ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលា​រាជធានី​ចា្រន​ចោល​សំណើ​ធ្វើ​បុណ្យ​ខួប​គម្រប់​១០០​ថ្ងៃ​សព​លោក​កែម ​ឡី​ នៅ​វត្ត​ចាស់


រូបឯកសារ៖ ស្ត្រី​ម្នាក់​កាន់​រូបភាព​លោក កែម ឡី ខណៈ​ពេល​ប្រជា​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ចូលរួម​ជូន​ដំណើរ​លោក​ កែម ឡី​ នៅ​ថ្ងៃ​អាទិត្យ​ ទី​២៤ ខែកក្កដា​ ឆ្នាំ២០១៦​។
រូបឯកសារ៖ ស្ត្រី​ម្នាក់​កាន់​រូបភាព​លោក កែម ឡី ខណៈ​ពេល​ប្រជា​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ចូលរួម​ជូន​ដំណើរ​លោក​ កែម ឡី​ នៅ​ថ្ងៃ​អាទិត្យ​ ទី​២៤ ខែកក្កដា​ ឆ្នាំ២០១៦​។

លិខិត​របស់​លោក​ ប៉ា សុជាតិវង្ស​ មិន​បាន​ផ្តល់​ហេតុផល​បន្ថែម​នៃ​ការ​បដិសេធ​មិន​ឲ្យ​មាន​ការ​រៀបចំ​បុណ្យ​ខួប​គម្រប់​១០០​នៃ​ការ​ស្លាប់​លោក​ កែម ឡី​ ​អ្នកវិភាគ​ដ៏​ល្បីល្បាញ​ទេ ក្រៅ​តែ​ពី​ការ​សុំ​ឲ្យ​អ្នក​ស្នើ​ធ្វើ​បុណ្យ​ចូលរួម​អនុវត្ត​តាម​ខ្លឹមសារ​ណែនាំ​ក្នុង​លិខិត​នោះ។

សាលា​រាជធានី​ភ្នំពេញ ​នា​ថ្ងៃ​សុក្រ​នេះ​ បាន​ច្រាន​ចោល​សំណើ​សុំ​រៀប​ចំ​បុណ្យ​ខួប​គម្រប់​១០០ថ្ងៃ​ សព​លោក​ កែម​ ឡី​ នៅ​វត្ត​ពោធិយារាម​ ហៅ​វត្ត​ចាស់ ហើយ​បាន​ស្នើ​ឲ្យ​រាល់​បុគ្គល​ ឬ​ក្រុម​ណា​មួយ​អះ​អាង​ជា​តំណាង​គណៈកម្មការ​រៀបចំ​បុណ្យ​ ត្រូវ​ពិភាក្សា​ជាមួយ​ក្រុម​គ្រួសារ​សព​ ដើម្បី​រៀប​ចំ​ពិធី​បុណ្យ​តាម​ទំនៀម​ទម្លាប់​ខ្មែរ​នៅ​គេហដ្ឋាន​ ឬ​ទីកន្លែង​បញ្ចុះ​សព​នៅ​ខេត្ត​តាកែវ។

​នេះ​បើ​យោង​ទៅ​តាម​លិខិត​របស់​អភិបាល​រាជធានី​ភ្នំពេញ​លោក​ ប៉ា​ សុជាតិវង្ស​ ចុះ​ថ្ងៃ​ទី​០៧​ ខែ​តុលា​នេះ។

លិខិត​របស់​លោក​ ប៉ា សុជាតិវង្ស​ មិន​បាន​ផ្តល់​ហេតុផល​បន្ថែម​នៃ​ការ​បដិសេធ​មិន​ឲ្យ​មាន​ការ​រៀបចំ​បុណ្យ​ខួប​គម្រប់​១០០​នៃ​ការ​ស្លាប់​លោក​ កែម ឡី​ ​អ្នកវិភាគ​ដ៏​ល្បីល្បាញ​ទេ ក្រៅ​តែ​ពី​ការ​សុំ​ឲ្យ​អ្នក​ស្នើ​ធ្វើ​បុណ្យ​ចូលរួម​អនុវត្ត​តាម​ខ្លឹមសារ​ណែនាំ​ក្នុង​លិខិត​នោះ។

លោក ​សៅ​ កុសល​ សមាជិក​គណៈកម្មការ​រៀបចំ​បុណ្យ​ខួប​គម្រប់​១០០​ថ្ងៃ​សព​លោក​ កែម​ ឡី​ ប្រាប់ ​VOA ​នា​យប់​ថ្ងៃ​សុក្រ​នេះ​ថា​ គណៈកម្មការ​នៅ​តែ​ប្រកាន់​ជំហរ​របស់​ខ្លួន​ថា ​នឹង​រៀប​ចំ​បុណ្យ​ខួប​នេះ​ នៅ​ក្នុង​វត្ត​ចាស់​ដដែល​ ដោយ​មិន​មាន​ការ​ផ្លាស់ប្តូរ​នោះ​ទេ។ ​លោក​បញ្ជាក់​ថា​ គណៈកម្មការ​ពុំ​បាន​ដាក់​ពាក្យ​សុំ​ការ​អនុញ្ញាត​សម្រាប់​ធ្វើ​ពិធី​បុណ្យ​ឡើយ​ គឺ​គណៈកម្មការ​គ្រាន់​តែ​ជូន​ដំណឹង​ដល់​សាលា​រាជធានី​តែ​ប៉ុណ្ណោះ។

លោក​ពន្យល់​បន្ថែម​ថា​ សាលា​រាជធានី​កំពុង​បំពាន​រដ្ឋធម្មនុញ្ញ​កម្ពុជា​ ដែល​ចែង​ពី​សិទ្ធិ​ប្រតិបត្តិពុទ្ធសាសនា​នៅ​ទី​អារាម​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ លោក​អះអាង​ថា​ កម្ពុជា​ក៏​ពុំ​មាន​ច្បាប់​ណា​ចែង​ថា បុណ្យ​ខួប​គម្រប់​១០០ថ្ងៃ​នេះ​ ត្រូវ​តែ​រៀបចំ​នៅ​តាម​គេហដ្ឋាន​សព​នោះ​ដែរ ហើយ​ថា ​អាជ្ញាធរ​រាជធានី​កំពុង​បន្ទច់បង្អាក់​ដល់​ការ​ប្រតិបត្តិ​ជំនឿ​សាសនា​របស់​ពុទ្ធ​សាសនិកជន។

VOA​ មិន​ទាន់​អាច​ទាក់​ទង​លោក​ មាន​ ចាន់យ៉ាដា​ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ទេ​ នា​រសៀល​ថ្ងៃ​សុក្រ​នេះ​ ដោយ​ទូរស័ព្ទ​លោក​រោទិ៍​គ្មាន​អ្នក​ទទួល។​

ក្រុម​សមាជិក​គណៈកម្មការ​រៀបចំ​ពិធី​បុណ្យ​ខួប​គម្រប់​១០០​ថ្ងៃ​នៃ​ការ​ស្លាប់​លោក​ កែម ឡី​ បាន​ឲ្យ​ដឹង​ថា​ ពិធី​បុណ្យ​នឹង​ធ្វើ​ឡើង​ក្នុង​រយៈពេល​បី​ថ្ងៃ​ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៤​ដល់​ថ្ងៃ​ទី​១៦​ ខែ​តុលា។​ ការ​ដង្ហែ​រូប​សំណាក​លោក​ កែម​ ឡី​ ទៅ​ខេត្ត​តាកែវ​ ដែល​ជា​ស្រុក​កំណើត​របស់​លោក នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ​នេះ។

​ការ​បាញ់​សម្លាប់​លោក​ កែម ឡី​ ទាំង​កណ្តាល​ថ្ងៃ​ក្នុង​រាជធានី​ភ្នំពេញ​ នៅ​ក្នុង​ខែ​កក្កដា​ ​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ បន្ទាប់​ពី​លោក​ផ្តល់​កិច្ច​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​ពាក់ព័ន្ធ​នឹង​របាយការណ៍​មួយ​របស់​អង្គការ​ Global Witness ​ដែល​បាន​បង្ហាញ​ពី​ទ្រព្យ​សម្បត្តិ​របស់​គ្រួសារ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​ដែល​មាន​ទឹក​ប្រាក់​២០០​លាន​ដុលា្លរ៕

XS
SM
MD
LG