ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កម្ពុជា​នឹង​ទទួល​ជនជាតិ​ខ្មែរ​៣៦​នាក់​វិល​ត្រឡប់​ពី​ស.រ.អា.


រូបភាព​ឯកសារ៖ ក្រសួង​មហាផ្ទៃ​ នៅតាម​បណ្តោយ​មហាវិថី​នរោត្តម​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៧។ (ហ៊ាន​ សុជាតា/ VOA)

បើ​គិត​ចាប់​តាំង​ពី​ឆ្នាំ​ ២០០២​ មក​ មាន​ប្រជា​ពលរដ្ឋ​កម្ពុជា​​​​ជាង​៦០០នាក់​ដែល​​ត្រូវ​បាន​បញ្ជូន​ពី​សហ​រដ្ឋ​អាមេរិក​មក​កាន់​កម្ពុជា។​​

រាជ​រដ្ឋាភិបាល​កម្ពុជា​ត្រៀម​នឹង​ទទួល​យក​ជន​ភៀស​ខ្លួន​កម្ពុជា​ចំនួន​៣៦​នាក់​បន្ថែម​ទៀត​ពី​សហរដ្ឋ​អាមេរិក​ ​ក្រោម​គោល​ការណ៍​ស្ម័គ្រ​ចិត្ត​ ក្រោយពី​មន្ត្រី​កម្ពុជា​បាន​ជួប​សម្ភាស​ប្រជា​ពល​រដ្ឋ​ខ្មែរ​ចំនួន​៤៦​នាក់​ដែល​កំពុង​រស់​នៅ​សហ​រដ្ឋ​អាមេរិក។​ នេះបើ​យោងតាម​ការបញ្ជាក់​របស់​មន្ត្រី​ជាន់​ខ្ពស់​នៅ​ក្រសួង​មហា​ផ្ទៃ។

ប្រជា​ពលរដ្ឋ​ខ្មែរ​ចំនួន​៣៦​នាក់​នេះគឺ​ជា​ចំនួន​ចុង​ក្រោយ​នៃ​ប្រជា​ពលរដ្ឋ​ខ្មែរ​ ដែល​នឹង​ត្រូវ​បញ្ជូន​ពី​សហ​រដ្ឋ​អាមេរិក​មក​កម្ពុជា​វិញ។​

បើ​គិត​ចាប់​តាំង​ពី​ឆ្នាំ​ ២០០២​ មក​ មាន​ប្រជា​ពលរដ្ឋ​កម្ពុជាជាង​៦០០នាក់​ដែលត្រូវ​បាន​បញ្ជូន​ពី​សហ​រដ្ឋ​អាមេរិក​មក​កាន់​កម្ពុជា។

លោក​នាយឧត្តម​សេនីយ៍​ខៀវ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ មាន​ប្រសាសន៍​ប្រាប់​ ​VOA​ កាល​ពី​ថ្ងៃសុក្រ​ថា​ ក្រោយបទ​សម្ភាសន៍​ ដែល​ត្រូវ​បាន​ធ្វើឡើង​ប្រមាណ​ជា​៣​ខែ​មុន​នៅ​សហ​រដ្ឋ​អាមេរិក រាជ​រដ្ឋាភិបាល​កម្ពុជា​ បាន​សម្រេច​យក​ប្រជា​ពលរដ្ឋ​ខ្មែរ​ចំនួន​៣៦​នាក់​នេះ​មក​កាន់​មាតុ​ប្រទេស​វិញ​ ក្រោម​គោល​ការណ៍​ស្ម័គ្រ​ចិត្ត​ មិន​បង្ខិត​បង្ខំ។​

«បាទ​ចុង​ក្រោយ​នេះ​ គឺ​យើង​ទៅ​សម្ភាសចុង​ក្រោយ​នេះ​ មាន​ប្រមាណ​ជា​ជាង​៤០​នាក់​...​៤៦​នាក់​បាទ។​ ប៉ុន្តែ​ពេល​យើង​ជួប​សម្ភាសទៅ​នេះ​ ​គឺ​មាន​៣៤​នាក់​ទេ​ ដែល​អាច​ យើង​អាច​ទទួល​មក​បាន​ នៅ​ក្នុង​១៦​នាក់​ទៀត​គឺ​យើង​អត់​ទទួល​ទេ។​ ​ យើង​ទទួល​បន្ថែម​ចុង​ក្រោយ​បំផុត​នេះ​គឺ​ចំនួន​៣៦​នាក់​បាទ»។​

រូបឯកសារ៖ លោក ​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។ (ឡេង ឡែន/VOA)

រូបឯកសារ៖ លោក ​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ព្រហស្បត៌៍ ទី​១១ ខែ​សីហា ឆ្នាំ​២០១៦​ នៅ​រាជធានី​ភ្នំពេញ​។ (ឡេង ឡែន/VOA)

លោក​នាយ​ឧត្តម​សេនីយ៍​ខៀវ សុភ័គ​បញ្ជាក់​បន្ត​ទៀត​ថា​ រាជរដ្ឋាភិបាល​មាន​ក្តី​បារម្ភ​ចំពោះ​ការ​រ៉ាប់​រង​ការ​វិល​ត្រឡប់​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​នេះ។

លោកបន្តថា​ ប្រសិន​បើ​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​ផ្តល់​ក្តី​អនុ​គ្រោះ​ឲ្យ​ពួក​គេ​បាន​រស់​នៅ​ទីនោះ​ ​នោះ​ជា​រឿង​ប្រសើរ​មួយ​សម្រាប់​ពលរដ្ឋ​ដែល​បាន​ភៀសខ្លួនពី​ប្រទេស​កម្ពុជា ដោយ​ហេតុ​ប្រទេស​នេះធ្លាក់​ក្នុង​សង្គ្រាម។​

«ចំពោះ​ការ​ថា​ ពិបាក​ ឬមិន​ពិបាក​ ក៏​យើង​ចេះ​តែ​ ឧទាហរណ៍​ថា​ បញ្ជូន​មក​ ធ្វើ​ម៉េច​បើ​ជា​ប្រជា​ពលរដ្ឋ​ហើយ​ យើង​ចេះ​តែ​ទ្រាំ​ពិបាក​ទៅ​ ចោល​គ្នា​ទៅ​ណា? ​ ឧទាហរណ៍ ដូចគាត់​ថា​ ឪ​ពុក​ម្តាយ​ក្រ​ទៅ​ មាន​កូន​វា​ច្រើន​ទៅ។​ វា​ ​ពិបាក​គឺពិបាក​ហើយ​ ​ តែកូនចៅ​យើង​ ប្រជាពលរដ្ឋ​យើង​ យើង​ចោល​គ្នា​ទៅ​ណា​អាហ្នឹង! ​ ប៉ុន្តែ​បើ​ថា​ គាត់​មិន​បាន​មក​ទេ​ ធ្វើ​គោល​ការណ៍​ស្ម័គ្រចិត្ត​ទៅ​ អាហ្នឹង​យើង​ក៏​បាន​ពល​រដ្ឋ​របស់​យើង​មាន​សញ្ជាតិ​មាន​អី​នៅ​ហ្នឹង​ ឬកែ​ខ្លួន​ កែ​អី​ទៅ​ ក៏​បាន​ល្អ​ប្រសើរ​ដែរ។​ គ្រាន់​តែថា​ ជា​គោល​ការណ៍​ គឺ​ដូច​បាន​ជម្រាប​ជូន​អីចឹង​គឺ​ឈរ​លើ​គោល​ការណ៍​ស្ម័គ្រ​ចិត្ត​របស់​ពលរដ្ឋ​នីមួយៗ។​ ​បើ​គាត់​ចង់​មក​ ​បាន​ទទួល។​ ​ បើគាត់​មិន​ចង់​មក​ទេ​ គឺ​គាត់​នៅ​ហ្នុង»។​

ទោះបីជាយ៉ាង​ណា​ក៏​ដោយ​ លោក​ខៀវ សុភ័គ​ មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​ទាំង​៣៦​នាក់​នោះ​ត្រូវ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នោះ​ទេ។​ ហើយ​លោក​ក៏មិន​បាន​បញ្ជាក់​ថា​តើ​ប្រជា​ពលរដ្ឋ​ទាំង​៣៦​នាក់នោះ​កំពុង​រស់​នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក​ដោយ​ខុស​ច្បាប់​ ឬយ៉ាង​ណា​នោះ​ដែរ។​

ការ​វិល​ត្រឡប់​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​៣៦​នាក់​មក​កម្ពុជា​វិញ​នេះ​នឹង​ត្រូវ​ធ្វើឡើង​នៅចំពេល​ដែល​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​ថ្មី​ គឺ​លោក​ Donald Trump ​(ដូណាល់ ត្រាំ)​ បន្ត​រឹត​បន្តឹង​ការចេញ​ចូល​នៃ​ប្រជា​ពលរដ្ឋ​របស់​ប្រទេស​មួយ​ចំនួន​ ជាពិសេស​ប្រទេស​ដែល​មាន​ប្រជា​ពលរដ្ឋ​ភាគច្រើន​ជា​អ្នក​កាន់​សាសនា​ឥស្លាម។​ ​លោក​ដូណាល់ត្រាំ​បាន​លើក​ឡើង​ថា​ ​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​សនិ្តសុខ​ក្នុង​ទឹក​ដី​សហ​រដ្ឋអាមេរិក​គឺ​ជា​មូលហេតុ​នៃ​គោល​នយោបាយ​នេះ។​

បន្ទាប់​ពី​បាន​ចូល​កាន់​មុខ​តំណែង​ជា​ប្រធានាធិបតីទី​៤៥​របស់​ស.រ.អា.​កាល​ពី​ថ្ងៃទី​២០ខែ​មករា ​លោក​ដូណាល់ ត្រាំ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​និង​ពិភព​លោក​ទាំងមូល​ភ្ញាក់ផ្អើល​នឹង​ចំណាត់ការ​របស់​លោក​ជាច្រើន​ដែល​ក្នុង​នោះ​រួមមានបញ្ហា​ជន​អន្តោ​ប្រវេសន៍​ផងដែរ។​ លោក​បាន​ចេញ​បទ​បញ្ជា​រយៈពេល​៩០​ថ្ងៃ​កាលពី​ថ្ងៃទី​២៧​ខែ​មករា​ឆ្នាំ​២០១៧ ​ដែល​ហាមឃាត់​ជន​ភៀសខ្លួន​និង​ជន​អន្តោ​ប្រវេសន៍​មកពី​ប្រទេស​ចំនួន​៧​មិនឲ្យ​ចូលក្នុង​ទឹកដី​អាមេរិក។​ ​ប្រទេស​ទាំង​នោះ​មាន​ប្រជាជន​ភាគ​ច្រើន​ជា​អ្នក​កាន់​សាសនា​ ឥស្លាម។​

លោក​ដូណាល់ ត្រាំ​បាន​សំអាង​ថា ​បទ​បញ្ជា​បណ្តោះ​អាសន្ន​នេះ​ ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​ទប់ស្កាត់​អំពើ​ភេរវ​កម្ម។​ ​ វិធាន​ការ​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ និង​ការ​ជជែក​ដេញ​ដោល​គ្នា​ផ្នែក​ច្បាប់​យ៉ាង​ច្រើន​ថា​វា​ផ្ទុយ​ពីច្បាប់​ទម្លាប់​អាមេរិកាំង​ដែល​ជា​ប្រទេសកើត​ចេញ​ពី​ជន​អន្តោ​ប្រវេសន៍​ និង​ជន​ភៀស​ខ្លួន។​

យ៉ាង​ណាក៏​ដោយ​ បទ​បញ្ជា​នេះ​ត្រូវ​បាន​ច្រាន​ចោល​ដោយ​តុលាការ​ឧទ្ធរណ៍​សហ​ព័ន្ធ​មួយដែល​មាន​មូលដ្ឋាននៅទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ​ រដ្ឋ​កាលីហ្វ័រញ៉ា​ ​និង​ចៅក្រម​នៅ​រដ្ឋ​វ៉ាស៊ីនតោន​ សហ​រដ្ឋ​អាមេរិក។​ ​ ប្រជាពល​រដ្ឋ​ខ្មែរ​ដែល​រស់​នៅ​សហ​រដ្ឋ​អាមេរិក​ក៏​បាន​បង្ហាញ​ការ​មិន​ពេញចិត្ត​ចំពោះ​បទ​បញ្ជា​នេះ​ដែរ។​

លោក​អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេក​ទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ​បាន​ប្រាប់​ VOA ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ប្រជា​ពលរដ្ឋ​ខ្មែរ​ ដែល​នឹង​វិល​ត្រឡប់​ពី​សហ​រដ្ឋ​អាមេរិកមក​កម្ពុជា​វិញ​ នឹង​ប្រឈម​បញ្ហា​នៃ​ការ​សម្រប​ខ្លួន​ ជាមួយ​បរិយាកាស​សង្គម​ សេដ្ឋកិច្ច​ និងនយោបាយ​នៅ​កម្ពុជា។

លោក​មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​កម្ពុជា​អាច​ផ្តើម​ការ​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​ចំពោះ​ល័ក្ខខ័ណ្ឌ​នៃ​ការ​បញ្ជូន​ពល​រដ្ឋ​ខ្មែរ​មក​វិញ​ ក៏​ដូច​ជា​ការ​កំណត់​ចំនួន​ពលរដ្ឋ​ដែល​នឹង​ត្រូវ​បានគេ​បញ្ជូន​មក​កម្ពុជា​វិញ។​

«បាទ! ​អានេះ​វា​ជាការ​ចំាបាច់​ណាស់​ ព្រោះជា​ការ​ងារ​របស់​រដ្ឋាភិបាល​ ដែល​ត្រូវ​តែ​មាន​កិច្ច​ពិភាក្សា​គ្នា​ ពីព្រោះ​ជួនកាល​វា​អាច​នឹង​ប៉ះ​ពាល់​ទៅ​ដល់​សិទ្ធិ​សេរីភាព​របស់​ពួក​គាត់។​ ​ អាហ្នឹង​ដែល​រដ្ឋាភិបាល​ត្រូវ​ជជែក​គ្នា​ ហើយ​សហ​រដ្ឋ​អាមេរិក​គឺ​ជា​ប្រទេស​ដែល​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​ អីចឹង​គាត់​ក៏ត្រូវ​តែ​យល់​ដឹង​ និង​យល់​អំពី​សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ផង​ដែរ​បាទ»។​

លោក​មាស នី​ អ្នក​សិក្សា​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម​ បាន​ប្រាប់​ VOA ថា​ ការ​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ពី​សហ​រដ្ឋ​អាមេរិក​មកកម្ពុជា​នេះ​ នឹងមិន​ជាប់​ពាក់​ព័ន្ធ​នឹង​បញ្ហា​សិទិ្ធ​មនុស្សទេ​ ​ក្នុង​កាលៈទេសៈ​ដែល​អ្នក​ដែល​ត្រូវ​បាន​បញ្ជូន​មក​នេះ​បាន​ប្រព្រឹត្ត​ទោស​កំហុស​ធ្ងន់​ធ្ងរ​នៅ​សហ​រដ្ឋ​អាមេរិក។​

ក៏​ប៉ុន្តែ​លោក​មានប្រសាសន៍​ថា​ ​ពលរដ្ឋខ្មែរ​នៅ​សហ​រដ្ឋ​អាមេរិក​ត្រូវ​ចូលរួម​ឃ្លាំ​មើល​សកម្ម​ភាព​នៃ​ការ​បញ្ជូន​នេះ​ នៅខណៈ​ដែល​លោក​ដូណាល់ ត្រាំ​ ព្យាយាម​អនុវត្ត​គោល​នយោបាយទប់​ស្កាត់​លំហូរ​ជន​អន្តោ​ប្រវេសន៍។​

«អាច​មាន​ស្ថានភាព​បី​ដែល​យើង​មើល​ទៅ ​ទីមួយ​ ​គឺពាក់​ព័ន្ធ​ទៅ​នឹង​ ថា​តើ​ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក​នោះ​អាច​ធ្វើ​អី​បាន​ខ្លះ​ដើម្បី​ជួយ​គិតគូ​ ឬ​ក៏​ការពារ​ក្នុង​ការ​ចាប់​បញ្ជូន​មក​ ហើយ​ទី​ពីរ​អាស្រ័យ​ទៅ​លើ​គោល​នយោបាយ​របស់​ដូណាល់ ត្រាំ​ ហើយ​ទីបី​ទៀត​គឺវា​អាច​ ជួនកាល ​អាច​មាន​ល័ក្ខខ័ណ្ឌ​ខ្លះ​ ដែល​ត្រូវ​ជជែក​គ្នា​ អាច​មាន​ល័ក្ខខ័ណ្ឌ​ពី​ខ្មែរ​ ឬ​អាច​មាន​ល័ក្ខខ័ណ្ឌ​ពី​អាមេរិក​មក ​ដែល​យើង​មិន​ទាន់​ដឹង​នៅ​ក្នុង​ស្ថានភាព​បែប​ហ្នឹង»។​

លោក​នាយ​ឧត្តម​សេនីយ៍​ខៀវ សុភ័គ​បាន​បញ្ជាក់​បន្ថែម​ថា​ លោក​មាន​ការ​បារម្ភ​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ប្រសិន​បើ​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​ចាប់បញ្ជូន​ពលរដ្ឋ​ខ្មែរ​ដោយ​បង្ខំ។​ ​ លោក​មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​កម្ពុជា កំពុង​ពិនិត្យ​ឡើង​វិញ​លើ​ខ្លឹម​សារ​សេចក្តី​ព្រាង​អនុស្សរណៈ​នៃការ​យោគ​យល់​គ្នា​ រវាង​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ និង​សហ​រដ្ឋ​អាមេរិក ស្តីពី​អំពី​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​ពលរដ្ឋ​កម្ពុជា។​

រដ្ឋបាល​លោក​ប្រធានាធិបតីដូណាល់ត្រាំ ​ក្រោយ​ពេល​ចេញ​បទ​បញ្ជា​រឿង​ហាម​ឃាត់​ពល​រដ្ឋ​ធ្វើដំណើរ​តាម​យន្តហោះ​មកពី​ប្រទេស​ចំនួន​៧មិន​ឲ្យ​ចូល​ទឹកដី​ស.រ.អា.​នោះ​ បាន​ប្រឈម​នឹង​បាតុកម្មរបស់​ពលរដ្ឋ​អាមេរិកាំង​មួយ​ចំនួន​ ជាពិសេស​នៅមុខ​សេតវិមាន​និង​ព្រលាន​យន្តហោះ​ពាស​ពេញ​ប្រទេស ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ ​ពលរដ្ឋ​មកពី​ប្រទេស​ទាំង​៧ត្រូវ​ហាម​ឃាត់​មិនឲ្យចូល​មក​ស.រ.អា.​បណ្តោះ​អាសន្ន។ ​ ប្រទេស​ទាំង​នោះ​មាន​ដូច​ជាប្រទេស​សូម៉ាលី​ (Somalia) ​អ៊ីរ៉ាក់​ (Iraq) ​អ៊ីរ៉ង់ ​(Iran) ​ស៊ីរី ​(Syria) ​យ៉េម៉ែន​ (Yemen)​ លីប៊ី (Libya) ​និង​ស៊ូដង់ ​(Sudan)។​

ជា​ការ​ប្រឆាំង​នឹង​បទបញ្ជានេះ​ ក្រុមហ៊ុន​ចំនួន​៩៧​ រាប់​ចាប់​តាំង​ពី​ក្រុមហ៊ុន Apple​ បាន​រួមគ្នាដាក់​ពាក្យ​ប្តឹង​ជំទាស់​បទបញ្ជា​ដែល​ក្រុមហ៊ុន​ទាំងនោះ​យល់​ថា​ នឹង​ធ្វើ​ឲ្យ​សហ​រដ្ឋ​អាមេរិក​បាត់​បង់​នូវ​គំនិត​ច្នៃប្រឌិត​ និង​ការ​រក​ឃើញ​បច្ចេក​វិទ្យា​ថ្មីៗ​ ដែល​បាន​មកពី​ជន​អន្តោប្រវេសន៍៕

XS
SM
MD
LG