឡិចត្រូនិក​ដែល​មាន​អេក្រង់​ ហើយ​ពួក​គេ​ប្រើប្រាស់​របស់​របរ​ទាំង​នោះ​ច្រើន​ណាស់។ ពួកគេ​មិន​មាន​អន្តរ​ទំនាក់ទំនង​ជាមួយ​នឹង​គ្រួសារ​គេ​ ឲ្យ​ច្រើន​ដូច​នឹង​ទម្លាប់​គេ​ប្រើប្រាស់​របស់របរ​ទេ។​ អញ្ចឹង​ហើយ​ពួក​គេ​មិន​បាន​សន្ទនា​ ហើយ​ខ្ញុំ​សង្កេត​ឃើញ​ថា ​ពួកគេ​ជា​កុមារ​ក្នុង​ក្រុម​ដែល​ខ្ញុំ​ហៅថា​ «អន់​ភាសា» គឺ​មាន​ន័យ​ថា ពួកគេ​មិន​មាន​ទុន​ភាសា​គ្រប់គ្រាន់​ដើម្បី​អាច​អភិវឌ្ឍ​បំណិន​ភាសា​របស់​គេ​គ្រប់គ្រាន់។

ហេតុដូច្នេះ​ហើយ វា​ជា​ការ​សំខាន់​ណាស់ ដែល​ឪពុកម្ដាយ​ និង​សមាជិក​ក្រុម​គ្រួសារ​ត្រូវ​និយាយ​ជាមួយ​កុមារ​ ច្រៀង​ចម្រៀង​ អាន​រឿង​និទាន​ឲ្យ​ស្អាប់ ឬ​និទានរឿង​ប្រាប់​ពួក​គេ ហើយ​ត្រូវ​ធ្វើ​បែបនេះ​រាល់ថ្ងៃ។ ការ​ធ្វើ​បែប​នេះ​ មិនមែន​ធ្វើ​តែ​ក្នុង​ពេល​ពិសេស​ណា​មួយ​ឡើយ។

កុមារ​ត្រូវការ​ធាតុ​ចូល​គ្រប់​ពេល​វេលា។ ពួកគេ​ត្រូវការ​គ្រប់​ដំណាក់​កាល​ទាំងអស់។ យើង​មិន​អាច​និយាយ​ប្រយោគ​ស្មុគស្មាញ​ជាមួយ​កុមារ​ឡើយ។ យើង​ត្រូវ​បង្កើត​ប្រយោគ​សាមញ្ញ​ និង​ងាយៗ​ដើម្បី​ឲ្យ​ពួក​គេ​យល់។ អញ្ចឹង​ហើយ​ពេល​ខ្លះ បញ្ហា​គឺ​អាច​បណ្ដាល​មក​ពី​កត្តា​តំណពូជ​ ប៉ុន្តែ​វា​ក៏​ត្រូវការ​ធាតុ​ចូល​ពី​ក្រុម​គ្រួសារ​ និង​ការ​ប្រឹង​ពី​ក្រុម​គ្រួសារ។

តើ​មាន​ស្ថាប័ន​ចំណុះ​ក្រសួង​សុខាភិបាល​ណា​មួយ​ធ្វើការ​សិក្សា​លើ​កុមារ​ដែល​មាន​ភាព​លំបាក​បែបនេះ​នៅ​ពេល​បច្ចុប្បន្ន​ដែរ​ឬទេ?

Claire Salter៖ មិន​មាន​ទេ។ សព្វថ្ងៃ​ រដ្ឋាភិបាល​មិន​បាន​ចូលរួម​ក្នុង​ការ​ផ្ដល់​សេវា​នេះ​ឡើយ​ ប៉ុន្តែ​ការងារ​មួយ​ផ្នែក​នៃ​អង្គការ ​OIC នៅ​កម្ពុជា​ ធ្វើការ​ដើម្បី​ទាក់ទាញ​រដ្ឋាភិបាល​ឲ្យ​ចូលរួម​ក្នុង​កិច្ចការ​នេះ​ឲ្យ​ដាក់​ចូល​ក្នុង​មុខវិជ្ជា​នៅ​តាម​សាកល​វិទ្យាល័យ​ ពីព្រោះ​យើង​យល់​ថា​ វា​មាន​សារៈសំខាន់​ណាស់​ដែល​រដ្ឋាភិបាល​ត្រូវតែ​មាន​ចំណែក​ដើរតួ​ និង​យើង​ត្រូវការ​ការ​គាំទ្រ​ពី​រដ្ឋាភិបាល​ដើម្បី​ឲ្យ​ការងារ​នេះ​ដំណើរ​ការ និង​ចង់​បញ្ជាក់​ថា ​ក្រុម​យើង​ខ្ញុំ​នឹង​មិន​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​រហូត​នោះ​ទេ។

​ យើង​មិន​ចង់​ក្លាយ​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ស្ថិត​នៅ​ប្រទេស​នេះ​រហូត​នោះ​ទេ។ យើង​ចង់​ផ្ទេរ​ជូន​ឲ្យ​កាន់​តែ​ឆាប់​តាមដែល​អាច​ធ្វើ​បាន គឺ​តាមរយៈ​ការ​បណ្ដុះ​បណ្ដាល​អ្នក​ព្យាបាល​ការ​ប្រើប្រាស់​ពាក្យពេចន៍​ក្នុង​ស្រុក​ដែល​នឹង​ក្លាយ​ជា​គ្រូបង្រៀន​មុខវិជ្ជា​នេះ​នៅ​តាម​សាកល​វិទ្យាល័យ​ ហើយ​បន្ទាប់មក​យើង​ចង់​ឲ្យ​បុគ្គល​ទាំងនោះ​បម្រើ​ការងារ​តាម​ស្ថាប័ន​រដ្ឋ​នៅ​តាម​សាលារៀន​ មន្ទីរពេទ្យ​ និង​ផ្សេងៗ​ទៀត។ វា​ចាំបាច់​ណាស់​ដែល​យើង​ត្រូវការ​ការ​ចូលរួម​ពី​រដ្ឋាភិបាល​ក្នុង​ការងារ​នេះ ហើយ​នេះ​ជា​ការងារ​ធ្វើឲ្យ​មាន​វឌ្ឍនភាព។

តើ​អ្នកស្រី​ដោះ​ស្រាយ​បែប​ណា​ជា​មួយ​នឹង​កុមារ​ដែល​មាន​ភាព​លំបាក​ក្នុង​ការ​ទំនាក់ទំនង? តើ​ការ​ព្យាបាល​ធ្វើឡើង​បែប​ណា​ដែរ?

Clarie Salter៖ យើង​ត្រូវ​សាកល្បង​ធ្វើការ​ជា​លក្ខណៈ​ផ្ដល់​សេវា​ និង​សិក្សា​តំណ​គ្រួសារ។ យើង​ធ្វើការ​ផ្អែកលើ​គោលដៅ​សំខាន់​បំផុត​ដែល​គ្រួសារ​ត្រូវ​ចាប់​ផ្តើម​ចូល​រួម និង​គោលដៅ​ដើម្បី​ឲ្យ​គ្រួសារ​មាន​ភាព​ជោគជ័យ​ដូចគ្នា​ដែរ។

គ្រួសារ​ខ្លះ គឺ​រវល់​ខ្លាំង​ណាស់​ ដែល​ពេល​ខ្លះ​យើង​ត្រូវតែ​កំណត់​គោល​ដៅ​ដែល​ស័ក្ដិសម​នឹង​ជីវិត​របស់​ពួក​គេ ជាជាង​អ្វី​ដែល​ជា​ឧត្ដមគតិ​របស់​អ្នក។ យើង​បាន​កំណត់​គោល​ដៅ​បី​សម្រាប់​រយៈពេល​៦សប្តាហ៍​របស់​យើង។

យើង​ធ្វើ​ការ​តាម​គោល​ដៅ​ទាំង​នោះ​តាម​ផ្នែក​ផ្សេងៗ។ សម្រាប់​កុមារ ពួកគេ​មិន​គួរ​មាន​អារម្មណ៍​ថា​ពួក​គេ​មក​ធ្វើការ ឬ​ធ្វើ​អ្វី​ដែល​លំបាក​ទេ។ យើង​ចង់​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ថា ពួកគេ​មក​ដើម្បី​សប្បាយ​រីករាយ។

ដូច្នេះ​ សម្រាប់​កុមារ​ដែល​មិន​ដឹង​ពី​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ​ ពួកគេ​អាច​គិត​ថា​ពួក​គេ​កំពុង​លេងល្បែង​កម្សាន្ត​ជាមួយ​កុមារ​ផ្សេងទៀត​ ប៉ុន្តែ​យើង​បាន​កំណត់​គោលដៅ​នៃ​សកម្មភាព​ដែល​យើង​បង្ហាញ​រួច​ហើយ។

ឧទាហរណ៍​ ក្នុង​ការ​ព្យាយាម​ឲ្យ​កុមារ​រៀន​បង្កើត​ពាក្យ កុមារ​ម្នាក់​ត្រូវ​មាន​របស់​ក្មេង​លេង​ជា​ផ្លែឈើ​ដែល​អាច​កាត់​ពាក់​កណ្ដាល​ និង​មាន​កាំបិត​មួយ។យើង​ប្រើ​ពាក្យ​ថា​ «កាត់» «ស្វែងរក​» «ដាក់​ចូល» និង​គ្រប់​ពាក្យ​នៃ​ផ្លែ​ឈើ​ និង​បន្លែ​ ដែល​កុមារ​ត្រូវ​អនុវត្ត​ពាក្យ​ទាំង​អស់​នោះ​ និង​បង្កើត​ពាក្យ​របស់​ពួកគេ​ដោយ​គ្រាន់​តែ​តាមរយៈ​ការ​ធ្វើ​សកម្មភាព​ជាជាង​ការ​អង្គុយ​នៅ​មួយ​កន្លែង​ហ្នឹង​ ហើយ​និយាយ​ថា​ «ផ្លែ​ប៉ោម​ ផ្លែ​ចេក»​ ពីព្រោះ​វា​គ្មាន​បរិបទ​សម្រាប់​កុមារ​ឲ្យ​ដឹង​ថា​ តើ​ពាក្យ​ទាំង​អស់​នោះ​មាន​ន័យ​យ៉ាង​ណា។

ដូច្នេះ​ អ្វី​ទាំង​អស់​ដែល​យើង​កំពុង​ធ្វើ​នេះ​ ជា​ល្បែង​កម្សាន្ត​បន្តវេន​ ដែល​មនុស្ស​ធំ​អាច​បន្តវេន​ និង​ផ្ដល់​ជា​គំរូ​លើ​ថា​តើ​ពាក្យ​នេះ​និយាយ​បែប​ណា​ ហើយ​បន្ទាប់​មក​កុមារ​នឹង​ចាប់ផ្ដើម​និយាយ ការ​ធ្វើ​បែប​នេះ​ដូចជា​ការ​បន្ត​វេន​ និង​ការ​លេង​ល្បែង​បណ្ដាក់​គ្នា និង​អក្សរ ឬអ្វី​ផ្សេង​ដែល​យើង​អាច​អនុវត្ត​ការ​បញ្ចេញ​សំឡេង​ពាក្យពេចន៍​បែប​ផ្សេង​គ្នា​មុន​ពេល​ដល់វេន​របស់​យើង​ គឺ​វិធី​នេះ​ដូច​នឹង​ការ​ព្យាបាល​បែប​ចិត្ត​សាស្ត្រ។

ប្រសិន​បើ​អ្នក​និយាយ​ថា​ ជើង​អ្នក​បាក់ អ្នក​ត្រូវ​តែ​ធ្វើ​លំហាត់​ប្រាណ​ជើង​របស់​អ្នក​ឲ្យ​បាន​ជាក់​លាក់​តាម​វេលា​ដើម្បី​ពង្រឹង​សាច់​ដុំ​របស់​អ្នក។ ដូចគ្នា​នេះ​ដែរ​ការ​ព្យាបាល​ការ​ប្រើប្រាស់​ពាក្យពេចន៍​គឺ​ធ្វើ​ឡើង​តាម​រូបមន្ត​ដូចគ្នា​នេះ​ដែរ ប៉ុន្តែ​ត្រូវ​មាន​ការ​ព្យាបាល​ណែនាំ​ឪពុកម្ដាយ​អំពី​របៀប​ធ្វើ​សកម្មភាព​ទាំងអស់​នោះ​នៅ​តាម​ផ្ទះ។ កូនៗ​របស់​ពួកគេ​មិនមែន​គ្រាន់តែ​ផ្ដោត​ទៅ​លើ​តែ​កុមារ​នោះ​ទេ។

វា​រួម​ផ្សំ​ទាំង​ឪពុកម្ដាយ​ និង​ទាំង​គ្រូ​ផង​ដែរ។ យើង​ទៅ​សាលារៀន​ និង​ណែនាំ​ប្រាប់​លោក​គ្រូ​អ្នកគ្រូ​ពីរ​របៀប​ដែល​យើង​អាច​ជួយ​កុមារ​តាម​គោល​ដៅ​របស់​ពួកគេ។ វា​ទាមទារ​ឲ្យ​មាន​គំនិត​គិត​ដឹង​ពី​ស្ថាន​ភាព​ផ្សេង​គ្នា ពីព្រោះ​ការ​ទំនាក់ទំនង​គឺ​ជាប់​ពាក់ព័ន្ធ​គ្នា​ច្រើន​ណាស់។

អ្នក​មិន​អាច​បង្រៀន​ឲ្យ​ពួកគេ​ចេះ​ប្រាស្រ័យ​ទាក់ទង​ដោយ​គ្រាន់​តែ​អង្គុយ​នៅ​តុ​ក្នុង​គ្លីនិក​ឡើយ។ អ្នក​ត្រូវតែ​នៅកន្លែង​ដែល​កុមារ​ទៅ។ ដូច្នេះ​គោល​ដៅ​គឺ​យើង​ធ្វើ​ឲ្យ​ពាក់ព័ន្ធ​នឹង​ជីវិត​របស់​កុមារ ហើយ​ពួកគេ​អាច​មាន​ភាព​រីករាយ។ យើង​ចង់​ឃើញ​កុមារ​ដែល​មក​ទីនេះ​ដោយ​មាន​ស្នាមញញឹម​នៅ​លើមុខ​ មិនមែន​ទាញ​ពួក​គេ​មក​ឲ្យ​និយាយ​ថា​ «ទេ​ ខ្ញុំ​មិន​ចង់​មក​ទេ»។ ដូច្នេះ​ គឺ​មិនមែន​ដូចជា​ការ​ទៅ​ជួប​ពេទ្យ​ ហើយ​ចាក់​ថ្នាំ ឬ​អ្វី​ផ្សេង​ទៀត​ទេ។ កុមារ​មក​ និង​ធ្វើ​សកម្មភាព​នានា។

តើ​ការ​ព្យាបាល​មាន​ប្រសិទ្ធភាព​ប៉ុណ្ណា​ដែរ? តើ​កុមារ​អាច​ប្រែក្លាយ​ពី​ការ​និយាយ​ពាក្យ​ដាច់​ៗ​ទៅជា​ការ​និយាយ​ជា​ប្រយោគ​ ឬ​ឃ្លា?

Claire Salter៖ វា​ចំណាយ​ពេល​ច្រើន​ណាស់។ ខ្ញុំ​ចង់​និយាយ​ថា វា​ត្រូវ​ធ្វើ​បន្តិច​ម្តងៗ។ ហើយ​ពេល​ខ្លះ​វា​ជា​ដំណើរ​ផ្លូវ​ដ៏​វែង​ឆ្ងាយ​មួយ​ដែល​អាស្រ័យ​លើ​កម្រិត​លំបាក​នៃ​កុមារ​នោះ។ ជាក់​ស្ដែង​ ខ្ញុំ​បាន​ជួប​ករណី​កុមារ​ម្នាក់​ពី​មុន​មក។ សំដី​ពាក្យពេចន៍​នាង គឺ​មាន​លក្ខណៈ​ដាច់ៗ​ខ្លាំង​ណាស់ គឺ​ខ្ញុំ​ពិបាក​នឹង​យល់​ជា​ខ្លាំង​ពេល​នាង​និយាយ​មក​កាន់​ខ្ញុំ។

ខ្ញុំ​ត្រូវ​ស្ដាប់​មួយ​សំឡេង​ម្តងៗ ហើយ​វា​ចំណាយ​ពេល​យូរ​ណាស់។ ក្មេង​ស្រី​នោះ មាន​ការ​រីក​ចម្រើន​ច្រើន​ណាស់ ប៉ុន្តែ​ដោយសារ​តែ​សំដី​ពាក្យពេចន៍​របស់​នាង​មាន​លក្ខណៈ​ដាច់ៗ​ខ្លាំង វា​ចំណាយ​ពេល​អស់​១ឆ្នាំ​ក្នុង​ការ​ព្យាបាល។ ជា​លទ្ធផល​ នាង​អាច​ស្ដាប់​យល់​ភាគ​ច្រើន និង​ឈ្នះ​ពាន​រង្វាន់​លើ​ការ​ទំនាក់​ទំនង​នៅ​សាលារៀន​របស់​នាង។ នាង​ជា​អ្នក​រៀន​នាំ​មុខ​គេ​មួយ​នៅ​សាលា​រៀន។ នាង​មាន​ការ​រីក​ចម្រើន​ខ្លាំង​ណាស់​ ហើយ​វា​ទាមទារ​ឲ្យ​មាន​ការ​អត់ធ្មត់​ច្រើន។ យើង​ត្រូវ​ធ្វើ​បន្តិច​ម្តងៗ។ ​ យើង​មិនមែន​គ្រាន់តែ​ចាប់ផ្ដើម​ ហើយ​ធ្វើ​ពីរ​ ឬ​បី​ដង​ ហើយ​វា​បាន​សម្រេច​នោះ​ទេ៕

XS
SM
MD
LG