ក្រោយពីបានចុះឈ្មោះបោះឆ្នោតនៅសង្កាត់ដែលមិនមែនជាទីលំនៅរបស់លោក លោក កឹម សុខា ប្រធានស្តីទីគណបក្សប្រឆាំងបានប្រកាសថា លោកនឹងបន្តស្នាក់នៅក្នុងស្នាក់ការគណបក្ស ដើម្បីតស៊ូបែបអហិង្សាទាមទារឲ្យមានដំណោះស្រាយនយោបាយដោយសន្តិវិធី។
លោក កឹម សុខា នៅថ្ងៃពុធនេះ បានចេញពីស្នាក់ការគណបក្សជាលើកដំបូងដើម្បីចុះឈ្មោះបោះឆ្នោត បន្ទាប់ពីលោកបានសម្ងំលាក់ខ្លួនអស់រយៈពេលជិត៥ខែ ដើម្បីគេចពីការចាប់ខ្លួន។ ក្រោយត្រឡប់មកពីចុះឈ្មោះបោះឆ្នោត លោកប្រកាសបន្តស្នាក់នៅក្នុងស្នាក់ការបក្ស ដោយអះអាងថា វាជាការតស៊ូបែបអហិង្សាអាចនាំឲ្យមានដំណោះស្រាយនយោបាយ។
កាលពីថ្ងៃទី១០ខែកញ្ញា តុលាការបានសម្រេចកាត់ទោសលោក កឹម សុខា ឲ្យជាប់ពន្ធនាគាររយៈពេល៥ខែ និងពិន័យជាប្រាក់៨សែនរៀល ពីបទ «បដិសេធមិនចូលខ្លួន» ដោយគ្មានមូលហេតុត្រឹមត្រូវពាក់ព័ន្ធនឹងបទសញ្ចារកម្ម ទាក់ទងនឹងរឿងអាស្រូវស្នេហាលួចលាក់ជាមួយអតីតនារីកាត់សក់វ័យក្មេងម្នាក់ ដែលត្រូវបានគេស្គាល់ថាឈ្មោះ ខុម ចាន់តារ៉ាទី ហៅស្រីមុំ។
នាព្រឹកថ្ងៃទី៥ ខែតុលា លោក កឹម សុខា បានទៅចុះឈ្មោះបោះឆ្នោតនៅការិយាល័យក្នុងសាលាសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ។ ក្រោយត្រឡប់មកពីចុះឈ្មោះបោះឆ្នោតវិញ លោក កឹម សុខា ថ្លែងទៅកាន់អ្នកគាំទ្រនៅទីស្នាក់ការបក្សថា លោកចង់ឲ្យបរិយាកាសនយោបាយវិលទៅរកភាពប្រក្រតីឡើងវិញ ដើម្បីឲ្យមានការបោះឆ្នោតស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋ។
លោក កឹម សុខា បញ្ជាក់ថា៖
«ខ្ញុំស្នាក់នៅទីស្នាក់ការនេះអស់ជាង៤ខែ គឺដើម្បីធ្វើការតស៊ូមតិ ដើម្បីទាមទាររកដំណោះស្រាយនយោបាយ ដើម្បីវិលទៅរកភាពប្រក្រតីវិញ ដូច្នេះរកច្រកណាក៏ដោយឲ្យតែអាចឈានទៅរកដំណោះស្រាយនយោបាយ វិលទៅរកភាពប្រក្រតីឡើងវិញ ដើម្បីឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ដើម្បីឆ្លុះបញ្ចាំងពីឆន្ទៈប្រជាពលរដ្ឋ គណបក្សសង្គ្រោះជាតិត្រូវតែធ្វើដំណើរទៅហ្នឹង ធ្វើដំណើរទៅរកកន្លែងណាដែលអាចមានដំណោះស្រាយដោយអហិង្សា ដោយសន្តិវិធី»។
ការចាកចេញពីទីស្នាក់គណបក្សរបស់លោក កឹម សុខា គឺក្រោយពីលោក ហ៊ុន សែន បានប្រកាស «បទឈប់បាញ់» ពាក់ព័ន្ធនឹងនយោបាយក្នុងអំឡុងពេលបុណ្យភ្ជុំ ព្រមទាំងបង្ហើបថា ការចរចារវាងគណបក្សធំៗទាំងពីរអាចធ្វើទៅបាននៅក្នុងរដ្ឋសភា និងការបញ្ជាក់របស់អាជ្ញាធរថា សាលក្រមដែលតុលាការផ្តន្ទាទោសលោក កឹម សុខា ឲ្យជាប់ពន្ធនាគាររយៈពេល៥ខែ មិនទាន់ចូលជាស្ថាពរ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ប្រាប់ VOA ថា លោក កឹម សុខា មិនបានបារម្ភថា នឹងមានការចាប់ខ្លួនរូបលោកនោះទេ ដោយលោកថា លោក កឹម សុខា ត្រូវបំពេញកាតព្វកិច្ចជាអ្នកតំណាងរាស្រ្ត និងជាពលរដ្ឋ ស្របពេលដែលស្ថានភាពនយោបាយហាក់មានភាពធូរស្រាលជាងមុន។
លោកបន្ថែមថា គណបក្សសង្គ្រោះជាតិនឹងបន្តប្រជុំពិភាក្សាបន្ថែមពាក់ព័ន្ធនឹងការសម្រេចថា តើតំណាងរាស្រ្តគណបក្សប្រឆាំង ដែលរួមមានលោក កឹម សុខា ផងនោះនឹងចូលប្រជុំសភានៅថ្ងៃទី៧ ខែតុលា ខាងមុខ ឬអត់។
អ្នកវិភាគពីការអភិវឌ្ឍសង្គម លោក មាស នី ប្រាប់ VOA ថា ការចុះឈ្មោះបោះឆ្នោតរបស់លោក កឹម សុខា ដោយមិនមានការរារាំងនេះ បង្ហាញពីស្ថានភាពនយោបាយដែលកំពុងឈានទៅរកភាពប្រសើរឡើង។
អ្នកវិភាគរូបនេះបញ្ជាក់ថា៖
«ឯកឧត្តម កឹម សុខា អាចចុះឈ្មោះបោះឆ្នោតបាន យើងគិតថា វាជាភាពប្រសើរឡើងនៃភាពតានតឹងផ្នែកនយោបាយមួយទៀតដែលជា ដូចថា ផ្តល់ភ្លើងខៀវនៃសេចក្តីសង្ឃឹម ក៏ប៉ុន្តែយើងក៏មិនទាន់ទុកចិត្តដែរ យើងចាំមើលពីរបីថ្ងៃទៀតមើល វាមានស្ថានការណ៍អីកើតឡើង»។
លោក មាស នី បន្ថែមយ៉ាងដូច្នេះថា៖
«បើសិនណាជាគេមានចេតនាក្នុងការរារាំង ខ្ញុំគិតថា សូម្បីតែការដែលឯកឧត្តម កឹម សុខា ទៅចុះឈ្មោះបោះឆ្នោត បើគេចង់រារាំង ខ្ញុំគិតថា គេនៅតែរារាំងបានហ្នឹង គេថាដោយសារឯកឧត្តម កឹម សុខា ស្ថិតនៅក្នុងដំណើរការមួយនៃការកាត់ទោសនៅក្នុងតុលាការ អញ្ចឹងបើគេមិនឲ្យចុះអាហ្នឹងគេនៅតែថាបាន ព្រោះអីនៅស្រុកយើងស្អីក៏គេអាចធ្វើបាន»។
កម្តៅនយោបាយនៅកម្ពុជាបានកើនឡើងខ្លាំងបន្ទាប់ពីតុលាការកាត់ទោស លោក កឹម សុខា ឲ្យជាប់ពន្ធនាគារ។ សហគមន៍អន្តរជាតិចំនួន៣៦ប្រទេស មានទាំងមហាអំណាចសេដ្ឋកិច្ច និងប្រជាធិបតេយ្យ បានចេញសេចក្តីថ្លែងការណ៍រួម ទទូចឲ្យរដ្ឋាភិបាលកម្ពុជាធានាការពារគណបក្សប្រឆាំងនិងសង្គមស៊ីវិលនៅកម្ពុជា។
ពាក់ព័ន្ធនឹងសាលក្រមកាត់ទោសលោក កឹម សុខា ដែលនឹងត្រូវចូលជាស្ថាពរនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ខាងមុខនេះ លោក សំ សុគង់ មេធាវីការពារក្ដីឲ្យប្រធានស្តីទីគណបក្សប្រឆាំងដែលកំពុងបន្តស្នាក់នៅក្នុងទីស្នាក់ការបក្សនៅសង្កាត់ចាក់អង្រែលើ ប្រាប់ VOA ថា ក្រុមមេធាវីបានដាក់ពាក្យបណ្ដឹងមិនសុខចិត្តទៅឧទ្ធរណ៍ នៅព្រឹកថ្ងៃទី៥ ខែតុលា ប្រឆាំងនឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ទោសលោក កឹម សុខា ឲ្យជាប់ពន្ធនាគាររយៈពេល៥ខែ និងពិន័យជាប្រាក់៨សែនរៀល៕