ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមប្រឹក្សាត្រួតពិនិត្យជំរុញឱ្យក្រុមហ៊ុន Meta គិតគូរឡើងវិញពីគោលការណ៍របស់ខ្លួនលើព័ត៌មានកែច្នៃកេងចំណេញក្នុងឆ្នាំបោះឆ្នោតដ៏សំខាន់


រូបឯកសារ៖ រូបភាពមួយបង្ហាញស្ត្រីម្នាក់ចុចទូរសព្ទដៃដែលមានស្លាកសម្គាល់ក្រុមហ៊ុន Meta កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។
រូបឯកសារ៖ រូបភាពមួយបង្ហាញស្ត្រីម្នាក់ចុចទូរសព្ទដៃដែលមានស្លាកសម្គាល់ក្រុមហ៊ុន Meta កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។

ក្រុម​ប្រឹក្សាភិបាល​ត្រួតពិនិត្យមួយបាន​រិះគន់គោលការណ៍​របស់​ក្រុមហ៊ុន​ Meta ដែល​ជា​ម្ចាស់​កម្មសិទ្ធិបណ្តាញ​សង្គម​ហ្វេសប៊ុក​ ជុំវិញ​ការប្រើប្រាស់ប្រព័ន្ធ​ព័ត៌មានកែច្នៃ​ថា «មិន​ស៊ី​សង្វាក់​គ្នា‍»​ និង​មិនមាន​ប្រសិទ្ធភាពក្នុង​ការ​ដោះស្រាយ​បញ្ហា​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​កើត​មាន​យ៉ាង​សន្ធឹកសន្ធាប់​លើ​ប្រព័ន្ធ​អនឡាញ​ ដែល​បាន​ចាប់ផ្តើមរួច​ហើយ​ ដែល​សំដៅ​ចំពោះ​ការបោះឆ្នោត​នានា​ក្នុង​ឆ្នាំ​នេះ​នៅ​ជុំវិញ​ពិភពលោក។​ ​នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន​ AP។

ក្រុមប្រឹក្សាភិបាលដែល​មាន​ឯករាជ្យមួយ​ផ្នែក​នោះ ​បាន​និយាយ​កាល​ពី​ថ្ងៃ​ទី​ ៥​ ខែ​កុម្ភៈ​ថា​ ការ​ត្រួតពិនិត្យ​របស់​ខ្លួន​លើ​វេដេអូមួយរបស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden ដែល​បាន​ផ្សព្វផ្សាយលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ជា​ករណី​មិន​មាន​ចែង​ក្នុងគោលការណ៍​របស់​ក្រុមហ៊ុន​នេះ​ទេ។ ក្រុមប្រឹក្សាភិបាល​នេះ​និយាយ​ថា​ ក្រុមហ៊ុន​ Meta​ គួរ​ពង្រីក​គោលការណ៍​របស់​ខ្លួន​ ដោយ​ផ្តោត​ទៅ​លើ​មិន​ត្រឹម​តែ​វីដេអូ​ដែល​បង្កើត​ឡើង​ដោយ​បញ្ញាសិប្បនិម្មិត​ AI ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​ទៅ​លើ​ខ្លឹមសារ​មាតិកា​ព័ត៌មាន​ទាំងអស់ មិន​ថា​វា​ត្រូវបង្កើត​ឡើង​ដោយរបៀប​ណានោះ​ឡើយ។ ព័ត៌មាន​ទាំង​នោះ​រួមទាំង​ការ​ថត​ជា​សារ​សំឡេង​ក្លែងក្លាយ​ ដែល​បាន​ក្លែង​បន្លំ​ធ្វើ​ជា​បេក្ខជន​ប្រធានាធិបតីក្នុង​សហរដ្ឋ​អាមេរិក​ និង​នៅ​ទី​កន្លែង​ជា​ច្រើន​ទៀត។

ក្រុមប្រឹក្សា​ភិបាលនេះ​ក៏​បាន​និយាយ​ផង​ដែរ​ថា​ ក្រុមហ៊ុន Meta ក៏​គួរ​បញ្ជាក់​ផង​ដែរ​ពី​ផល​ប៉ះពាល់ ដែល​ខ្លួន​ព្យាយាម​ទប់ស្កាត់​ និង​គួរ​ដាក់​សញ្ញាសម្គាល់​លើ​រូបភាព​ ឃ្លីប​វីដេអូ​និង​សំឡេង​ថា ​ជា​ការ​ប្រើប្រាស់​កែច្នៃ​កេងចំណេញ (manipulated) ដោយ​មិន​ត្រូវ​ដក​វា​ចេញ​ទាំង​ស្រុង​នោះ​ទេ។

