ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ​Meta ជំរុញ​ឲ្យ​ព្យួរ​គណនី​ហ្វេសប៊ុក​របស់​លោក​ ហ៊ុន សែន​


រូប​ឯកសារ៖ បុរស​ម្នាក់​បើក​មើល​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ពី​ទូរស័ព្ទ​ដៃ​របស់​លោក នៅ​តាម​​ចិញ្ចើម​ថ្នល់​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ឆ្នាំ​២០១៦។
រូប​ឯកសារ៖ បុរស​ម្នាក់​បើក​មើល​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ពី​ទូរស័ព្ទ​ដៃ​របស់​លោក នៅ​តាម​​ចិញ្ចើម​ថ្នល់​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ឆ្នាំ​២០១៦។

ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន Meta នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​អំពាវនាវ​ឲ្យ​ព្យួរ​គណនី​ហ្វេសប៊ុក​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន រយៈពេល​៦​ខែ ដោយ​និយាយ​ថា​ វីដេអូ​មួយ​ដែល​បាន​បង្ហោះ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក បាន​រំលោភ​វិធាន​របស់​ក្រុមហ៊ុន Meta ស្តីពី​ការ​គំរាមកំហែង​ហិង្សា។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

ក្រុមប្រឹក្សាភិបាល​នេះ ដែល​ផ្តល់​មូលនិធិ​ដោយ​ក្រុមហ៊ុន Meta តែ​ប្រតិបត្តិ​ការងារ​ដោយ ឯករាជ្យ និយាយ​ថា​ ក្រុមហ៊ុន Meta មាន​កំហុស​ក្នុង​ការ​ទុក​ឲ្យ​វីដេអូ​នោះ​បន្ត​នៅ​មាន​ ហើយ​ក៏​បាន​បញ្ហា​ឲ្យ​ដក​វីដេអូ​នោះ​ចេញ​ពី​ហ្វេសប៊ុក។

ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ ក្រុមហ៊ុន Meta បាន​យល់​ព្រម​ដក​វីដេអូ​នោះ​ចេញ ​តែ​និយាយ​ថា​ខ្លួន​នឹង​ឆ្លើយតប​ចំពោះ​អនុសាសន៍​ឲ្យ​ព្យួរ​គណនី​លោក ហ៊ុន សែន ក្រោយ​ពី​ពិនិត្យពិច័យ​រួច​សិន។

ការ​ព្យួរ​គណនី​នេះ នឹង​បិទ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី ក្នុង​ពេល​មិន​ដល់​១​ខែមុន​ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា ទោះបីជា​ក្រុម​អ្នក​រិះគន់​និយាយ​ថា ​ការ​បោះឆ្នោត​នោះ​គឺ​ជា​ការ​បោះឆ្នោត​ក្លែងក្លាយ​ដោយ​ការ​គ្រប់គ្រង​ផ្តាច់ការ​របស់​លោក​ ហ៊ុន សែន។

លោក​ ហ៊ុន សែន បាន​ថ្លែង​ថា ​លោក​នឹង​លែង​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​ទៀត​ហើយ​ ហើយ​នឹង​ពឹង​ផ្អែក​លើ​កម្មវិធី ​Telegram ​វិញ ​ដើម្បី​ឲ្យ​អ្នកគាំទ្រ​ទទួល​សារ​របស់​លោក។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AP។​

ការ​សម្រេច​ព្យួរ​គណនី​ហ្វេសប៊ុក​នេះ គឺ​ជា​វិធានការ​ថ្មីបំផុត​របស់​ក្រុមប្រឹក្សាភិបាល ស្តីពី​របៀប​ដែល​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ធំជាង​គេ​លើ​ពិភពលោក ឆ្លើយតប​ចំពោះ​មេដឹកនាំ​នយោបាយ​ដែល​រំលោភ​វិធាន​ក្រុមហ៊ុន និង​ញុះញង់​ឲ្យ​មាន​ហិង្សា​ជុំវិញ​ការ​បោះឆ្នោត។

លោក Phil Robertson នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ Human Rights Watch បាន​និយាយ​
ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ស្តីពី​ការ​ចាកចេញ​ពី​គណនី​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែនថា៖ «នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន ទីបំផុត​ត្រូវ​គេ​ដក​ចេញ ដោយ​សារ​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដើម្បី​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា​លើ​ក្រុម​ប្រឆាំង ហើយ​ច្បាស់​ណាស់ គាត់​មិន​ចូលចិត្តការ​សម្រេច​ចិត្ត​នេះ​ទេ។ … ​ការ​ប្រឈម​ទល់​មុខ​គ្នា​រវាង​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​និង​ជន​ផ្តាច់​ការ ដោយ​សារ​បញ្ហា​សិទ្ធិមនុស្ស គួរ​តែ​ធ្វើ​យូរ​យារ​មក​ហើយ ព្រោះ​មាន​ហានិភ័យ​ធំធេង​ដោយ​សារ​តែ​គ្រោះថ្នាក់​ពិតប្រាកដ​ជាច្រើន​ បណ្តាល​មក​ពី​ជន​ផ្តាច់ការ​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដើម្បី​ញុះញង់​ឲ្យ​មាន​ហិង្សា ដូច​យើង​ឃើញ​កើត​ឡើង​ច្រើន​ដង​ពេក​ហើយ​ក្នុង​ប្រទេស​កម្ពុជា»៕​

XS
SM
MD
LG