ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​សង្គម​លោក នី ណាក់ ត្រូវ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង


រូបឯកសារ៖ លោក នី ណាក់ ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​​វីអូអេ នៅ​ក្បែរ​រូប​សំណាក​យាយ​ពេញ ក្បែរ​វត្ត​ភ្នំ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
រូបឯកសារ៖ លោក នី ណាក់ ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​​វីអូអេ នៅ​ក្បែរ​រូប​សំណាក​យាយ​ពេញ ក្បែរ​វត្ត​ភ្នំ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

សកម្មជន​សង្គម ​លោក ​នី ណាក់ ​ត្រូវ​បាន​បញ្ជូន​ចេញ​ពី​ពន្ធនាគារ​ព្រៃ​ស​ក្នុង​រាជធានី​ភ្នំពេញ ​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ​ខេត្ត​ត្បូង​ឃ្មុំ ​ជាប់​ព្រំដែន​វៀតណាម។​ នេះ​បើ​យោង​តាម​មន្រ្តី​ជាន់​ខ្ពស់​ទទួល​បន្ទុក​ពន្ធនាគារ ​និង​ភរិយា​របស់​លោក ​នី ណាក់។​

លោក ​នុត សវនា ​អ្នក​នាំពាក្យ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា លោក ​នី ណាក់ ​ត្រូវ​បាន​បញ្ជូន​ចេញ​ទៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ​កាល​ពី​ថ្ងៃ​ទី​ ២៨ ​ខែ​មករា​ ឆ្នាំ ​២០២៤ ​ដោយ​សារ​មាន​កំណើន​ជន​ជាប់​ឃុំ​ច្រើន​នៅ​ពន្ធនាគារព្រៃ​ស។​

លោកបន្ថែមថា ​ការ​បញ្ជូន​លោក ​នី ណាក់ ​និង​អ្នក​ជាប់​ឃុំ​ផ្សេង​ទៀត​ចេញ​គឺ​ដើម្បី​សម្រួល​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​ព្រៃស។​

ប៉ុន្តែ​ភរិយា​របស់​លោក ​នី ណាក់ ​អ្នកស្រី ​សុខ ស៊ីណែត ​អាយុ​ ៤២ ​ឆ្នាំ ​និង​មាន​កូន ​២ ​នាក់ ​បាន​ស្នើ​ឱ្យអាជ្ញាធរ​បញ្ជូន​ស្វាមី​មក​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​នៅ​ភ្នំពេញ​វិញ ​ដើម្បី​អ្នក​ស្រី​ងាយ​ស្រួល​ទៅ​សួរ​សុខ​ទុក្ខ​ ហើយ​មិន​ចំណាយ​ប្រាក់​ច្រើន។​

អ្នកស្រី​បន្ថែម​ថា ពន្ធនាគារ​ត្រពាំង​ផ្លុង​មាន​ការ​រឹត​បន្តឹង​ខ្លាំង​ ដូច្នេះ​វា​ប៉ះពាល់​ស្វាមី​របស់​អ្នកស្រី។​

អ្នកស្រី​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា៖​ «ទីនោះ ​គេ​រឹត​បន្តឹង​សេរី​ភាព​ខ្លាំង ​តិច​ ​ឬ​ច្រើន​គាត់​រង​នូវ​សម្ពាធ​ផ្លូវ​ចិត្ត»។​

កាល​ពី​កន្លង​ទៅ ​អ្នកស្រី ​សុខ ស៊ីណែត ​ថ្លែង​ថា​ អ្នកស្រី​បាន​ជួប​ស្វាមី​នៅ​ពន្ធនាគារ​ព្រៃ​ស ​ហើយ​ស្វាមី​បាន​ផ្តាំ​ផ្ញើ​ថា ខ្លួន​បាន​សុំទោស ​និង​សោក​ស្ដាយ​ចំពោះ​កំហុស​ដែល​បាន​យក​ព័ត៌មាន​ពី​ក្រៅ​ស្រុក​ដែលគ្មាន​មូលដ្ឋាន​ច្បាស់​លាស់​មក​បង្ហោះ​ក្នុង​បណ្ដាញ​ហ្វេសប៊ុក។ ​ប៉ុន្តែ​ក្រោយ​មក ​អ្នកស្រី​អះអាង​ថា​ ស្វាមី​របស់​អ្នកស្រី​បាន​ប្តូរ​ជំហរ​វិញ។​

នៅ​លើ​ហ្វេសប៊ុក​របស់​លោក ​នី ណាក់ ​មាន​ការ​បង្ហោះ​ព័ត៌មាន​ថា៖ ​«សូម​ប្រកាស ​ខ្ញុំ​បាទ​មិន​ធ្វើការ​សុំទោស ​ដើម្បី​ជា​ថ្នូរ​នឹង​ការ​មាន​សេរី​ភាព​ឡើយ។ ​ខ្ញុំ​បាទ​នៅ​តែ​បន្ត​ធ្វើ​ការ​តស៊ូ​មតិ ​និង​សុខ​ចិត្ត​ជាប់​ឃុំ​រហូត​ដល់​រួច​ទោស​ជា​ស្ថាពរ»។​

បើ​តាម​សារ​នៅ​លើ​ហ្វេសប៊ុក​នោះ ការ​ចេញ​វីដេអូ​របស់​ភរិយា​លោក ​នី ណាក់ ​កាល​ពី​កន្លង​ទៅ​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ជំហរ​របស់​លោក ​នី ណាក់ ​ឡើយ។​

គួរ​បញ្ជាក់​ថា ​លោក ​នី ណាក់ ​អាយុ​ ៤៦ ​ឆ្នាំ ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ​៥ ​ខែ​មករា​ ឆ្នាំ​ ២០២៤ ​ក្រោម​បទ​ចោទ «ការ​មិន​រាង​ចាល​ក្នុង​បទ​មជ្ឈិម ​បន្ទាប់​ពី​ការ​ផ្តន្ទាទោស​បទ​មជ្ឈិម​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ និង​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង»​ ដែល​ប្តឹង​ដោយ​រដ្ឋមន្រ្តី​ក្រសួង​ការងារ​ លោក ​ហេង សួរ ​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក។​

លោក ​នី ណាក់ ​ម្ចាស់​គណនេយ្យ​សង្គម​ហ្វេសប៊ុក​ឈ្មោះ ​IMan-KH ​ដែល​មាន​ជំនាញ​ក្នុង​វិស័យ​កសិកម្ម ​តែង​តែ​រិះគន់​ចំណុច​អវិជ្ជ​មាន​នានា​ក្នុង​សង្គម ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក ​ជា​ពិសេស​ពាក់​ព័ន្ធ​វិស័យ​កសិកម្ម។ ​លោក​ក៏​ធ្លាប់​ជួប​ជា​មួយ​អតីត​នាយក​រដ្ឋ​មន្ត្រី​ លោក ​ហ៊ុន សែន ​ផង​ដែរ។​

លោក​ នី ណាក់ ​ធ្លាប់​ជាប់​ពន្ធនាគារ​ ១៨ ​ខែ ​ពី​បទ ​«ជេរ​ប្រមាថ​ជា​សាធារណៈ ​និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍»​ កាល​ពី​ចុង​ឆ្នាំ​ ២០២០​ ពាក់​ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក​ក្នុង​លក្ខណៈ​កំប្លែង​ រឿង​ទិញ​ម៉ាស់​ពាក់​ឱ្យ​មាន់​ អំឡុង​ពេល​មាន​ការ​ឆ្លង​រាត​ត្បាត​ជំងឺ​កូវីដ​១៩៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG