ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​រៀប​ចំ​បុណ្យ​សព​១០០​ថ្ងៃ​លោក​កែម ឡី​ប្តេជ្ញា​ធ្វើ​ពិធី​នៅ​វត្ត​ចាស់​បើ​ទោះ​មាន​ការ​ជំទាស់​ពី​អាជ្ញាធរ


រូបឯកសារ៖ រូបថត​របស់​លោក កែម ឡី ក្នុង​ពិធីបុណ្យ​សព​របស់​លោក​ក្នុង​វត្តក្តីចាស់ នៅ​ជាយ​រាជធានីភ្នំពេញ កាលពីថ្ងៃច័ន្ទ ទី១១ ខែកក្កដា ឆ្នាំ២០១៦។ (ហ៊ាន​ សុជាតា/VOA)
រូបឯកសារ៖ រូបថត​របស់​លោក កែម ឡី ក្នុង​ពិធីបុណ្យ​សព​របស់​លោក​ក្នុង​វត្តក្តីចាស់ នៅ​ជាយ​រាជធានីភ្នំពេញ កាលពីថ្ងៃច័ន្ទ ទី១១ ខែកក្កដា ឆ្នាំ២០១៦។ (ហ៊ាន​ សុជាតា/VOA)

ក្រុម​សមាជិក​​គណៈកម្មការ​រៀបចំ​បុណ្យ​ខួប​គម្រប់​​១០០​ថ្ងៃ​ សព​​លោក​ កែម​​ ឡី​ ប្រកាស​ជំហរ​របស់​​ខ្លួន​នា​ថ្ងៃ​ពុធ​នេះ​ថា​ ​ពិធី​បុណ្យ​ដ៏​ចម្រូង​ចម្រាស​នេះ​ នឹង​ធ្វើ​ឡើង​នៅ​ក្នុង​វត្ត​ពោធិយារាម​ ហៅ​វត្ត​ចាស់​ ស្ថិត​នៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។​

ក្រុម​សមាជិក​គណៈកម្មការ​រៀបចំ​បុណ្យ​ខួប​គម្រប់​១០០​ថ្ងៃ​សព​លោក​ កែម ឡី​ អ្នក​វិភាគ​ដ៏​ល្បីល្បាញ​ បាន​បញ្ជាក់ថា​ ពិធី​បុណ្យគម្រប់​ខួប​១០០​ថ្ងៃ​សពលោក​ កែម​ ឡី​ នឹង​រៀប​ចំ​នៅ​ឯ​វត្ត​ចាស់ ​ស្ថិត​ក្នុង​ខណ្ឌ​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ។​ សាលា​រាជធានី​ធ្លាប់​ជំទាស់​មិន​ឲ្យ​ធ្វើ​ពិធី​បុណ្យ​នេះ​នៅ​វត្ត​បទុមវត្តី​ តែ​នៅ​លើក​នេះ​ ក្រុម​សមាជិក​គណៈ​កម្មការ​បុណ្យ​អះអាង​ថា​ ទោះ​បី​ជា​មាន​ការ​ជំទាស់​ពី​សាលា​រាជធានី​ភ្នំពេញ​ទៀតក៏ដោយ​ ក៏​ពិធី​បុណ្យខួប​គម្រប់​១០០​ថ្ងៃនេះ​ នឹង​នៅ​តែប្រព្រឹត្ត​ទៅ​នៅ​វត្ត​ចាស់ តាម​ការ​គ្រោង​ទុក​ គឺ​ពិធីបុណ្យ​នេះនឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១៤​ ដល់​ ថ្ងៃ​១៦​ ខែ​តុលា​នេះ។​

ក្រុម​សមាជិកគណៈកម្មការ​រៀបចំ​បុណ្យ​ខួប​គម្រប់១០០​ថ្ងៃ​ សពលោក​ កែម ឡី​ ប្រកាស​ជំហរ​របស់ខ្លួន​នា​ថ្ងៃ​ពុធ​នេះ​ថា​ ​ពិធី​បុណ្យ​ដ៏​ចម្រូង​ចម្រាស​នេះ​ នឹង​ធ្វើ​ឡើង​នៅ​ក្នុង​វត្ត​ពោធិយារាម​ ហៅ​វត្ត​ចាស់​ ស្ថិត​នៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។​

លោក​ កែម ឡី​ អ្នក​វិភាគ​ដ៏​សំខាន់​របស់​កម្ពុជា​ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​ស្លាប់​ កាល​ពី​ថ្ងៃ​ទី​១០​ ខែ​កក្កដា​ នៅ​ក្នុង​ហាង​លក់​ទំនិញ​មួយ​ស្ថិត​ក្នុង​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច​ (Caltex) ​ក្បែរ​ភ្លើង​ស្តុប​បូកគោ​ ក្នុង​ខណ្ឌ​ចំការមន។​

លោក​ ប៉ា​ ងួនទៀង​ សមាជិក​គណៈកម្មការ​រៀបចំ​បុណ្យ​នេះ​ ប្រាប់​ VOA នា​ថ្ងៃ​ពុធ​នេះ​ថា​ សមាជិក​គណៈកម្មការ​បាន​ស្រុះស្រួល​គ្នា​ថា​ នឹង​ធ្វើ​ពិធី​បុណ្យ​នេះ​ នៅ​ក្នុង​វត្ត​ចាស់​ បើ​ទោះ​បី​ជា​មាន​ការ​ប្រកែក​ពី​មន្ត្រី​នៃ​សាលា​រាជធានី​ក្តី។​ លោក​និយាយ​ថា​ ប្រជាពលរដ្ឋ​ខ្មែរ​ ស្គាល់​ពី​ទីតាំង​នៃ​វត្ត​ចាស់ដែល​ធ្លាប់​ជា​កន្លែង​តម្កល់​សព​លោក​ កែម​ ឡី​ ហេតុនេះ​ ពិធីបុណ្យ​ខួប​គម្រប់ ១០០​ថ្ងៃ​នេះ​ នឹង​ធ្វើ​ឡើង​នៅ​វត្ត​នេះ​តែ​ម្តង។​

លោក​ ប៉ា​ ងួនទៀង ថ្លែង​ថា៖

«ឥឡូវនេះ​ យើង​ យើង​មាន​ការ​ទទួល​យល់​ព្រម​ពី​ចៅ​អធិការ​វត្ត​ថាន់​ និង​វត្ត​ចាស់​ ប៉ុន្តែ​គណៈកម្មការ​បាន​សម្រេច​ថា​ យើង​ធ្វើ​នៅ​វត្ត​ចាស់​ដោយ​សារ​វត្តចាស់​ មាន​ស្គាល់​ពី​សាធារណជនជា​ទូទៅ​ ហើយ​ទីធ្លា​ចំណត​ឡាន​នៅ​មុខ​វត្ត​ក៏​ទូលាយ​បាទ»។​ ​

លោក​បញ្ជាក់​បន្ថែម​ថា​ ក្រុម​គណៈកម្មការ​នឹង​ដាក់​លិខិត​មួយ​ទៀត ជម្រាប​ទៅ​មន្ត្រី​នៃ​សាលា​រាជធានី​ភ្នំពេញ។

​ការ​បាញ់​សម្លាប់​លោក​ កែម ឡី​ នៅ​ក្នុង​ខែ​កក្កដា​ ​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ ​បន្ទាប់​ពី​លោក​ផ្តល់​កិច្ច​សម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​ ពាក់ព័ន្ធ​នឹង​របាយការណ៍​មួយ​របស់​អង្គការ​ Global Witness ​ដែល​បាន​បង្ហាញ​ពី​ទ្រព្យ​សម្បត្តិ​របស់​គ្រួសារ​លោក​នាយករដ្ឋមន្រ្តី ​ហ៊ុន សែន ​ដែល​មាន​ទឹក​ប្រាក់​២០០​លាន​ដុលា្លរ។​ ​

លោក ​មាន​ ចាន់យ៉ាដា​ អ្នកនាំពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ​ បាន​ចោទ​សួរ​ពី​ភាព​ស្រប​ច្បាប់​នៃ​គណៈកម្មការ​រៀបចំ​បុណ្យ​ខួប​គម្រប់១០០​ថ្ងៃ​ សព​លោក​ កែម​ ឡី​ ហើយ​ថា​ សាលា​រាជធានី​មិន​ទាន់​អាច​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន​ ថា​ តើ​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​មាន​ការ​រៀបចំ​បុណ្យ​ខួប​គម្រប់​១០០ថ្ងៃ​នេះ​ ​នៅ​ក្នុង​បរិវេណ​វត្ត​ចាស់​ បាន​ឬ​យ៉ាង​ណា​នោះ​ទេ។​

លោក​ប្រាប់​ VOA បន្ថែម​ថា​ តាម​ទម្លាប់​ប្រពៃណី​ខ្មែរ​ ពិធី​បុណ្យ​ខួប​គម្រប់១០០​ថ្ងៃ​ ត្រូវ​ធ្វើ​នៅ​គេហដ្ឋាន​របស់​គ្រួសារ​សព។​ លោក មាន​ ចាន់យ៉ាដា ពន្យល់​ថា៖​

«សំណួរ​សួរ​ថា ​តើ​ក្រុម​គ្រួសារ​បាន​ឯកភាព​ ចំពោះ​គណៈកម្មការ​ហ្នឹង​ដែរ​ឬទេ​ ឬ​មួយ​ក៏​គាត់​ចង់​ គេ​ហៅថា​ ធ្វើ​ការ​ងារ​អី​ផ្សេង​ជាមួយ​រឿង​បុណ្យ​សព​ហ្នឹង​ អាហ្នឹង​ជា​រឿង​ផ្សេង​ប៉ុន្តែ​ បើ​សិន​ជា​ក្រុម​គ្រួសារ​ ដូច​អត់​ទាន់​មាន​ប្រតិកម្ម​ស្នើ​សុំ​មក​ធ្វើ​នៅ​កន្លែង​ណា​ កន្លែង​ណា​ទេ​បាទ»។​

​ក្រុម​អ្នកវិភាគ​និយាយ​ថា​ ការ​សម្រប​សម្រួល​គ្នា​មួយ​ត្រូវ​ធ្វើ​ឡើង​រវាង​រដ្ឋាភិបាល​និង​អ្នក​រៀបចំ​ចាត់​ចែង​ធ្វើ​ពិធី​បុណ្យខួប​គម្រប់១០០ថ្ងៃ​សព​លោក​ កែម​ ឡី​នេះ​ ​ដើម្បី​បញ្ចៀស​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដែល​អាច​នាំ​ឲ្យ​មាន​អំពើ​ហិង្សា។ ​ពួក​គេ​លើក​ឡើង​ថា​ រដ្ឋាភិបាល​អាច​នឹង​រង​ការ​រិះគន់​ពី​ក្រុម​អ្នកគាំទ្រ​លោក​ ​កែម​ ឡី​ រាប់​លាន​នាក់​ ប្រសិន​បើ​អាជ្ញាធរ​រដ្ឋាភិបាល​បដិសេធ​ការ​រៀបចំ​បុណ្យ​ខួប​នេះនៅ​ទី​អារាម​នៃ​រាជធានី​ភ្នំពេញ។​

​ការ​ខ្វែង​គំនិត​គ្នា​នៃ​ការ​រៀបចំ​ពិធី​ខួប​គម្រប់​១០០​ថ្ងៃ​នេះ​ មិន​គ្រាន់​តែកើត​មាន​រវាង​អាជ្ញាធរ​រាជធានី​ និង​ក្រុម​សមាជិក​នៃ​គណៈកម្មការ​រៀបចំ​បុណ្យ​នេះ​ទេ​ តែថែម​ទាំង​បាន​កើត​ឡើង​ជាមួយ​សមាជិក​មួយ​ចំនួន​នៃ​គ្រួសារ​លោក​ កែម ឡី​ ផង​ដែរ​ ​ដែល​បាន​បញ្ជាក់​ថា​ ពិធី​បុណ្យ​ខួប​គម្រប់១០០ថ្ងៃ​មួយ​ផេ្សង​ទៀត​នឹង​រៀបចំ​ឡើង​ពី​ថ្ងៃ​ ទី​១៦​ ដល់​ថ្ងៃ​ទី​១៧​ ខែ​តុលា​ គឺ​ក្រោយ​ការ​បញ្ចប់​ពិធី​ដែល​រៀប​ចំ​នៅ​រាជធានី​ភ្នំពេញ​ ដោយ​គណៈកម្មការ​នោះ។​

លោក​ កែម រិទិ្ធសិទ្ធិ​ ប្អូនប្រុស​លោក​ កែម ឡី​ ប្រាប់​ VOA ថា​ ក្រុម​គ្រួសារ​លោក​មិន​ជំទាស់​នឹង​ការ​ធ្វើ​ពិធី​បុណ្យ​ខួប​គម្រប់​១០០​ថ្ងៃ​ ​នៅ​រាជធានី​ភ្នំពេញ​នោះ​ទេ​ ហើយ​ក៏​មិន​បាន​បដិសេធ​មិន​ទទួល​ស្គាល់​គណៈកម្មការ​នោះ​ដែរ​ តែ​រូប​លោកខ្លួន​ឯង​នឹង​ចាត់​ចែង​ធ្វើ​ពិធី​បុណ្យ​នេះ​ នៅ​គេហដ្ឋាន​ម្តាយលោក​ កែម​ ឡី​ ស្ថិត​ក្នុង​ចំណុច​ភូមិ​អង្គ​តាកុប​ ​ឃុំ​លាយ​បូរ​ ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ។​

លោក​និយាយ​ថា​ លោក​ចង់​ឲ្យ​ការ​ធ្វើ​បុណ្យ​នេះ​ ប្រព្រឹត្តទៅ​នៅ​កន្លែង​តែមួយ​ដើម្បី​អនុញ្ញាត​ឲ្យ​អ្នក​គាំទ្រ​ និង​គោរព​លោក​ កែម​ ឡី ​មក​ចូលរួម។​ ចំពោះ​រូប​សំណាក​លោក កែម​ ឡី​ លោក​ កែម​ រិទ្ធិសិទ្ធិ​ បញ្ជាក់​ថា​ លោក​បាន​សំណូមពរ​ មិន​ឲ្យ​មាន​ការ​ហែរហម​ផង​ដែរ​ ដោយ​មិន​បាន​បញ្ជាក់​មូលហេតុ​នៃ​ការ​លើក​ឡើង​អំពី​សំណូមពរ​នេះ​ទេ។​

«ខ្ញុំ​រឿង​ខ្ញុំ​ ក្នុង​គំនិត​ខ្ញុំ​ គឺ​គំនិតថា​ ឲ្យ​វា​បាន​មើល​ឃើញ​អ៊ូអរ​ ពីព្រោះ​ខ្ញុំ​ មុន​នឹង​ខ្ញុំ​សម្រេច​ចិត្ត​ ដាច់​ខាត​ ឬ​មិន​ដាច់​គឺ​ខ្ញុំ​ មិន​មែន​តែ​សម្រេច​ចិត្ត​តែ​ម្នាក់​ឯង​ទេ​ គឺ​ខ្ញុំ​ពិភាក្សា​ជាមួយ​នឹង​អ្នក​ចេះ​ដឹង​ បណ្ឌិតៗ​ទាំង​អស់​ ដែល​ជា​មនុស្ស​ដែល​ចេះ​ដឹង​ណ៎ា​ ដូច​ជា​លោក ​មាស​ នី​ ឬ​មួយ​ក៏​ លោក​ពូ ​ឡៅ​ ម៉ុងហៃ​ ឬ​មួយ​ក៏​បង​ មាស ​នី ឬមួយ​អ្នក​ដែល​ផ្សេងៗ​ទៀត​ ដូច​ជា​ លោក​ពូ​ ស៊ុន​ ធន់ ​អី​អញ្ចឹង​ទៅ​ណ៎ា​ គាត់​ឲ្យ​យោបល់ទៅ​ វា​សម​ស្រប​ វា​សមរម្យ​ ហើយ​វា​ស្រប​នឹង​ស្ថានការណ៍​រឿង​ថា​ សាលា​ក្រុង​គេ​មិន​អនុញ្ញាត​ផង​អញ្ចេះ»។

