\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ជន​រងគ្រោះ​ខ្មែរ​ឈ្នះ​ដំណាក់​កាល​ដំបូង​ក្នុង​តុលាការ​អាមេរិក

  • ម៉ែន គឹមសេង

រូបឯកសារ៖ ពលករ​ធ្វើការ​នៅ​លើ​ទូក​នេសាទ​ត្រី​កំពុង​ប្រមូល​ត្រី​នៅ​កំពង់​មួយ​កន្លែង​នៅ​ខេត្ត Prachuabkhirikhant ភាគ​ខាង​ត្បូង​ប្រទេស​ថៃ កាលពី​ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៤។

រូបឯកសារ៖ ពលករ​ធ្វើការ​នៅ​លើ​ទូក​នេសាទ​ត្រី​កំពុង​ប្រមូល​ត្រី​នៅ​កំពង់​មួយ​កន្លែង​នៅ​ខេត្ត Prachuabkhirikhant ភាគ​ខាង​ត្បូង​ប្រទេស​ថៃ កាលពី​ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៤។

លោកចៅក្រម​ John F. Walter ​នៃ​តុលាការ​តំបន់​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​ បាន​សម្រេច​កាលពី​ថ្ងៃ​ពុធ​ ដោយ​បញ្ជា​ឱ្យ​ដំណើរ​ការ​រឿង​ក្តី​នេះ​តទៅទៀត​ដោយ​ផ្អែក​លើ​ច្បាប់​ការ​អនុញ្ញាត​ឡើងវិញ​ឱ្យ​ការពារ​ជន​រងគ្រោះ​ដោយ​សារ​ការ​ជួញដូរ។

តុលាការ​សហព័ន្ធ​មួយ​នៅក្នុង​សហរដ្ឋ​អាមេរិក​បាន​សម្រេច​ថា​ ពាក្យ​បណ្តឹង​របស់​ជន​រងគ្រោះ​កម្ពុជា​ដែល​ប្តឹង​ក្រុមហ៊ុន​គ្រឿងសមុទ្រ​អាមេរិកាំង​និង​ថៃ​ គឺ​ជា​ករណី​ជួញដូរ​មនុស្ស​ និង​ស្ថិត​ក្រោម​យុត្ថាធិការ​របស់​ខ្លួន​ ដោយ​ច្រាន​ចោល​បណ្តឹង​ជំទាស់​របស់​ភាគី​ក្រុមហ៊ុន។

លោកចៅក្រម​ John F. Walter ​នៃ​តុលាការ​តំបន់​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​ បាន​សម្រេច​កាលពី​ថ្ងៃ​ពុធ​ ដោយ​បញ្ជា​ឱ្យ​ដំណើរ​ការ​រឿង​ក្តី​នេះ​តទៅទៀត​ដោយ​ផ្អែក​លើ​ច្បាប់​ការ​អនុញ្ញាត​ឡើងវិញ​ឱ្យ​ការពារ​ជន​រងគ្រោះ​ដោយ​សារ​ការ​ជួញដូរ។

ក្រុម​មេធាវី​អាមេរិកាំង​នៃ​ក្រុម​ហ៊ុន​ Cohen Milstein Sellers & Toll PLLC ​ដែល​តំណាង​ឱ្យ​ជន​រងគ្រោះ​ខ្មែរ​ចំនួន​៧​នាក់​ ដែល​មាន​បុរស​ប្រាំនាក់ ​និង​ស្ត្រី​ពីរនាក់​បាន​ដាក់​ពាក្យ​ប្តឹង​ក្រុមហ៊ុន​អាមេរិកាំង​គឺ​ក្រុមហ៊ុន​ Rubicon Resources ​និង​ក្រុមហ៊ុន​ Wale& Co. Universe, Ltd. និង​ក្រុមហ៊ុនថៃ​ Phatthana Seafood Co., Ltd ​និង​ក្រុមហ៊ុន​ S.S. Frozen Food Co., Ltd កាលពី​ថ្ងៃ​ទី​១៥ខែ​មិថុនា​កន្លង​ទៅ។

ក្រុមហ៊ុន Phatthana​ Seafood Co., Ltd គឺជា​ក្រុមហ៊ុន​ថៃមួយ ដែលក្រុមហ៊ុន​មេធាវី​សហរដ្ឋ​អាមេរិក​បាន​ដាក់​ពាក្យ​បណ្តឹង​នេះ​នៅ​តុលាការ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​ កាលពី​ថ្ងៃ​ទី​១៥​ ខែ​មិថុនា ជំនួស​ជន​រងគ្រោះ​ប្រាំពីរនាក់​ដែល​ជា​ពលរដ្ឋ​ខ្មែរ។

ក្រុមហ៊ុន Phatthana​ Seafood Co., Ltd គឺជា​ក្រុមហ៊ុន​ថៃមួយ ដែលក្រុមហ៊ុន​មេធាវី​សហរដ្ឋ​អាមេរិក​បាន​ដាក់​ពាក្យ​បណ្តឹង​នេះ​នៅ​តុលាការ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​ កាលពី​ថ្ងៃ​ទី​១៥​ ខែ​មិថុនា ជំនួស​ជន​រងគ្រោះ​ប្រាំពីរនាក់​ដែល​ជា​ពលរដ្ឋ​ខ្មែរ។

ក្នុង​ពាក្យ​បណ្តឹង​បាន​លើក​ឡើង​ថា​ ជន​រងគ្រោះ​ទាំង​នោះ​ត្រូវបាន​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ក្នុង​ស្រុក​មក​បញ្ចុះ​បញ្ចូល​ឱ្យ​ទៅ​ធ្វើការ​នៅ​ក្រុមហ៊ុន​គ្រឿង​សមុទ្រ​ថៃ​Phatthana Seafood Co. Ltd. ​ចន្លោះ​ពី​ឆ្នាំ២០១០​ដល់​២០១២​ ហើយ​បាន​ប្រឈម​មុខ​នឹង​ការ​បង្ខំ​ឱ្យ​ធ្វើការ​ងារ​លើស​កម្លាំង ​អំពើ​ទាសភាព ​និង​ការ​ធ្វើ​ការ​ដើម្បី​សង​បំណុល​ថៅកែ។

ក្រុម​មេធាវី​អាមេរិកាំង​ដែល​តំណាងឱ្យ​ជន​រងគ្រោះ​ទាំងនេះ​ចោទ​ថា​ ក្រុមហ៊ុន​បាន​ធ្វើ​ខុស​នឹង​ច្បាប់​ស្តីពី​ការ​អនុញ្ញាត​ឡើងវិញ​ឱ្យ​ការពារ​ជនរងគ្រោះ​ ដោយសារ​ការ​ជួញដូរ​និង​ច្បាប់​លក្ខន្តិកៈ​កំហុស​រដ្ឋប្បវេណី​នៅ​បរទេស។

កាលពីថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០១៦ ​ក្រុមមេធាវី​តំណាង​ក្រុមហ៊ុន​បាន​ប្តឹង​ជំទាស់​ដោយ​អះអាង​ថា​ មេធាវី​របស់​ជនរងគ្រោះ​មិន​បាន​ផ្តល់​មូលដ្ឋាន​គ្រប់​គ្រាន់​សម្រាប់​គាំទ្រ​ដល់​ការអះអាង​ថា​ តុលាការ​នេះ​មាន​យុត្ថាធិការ​លើ​សំណុំរឿង​នេះ​តាម​ច្បាប់​ស្តី​ពី​ការ​អនុញ្ញាត​ឡើងវិញ​ឱ្យ​ការពារ​ជន​រងគ្រោះ​ ដោយ​សារ​ការ​ជួញដូរ​ទេ​ដោយ​ផ្តល់​អំណះ​អំណាង​ថា ​ការ​ប្រព្រឹត្ត​ល្មើស​មិន​គ្រប់​លក្ខណៈ​តាម​ច្បាប់​នេះឡើយ ។ ហើយ​ថា​ការ​ទាមទារ​របស់​ជន​រងគ្រោះ​ដែល​ចោទ​ពី​ការ​ប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់​លក្ខន្តិកៈ​កំហុស​រដ្ឋ​ប្បវេណី​នៅ​បរទេស​ក៏​មិន​មាន​មូលដ្ឋាន​ច្បាស់​លាស់​ដែរ។

ប៉ុន្តែ​ក្រុម​មេធាវី​ការពារ​ជន​រងគ្រោះ​បាន​ប្តឹងជំទាស់​វិញ​នៅថ្ងៃ​ទី​៣០ ខែ​កញ្ញា​ ឆ្នាំ២០១៦ ថា​ ការ​ទាមទារ​របស់​ពួកគេ ​និង​បទល្មើស​មាន​លក្ខណៈ​គ្រប់គ្រាន់​តាម​ច្បាប់​របស់​សហរដ្ឋ​អាមេរិក។

នៅក្នុង​សេចក្តី​សម្រេច​ដែល​ VOA ​ខេមរភាសា​ទទួល​បាន​នៅថ្ងៃ​សុក្រ​នេះ ​លោក​ចៅក្រម John F. Walter ​បាន​សម្រេច​ថា៖

«ដោយ​ផ្អែក​លើ​ហេតុផល​ដែល​បាន​លើក​ឡើង​តុលាការ​សម្រេច​បដិសេធ​ចោល​ការ​ប្តឹង​ជំទាស់​ខ្លះ​របស់​ចុងចម្លើយ​ និង​ផ្តល់​ជូន​តាម​ការ​ជំទាស់​ខ្លះ។ បដិសេធ​ចោល​ការ​ប្តឹង​ជំទាស់​របស់​ចុង​ចម្លើយ​ពាក់ព័ន្ធ​នឹង​ការ​ទាមទារ​របស់​ដើម​បណ្តឹង​ដោយ​ផ្អែកលើ​ច្បាប់​ស្តីពី​ការ​អនុញ្ញាត​ឡើងវិញ​ឱ្យ​ការពារ​ជន​រងគ្រោះ​ដោយ​សារ​ការជួញដូរ​ និង​យល់​ព្រម​តាម​ការ​ជំទាស់​របស់​ចុងចម្លើយ​ ដែល​ជំទាស់​នឹង​ការ​ទាមទារ​របស់​ដើម​បណ្តឹង​លើ​ច្បាប់​លក្ខន្តិកៈ​កំហុស​រដ្ឋ​ប្បវេណី​នៅ​បរទេស​ ដោយ​មិន​ឱ្យ​មាន​ការ​តវ៉ា​អ្វី​ទៀត‍»។​

ក្រុម​មេធាវី​ជន​រងគ្រោះ​បាន​ស្វាគមន៍​សេចក្តី​សម្រេច​ចិត្ត​នេះ​ថា ​ជា​ដំណឹង​ល្អ​មួយ​ព្រោះ​តុលាការ​រកឃើញ​ថា ​វា​ជា​ការ​ជួញដូរ​មនុស្ស​គឺ​មិនមែន​ជា​ករណី​ទំនាស់​ការងារ​ដូច​មេធាវី​ចុង​ចម្លើយ​អះអាង​ទេ។

លោកស្រី​ Agnieszka Fryszman ​មេធាវី​តំណាង​ឱ្យ​ជន​រងគ្រោះ​កម្ពុជា​ បាន​បញ្ជាក់​ប្រាប់​ VOA តាម​សារអេឡិកត្រូនិក​ថា៖

«យើង​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ហើយ​រំពឹង​ថា ​នឹង​បង្ហាញ​ភស្តុតាង​ថែមទៀត​ក្នុង​ពេល​សវនាការ។ ការ​សម្រេច​ចិត្ត​នេះ​ល្អ​ខ្លាំងណាស់‍»។​

ច្បាប់​របស់​សហរដ្ឋ​អាមេរិក​អនុញ្ញាត​ឱ្យ​ជន​រងគ្រោះ​ពី​ការ​ជួញដូរ​មនុស្ស​នៅ​ក្រៅ​សហរដ្ឋ​អាមេរិក​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​ក្រុមហ៊ុន​ដែល​មាន​ទំនាក់​ទំនង​ពាណិជ្ជកម្ម ​ឬ​ស្នាក់ការ​នៅ​សហរដ្ឋ​អាមេរិក។ ​ច្បាប់​ប្រឆាំង​ការ​ជួញដូរ​នេះ​ចែង​ថា៖

«ជនណា​ដែល​ជា​ជន​រងគ្រោះ​ពី​ការ​រំលោភ​ច្បាប់​នេះ​អាច​ដាក់​ពាក្យ​បណ្តឹង​រដ្ឋប្បវេណី​នៅ​តុលាការ​ប្រចាំ​តំបន់​មួយ​ណា​ ដែល​សមស្រប​របស់​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​ជន​ល្មើស​បាន​ ឬ​ក៏​ប្តឹង​ជន​ណា​ក៏ដោយ​ដែល​បាន​ទទួល​ផល​ផ្នែក​ហិរញ្ញវត្ថុ​ ឬ​ដោយ​ទទួល​អ្វី​ក៏ដោយ​ ដែល​មាន​តម្លៃ​តាម​រយៈ​ការ​ចូលរួម​ពាក់ព័ន្ធ​ក្នុង​សកម្មភាព​ដែល​រំលោភ​ដល់​ច្បាប់​នេះ​ ហើយ​អាច​ទទួល​បាន​សំណង​ខូចខាត​ និង​តម្លៃ​មេធាវី​ការពារ​ក្តី​តាម​សមស្រប‍»។

ច្បាប់​នេះ​មាន​យុត្ថាធិការ​លើ​ជនល្មើស​ដែល​ជា​ពលរដ្ឋ​អាមេរិកាំង​ និង​ថែម​ទាំង​លើ​ជនជាតិ​ណា​ក៏ដោយ​ ដែល​មាន​វត្តមាន​នៅ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក។

រូបឯកសារ៖ លោក មឿន តុលា ប្រធាន​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំច្បាប់​សម្រាប់​សហគមន៍​។

រូបឯកសារ៖ លោក មឿន តុលា ប្រធាន​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំច្បាប់​សម្រាប់​សហគមន៍​។

លោកមឿន តុលា​ នាយក​ប្រតិបត្តិ​នៃមជ្ឈមណ្ឌល​សម្ព័ន្ធ​ការងារ​និង​សិទ្ធិ​មនុស្ស​(Central)បាន​ស្វាគមន៍​ការ​សម្រេច​នេះ៖

«តាម​ពិត​ទៅ​ វា​ជា​ជំហាន​មួយ​វិជ្ជមាន ​ឬ​យើង​អាច​និយាយ​បាន​ថា​ វា​ជា​ជោគជ័យ​មួយ​ដ៏​សំខាន់​ ជា​ដំណាក់​កាល​ទី​មួយ​ដែល​តុលាការ​អាមេរិក​បាន​បញ្ជាក់​ហើយ​ថា​ តុលាការ​មាន​យុត្ថាធិការ​ទៅលើ​រឿងក្តី​ហ្នឹង​។ អី​ចឹងសម្រាប់​ជនរងគ្រោះ​វិញ​ គឺជា​ពន្លឺ​នៃ​យុត្តិធម៌​របស់​គាត់ ​បើ​ទោះជា​មិន​ទាន់​មាន​ព័ត៌មាន​ជា​ផ្លូវការ​នូវ​សំណង​ដែល​គាត់​ទាមទារ​ថា​ តើ​ក្រុមហ៊ុន​ព្រម​ឱ្យ​តាម​ការ​ទាមទារ​របស់​ជន​រងគ្រោះ​យ៉ាង​ម៉េច​ក៏ដោយ​ប៉ុន្តែ​វា​ជា​ជំហាន​ដំណាក់កាល​ដំបូង​ ដែល​ឈាន​ទៅរក​យុត្តិធម៌​មួយ​សម្រាប់​ជន​រងគ្រោះ​ដែល​គាត់​រង់ចាំ​តាំងពី​ឆ្នាំ​២០១២​មក‍»។

ក្រុម​ការងារ​របស់​លោក​មឿន តុលា​ តែងតែ​ផ្តល់​ព័ត៌មាន​ដល់​ជន​រងគ្រោះ​ជា​ប្រចាំ​ពី​ការវិវត្តន៍​នៃ​ដំណើរការ​រឿង​ក្តី​នេះ។​ លោក​ថា ​ជន​រងគ្រោះ​ខ្លះ​នៅតែ​មាន​ជំងឺ​ដែល​ជា​លទ្ធផល​នៃ​ការ​ធ្វើការ​ធ្ងន់​ធ្ងរ​នៅ​ប្រទេស​ថៃ។

មេធាវី​ចុង​ចម្លើយ​មិន​បាន​ឆ្លើយតប​តាម​ការ​ស្នើសុំ​អត្ថាធិប្បាយ​របស់​ VOA ​នៅឡើយ​ទេ។

ក្នុង​ពេល​កន្លង​មក​ មាន​បណ្តឹង​យ៉ាងហោចណាស់​ចំនួន​បី​ពាក់ព័ន្ធ​នឹង​ប្រទេស​កម្ពុជា​ដែល​បាន​ប្តឹង​នៅ​តុលាការ​សហរដ្ឋ​អាមេរិក​ ក្នុង​នោះ​មាន​បណ្តឹង​ប្រឆាំង​នឹង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ការ​គប់​គ្រាប់​បែក​លើ​បាតុករ​គណបក្ស​ប្រឆាំងនៅ​មុខ​រដ្ឋ​សភាជាតិ បណ្តឹង​ប្រឆាំង​នឹង​លោក​ឧត្តម​សេនីយ៍ ​ហ៊ុន ម៉ាណែត ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើបាប​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ​និង​បណ្តឹង​របស់​ពលរដ្ឋ​ខ្មែរ​ពាក់​ព័ន្ធ​នឹង​ក្រុមហ៊ុន​អាមេរិកាំង​និង​ថៃ​ ដែល​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​របស់​ពួកគេ៕

XS
SM
MD
LG