ការ​ឆ្លើយតប​របស់​ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ​នេះ​ ឆ្លុះបញ្ចាំង​ពី​ការ​ពិនិត្យ​ហ្មត់ចត់លើ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជា​ច្រើនដល់​ចំណាត់​ការរបស់​គេ​លើ​កំហុស​ឆ្គង​ស្តី​ពី​បោះឆ្នោត​ក្នុងឆ្នាំ​ ២០២៤ នេះ ដែល​ជា​ឆ្នាំ​មួយដែលមាន​ក្រុម​អ្នកបោះឆ្នោត​នៅក្នុង​ប្រទេស​ជាង​ ៥០ ​នៅ​លើ​ពិភពលោក​ នឹង​ធ្វើ​ការបោះឆ្នោត។ ខណៈខ្លឹមសារ​មាតិកា​ក្លែងបន្លំ​ដែល​បង្កើត​ដោយ​បច្ចេកវិទ្យា​សិប្បនិម្មិត​ចេះ​និពន្ធ (generative artificial intelligence deepfakes) ​និង​ព័ត៌មាន​ប្រឌិត​បែប​មិន​ស៊ីជម្រៅ (cheap fakes) កាន់​តែ​មាន​ច្រើន​ឡើង​តាម​បណ្តាញ​សង្គម​នោះ ក្រុមហ៊ុន​បណ្តាញ​សង្គម​ទាំង​នេះ​ព្យាយាម​តាម​ឱ្យ​ទាន់​ព័ត៌មាន​ក្លែងក្លាយ​និង​ការពារ​សេរីភាព​បញ្ចេញ​មតិ​របស់​អ្នក​ប្រើប្រាស់។

«ជំហរ​របស់​ក្រុម​ប្រឹក្សា​ភិបាល​នេះគឺ​ថា​ គោលការណ៍បច្ចុប្បន្ន​របស់​ក្រុមហ៊ុន​នេះ​មិន​សូវ​ល្អ​ឡើយ»។​ ​នេះ​បើ​តាម​សហប្រធាន​នៃ​ក្រុមប្រឹក្សា​ត្រួតពិនិត្យ​លោក​ Michael McConnell ដែល​បាន​និយាយនៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ ជុំវិញ​គោលការណ៍​របស់​ក្រុមហ៊ុន​ Meta។ លោក​បន្ថែម​ទៀត​ថា​ ក្រុមហ៊ុន​នេះ​គួរ​បង្រួម​គម្លាត​នៅ​ក្នុង​គោលនយោបាយ​របស់​ខ្លួន​ ខណៈធានា​ការ​ថ្លែង​សុន្ទករថា​នយោបាយ ជា​ការ​ការពារ​មួយ​ដោយ​មិន​ងាករេ​នោះ។

ក្រុមហ៊ុន ​Meta ថា​ ខ្លួន​កំពុង​ពិនិត្យ​មើល​នូវ​សេចក្តី​ណែនាំ​របស់​ក្រុមប្រឹក្សាភិបាលនេះ​ និង​ឆ្លើយតប​ទៅវិញ​ជា​សាធារណៈ​ លើ​ការ​ផ្តល់​អនុសាសន៍​ដល់​ខ្លួន​ក្នុង​រយៈពេល ៦០ ​ថ្ងៃ។ ​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន ​Meta លោក​ Corey Chambliss និយាយ​ថា​ ខណៈពេល​ដែលការ​ក្លែង​បន្លំ​ជា​សារសំឡេងមិន​មាន​ការបញ្ជាក់នៅ​ក្នុង​គោលការណ៍​ព័ត៌មាន​ដែល​ត្រូវ​បាន​ប្រើប្រាស់របស់ក្រុមហ៊ុន​នោះ សារ​ទាំង​នេះអាចធ្វើ​ការ​ផ្ទៀងផ្ទាត់​បាន​ និង​អាច​ដាក់​ស្លាក​សម្គាល់​ឬ​បញ្ចុះ​កម្រិត​របស់​វា​ ប្រសិន​បើអ្នកផ្ទៀង​ផ្ទាត់​រក​ឃើញ​ថា ជា​ការ​មិន​ពិត​ឬ​មាន​ការ​កាត់កងនោះ។​

បណ្តាញ​សង្គម​ហ្វេសប៊ុក​ដែល​មាន​អាយុ​ ២០ ​ឆ្នាំ កាល​ពី​ថ្ងៃ​ទី ​៤ ខែ​កុម្ភៈ នៅ​តែ​ស្ថិតជា​បណ្តាញ​សង្គម​ដែល​មាន​ប្រជាប្រិយបំផុត​សម្រាប់​ពលរដ្ឋអាមេរិកាំង​ក្នុង​ការទទួល​បាន​ព័ត៌មាន។ នេះ​បើតាម​ការ​ឱ្យ​ដឹង​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ Pew។ ប៉ុន្តែ​បណ្តាញ​សង្គម​ផ្សេងៗ​ទៀត​ ដែលក្នុង​នោះ​ក៏​មាន​ប្រព័ន្ធ​ Instagram​ របស់​ក្រុមហ៊ុន Meta ប្រព័ន្ធបណ្តាញ​ WhatsApp និង Threads ក៏​ដូច​ជា​បណ្តាញ​សង្គម X​ YouTube​ និង​ TikTok ជា​ដើម​ ​ក៏​ជា​បណ្តាញ​សង្គម​ដែល​មាន​សក្តានុពលដែរ​ ដែលព័ត៌មាន​ក្លែងបន្លំអាច​រីករាលដាលនិង​បំភាន់​ដល់ក្រុម​អ្នក​បោះឆ្នោត។​

​ក្រុមហ៊ុន​ Meta បង្កើត​ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ​របស់ខ្លួនក្នុង​ឆ្នាំ ​២០២០​ ​ដើម្បី​ឱ្យ​ធ្វើ​ជា​អាជ្ញា​កណ្តាល​លើមាតិការ​ខ្លឹមសារ​របស់​ខ្លួន។ អនុសាសន៍បច្ចុប្បន្ន​របស់​ក្រុមប្រឹក្សា​ភិបាលនេះ​កើត​មាន​ឡើង​ ក្រោយ​ពី​ខ្លួនបាន​ត្រួតពិនិត្យ​ទៅ​លើ​ឃ្លីប​វីដេអូមួយ​របស់​ប្រធានាធិបតី​អាមេរិក​លោក Biden និង​ចៅស្រី ដែល​មាន​ការ​កាត់កង​ដែល​ធ្វើ​ឱ្យ​មាន​ការ​ភាន់ច្រឡំ​ តែ​មិន​បាន​បំពាន​ទៅ​លើ​គោលការណ៍​របស់​ក្រុមហ៊ុន​ឡើយ​ ពី​ព្រោះ​វា​មិន​បានបង្ហាញ​ខុស​ពី​អ្វី​ដែល​លោក​បាននិយាយ​ឡើយ។

ឃ្លីប​ដើម​នៃ​វីដេអូ​នេះ​បង្ហាញ​ពី​លោក​ Biden បិទ​ស្ទិកឃឺ «ខ្ញុំបោះឆ្នោត» លើទ្រូង​ចៅ​ស្រី​របស់​លោកដែល​បាន​ប្រាប់​លោក​ឱ្យ​ធ្វើ​ដូច្នោះ​ ហើយ​បន្ទាប់មក​ក៏​ថើប​ថ្ពាល់នាង។​ ប៉ុន្តែ​ឃ្លីបវីដេអូ​ដែល​គេ​បង្ហោះ​លើ​ហ្វេសប៊ុក​ត្រូវ​បាន​កាត់កងដក​ចេញ​នូវ​ខ្លឹមសារ​សំខាន់​របស់វា​ ដែលធ្វើ​ឱ្យ​វាមើល​ទៅ​ដូច​ជា​ថា ​លោក​បាន​ប៉ះចៅស្រី​ក្នុង​លក្ខណៈមិន​សមរម្យ​ទៅ​វិញ។​

​ការ​សម្រេច​របស់​ក្រុម​ប្រឹក្សាភិបាល​នេះ​កាល​ពី​ថ្ងៃ​ទី​ ៥​ ខែ​កុម្ភៈកន្លង​ទៅ បានរក្សា​ទុក​នូវ​សេចក្តី​សម្រេច​របស់​ក្រុមហ៊ុន​ Meta កាល​ពីឆ្នាំ​ ២០២៣​ ​ដែល​មិន​ដក​ឃ្លីប​វីដេអូ​ដែល​មាន​រយៈពេល​ ៧ ​វិនាទី​នេះ​ចេញ​ពី​បណ្តាញ​សង្គមហ្វេសប៊ុក ដោយ​សារ​តែ​វា​មិន​បាន​រំលោភបំពានលើ​គោលការណ៍​ប្រើប្រាស់ព័ត៌មានដែលមានរួចហើយរបស់​ក្រុមហ៊ុន​មួយ​នេះទេ​។​ ​គោលការណ៍​បច្ចុប្បន្ន​របស់ក្រុមហ៊ុននេះ​និយាយ​ថា​ ខ្លួន​នឹង​ដកចេញ​រាល់​វីដេអូ​ទាំង​ឡាយ​ណា​ ដែល​ប្រើប្រាស់​ឧបករណ៍​បញ្ញា​សិប្បនិម្មិត ​AI ដែល​បង្ហាញ​ខុស​នូវ​សុន្ទរកថាដើម​របស់​នរណា​ម្នាក់។​ ​

សេចក្តី​សម្រេច​នេះ​លើក​ឡើង​ថា៖​ «ដោយ​សារ​វីដេអូបង្ហោះ​នេះ​មិន​ត្រូវ​បាន​កាត់កង​ដោយ​ប្រើ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ និង​បង្ហាញ​ថា​ លោក​ Biden ធ្វើ​អ្វី​មួយ​ដែល​លោក​មិនបាន​ធ្វើ (មិន​មែន​អ្វី​មួយ​ដែល​លោក​មិន​បាន​និយាយ​នោះ​ទេ)​ វា​មិន​បាន​រំលោភ​បំពាន​លើ​គោលការណ៍​ដែល​មាន​ស្រាប់របស់​ក្រុមហ៊ុន​នេះ​ឡើយ»។

ក្រុម​ប្រឹក្សា​ភិបាល​នេះ​បាន​ណែនាំ​ដល់​ក្រុមហ៊ុន​ឱ្យ​ធ្វើបច្ចុប្បន្នភាព​នៃ​គោលការណ៍​របស់​ខ្លួន និង​ដាក់​ស្លាកសម្គាល់​វីដេអូ​ប្រហាក់ប្រហែល​គ្នា​ថា​ ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ពេល​អនាគត។ ក្រុមប្រឹក្សា​នេះ​បាន​លើក​ទឡ្ហីករណ៍​ថា​ ការ​ការពារ​សិទ្ធិអ្នក​ប្រើប្រាស់​លើ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ក្រុមហ៊ុន​ Meta គួរ​ដាក់​ស្លាក​សម្គាល់​មាតិកា​ថា​ ត្រូវ​បាន​ប្រើប្រាស់​កេងចំណេញ​ ជាជាង​ការ​ដក​វា​ចេញ​ពី​បណ្តាញ​សង្គម​ទាំងស្រុង​ ប្រសិន​បើ​វា​មិន​បាន​រំលោភ​លើ​គោលការណ៍​ណា​មួយ​ឡើយ។

ក្រុម​ប្រឹក្សាភិបាល​នេះ​បាន​កត់​សម្គាល់​ថា ទម្រង់​ខ្លះ​នៃ​ព័ត៌មាន​ដែលត្រូវ​បានប្រើប្រាស់​ គឺ​មាន​លក្ខណៈ​ជា​ការ​កំប្លែង​លេង​សើច​ ​ការ​ធ្វើ​ត្រាប់តាម​ ឬ​ការ​ចំអកឡកឡើយ​ គួរ​ត្រូវ​បាន​ការពារ។ ជំនួស​ឱ្យការ​ផ្តោតទៅលើ​រូបភាព​ វីដេអូ​ ឬ​សារ​សំឡេង​ដែល​មាន​លក្ខណៈខុស​ពី​ភាព​ដើម​នោះ​ គោល​ការណ៍​របស់​ក្រុមហ៊ុន​នេះ គួរ​ផ្តោត​លើ​ផល​ប៉ះពាល់​នៃ​ការបង្ហោះ​ដែល​អាច​កើតមាន​ឡើង​ ដូច​ជា​ការ​បង្អាក់​ដំណើរ​ការ​បោះឆ្នោត​ជា​ដើម។​ នេះ​បើ​យោង​លើ​សេចក្តី​សម្រេចរបស់ក្រុមប្រឹក្សា​ភិបាល​មួយ​នេះ។

ក្រុមហ៊ុន ​Meta ​បាន​និយាយ​នៅ​លើ​គេហទំព័រ​ website​ របស់​ខ្លួន​ថា​ ​ខ្លួន​ស្វាគមន៍​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សាភិបាលជុំវិញវីដេអូផុស​របស់លោក ​Biden​ ហើយ​នឹង​ធ្វើបច្ចុប្បន្នភាព​នៃ​ការ​ផុស​នោះ​ ក្រោយពិនិត្យ​អនុសាសន៍​ណែនាំ​របស់​ក្រុមប្រឹក្សាភិបាល​នេះ​រួច​មក។​

ក្រុមហ៊ុន Meta តម្រូវ​ឱ្យយក​ចិត្ត​ទុក​ដាក់​ចំពោះ​សេចក្តីសម្រេច​ចិត្ត​របស់​ក្រុមប្រឹក្សា​ត្រួតពិនិត្យ ចំណោះ​មាតិកា​ខ្លឹមសារ​ជាក់លាក់​ណា​មួយ​ បើ​ទោះ​បី​ជា​ខ្លួន​មិន​ស្ថិត​ក្រោម​កាតព្វកិច្ច​ដើម្បីទទួល​យក​អនុសាសន៍​ទូលំទូលាយ​របស់​ក្រុមប្រឹក្សា​នេះក្តី។ ​យ៉ាង​ណា​ក្តី​ក៏​ក្រុមប្រឹក្សា​នេះ​បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុន Meta ធ្វើការ​ផ្លាស់​ប្តូរមួយ​ចំនួន​រួច​ហើយ​ ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​ ដូច​ជាការផ្ញើរ​សារ​ដល់​អ្នក​ប្រើប្រាស់​មួយ​ចំនួន​ដែល​បានបំពាន​លើ​គោលការណ៍​របស់​ខ្លួនជាក់ស្តែង​ណា​មួយ ​ដើម្បី​ពន្យល់​ពួក​គេពី​អ្វី​ដែល​គេ​បាន​ធ្វើ​ខុសនោះ។

អ្នក​ស្រី ​Jen Golbeck សាស្ត្រាចារ្យផ្នែក​សិក្សាព័ត៌មាន​នៃ​សាកលវិទ្យាល័យ​រដ្ឋ​ Maryland​ បាន​និយាយ​ថា​ ក្រុមហ៊ុន Meta ជា​ក្រុមហ៊ុន​ធំគ្រប់គ្រាន់​មួយ​ដើម្បី​អាចក្លាយ​ជា​អ្នក​នាំមុខ​គេ​ ក្នុង​ការ​ដាក់ស្លាក​សម្គាល់​ពី​មាតិកា​ខ្លឹមសារ​ដែល​ត្រូវ​បានប្រើប្រាស់កេងចំណេញ​ ​ប៉ុន្តែ​ការ​អនុវត្ត​ក៏​មាន​សារៈសំខាន់ដូច​ការ​ផ្លាស់ប្តូរ​គោលការណ៍ដែរ។

​អ្នក​ស្រី​បន្ថែម​ទៀត​ថា៖​ «តើ​ពួកគេ​នឹង​អនុវត្ត​ការ​ផ្លាស់ប្តូរ​ទាំង​នោះ​ និង​ពង្រឹង​ការ​អនុវត្ត​នៅចំពោះ​មុខ​សម្ពាធ​នយោបាយ​ពី​មនុស្ស​ដែលចង់ធ្វើ​អំពើ​អាក្រក់​ដែរ​ឬទេ? នេះ​ជា​សំណួរ​ពិត​ប្រាកដ​មួយ។ ​ប្រសិន​បើ​គេ​ធ្វើ​ការ​ផ្លាស់ប្តូរ​ ហើយ​មិន​ពង្រឹង​ការ​អនុវត្តវា​ទេ​ ​វា​អាច​ក្លាយ​ជា​ការ​រួម​ចំណែកបំផ្លាញ​ទំនុកចិត្ត​ ​ដែល​កើតឡើង​ជាមួយ​នឹង​ព័ត៌មាន​មិន​ពិត»៕

ប្រែសម្រួល​ដោយ​ លោក​ ជ្រា វណ្ណារិទ្ធ

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG