នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សមាជិកព្រឹទ្ធសភាដែលមានតែគណបក្សប្រជាជនកម្ពុជា បានសម្រេចលើកអភ័យឯកសិទ្ធិរបស់លោកស្រីថាក់ ឡានី សមាជិកាព្រឹទ្ធសភាមកពីគណបក្សសម រង្ស៊ី ដើម្បីឲ្យតុលាការបន្តនីតិវិធីលើបណ្តឹងរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។ ការលើកអភ័យឯកសិទ្ធិនេះធ្វើឡើង ស្របពេលដែលលោកស្រីថាក់ ឡានី មិននៅក្នុងប្រទេស។
ព្រឹទ្ធសភាសម្រេចលើកអភ័យឯកសិទ្ធិលោកស្រីថាក់ ឡានី ជាផ្លូវការ ដោយសំឡេង៤៦លើ៤៦ ខណៈដែលសមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងធ្វើពហិកាមិនចូលប្រជុំ។ ការលើកអភ័យឯកសិទ្ធិនេះធ្វើឡើងតាមការស្នើរបស់តុលាការ ដើម្បីចាត់ការលើបណ្តឹងរបស់លោកហ៊ុន សែន។
លោកស្រី ថាក់ ឡានី សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ត្រូវបានលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្ដឹងកាលពីថ្ងៃទី១ ខែសីហា តាមរយៈមេធាវីតំណាងរបស់លោក ទាក់ទងនឹងការចោទថា លោកហ៊ុន សែន នៅពីក្រោយឃាតកម្មលើលោកកែម ឡី។
ក្រោយបញ្ចប់កិច្ចប្រជុំសម្ងាត់រយៈពេលមួយម៉ោង ដោយគ្មានវត្តមានរបស់សមាជិកមកពីគណបក្សប្រឆាំង លោកម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា ថ្លែងថា ព្រឹទ្ធសភាសម្រេចលើកអភ័យឯកសិទ្ធិរបស់លោកស្រីថាក់ ឡានី ដោយយោងតាមអង្គហេតុ និងអង្គច្បាប់ តាមការស្នើពីតុលាការ។ លោកបញ្ជាក់ថា កំហុសរបស់លោកស្រីថាក់ ឡានី អាចនឹងមិនត្រូវបានលើកអភ័យឯកសិទ្ធិ ប្រសិនលោកស្រីសុំទោសជាសាធារណៈតាំងពីដំបូង។
លោកបន្ថែមថា៖
«គេសិក្សាស្រាវជ្រាវឃើញតម្រុយជាពិរុទ្ធជនពីបទបរិហារកេរ្តិ៍ និងការញុះញង់។ អាហ្នឹងតាមមាត្រានៃក្រមព្រហ្មទណ្ឌ។ តុលាការរកឃើញតម្រុយហ្នឹងដោយផ្អែកលើសាក្សីបួននាក់ដែលគេអញ្ជើញមកបំភ្លឺ។ អញ្ចឹងគឺគាត់បាននិយាយទាំងអស់ តែគាត់អត់ទទួលស្គាល់ផងហ្នឹង! អញ្ចឹងគឺយើងមានតែពិនិត្យទៅលើអង្គហេតុ និងអង្គច្បាប់ ហើយពង្រឹងនីតិរដ្ឋ ដើម្បីឲ្យលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សរបស់យើងនៃប្រទេសកម្ពុជាកាន់តែរឹងមាំ គឺយើងត្រូវតែអនុវត្តតាមនីតិរដ្ឋ និងតាមអ្វីដែលតុលាការបានរកឃើញ»។
លោកម៉ម ប៊ុននាង បន្ថែមថា ការបោះឆ្នោតលើកអភ័យឯកសិទ្ធិនេះធ្វើឡើងដោយសំឡេង៤៦លើ៤៦ ឬលើសពីពីរភាគបីនៃសមាជិកសរុប៦១រូប ក្នុងនោះមានសមាជិកព្រឹទ្ធសភា២រូបតែងតាំងពីរដ្ឋសភា។ លោកថ្លែងថា សមាជិកចូលរួមប្រជុំទាំងអស់សុទ្ធតែមកពីគណបក្សកាន់អំណាច ដោយសារសមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងទាំង១១រូបមិនចូលរួមប្រជុំ។
លោកលី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មានប្រសាសន៍ក្នុងសារអេឡិចត្រូនិច តេឡេក្រាមថា ព្រះរាជអាជ្ញាដែលចាត់ការរឿងក្តីនេះមានអំណាចប្រើប្រាស់នូវវិធានការស្រាវជ្រាវនានា រួមទាំងការស្តាប់ចម្លើយលើគ្រប់បុគ្គល និងការសម្រេចនានា ដែលមានប្រយោជន៍ដល់ការស៊ើបអង្កេត ដោយត្រូវគោរពការសម្ងាត់នៃការស៊ើបអង្កេតនោះ។
លោកទាវ វណ្ណុល សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី បានប្រាប់ VOA ថា ការសម្រេចរបស់ព្រឹទ្ធសភាគណបក្សកាន់អំណាចគឺជាការដាក់សម្ពាធនយោបាយមកលើគណបក្សប្រឆាំង។
លោកមានប្រសាសន៍ថា៖
«កំហុសឆ្គងរបស់ជំទាវថាក់ ឡានី មិនរហូតដល់ទៅដកអភ័យឯកសិទ្ធិទេ។ ដូច្នេះអ្វីដែលគណបក្សកាន់អំណាចសម្រេចដកអភ័យឯកសិទ្ធិជំទាវថាក់ ឡានី គឺជាសម្ពាធនយោបាយពិតប្រាកដ»។
លោកទាវ វណ្ណុល បានប្រាប់ VOA ថា លោកស្រីថាក់ ឡានី បានចាកចេញពីប្រទេសកម្ពុជាដើម្បីព្យាបាលជំងឺតាំងពីដើមខែសីហា គឺមិនយូរប៉ុន្មានក្រោយពីការដាក់ពាក្យបណ្តឹងរបស់លោក ហ៊ុន សែន។
លោកស្រីថាក់ ឡានី បានបដិសេធមិនចូលបំភ្លឺតាមការកោះហៅរបស់សាលាដំបូងរាជធានីភ្នំពេញចំនួនពីរលើក ដោយមេធាវីរបស់អ្នកស្រីបញ្ជាក់ថា កូនក្តីរបស់លោកនឹងចូលបំភ្លឺតាមការកោះហៅរបស់តុលាការ លុះត្រាព្រឹទ្ធសភាព្យួរអភ័យឯកសិទ្ធិលោកស្រីជាមុនសិន។
មេធាវីការពារក្តីអ្នកស្រីថាក់ ឡានី គឺលោកសំ សុគង់ លើកឡើងថា ក្រុមមេធាវីរបស់លោកស្រីថាក់ ឡានី នឹងជួបជាមួយកូនក្តីដើម្បីសិក្សាផ្លូវច្បាប់ និងប្រមូលភ័ស្តុតាងក្នុងការតតាំងក្តីនៅតុលាការ។
លោកបន្ថែមថា៖
«គោលបំណងសំខាន់នោះគឺចង់ឲ្យតុលាការពិនិត្យអំពីភាពមិនមានកំហុស ឬភាពដែលមិនបានធ្វើដូចអ្វី ដែលកូនក្តីបានលើកឡើងហ្នឹង ដើម្បីឲ្យតុលាការហ្នឹងសម្រេចឲ្យកូនក្តីហ្នឹងរួចផុតពីបទចោទ ឬទម្លាក់បទចោទ ឬតម្កល់រឿងទុកមិនចាត់ការ»។
លោកអំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ យល់ថា ការដកអភ័យឯកសិទ្ធិសមាជិកាព្រឹទ្ធសភាគណបក្សសម រង្ស៊ី គឺដូចគ្នាទៅនឹងការគំរាមសមាជិករដ្ឋសភា និងព្រឹទ្ធសភាមុនៗដែរ។ លោកថ្លែងថា គណបក្សកាន់អំណាចគួររកវិធីចរចាដោយសន្តិវិធី ជាជាងប្រើប្រាស់ប្រព័ន្ធតុលាការក្នុងការដោះស្រាយបញ្ហា។
នេះជាលើកទីពីរហើយដែលលោកហ៊ុន សែន ប្តឹងស្រ្តីអ្នកនយោបាយរបស់គណបក្សប្រឆាំង បន្ទាប់ពីលោកស្រីមូរ សុខហួរ ត្រូវបានលោកហ៊ុន សែន ប្តឹងកាលពីពាក់កណ្តាលឆ្នាំ២០០៩ ពីបទបរិហារកេរ្តិ៍ បន្ទាប់ពីអ្នកស្រីធ្វើសន្និសីទកាសែតចោទប្រកាន់ចំពោះកំហុសរបស់លោកហ៊ុន សែន មុនការដាក់ពាក្យបណ្តឹងទៅតុលាការពាក់ព័ន្ធនឹងការលើកឡើងរបស់លោកហ៊ុន សែន ដែលថ្លែងថា មានស្រ្តីជើងខ្លាំងម្នាក់ពូកែរករឿងគេ គឺរត់ទៅអោបគេសោះ តែថា គេប្រឡេះឡេវអាវ។
ក្រៅពីប្តឹងលោកស្រីថាក់ ឡានី លោកហ៊ុន សែនក៏បានប្តឹងលោកសម រង្ស៊ី ប្រធានគណបក្សប្រឆាំងដែលកំពុងនិរទេសខ្លួននៅប្រទេសបារាំង ពាក់ព័ន្ធនឹងការចោទថា រដ្ឋាភិបាលលោកហ៊ុន សែន ជាអ្នកនៅពីក្រោយឃាតកម្មលើលោក កែម ឡី។ បណ្តឹងនោះបានទាមទារឲ្យតុលាការដាក់ទោសលោកសម រង្ស៊ី និងលោកស្រីថាក់ ឡានី ឲ្យជាប់ពន្ធនាគារ និងពិន័យជាប្រាក់១០០រៀលក្នុងម្នាក់ៗ។
លោកកែម ឡី គឺជាអ្នកវិភាគនយោបាយដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា។ លោកត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកបានផ្តល់ការអធិប្បាយលើរបាយការណ៍របស់អង្គការ Global Witness ដែលបានទម្លាយឲ្យដឹងពីការកសាងទ្រព្យសម្បតិ្តដ៏ច្រើនសន្ធឹកសន្ធាប់របស់ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