ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បក្ស​ប្រឆាំង ងាក​ទៅ​រក​​ការ​បន់​ស្រន់​ ក្រោយ​ពី​បក្ស​កាន់​អំណាច​ ប្រកាស​ជំហរ​មិន​ចរចា​


ទិដ្ឋភាពនៃពិធីបួងសួង ដែលរៀបចំដោយគណបក្សសង្រ្គោះជាតិ នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដើម្បីសំុសុខសន្តិភាព ដល់ប្រជារាស្ត្រអ្នកស្នេហាជាតិ និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅ​ថ្ងៃ​១៩ មិថុនា ២០១៦។ (Courtesy photo៖ គណបក្ស​សង្គ្រោះ​ជាតិ)
ទិដ្ឋភាពនៃពិធីបួងសួង ដែលរៀបចំដោយគណបក្សសង្រ្គោះជាតិ នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដើម្បីសំុសុខសន្តិភាព ដល់ប្រជារាស្ត្រអ្នកស្នេហាជាតិ និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅ​ថ្ងៃ​១៩ មិថុនា ២០១៦។ (Courtesy photo៖ គណបក្ស​សង្គ្រោះ​ជាតិ)

ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​ខ្មែរ​យល់​ថា អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​កំពុង​ដើរ​ដល់​ផ្លូវ​ទាល់​ ស្រប​ពេល​ដែល​អ្នកនយោបាយ​គណបក្ស​កាន់​អំណាច​កំពុង​គិត​ថា​ ខ្លួន​មាន​ប្រៀប​​ ​តែ​​ក៏​បារម្ភ​ខ្លាំង​ណាស់​ដែរ​ចំពោះ​ស្ថានភាព​វឹកវរ​ផ្នែក​នយោបាយ។

ក្រុម​អ្នកតំណាងរាស្ត្រ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមាណ​២០​នាក់ និង​មន្ត្រី​គណបក្ស​ផ្សេង​ទៀត កាល​ពី​ថ្ងៃ​អាទិត្យ​ បាន​ធ្វើ​ពិធី​បន់​ស្រន់​នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត​ ផ្សង​សុំ​ឲ្យ​មាន​ការ​ផ្សះ​ផ្សាជាតិ​ និង​ការ​ជួប​សន្ទនា​គ្នា​ ដើម្បី​ទាញ​ស្ថានការណ៍​នយោបាយដែល​កំពុង​តានតឹង​ខ្លាំង​ ឲ្យ​វិល​ត្រឡប់​មក​រក​ភាព​ប្រក្រតី​ឡើង​វិញ។

ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​ខ្មែរ​យល់​ថា​ ការ​បែរបន់​ នឹង​មិន​អាច​បន្ទន់​ជំហរ​អ្នក​នយោបាយគណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​បាន​ទេ។

ពួក​គេ​ថ្លែង​ថា​ អ្នក​នយោបាយ​គណបក្ស​ប្រឆាំង ​កំពុង​ដើរ​ដល់​ផ្លូវ​ទាល់​ ស្រប​ពេល​ដែល​អ្នកនយោបាយ​គណបក្ស​កាន់​អំណាច​ កំពុង​គិត​ថា​ ខ្លួន​មាន​ប្រៀប ​តែក៏​បារម្ភ​ខ្លាំង​ណាស់​ដែរ​ចំពោះ​ស្ថានភាព​វឹកវរ​ផ្នែក​នយោបាយ។

លោក​ សុន​ ឆ័យ​ ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រាប់​ VOA​ កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ​ថា​ ​ការ​បន់​ស្រន់​នេះ​ ធ្វើ​ឡើង​សម្រាប់​សុំ​សន្តិភាព​ និង​ការ​បង្រួប​បង្រួម​ជាតិ។

លោក​មាន​ជំនឿ​ថា​ ការ​បន់​ស្រន់​នេះ​ អាច​នឹង​ធ្វើ​ឲ្យអ្នក​នយោបាយ​ក្នុង​ប្រទេស​ ផ្លាស់​ប្ដូរ​ចិត្ត​គំនិត​ងាក​មក​ជជែក​គ្នា​ ជា​ជាង​ប្រឈម​មុខ​ដាក់​គ្នា។

«ទោះ​បី​ជា​យើង​សង្ឃឹម ឬ​ក៏​មិន​សង្ឃឹម​ថា​នឹង​បាន​ជោគ​ជ័យ​ប៉ុណ្ណា​ក៏​ដោយ​ ក៏​វា​ជា​ទំនៀម​ទម្លាប់​របស់​យើង​ ដែល​យើង​ធ្វើ​ដោយ​សង្ឃឹម​ថា​ នឹង​អាច​មាន​ជា​ផល​ ផ្លែផ្កា ឬ​ក៏​អាច​ថា​ ជា​កុសល​នាំទៅដល់​ការ​ផ្លាស់​ប្ដូរ​ចិត្ត​គំនិត​អ្នក​នយោបាយ​ក្នុង​ស្រុក​យើង​ហ្នឹង​ ឲ្យ​ចេះ​ដោះ​ស្រាយ​បញ្ហា​ជាមួយគ្នា។​ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា​ នឹង​មាន​លទ្ធភាព​អាច​នឹង​ជជែក​គ្នា​បាន»។​

លោក​បន្ត​បញ្ជាក់​ថា​ អាជ្ញាធរ​ខេត្ត​សៀម​រាប​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ​មិន​បាន​ធ្វើ​ការ​រារាំង​ដល់​ពិធី​បន់​ស្រន់​នេះ​ទេ​ ដែល​នេះ​ជា​សញ្ញាណ​បង្ហាញ​ឲ្យ​ឃើញ​ពី​ច្រក​សម្រាប់​បន្ធូរ​បន្ថយស្ថានភាព​នយោបាយ​ ដែល​កំពុង​មាន​ភាព​តានតឹង​ខ្លាំង។​

ការ​បន់ស្រន់​របស់​ក្រុម​អ្នក​តំណាងរាស្ត្រ​ខាង​គណបក្ស​ជំទាស់​ កើត​មាន​ឡើង​នៅ​ចំ​ពេល​ដែល លោក ​កឹម សុខា​ ប្រធាន​ស្ដីទីគណបក្ស​សង្គ្រោះ​ជាតិ​ បាន​បន្ត​សម្ងំ​ជ្រក​កោន​នៅ​ទី​ស្នាក់​កណ្ដាល​របស់​គណ​បក្សក្នុង​រាជធានី​ភ្នំពេញ​ ដើម្បី​បញ្ចៀស​ការ​ចាប់​ខ្លួន​ ដែល​អាច​នឹង​ធ្វើ​ឡើង​ដោយ​អាជ្ញាធរ​របស់​រដ្ឋាភិបាល​លោក​ ហ៊ុន​ សែន។

ទិដ្ឋភាពនៃពិធីបួងសួង ដែលរៀបចំដោយគណបក្សសង្រ្គោះជាតិ នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដើម្បីសំុសុខសន្តិភាព ដល់ប្រជារាស្រ្តអ្នកស្នេហាជាតិ និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅ​ថ្ងៃ​១៩ មិថុនា ២០១៦។ (Courtesy photo៖ គណបក្ស​សង្គ្រោះ​ជាតិ)
ទិដ្ឋភាពនៃពិធីបួងសួង ដែលរៀបចំដោយគណបក្សសង្រ្គោះជាតិ នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដើម្បីសំុសុខសន្តិភាព ដល់ប្រជារាស្រ្តអ្នកស្នេហាជាតិ និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅ​ថ្ងៃ​១៩ មិថុនា ២០១៦។ (Courtesy photo៖ គណបក្ស​សង្គ្រោះ​ជាតិ)

លោក កែម ឡី​ អ្នក​វិភាគ​សង្គម និង​ជា​អ្នកឃ្លាំ​មើល​នយោបាយ បាន​ប្រាប់​ VOA​ ថា​ ពិធី​បន់ស្រន់​របស់​ក្រុម​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ គឺ​ជា​បែប​ផែន​នៃ​ការ​បញ្ចេញមតិ​មួយ​ដែល​មិន​បង្ក​ចលាចល​ តែ​លោក​អះអាង​ថា​ ការ​បន់​ស្រន់​នេះ​ នឹង​មិន​អាច​បន្ទន់ជំហរ​អ្នកនយោបាយ​គណបក្ស​កាន់​អំណាច​បាន​ទេ។​

«ខ្ញុំ​មើល​ទិសដៅ​របស់​គណបក្ស​កាន់​អំណាច​ គឺ​ជា​ទិសដៅ​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​វិញ​ទេ​ មិន​អាច​ជា​បន្ទន់​ជំហរ​ទេ។​ ការណ៍​ដែល​ខ្ញុំ​ឃើញ​ថ្មីៗ​នេះ​ គាត់​យក​ថា​ ទោះ​បី​ជា​វិនិយោគ​តម្លៃ​ប៉ុណ្ណា​ក៏ដោយ ​ត្រូវរក្សា​សន្តិភាព។​ គាត់​អត់​ចាប់​អារម្មណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស»។​

​ស្ថាន​ការណ៍​នយោបាយ​បច្ចុប្បន្ន​នេះ​ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​អ្នក​សង្កេតការណ៍​នយោបាយ​កម្ពុជា​ មាន​ការ​ព្រួយបារម្ភ​នោះ​ទេ​ វា​ថែម​ទាំង​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ក្រៅ​ប្រទេស​សំដែង​ការ​មិន​ពេញ​ចិត្ត​ផង​ដែរ​ ដោយសារ​មាន​ការ​វាយ​ប្រហារ​ជាបន្តបន្ទាប់​ទៅលើ​ក្រុម​អ្នកការពារ​សិទ្ធិ​មនុស្ស​ និង​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​ពីសំណាក់​រដ្ឋ​អំណាច​ក្នុង​ប្រទេស​កម្ពុជា។​

តួយ៉ាង​ នៅ​ពាក់​កណ្ដាល​ខែ​មិថុនា​នេះ សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ដែល​មាន​សហរដ្ឋ​អាមេរិក កាណាដា បារាំង​និង​អូស្ត្រាលី​ បាន​ធ្វើ​បាតុកម្ម​ក្នុង​ពេល​ព្រមៗ​គ្នា​ប្រឆាំង​នឹង​ការ​ចាប់​សកម្មជន​សិទ្ធិ​មនុស្ស និង​អ្នក​នយោបាយ​ដាក់​ពន្ធនាគារ​បន្ត​កន្ទុយ​គ្នា​របៀប​នេះ។

លោក​ ​ហេង​ ​ស្រ៊ាង​ អ្នក​សិក្សា​ស្រាវជ្រាវ​សង្គម​ បាន​ប្រាប់​ VOA​ ថា​ ការ​បន់​ស្រន់​របស់​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង គឺ​ជា​សកម្មភាព​ទាល់​ច្រក​អស់ជម្រើស​ក្នុង​ការ​រក​ផ្លូវ​ទៅ​និយាយ​ជាមួយ​អ្នក​នយោបាយ​គណបក្ស​គ្រប់​គ្រង​ប្រទេស។

លោក​បញ្ជាក់​ថា​ អ្នក​នយោបាយ​នៃ​គណបក្ស​ទាំង​ពីរ​ ត្រូវ​ងាក​មក​គោរព​ការ​ប្រើប្រាស់​វប្បធម៌​សន្ទនា​ ដែល​បាន​សរសេរ​ក្នុងកិច្ច​ព្រមព្រៀង​នយោបាយ​របស់​ខ្លួនចុះ​នៅ​ឆ្នាំ​២០១៤។

លោក​ ​ហេង​ ​ស្រ៊ាង​ បន្តថា​កិច្ច​ព្រមព្រៀង​មាន​សរសេរពី​ការ​មិន​យក​រឿង​បុគ្គល​មក​វាយ​ប្រហារ​គ្នា​ដើម្បី​កេង​ចំណេញ​នយោបាយ។

លោក​បន្ថែម​ថា​ អ្នក​នយោបាយ​គណបក្ស​ប្រឆាំង និង​គណបក្ស​ដទៃ ​គួរ​ផ្ដោត​លើ​ការ​សរសេរ​គោល​នយោបាយ​ដឹកនាំ​ប្រទេស​ ប្រសើរ​ជាង​តទល់​គ្នា​ក្នុង​រឿង​បុគ្គល​ដែល​នាំឲ្យ​ខូច​ដល់​ប្រយោជន៍​ប្រជា​ជាតិ​ខ្មែរ។

«គណបក្ស​សង្គ្រោះ​ជាតិ​ ឬ​គណបក្ស​មួយៗ​ហ្នឹង​ គួរ​តែ​មាន​គោលនយោបាយ​នៅ​ក្នុង​ការ​អភិវឌ្ឍ​ជាតិ​ ក្នុង​ការ​ធ្វើ​នូវ​អ្វី​ដែល​ខ្លួន​គិត​ថា​ល្អ​ គិត​ថា​ត្រូវ​ហ្នឹង​ សរសេរ​ជា​គោលនយោបាយ​តែ​ម្ដង​ទៅ​ ថា​តើ​គួរ​ដឹក​នាំ​ប្រទេស​ហ្នឹង​ ធ្វើ​ម៉េច​ឲ្យ​ប្រជាពលរដ្ឋ​មាន​ទឹក​ធ្វើ​ស្រែ អ្នក​ចម្ការ​មាន​ទឹក​ធ្វើ​ស្រែ​ ហើយ​មាន​ទុន​ ហើយ​មាន​ទីផ្សារ​ ហើយ​ធ្វើ​ម៉េច​ឲ្យ​រាស្ត្រ​ ឲ្យ​យុវជន​ហ្នឹង​ចប់​ការ​សិក្សា​ទៅ​ ឲ្យ​មាន​ការ​ងារ​ធ្វើ ​កុំ​ឲ្យ​មាន​ចំណាកស្រុក​ច្រើន​ពេក​ ហើយ​ធ្វើ​ម៉េច​លុបបំបាត់​អំពើ​ពុករលួយ​ម៉េច​ ឬ​ក៏​លុប​បំបាត់​ការកាប់​បំផ្លាញ​ព្រៃ​ឈើ​ហ្នឹង​ម៉េច​ អា​ហ្នឹង​វា​សំខាន់»។

គណបក្ស​កាន់​អំណាច​ និង​គណបក្ស​ប្រឆាំង ​បាន​ប្រឈមមុខ​ដាក់​គ្នា​អស់​រយៈពេល​ជាច្រើន​ខែ​ ហើយមិន​ទាន់​មាន​សញ្ញា​ណា​មួយ​ដែល​ថា​ ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​ទាំងពីរ​ នឹង​ជួប​ចរចា​គ្នា​ ដើម្បី​បន្ធូរបន្ថយ​ភាព​តាន​តឹង​នេះ​នៅ​ឡើយ​ទេ។​

លោក​ សុខ​ ឥសាន្ត អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​មាន​ប្រសាសន៍​ប្រាប់​ VOA​ ថា​ លោក​មិន​ទាន់​ទទួល​ដំណឹង​ថា​មាន​អ្នក​នយោបាយ​មក​ពី​គណបក្ស​ប្រឆាំង​ មកទាក់ទង​សុំ​ឲ្យ​មានការ​ជួប​សន្ទនា​គ្នា​នោះ​ទេ។​

លោក​បន្ត​ថា​ ទោះ​បី​ជា​មានការ​សន្ទនា​គ្នា​ឡើងវិញ​ក៏ដោយ​ ក៏អ្នក​នយោបាយនៃ​គណបក្ស​ទាំងពីរ មិន​អាច​លូក​ដៃ​ចូល​រឿង​ក្ដីក្ដាំ​ក្នុង​តុលាការ​ដែល​បាន​សម្រេច​ឃុំ​ខ្លួន​មន្ត្រី​គណបក្ស​ប្រឆាំង​ និង​ក្រុម​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​បាន​ទេ។

លោក​បញ្ជាក់​បន្ថែម​ថា​ កម្ពុជា ​មិន​បាន​ជួប​ការ​ប្រេះ​ឆាផ្នែក​នយោបាយ​នោះ​ឡើយ​ ហើយ​អ្វី​ដែល​កំពុង​កើត​ឡើង​ គឺ​ជា​រឿង​បុគ្គល​របស់​អ្នក​នយោបាយ​គណបក្ស​ប្រឆាំង​តែ​ប៉ុណ្ណោះ។​

«ខ្ញុំ​យល់​ថា​ អត់​មាន​បែក​បាក់​អី​ទេ។​ ​គណបក្ស​និង​គណបក្ស​មាន​ឈ្លោះ​គ្នា​ឯ​ណា។ វា​អត់​មាន​ឈ្លោះ​គ្នា​ តែ​វា​រឿង​គាត់​តវ៉ា​អ្នក​ជាប់​ទោស​ទេ​តើ​ ហើយ​ជាប់​ទោស​រឿង​អី​ ដោយសារ​រឿង​អី​ ដោយ​សារ​គាត់​ប្រព្រឹត្ត​បទ​ល្មើស ល្មើស​ច្បាប់។ ដូច្នេះ​ អា​ហ្នឹង​ គាត់​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ ហើយ​ដូច្នេះ​ហើយ​ទៅ​អំពាវនាវ​ម៉េច​ ក៏​វា​មិន​បាន​ដែរ។ នាង​ចេក​នាង​ចម​ ឬ​វិញ្ញាណក្ខន្ធ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ មិន​ជួយ​អ្នក​ប្រព្រឹត្ត​ខុស​ទេ។​ លោក​ជួ​យ​តែ​អ្នក​ល្អ​ត្រឹម​ត្រូវ​តើ»។​

យ៉ាង​ណា​ក៏​ដោយ​ លោក សុន​ ឆ័យ​ អនុ​ប្រធាន​គណៈកម្មការ​ហិរញ្ញវត្ថុ​ និង​ធនាគារ​នៅ​សភា​ជាតិ​ បញ្ជាក់​បន្ថែម​ថា​ ក្រុម​អ្នកតំណាង​រាស្ត្រ​ខាង​គណបក្ស​ប្រឆាំង នឹង​ទៅ​បន់​ស្រន់​ សុំ​ការ​ជួយ​ពី​លោក​តា​ឃ្លាំងមឿង​នៅ​ខេត្ត​ពោធិ៍​សាត់​បន្ត​ទៀត។

រីឯ​លោក​ សម​ រង្សី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បន្ត​សុំ​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់​សំពាធ​មក​លើ​រដ្ឋាភិបាល​ខ្មែរ​ ដើម្បី​ទាញ​សភាព​ការណ៍​នយោបាយ​ដែល​លោក​យល់​ថា​ស្ថិត​ក្នុង​ភាព​អាសន្ន​ ​ឲ្យ​វិល​មក​រក​ស្ថាន​ការណ៍​ធម្មតា​វិញ៕

XS
SM
MD
LG