ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភរិយារបស់សកម្មជនលោក នី ណាក់ ថា ស្វាមីសុំចុះចូលជាមួយរដ្ឋាភិបាល


រូបឯកសារ៖ លោក នី ណាក់ ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​​វីអូអេ នៅ​ក្បែរ​រូប​សំណាក​យាយ​ពេញ ក្បែរ​វត្ត​ភ្នំ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
រូបឯកសារ៖ លោក នី ណាក់ ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​​វីអូអេ នៅ​ក្បែរ​រូប​សំណាក​យាយ​ពេញ ក្បែរ​វត្ត​ភ្នំ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

ភរិយា​របស់​លោក ​នី ណាក់ ​ដែល​ជា​សកម្ម​ជន​សង្គម​មួយ​រូប ​ស្នើ​ឱ្យ​មាន​ការ​ដោះ​លែង​ស្វាមី​របស់​អ្នកស្រី ​ដោយ​អះអាង​ថា​ ស្វាមី​បាន​សុំទោស​ចំពោះ​កំហុស​ឆ្គង​ដែល​តែង​តែ​រិះគន់​រដ្ឋាភិបាល ​និង​បាន​សុំ​ចុះ​ចូល​ជាមួយ​រដ្ឋាភិបាល។​ នេះ​បើ​តាម​អ្នកស្រី ​សុខ ស៊ីណែត​ ភរិយា​របស់​លោក ​នី ណាក់ ​ថ្លែង​ក្នុង​វីដេអូ​មួយ​ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ កាល​ពី​ថ្ងៃ​អង្គារ។​

អ្នកស្រី សុខ ស៊ីណែត ​ថ្លែង​ថា ​អ្នកស្រី​បាន​ជួប​ស្វាមី​នៅ​ពន្ធនាគារ​ព្រៃ​ស ​ហើយ​ស្វាមី​បាន​ផ្តាំ​ផ្ញើ​ថា​ ​ខ្លួន​បាន​សុំទោស ​និង​សោក​ស្ដាយ​ចំពោះ​កំហុស​ដែល​បាន​យក​ព័ត៌មាន​ពី​ក្រៅ​ស្រុក​គ្មាន​ដែល​មូលដ្ឋាន​ច្បាស់​លាស់​មក​បង្ហោះ​ក្នុង​បណ្ដាញ​ហ្វេសប៊ុក។ ​

អ្នកស្រី​ថ្លែង​ថា៖​ «នាង​ខ្ញុំ​សូម​ឱ្យ​សម្ដេច​ពុក ​និង​សម្ដេច​មហា​បវរធិបតី ​ហ៊ុន ម៉ាណែត​ ជួយ​ឱ្យ​ប្តី​នាង​ខ្ញុំ​បាន​ចេញ​សារ​សុំទោស​ ហើយនឹង​ជួយ​ឱ្យ​ប្តី​នាង​ខ្ញុំ​មាន​សេរី​ភាព​ឡើង​វិញ​ ដើម្បី​ចូល​រួម​ ជីវភាព​នយោបាយ​ជាមួយ​រាជ​រដ្ឋា​ភិបាល»។​

លោក ​នី ណាក់ ​ត្រូវ​បាន​ចាប់​ខ្លួន​និង​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ​កាល​ពី​សប្តាហ៍​មុន ​ក្រោម​បទ​ចោទ​ប្រកាន់​ «ការ​មិន​រាង​ចាល​ក្នុង​បទ​មជ្ឈិម​ បន្ទាប់​ពី​ការ​ផ្តន្ទា​ទោស​បទ​មជ្ឈិម​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​និង​ញុះញង់​ឲ្យ​មាន​ការ​រើស​អើង»​ ដែល​ប្តឹង​ដោយ​រដ្ឋមន្រ្តី​ក្រសួង​ការងារ​ លោក​ ហេង សួរ ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក។

គួរ​បញ្ជាក់​ថា​ ​លោក នី ណាក់ ​ម្ចាស់​គណនី​សង្គម​ហ្វេសប៊ុក​ឈ្មោះ ​IMan-KH ​ដែល​មាន​ជំនាញ​ក្នុង​វិស័យ​កសិកម្ម​តែង​តែ​រិះគន់​ចំណុច​អវិជ្ជ​មាន​នានា​ក្នុង​សង្គម ​ជា​ពិសេស​ពាក់​ព័ន្ធ​វិស័យ​កសិកម្ម ​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​របស់​លោក។ ​លោក​ក៏​ធ្លាប់​ជួប​ជា​មួយ​អតីត​នាយក​រដ្ឋ​មន្ត្រី​ លោក ​ហ៊ុន សែន ​ផង​ដែរ។​

លោក ​នី ណាក់ ​ធ្លាប់​ជាប់​ពន្ធនាគារ​ ១៨ ​ខែ ​ពី​បទ​«ជេរ​ប្រមាថ​ជា​សាធារណៈ ​និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍»​ កាល​ពី​ចុង​ឆ្នាំ​ ២០២០ ​ពាក់​ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក​ក្នុង​លក្ខណៈ​កំប្លែង​ រឿង​ទិញ​ម៉ាស់​ពាក់​ឱ្យ​មាន់​ អំឡុង​ពេល​មាន​ការ​ឆ្លង​រាត​ត្បាត​ជំងឺ​កូវីដ​១៩៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG