ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សាលាដំបូង​រាជធានី​ភ្នំពេញប្រកាស​បិទ​ការ​ស៊ើបសួរ​ក្នុង​សំណុំរឿង​ឃាតកម្ម​លើ​លោក កែម ឡី


រូបឯកសារ៖ ប្រជា​ពលរដ្ឋ​កម្ពុជា​ មក​ពី​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ​ មក​ចូលរួម​ពិធីបុណ្យ​សព​របស់​លោក ​កែម ឡី ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ ក្នុង​វត្តក្តីចាស់ នៅ​ជាយ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១១ ​ខែកក្កដា​ ឆ្នាំ​២០១៦។ (ហ៊ាន​ សុជាតា/VOA)

រូបឯកសារ៖ ប្រជា​ពលរដ្ឋ​កម្ពុជា​ មក​ពី​បណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ​ មក​ចូលរួម​ពិធីបុណ្យ​សព​របស់​លោក ​កែម ឡី ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ ក្នុង​វត្តក្តីចាស់ នៅ​ជាយ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១១ ​ខែកក្កដា​ ឆ្នាំ​២០១៦។ (ហ៊ាន​ សុជាតា/VOA)

លិខិត​ជូនដំណឹង​របស់​លោក​ សេង​ លាង​ ដែល​ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចុះ​ថ្ងៃ​ទី​២៣​ ខែ​ធ្នូ​ ឆ្នាំ​ ២០១៦​ បាន​ឲ្យ​ដឹង​ថា៖​ «ក្រោយ​ពី​បាន​ស៊ើប​សួរ​ ប្រមូល​ភស្តុតាង​ដែល​ទាក់​ទិន​ហើយ​ សាលាដំបូង​រាជ​ធានី​ភ្នំពេញ​ បាន​សម្រេច​បញ្ចប់​បិទ​ការ​ស៊ើប​សួរ​លើ​សំណុំ​រឿង​នេះ»។​

សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​ប្រកាស​បិទ​បញ្ចប់​ការ​ស៊ើប​សួរ​ករណី​ឃាត​កម្ម​លើ​លោក​ កែម​ ឡី អ្នកវិភាគ​ឯករាជ្យ​ដ៏​សំខាន់​របស់​កម្ពុជា។​ នេះ​បើ​យោង​ទៅ​តាម​ការ​ជូនដំណឹង​របស់​ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ។​

កាលពី​ថ្ងៃ​ទី១០ ខែ​កក្កដា លោក​ កែម​ ឡី​ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ពីរ​គ្រាប់​ដោយ​បណ្ដាល​ឲ្យ​ស្លាប់​ភា្លមៗ​ទាំង​កណ្ដាល​ថ្ងៃ នៅ​ក្នុង​ហាង​លក់​ទំនិញ​របស់​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល​តិច (Caltex)​ នៅ​ក្នុង​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។​

លិខិត​ជូនដំណឹង​របស់​លោក​ សេង​ លាង​ ដែល​ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចុះ​ថ្ងៃ​ទី​២៣​ ខែ​ធ្នូ​ ឆ្នាំ​ ២០១៦​ បាន​ឲ្យ​ដឹង​ថា៖​

«ក្រោយ​ពី​បាន​ស៊ើប​សួរ​ ប្រមូល​ភស្តុតាង​ដែល​ទាក់​ទិន​ហើយ​ សាលាដំបូង​រាជ​ធានី​ភ្នំពេញ​ បាន​សម្រេច​បញ្ចប់​បិទ​ការ​ស៊ើប​សួរ​លើ​សំណុំ​រឿង​នេះ»។​

ការ​ចេញ​លិខិត​នេះ​ ត្រូវ​បាន​ធ្វើឡើង​ ដើម្បី​ជូនដំណឹង​ដល់​ អ្នក​ស្រី​ ប៊ូ រចនា​ អាយុ​ ៣៦​ឆ្នាំ​ ដែល​ជា​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ និង​ជា​ភរិយា​លោក​ កែម​ ឡី។​

​លិខិត​របស់​លោក​ចៅក្រម​ សេង លាង​ ក៏​ត្រូវ​បាន​ធ្វើ​ឡើង​តែមួយថ្ងៃ​ប៉ុណ្ណោះ​ ក្រោយ​រដ្ឋ​សភា​បាន​បដិសេធ​ មិន​កោះហៅ​លោក​ ស ខេង​ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ មក​បំភ្លឺ​ពាក់​ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​លោក​ កែម​ ឡី។​

មន្ត្រីនាំ​ពាក្យ​រដ្ឋ​សភា​ លោក​ ប៉េង​ ឡុង​ បាន​ពន្យល់​ក្នុង​លិខិត​របស់​លោក​ ​ថា​ ករណី​នេះ​បាន​ធ្លាក់​ទៅ​ក្នុង​សមត្ថកិច្ច​តុលាការ​តាំង​ពី​ដំណាក់កាល​ដំបូង​ ហើយ​រដ្ឋសភា​ និង​រាជ​រដ្ឋាភិបាល​ ពុំ​មាន​សិទ្ធិ​ជ្រៀត​ជ្រែក​ក្នុង​កិច្ចការ​តុលាការ​បាន​ទេ។​

យ៉ាងណាក៏ដោយ​ លិខិត​របស់​លោក​ចៅក្រម ​សេង លាង ​មិនបានពន្យល់​លម្អិត​ អំពី​ភស្តុតាង​ដែល​តុលាការ​ប្រមូល​បាន​ ហើយ​ក៏​មិន​បាន​លើក​ឡើង​អំពី​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​ ដែល​សាធារណជន​ទាម​ទារ​ចង់​ឃើញ​នោះ​ដែរ។​

​អ្នក​វិភាគ​និយាយ​ថា​ ការ​សម្រេច​បិទ​ការ​ស៊ើប​សួរ​សំណុំ​រឿង​លោក​ កែម ឡី​ នេះ​ នឹង​បង្ហាញ​ឲ្យ​សាធារណ​ជន​ខ្មែរ​ដឹង​ថា​ អំពើ​និទ្ទណ្ឌភាព​នឹង​បន្ត​កើត​មាន​ ​ហើយ​យុត្តិ​ធម៌​នឹង​ពុំ​មាន​នោះ​ឡើយ​ សម្រាប់​អ្នក​ហ៊ាន​និយាយ​រិះគន់​រដ្ឋាភិបាល។​

​លោក​ មាស​ នី​ អ្នក​សិក្សា​ស្រាវ​ជ្រាវ​ការ​អភិវឌ្ឍ​សង្គម​ ប្រាប់​ VOA​ ​ថា​ ការ​បិទ​ការស៊ើប​សួរដោយ​ស្ងៀម​ស្ងាត់​នេះ ​ធ្វើ​ឲ្យ​មានការ​សង្ស័យ​ច្រើន​ថា​ ករណី​ឃាតកម្ម​លោក​ កែម​ ឡី​ អាច​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ។​

លោក​ថា​ ការ​សម្រេច​បិទ​កិច្ច​ស៊ើបសួរ​ ដោយ​មិន​ស្រប​តាម​នីតិ​វិធី​ត្រឹម​ត្រូវ​នេះ​ នឹង​បញ្ជាក់​ថា​ ទំនង​ជា​គ្មាន​ការ​កែទម្រង់​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​កម្ពុជា​នោះ​ឡើយ។

«ការ​បិទ​ករណី​លោក​ កែម​ ឡី នេះ​ គឺ​បាន​បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ថា​ ​ ការ​កំណែ​ទម្រង់​ផ្នែក​ប្រព័ន្ធ​យុត្តិធម៌​ របស់​រដ្ឋាភិបាល​ហ្នឹង​គឺ​ ពិត​ជា​អត់មាន​ន័យ​អី​ទេ​មក​ដល់​ពេល​នេះ​បាទ»។​

VOA មិន​ទាន់​អាច​ទាក់​ទង​ លោក​ អ៊ី​ រិន្ទ​ មន្ត្រី​នាំ​ពាក្យ​សាលាដំបូង​រាជ​ធានី​ភ្នំពេញបាន​ទេ​ នៅ ថ្ងៃ​ពុធ​នេះ។

ក្រោយ​ការ​បាញ់​សម្លាប់​លោក​ កែម​ ឡី​ ​ អាជ្ញាធរ​មាន​សមត្ថកិច្ច បាន​ចាប់​ជន​សង្ស័យ​ជា​ឃាត​ករ​ម្នាក់​ដែល​បាន​អះអាង​ថា​ខ្លួន​ឈ្មោះ​ ជួប​ សម្លាប់។​

ការ​បាញ់​សម្លាប់​លោក​ កែម​ ឡី កើត​ឡើង​ប៉ុន្មាន​ថ្ងៃ​តែ​ប៉ុណ្ណោះ បន្ទាប់​ពី​លោក​បាន​ផ្ដល់​ការ​អធិប្បាយ​ជាមួយ​អ្នក​សារព័ត៌មាន​អំពី​របាយ​ការណ៍​មួយ​របស់​អង្គការ​ Global Witness​ ដែល​បាន​ទម្លាយ​ឲ្យ​ដឹង​ពី​ទ្រព្យ​សម្បត្តិ​ និង​ការ​គ្រប់គ្រង​ក្រុម​ហ៊ុន​របស់​សមាជិក​គ្រួសារ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​២០០​លាន​ដុល្លារ។​

ឃាត​កម្ម​លើ​លោក​ កែម​ ឡី​ ត្រូវ​អ្នកវិភាគ​និយាយ​ថា​ ជា​ការ​ដាក់​សម្ពាធ​ធ្ងន់​មួយ​ទៀត​ទៅ​លើ​ក្រុម​ដែល​មិន​ពេញ​ចិត្ត​របៀប​របប​គ្រប់គ្រង​ប្រទេស​សព្វ​ថ្ងៃ។

នៅ​ស្រប​ពេល​ដែល​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ បិទ​ការ​ស៊ើបសួរ​ករណី​ឃាតកម្ម​លើ​លោក​ កែម​ ឡី​ អាជ្ញាធរ​មាន​សមត្ថ​កិច្ច​ ក៏​នៅ​មិន​ទាន់​អាច​បង្ហាញ​ភស្តុតាង​ផ្សេង​ទៀត​ ក្រៅ​ពី​ការ​ចាប់​បាន​ជនសង្ស័យ​ជា​ឃាត​ករ​ឈ្មោះ​ ជួប​ សម្លាប់​ និង​អាវុធ​ប្រើ​ប្រាស់​សម្រាប់​ផ្ដាច់​ជីវិត​លោក​ កែម ឡី​ នោះ​នៅ​ឡើយ​ទេ៕

XS
SM
MD
LG