ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេឃុំ​ស្ត្រី​មក​ពី​គណបក្ស​ប្រឆាំង​សង្ឃឹម​រក្សា​តំណែង​មេឃុំ​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ


អតីត​មេឃុំ​ត្រពាំងចាន់ អ្នកស្រី ស្ងួន សាមាន ដែល​ត្រូវបាន​បញ្ចប់​ការងារ​កាលពីថ្ងៃទី២០ ខែមីនា បានថ្លែង​ប្រាប់​ VOA​កាលពី​ខែមេសា នៅពេល​ចុះ​សម្ភាសន៍​ដល់​គេហដ្ឋានរបស់អ្នកស្រី ក្នុងភូមិ​ត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ (ស៊ុន ណារិន/VOA)
អតីត​មេឃុំ​ត្រពាំងចាន់ អ្នកស្រី ស្ងួន សាមាន ដែល​ត្រូវបាន​បញ្ចប់​ការងារ​កាលពីថ្ងៃទី២០ ខែមីនា បានថ្លែង​ប្រាប់​ VOA​កាលពី​ខែមេសា នៅពេល​ចុះ​សម្ភាសន៍​ដល់​គេហដ្ឋានរបស់អ្នកស្រី ក្នុងភូមិ​ត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ (ស៊ុន ណារិន/VOA)

ក្នុង​ខេត្ត​កំពង់ឆ្នាំង​ដែល​មាន​៧០​ឃុំ​សង្កាត់ គណបក្ស​ប្រឆាំង​ទទួល​បាន​តំណែង​មេឃុំ​តែ​មួយ​ប៉ុណ្ណោះ ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី៣​កាល​ពី​ឆ្នាំ​២០១២ ប៉ុន្តែ​នៅ​ក្នុង​អាណត្តិ​ទី​៤​ឆ្នាំ​២០១៧​នេះ គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បង្ហាញ​សេចក្ដី​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ ខ្លួន​នឹង​រក្សា​តំណែង​មេឃុំ​នោះ​ហើយ​នឹង​ទទួល​បាន​តំណែង​មេឃុំ​ចៅ​សង្កាត់​ច្រើន​ជាង​នេះ​ទៀត។

នៅ​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់អាណត្តិ​ទី​៤ នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា​ខាង​មុខ​នេះ លោកស្រី ស្ងួន សាមាន មេឃុំ​មក​ពី​គណបក្ស​ សម រង្ស៊ី បាន​និយាយ​ថា​លោកស្រី​នៅ​តែ​សង្ឃឹម​ថា​ ប្រជាពលរដ្ឋ​បន្ត​គាំទ្រ​បោះឆ្នោត​ជ្រើសរើស​លោកស្រី​ឲ្យ​ធ្វើ​ជា​មេឃុំ​បន្ត​ទៀត។

លោកស្រី​បាន​ថ្លែង​ប្រាប់​ VOA ​ថា៖ «ខ្ញុំ​មាន​ជំនឿ​ទៅ​លើ​ប្រជាពលរដ្ឋ។ ខ្ញុំ​មាន​ក្ដី​សង្ឃឹម​ទៅ​លើ​ប្រជាពលរដ្ឋ​ខ្ញុំ ដោយសារ​ប្រជាពលរដ្ឋ​ខ្ញុំ​ គឺ​គាត់​ទុកចិត្ត​លើ​ខ្ញុំ​ច្បាស់​ហ្មង ថា​ខ្ញុំ​ពិត​ជា​អាច​ពឹង​ផ្អែក​បាន ពិត​ជា​មេឃុំ​ដ៏​ល្អ​ ត្រឹមត្រូវ​សម្រាប់​គាត់»។

លោកស្រី សាមាន អាយុ​៥៣​ឆ្នាំ បាន​ឈ្នះការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៣​ កាល​ពី​ឆ្នាំ​២០១២ ដោយ​គណបក្ស​ប្រឆាំង​ទទួល​បាន​អាសនៈ​ចំនួន​៣ ក្នុង​ចំណោម​៥​អាសនៈ​នៅ​ក្នុង​ឃុំ​នេះ។

ក្នុង​ការ​ដឹកនាំ​ឃុំ​រយៈពេល​៥​ឆ្នាំ​មក​នេះ លោកស្រី​ ត្រូវ​បាន​ប្រជាជន​ស្គាល់​ថា​ «ជា​ស្ត្រី​ក្លាហាន» ក្នុង​ការ​តស៊ូ​មតិ និង​អាច​បំពេញ​ការងារ​បាន​ ដូច​មេឃុំជា​បុរស​ភាគ​ច្រើន​ដទៃទៀត។

លោកស្រី​មាន​ប្រសាសន៍​ថា​៖ «ពេល​ដែលមាន​បញ្ហា ខ្ញុំ​ហ៊ាន​ដោះស្រាយ​ ហ៊ាន​ប្រឈម​នឹង​បញ្ហាជូន​គាត់ ដោយ​មិន​ខ្លាចហើយ​ការ​ដោះស្រាយ គឺ​មិន​រើសអើង ឬ​មិន​ប្រកាន់​និន្នាការ​គណបក្ស​នយោបាយ អត់​មាន​ប្រកាន់​ទេ»។

សាលាឃុំត្រពាំងចាន់មិនមាន​សកម្មភាពមមាញឹក ក្រោយ​បញ្ចប់ការងារ​មេឃុំ និងក្រុមប្រឹក្សាគណបក្សប្រឆាំង។ (ស៊ុន ណារិន/VOA)
សាលាឃុំត្រពាំងចាន់មិនមាន​សកម្មភាពមមាញឹក ក្រោយ​បញ្ចប់ការងារ​មេឃុំ និងក្រុមប្រឹក្សាគណបក្សប្រឆាំង។ (ស៊ុន ណារិន/VOA)

លោកស្រី សាមាន សង្ឃឹម​ថា​នឹង​ទទួល​បាន​ការ​បោះឆ្នោត​គាំទ្រ​ទៅ​ដល់​៨៥​ភាគរយ ក្នុង​ចំណោម​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ប្រមាណ​៣ពាន់​នាក់​ក្នុង​ឃុំ​ត្រពាំងចាន់។

កាល​ពី​ការ​បោះឆ្នោត​ឆ្នាំ​២០១២ លោកស្រី សាមាន ទទួល​បាន​សំឡេង​គាំទ្រ​លើស​បេក្ខជន​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ប្រមាណ​១២០​សំឡេង។

ក្នុង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០១២ ​គណបក្ស​ប្រជាជន​កម្ពុជា​ ទទួល​បាន​សំឡេង​គាំទ្រ​រហូត​ដល់​៨២៩២​អាសនៈ​ ក្នុង​ចំណោម​អាសនៈ​ក្រុមប្រឹក្សា​ចំនួន​១១៤៥៩ និង​ទទួល​បាន​តំណែង​មេឃុំ​-ចៅ​សង្កាត់​ចំនួន​១៥៩២​ ក្នុង​ចំណោម​ឃុំ​សង្កាត់​ទាំង​១៦៣៣​ទូទាំង​ប្រទេស​នៅ​ក្នុង​អាណត្តិ​នោះ។

គណបក្ស ​សម រង្ស៊ី ​និង​គណបក្ស​សិទ្ធិ​មនុស្ស ដែល​បាន​ច្របាច់​បញ្ចូល​គ្នា​ជា​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​អាសនៈ​ក្រុមប្រឹក្សា​សរុប​ចំនួន​២៩៥៥ ​និង​តំណែង​មេឃុំ​ចៅ​សង្កាត់​តែ​ចំនួន​៤០​ប៉ុណ្ណោះ។ សម្រាប់​ខេត្ត​កំពង់ឆ្នាំង គណបក្ស​ប្រឆាំង​ទទួល​បាន​តំណែង​មេឃុំ​តែ​មួយ​ប៉ុណ្ណោះ ក្នុង​ចំណោម​ឃុំ​សង្កាត់​ចំនួន​៧០។ ទោះ​ជា​យ៉ាង​ណា ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នៅ​ពេល​ខាង​មុខ​នេះ ជា​ការ​ប្រកួត​ប្រជែង​មួយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ​បង្ហាញ​ក្ដី​សង្ឃឹម​ថា​ ខ្លួន​នឹង​ឈ្នះ​តំណែង​មេឃុំ​ចៅ​សង្កាត់​ច្រើន​ជាង​នេះ។

ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា​ខាង​មុខ​នេះ​ គណបក្ស​នយោបាយ​ចំនួន​១២ បាន​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ប្រជែង ប៉ុន្តែ​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុណ្ណោះ ដែល​បាន​ដាក់​បេក្ខជន​ចូលរួម​ប្រកួត​ប្រជែង​នៅ​គ្រប់​ឃុំ​សង្កាត់​ចំនួន​១៦៤៦ ទូទាំង​ប្រទេស​ក្នុង​អាណត្តិ​ទី​៤​នេះ។

លោកស្រី ស្ងួន សាមាន ត្រូវ​បាន​បញ្ចប់​តំណែង​ជា​មេឃុំ​ត្រពាំងចាន់ កាលពី​ថ្ងៃ​ទី​២០ ខែ​មីនា បន្ទាប់​ពី​លោកស្រី​បាន​បោះបង់​គណបក្ស​ដើម​របស់​ខ្លួន​ ទៅ​ឈរ​ឈ្មោះ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ។ ការ​បញ្ចប់​តំណែង​នេះ​ធ្វើ​ឡើង​តាម​សេចក្ដី​សម្រេច​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​គឺ​លោក ស ខេង។

លោកស្រី​ សាមាន បាន​អះអាង​ថា​ លោកស្រី​បាន​បំពេញ​ការងារ​ល្អ​ជា​មេឃុំ ក្នុង​រយៈពេល​ជិត​៥ឆ្នាំ​មក​នេះ តាម​រយៈ​ការ​ផ្ដល់​សេវា​ឯកសារ​ទាន់​ពេល​វេលា​ដល់​ប្រជាជន ការ​ការពារ​សន្តិសុខ ការ​កាត់បន្ថយ​ជម្លោះ​រវាង​ក្មេង​ទំនើង ការ​អភិវឌ្ឍ​ក្នុង​ឃុំ និង​ការ​តាមដាន​ការ​ផ្ដល់​សេវា​សុខភាព​ជាដើម។

លោកស្រី​បន្ត​ថា​ ប្រសិន​បើ​លោកស្រី​ជាប់​ឆ្នោត​ជា​មេឃុំ​បន្ត​ទៀត ហើយ​គណបក្ស​សង្រ្គោះ​ជាតិ​មាន​ឱកាស​ឈ្នះ​ការ​បោះឆ្នោត​ដឹកនាំ​រដ្ឋាភិបាល​នៅ​ក្នុង​ឆ្នាំ​២០១៨ លោកស្រី​នឹង​ពង្រីក​គម្រោង​អភិវឌ្ឍន៍​ឃុំ​ តាម​រយៈ​គោល​នយោបាយ​របស់​គណបក្ស​ក្នុង​ការ​ផ្ដល់​ថវិកា​យ៉ាង​តិច​៥០ម៉ឺន​ដុល្លារ​ ដល់​ឃុំ​សង្កាត់​នីមួយៗ។

លោកស្រី សាមាន នឹង​ប្រកួត​ប្រជែង​យក​តំណែង​មេឃុំ ជាមួយ​លោក សាំង ខាត់ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​បទ​ពិសោធន៍​ដឹកនាំ​ឃុំ​ជាង​៣០ឆ្នាំ​មក​ហើយ។ លោក​បាន​ជាប់​ឆ្នោត​ជា​មេឃុំ​ចំនួន​ពីរ​អាណត្តិ តែ​លោក​បាន​ចាញ់​ការ​បោះឆ្នោត​កាល​ពី​អាណត្តិ​ទី​៣ ដោយ​លោក​បាន​ទទួល​ស្គាល់​ថា​ ការ​ដឹកនាំ​របស់​លោក​កាលពី​កន្លង​ទៅ​មាន​កំហុស​ឆ្គង មិន​បាន​បំពេញ​តាម​សេចក្ដី​ត្រូវ​ការ​របស់​ប្រជាពលរដ្ឋ ក្នុង​នោះ​មាន​ការ​ផ្ដល់​សេវា​ឯកសារ​ជាដើម។

លោក សាំង ខាត់ ដែលជា​ជំទប់​ទី២មកពីគណបក្ស​ប្រជាជនកម្ពុជា ត្រូវបានជ្រើស​រើស​ឲ្យ​ធ្វើជា​មេឃុំស្តីទី ក្រោយ​បញ្ចប់​ការងារ​មេឃុំមកពីគណបក្សសម រង្ស៊ី។ (ស៊ុន ណារិន/VOA)
លោក សាំង ខាត់ ដែលជា​ជំទប់​ទី២មកពីគណបក្ស​ប្រជាជនកម្ពុជា ត្រូវបានជ្រើស​រើស​ឲ្យ​ធ្វើជា​មេឃុំស្តីទី ក្រោយ​បញ្ចប់​ការងារ​មេឃុំមកពីគណបក្សសម រង្ស៊ី។ (ស៊ុន ណារិន/VOA)

លោក សាំង ខាត់ បាន​ថ្លែង​ប្រាប់ ​VOA ​ថា ៖ «អា​ហ្នឹង​ រឿង​ហ្នឹង ដឹង​គាត់​[លោកស្រី ស្ងួន សាមាន] ដោះ​ចេញ​ ឬ​មិន​ចេញ វា​មាន​ទាន់​ឬ​មិនទាន់ វា​ជា​រឿង​របស់​គាត់ គាត់​អ្នក​ធ្វើ​មេ។ ប៉ុន​សម្រាប់​ខ្ញុំ​កន្លង​ទៅ ខ្ញុំ​មើល​ឃើញ​កំហុស​ខ្ញុំ គឺ​មាន​អញ្ចឹង​ហ្មង ​ដោះស្រាយ​ឲ្យ​គាត់​អត់​ទាន់​ពេល ហើយ​អត់​ទាន់​បំណង​របស់​គាត់»។

លោក សាំង ខាត់ ដែល​ជា​ជំទប់​ទីពីរ និង​បាន​ទទួល​តំណែង​មេឃុំ​ស្ដីទី​នា​ពេល​បច្ចុប្បន្ន​នេះ បាន​បង្ហាញ​ក្ដី​សង្ឃឹម​ថា លោក​អាច​ទទួល​បាន​សំឡេង​គាំទ្រ​ប្រមាណ​៦៥​ភាគរយ។ លោក​បន្ត​ថា ​លោក​នឹង​ធ្វើ​តាម​គោល​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ពី​ខាង​លើ​ ប្រសិន​បើ​លោក​ឈ្នះ​តំណែង​មេ​ឃុំ​ក្នុង​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​សង្ឃឹម​បាន​៦៥​ភាគរយ ខ្ញុំ​នឹង​អាច​ឈ្នះ​ខាង​គាត់»។

ជាមួយ​ក្ដី​សង្ឃឹម​នេះ លោក​ក៏​បាន​រិះគន់​ការងារ​របស់​មេឃុំ​គណបក្ស​ប្រឆាំង​ថា ​មិន​ទាន់​បាន​ល្អ​នៅ​ឡើយ ហើយ​នៅ​មាន​កម្សោយ​ក្នុង​ការ​ទាក់ទង​រដ្ឋាភិបាល មន្ត្រី​ជាន់​ខ្ពស់ និង​ដៃ​គូ​អភិវឌ្ឍន៍​នានា ដើម្បី​ប្រមូល​ថវិកា​កសាង​សាលារៀន ផ្លូវ និង​អភិវឌ្ឍ​ក្នុង​ឃុំ។

លោកស្រី យាន កាន អាយុ​៥៧​ឆ្នាំ ជា​កសិករ​រស់​នៅ​ក្នុង​ភូមិ​ត្រពាំង​ចាន់ ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង មាន​ប្រសាសន៍​ថា កង្វះ​ខាត​ទឹក​ប្រើប្រាស់​ ជា​បញ្ហា​ចម្បង​នៅ​ក្នុង​ភូមិ​របស់​លោកស្រី។

លោកស្រី​មាន​ប្រសាសន៍​ថា៖ «ចង់​ឲ្យ​មេឃុំ​ធ្វើ​ហ្នឹង​ហ្អ ធ្វើ​ដូច​ជា​មើល​កូន​ចៅ ដូច​ខ្វះ​ទឹក​អណ្ដូង ដូច​ខ្វះ​អី សម្ភារៈ​ស្អី​មួយ​ សាលារៀន ផ្លូវ​ចង់​ឲ្យ​មេ​ឃុំ​ធ្វើ​អញ្ចឹង»។

លោកស្រី​ក៏​ចង់​ឲ្យ​មេឃុំ​ថ្មី ពិនិត្យ​មើល​បញ្ហា​បឹងបួ ដែល​លោកស្រី​ថា ប្រជាពលរដ្ឋ​ខ្លះ​ បាន​យក​មក​បឹងបួ​ទាំង​នោះ មក​ដាំ​ឈូក​ ដូច្នេះ​ប្រជាពលរដ្ឋ​ផ្សេង​មិន​អាច​ប្រើប្រាស់​ទឹក​ ដើម្បី​ចិញ្ចឹម​គោ​ក្របី​បាន​នោះ​ទេ។

ប្រជាពលរដ្ឋ​ម្នាក់​ទៀត លោក អ៊ុយ រ៉ាឆឹង អាយុ​៥១ឆ្នាំ មាន​ប្រសាសន៍​ថា ​លោក​ចង់​ឲ្យ​មេឃុំ​ថ្មី​គាំទ្រ​គម្រោង​អភិរក្ស​ព្រៃ​សហគមន៍ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​អាច​ទទួល​បាន​ផល​ពី​ព្រៃឈើ​ទាំង​នោះ។

លោក​បន្ត​ថា​ ការ​បង្កើត​អាង​ស្តុក​ទឹក​សម្រាប់​ប្រើប្រាស់​ ក៏​ជា​ជម្រើស​ល្អ​មួយ​ផង​ដែរ ក្នុង​ការ​ដោះស្រាយ​បញ្ហា​កង្វះ​ខាត​ទឹក​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ។

លោក​មាន​ប្រសាសន៍​ថា៖ «អញ្ចឹង​បើ​សិនអ្នក​ដែល​ជាប់ឆ្នោត​ហើយ ​ដែល​ប្រជាពលរដ្ឋ​គាំទ្រ​បោះ​ឲ្យ​ជាប់​ហើយ គាត់​ត្រូវ​តែ​ជួយ​មើល​ពួក​គាត់ ជួយ​ផ្ដល់​សេវា​ឲ្យ​គាត់ ឬ​ជា​អ្វី​ផ្សេងៗ ដើម្បី​ឲ្យ​គាត់​មាន​ទំនុក​ចិត្ត អា​ហ្នឹង​គាត់​អាច​ជា​អាជ្ញាធរ​គំរូ អាជ្ញាធរ​ល្អ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ហ្នឹង»។

លោក​ក៏​បាន​ជំរុញ​ឲ្យ​មាន​ការ​ពង្រឹង​គុណភាព​អប់រំ​នៅ​ក្នុង​ឃុំ និង​ការ​កសាង​វិទ្យាល័យ​មួយ​នៅ​ក្នុង​ឃុំ ដើម្បី​សិស្ស​នៅ​ក្នុង​ឃុំ​ មិន​ចាំបាច់​ត្រូវ​ធ្វើ​ដំណើរ​ឆ្ងាយ។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក ង៉ោ គឹមជាង បាន​ថ្លែង​ប្រាប់​ VOA ​ពេល​ចុះ​ទៅ​សម្ពោធ​អណ្ដូង​ទឹក​ជូន​ប្រជាពលរដ្ឋ​ថា លោក​សង្ឃឹម​ថា​គណបក្ស​ប្រឆាំង​ នឹង​ឈ្នះ​តំណែង​មេឃុំ​ចៅ​សង្កាត់​ពី​៣០​ទៅ​៤០​ ក្នុង​ចំណោម​ឃុំ​សង្កាត់​៧០​ក្នុង​ខេត្ត​កំពង់ឆ្នាំង។

លោក​មាន​ប្រសាសន៍​ថា៖ «ដែល​ខ្ញុំ​ស្ទង់​មតិ​នៅ​តាម​មូលដ្ឋាន​ទាំងអស់​ដែល​ខ្ញុំ​ចុះ​មក ប្រជាពលរដ្ឋ​ត្រូវ​ការ​ផ្លាស់ប្ដូរ ប្រជាពលរដ្ឋ​ត្រូវ​ការ​ថ្នាក់​ដឹកនាំ​ថ្មី ដូច្នេះ ខ្ញុំ​សង្ឃឹម​ថា​នឹង​បាន​យ៉ាង​តិច​៣០​ទៅ​៤០​ឃុំ​សម្រាប់​ខេត្ត​កំពង់ឆ្នាំង​នេះ»។

លោក​បន្ថែម​ថា ​លោក​បាន​រៃ​អង្គាស​ថវិកា​ពី​ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​ក្រៅ​ប្រទេស ដើម្បី​ជីក​អណ្ដូង​ទឹក​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​មួយ​នេះ។

គួរ​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​ បាន​សន្យា​ថា ​ខ្លួន​នឹង​ព្យាយាម​ផ្ដល់​តំណែង​ណាមួយ​សម្រាប់​មេឃុំ​ ចៅសង្កាត់ ​ដែល​មិន​បាន​ជាប់​ឆ្នោត​នៅ​ពេល​ខាងមុខ ក្នុង​នោះ​មាន​តំណែង​ជា​ទី​ប្រឹក្សា​ជា​ដើម៕

XS
SM
MD
LG