ក្រុម​សមាជិក​គណៈកម្មការ​រៀបចំ​ពិធី​បុណ្យ​ខួប​គម្រប់​១០០​ថ្ងៃ​នៃ​ការ​ស្លាប់​លោក​ កែម ឡី​ បាន​ឲ្យ​ដឹង​ថា​ ពិធី​បុណ្យ​នឹង​ធ្វើ​ឡើង​ក្នុង​រយៈពេល​ បី​ថ្ងៃ​ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៤​ ដល់​ថ្ងៃ​ទី​១៦​ ខែ​តុលា។​ ការ​ដង្ហែ​រូប​សំណាក​លោក​ កែម​ ឡី​ នឹង​ត្រូវ​ធ្វើ​ឡើង​ នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ពិធី​បុណ្យ​នេះ។

រយៈ​ពេល​ជិត​៣ខែ​ក្រោយ​ការ​បាញ់​សម្លាប់​រហូត​មកដល់​ពេល​នេះ​ អាជ្ញាធរ​មិន​ទាន់​បង្ហាញ​ពី​តម្រុយ​អ្វី​ថ្មី​ ពាក់ព័ន្ធ​នឹង​ឃាតកម្ម​នេះ​នៅ​ឡើយ​ទេ​ ក្រៅ​ពី​ភស្តុតាង​ដាក់​បន្ទុក​បុរស​ម្នាក់​ដែល​បាន​អះអាង​ថា​ខ្លួន​ឈ្មោះ ​ជួប ​សម្លាប់ ​និង​បាន​បញ្ជាក់​ថា ​ការ​សម្លាប់​នេះ​ដោយសារ​លោក​ កែម ឡី ជំពាក់​លុយ​ខ្លួន​ចំនួន​៣.០០០​ដុល្លារ​អាមេរិក។ ​ភរិយា​របស់​លោក​ កែម ឡី ​បាន​ច្រាន​ចោល​រឿង​ជំពាក់​លុយ ​និង​ចាត់​ទុក​ករណី​នេះ​ថា​ជា​រឿង​នយោបាយ។

វីដេអូ​កាមេរ៉ា​សុវត្ថិភាព​ដែល​អាជ្ញាធរ​បាន​ដក​យក​ក្រោយ​ពី​ហេតុការណ៍​បាញ់​សម្លាប់​នោះ នៅ​មិន​ទាន់​ត្រូវ​បាន​បង្ហាញ​ជូន​សាធារណជន​នៅ​ឡើយ​ទេ ដោយ​ក្រុម​អ្នក​វិភាគ​ខ្លះ លើក​ឡើង​ថា អាជ្ញាធរ​ទំនង​ជា​ចង់​បិទ​បាំង​ការ​ពិត​នៃ​ឃាតកម្ម​លើ​អ្នក​វិភាគ​រូប​នេះ ហើយ​ទុក​ឲ្យ​រឿង​នេះ សាប​រលាប​ម្តង​បន្តិចៗ​ទៅ​តាម​ពេល​វេលា​ ដូច​ជា​ករណី​បាញ់​សម្លាប់​សកម្មជន​ការពារ​បរិស្ថាន​និង​សិទ្ធិ​កម្មករ​លើក​មុនៗ​ដែរ​ ដូច​ជា​លោក ឈុត វុទ្ធី​ និង​លោក ជា​ វិជ្ជា​ ជា​ដើម។

​ក្រុម​អ្នក​តាម​ដាន​ឃាតកម្ម លោក​កែម ឡី​ និយាយ​ថា​ រដ្ឋាភិបាល​ត្រូវ​តែ​បន្ត​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​ រក​ឲ្យ​ឃើញ​ការ​ពិត​ដែល​នៅ​ពី​ក្រោយ​ឃាតកម្ម​ដែល​បង្ក​ភាព​ភ័យ​ខ្លាច​ដល់​អ្នកនិយាយ​រិះគន់​រដ្ឋាភិបាល​នោះ។​ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ លោក​ Ban Ki-moon ក៏​បាន​សម្តែង​ក្តី​ក្រៀម​ក្រំ​ចំពោះ​ការ​ស្លាប់​លោក​ កែម​ ឡី​ ហើយ​លោក​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ធ្វើ​ការ​ស៊ើប​អង្កេត​ឯករាជ្យ​ដើម្បី​រក​មូលហេតុ​ពិតប្រាកដ​នៃ​ការ​បាញ់​សម្លាប់​នេះ៕​

XS
SM
MD
LG