ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្នងការ​សហភាព​អឺរ៉ុប​ប្រកាស​ផ្តល់​ថវិកា​គាំទ្រ​កម្មវិធី​អភិវឌ្ឍន៍​សំខាន់ៗ​មួយ​ចំនួន​ដល់​កម្ពុជា


គណៈប្រតិភូរបស់សហភាពអឺរ៉ុប​ថតរូប​ជាមួយ​ជាមួយមន្ត្រី​រាជរដ្ឋាភិបាលកម្ពុជា ក្នុងអំឡុងទស្សនកិច្ចនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។ (Facebook/European Union in Cambodia)
គណៈប្រតិភូរបស់សហភាពអឺរ៉ុប​ថតរូប​ជាមួយ​ជាមួយមន្ត្រី​រាជរដ្ឋាភិបាលកម្ពុជា ក្នុងអំឡុងទស្សនកិច្ចនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។ (Facebook/European Union in Cambodia)

ស្នងការ​សហភាព​អឺរ៉ុប​ទទួល​បន្ទុក​ភាព​ជាដៃគូ​អន្តរជាតិ​ អ្នកស្រី Jutta Urpilainen ចាប់​ផ្តើម​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ ហើយ​បាន​ជួប​ពិភាក្សា​ជាមួយ​មេដឹកនាំ ​និង​ក្រុម​មន្ត្រី​កម្ពុជា​លើ​បញ្ហា​ជាច្រើន​ទាក់ទង​ដំណើរការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​ដែល​ជិត​រួច​ផុត​ឋានៈ​ពី​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិចតួច។

ទស្សនកិច្ច​របស់​អ្នកស្រី​ស្នងការ​ Urpilainen គឺ​ជា​ទស្សនកិច្ច​ខ្ពស់​បំផុត​របស់​មន្ត្រី​សហភាព​អឺរ៉ុប​មក​កាន់​ប្រទេស​កម្ពុជា គិត​ចាប់​តាំង​ពី​រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជាបាន​ស្បថ​ចូល​កាន់​តំណែង​កាល​ពី​ខែ​សីហា​ឆ្នាំ​ ២០២៣។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា។​

អំឡុង​ពេល​មាន​វត្តមាន​នៅ​ប្រទេស​កម្ពុជា​ អ្នកស្រី​ស្នង​ការ​ Urpilainen បាន​ឱ្យ​ដឹង​អំពី​ការ​បន្ត​កិច្ច​សហការ​ជាមួយ​ប្រទេស​កម្ពុជា​លើ​វិស័យ​សំខាន់ៗ​មួយ​ចំនួន​ ទាក់ទិន​ការ​កសាង​សមត្ថភាព​ធនធាន​យុវជន​ ការ​អប់រំ​ក្នុង​បរិបថ​ឌីជីថល​ ការ​ផលិត​ទឹក​ស្អាត​នៅ​ក្រុងភ្នំពេញ​ និង​តាខ្មៅ​ តាម​រយៈ​រោងចក្រ​ប្រព្រឹត្តកម្ម​សម្អាត​ទឹក​ បាខែង​ដំណាក់កាល​ទី ៣។ អ្នកស្រី​ក៏​បាន​ចូលរួម​ពិធីចុះ​កិច្ច​ព្រមព្រៀង​ហិរញ្ញប្បទាន​ឥត​សំណង​ដែល​មាន​ទឹកប្រាក់​ប្រមាណ​៨៥លាន​ដុល្លារ​ដើម្បី​អនុវត្ត​កម្មវិធី​ថ្មី​របស់​សហភាព​អឺរ៉ុប​ចំនួន ​៤ ដើម្បី​អភិវឌ្ឍ​វិស័យ​សំខាន់ៗ​ មាន​ដូច​ជា​កសិកម្ម​ សម្លៀកបំពាក់​ ស្បែក​ជើង​ និង​ទំនិញ​ធ្វើ​ដំណើរ​ ការអប់រំ និង​ស្រាវជ្រាវ ហើយនិង​ពាណិជ្ជកម្ម​ និង​វិស័យ​ឯកជន។​

​កាល​ពី​ថ្ងៃ​ពុធ​ អ្នកស្រី​ស្នងការ​ Urpilainen ក៏​បាន​ពិភាក្សា​ជាមួយ​មេដឹកនាំ​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​គឺ​លោក​នាយកដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​អំពី​កិច្ច​សហការ​របស់​ប្រទេស​កម្ពុជា​លើ​វិស័យ​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​របស់​សហភាព​អឺរ៉ុប​ កម្មវិធី​កិច្ច​សហការ​ជាច្រើន​របស់​សហភាព​អឺរ៉ុប​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក្នុង​នោះ​គឺ​គំនិត​ផ្តួចផ្តើម​ក្រុមអឺរ៉ុប​ និង​គម្រោង​ពាណិជ្ជកម្ម​សាកល (Global Gateway flagships and Team Europe Initiatives) ដោយ​បាន​មើល​ឃើញ​ពី​ការ​ចាក​ចេញ​របស់​ប្រទេស​កម្ពុជា​ពី​ប្រទេស​មាន​ការ​អភិវឌ្ឍ​តិចតួច​ ហើយ​ការ​ចាកចេញ​នោះ​កំពុង​ខិត​ជិត​ចូល​មក​ដល់។

សេចក្តី​ប្រកាស​ព័ត៌មានរបស់​គណៈ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ដែល​ចេញផ្សាយ​លើ​ប្រព័ន្ធ​សង្គមហ្វេសប៊ុក​កាលពី​ថ្ងៃ​ពុធ​ បាន​ឱ្យ​ដឹង​ថា ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​លើ​បញ្ហា​សិទ្ធិ​មនុស្ស និង​បញ្ហា​សាកល​ជាច្រើន​ផងដែរ។

សេចក្តី​ប្រកាស​ព័ត៌មានបាន​សរសេរ​ថា៖ «ភាគី​ទាំងពីរ​បាន​ពិភាក្សា​បន្ថែម​លើ​សិទ្ធិមនុស្ស​ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ហើយ​និង​បញ្ហា​សាកលលោក​ជាច្រើនដូច​ជា​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន និង​ស្ថានភាព​នៅ​ប្រទេស​មីយ៉ាន់ម៉ា»។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅនៃអង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូលោក អំ សំអាត​ ប្រាប់​វីអូអេ​ថា កម្ពុជា​និង​សហភាព​អឺរ៉ុប​នៅ​មិន​ទាន់​ស្រុះស្រួល​គ្នា​នៅឡើយ​ លើ​បញ្ហា​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស។ លោក​ជឿ​ថា​ អ្នកស្រី​ស្នងការ​ Urpilainen នឹង​ពិនិត្យ​មើល​ស្ថានភាព​នៃ​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ក្រៅ​ពី​កិច្ចការ​ផ្សេង​ទៀត​ ក្នុង​ពេល​អ្នកស្រី​មាន​វត្តមាន​នៅ​កម្ពុជា។​

​លោក​ថ្លែង​ថា៖​ «អ៊ីចឹង​វត្តមាន​របស់​ឧត្តម​ស្នងការ​សហគមន៍​អឹរ៉ុប​នៅ​ពេល​នេះ​ ទី​មួយ​គឺ​ពង្រឹង​កិច្ច​ប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ ហើយ​និង​ពិនិត្យ​មើល​ឡើង​វិញ​អំពី​ស្ថានភាព​លទ្ធិប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ និង​ការ​ជជែក​ពិភាក្សា​គ្នា​ ហើយ​និង​ការ​ពិនិត្យ​ដោយ​ផ្ទាល់​ ហើយ​និង​ធ្វើ​ការ​វាយតម្លៃនៅ​ពេល​ក្រោយ​ឡើង​វិញ​ អានេះ​គឺ​ជា​រឿង​ល្អសម្រាប់​ទំនាក់ទំនង​និង​ការ​ទស្សនកិច្ច​របស់​ឧត្តម​ស្នងការ​សហគមន៍​អឺរ៉ុប»។

លោក​មាន​សុទិដ្ឋិនិយម​ថា​ មន្ត្រី​ជាន់​ខ្ពស់​សហភាព​អឺរ៉ុប​រូប​នេះ​ នឹង​វាយតម្លៃ​បាន​ត្រឹមត្រូវ​អំពី​ស្ថានការណ៍​នៃ​ការ​គោរពសិទ្ធិមនុស្ស​ និង​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​ ពាក់ព័ន្ធ នឹង​ការ​ទទួល​បាន​មកវិញ​ពេញលេញ​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «គ្រប់​មុខទំនិញ លើក​លែងសព្វាវុធ» ហៅ​កាត់​ថា​ EBA ឬក៏​រក្សា​បាន​ដដែល​នូវ​អ្វី​ដែល​កម្ពុជា​កំពុង​ទទួល​បាន​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ។

រូបឯកសារ៖ បុគ្គលិក​កំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​ឱ្យ​ក្រុមហ៊ុន H&M នៅខេត្តកណ្តាល ប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។
រូបឯកសារ៖ បុគ្គលិក​កំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​ឱ្យ​ក្រុមហ៊ុន H&M នៅខេត្តកណ្តាល ប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។

សហភាព​អឺរ៉ុបបាន​បន្ត​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​ ស្តា​ដំណើរការ​ប្រជាធិបតេយ្យ​ឡើង​វិញ​ នៅ​ក្រោយ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ជំទាស់​ធំ​មួយ​កាល​ពី​ឆ្នាំ​២០១៧​ ពោល​គឺ​បន្ទាប់​ពី​សំឡេង​គាំទ្រ​គណបក្ស​នេះ​បាន​កើន​ឡើង​ខ្លាំង​គួរ​ឱ្យ​តត់​សម្គាល់​ក្នុង​ការ​បោះឆ្នោត​ឃុំសង្កាត់ មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨។

កាល​ពី​ខែ​សីហា ​ឆ្នាំ​ ២០២០ ​សហភាព​អឺរ៉ុប​បាន​សម្រេច​កាត់​ផ្តាច់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ EBA​ ចំនួន​ ២០%​ ពី​កម្ពុជា ​ដែល​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​សម្លៀកបំពាក់​ទៅ​ប្រទេស​នៅ​អឺរ៉ុប។ ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA ​មួយ​ផ្នែក​ នេះ​កើត​ឡើង​បន្ទាប់​ពី​សហភាព​អឺរ៉ុប​បាន​រក​ឃើញ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ​ និង​ការ​ធ្លាក់​ចុះ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា។

កាល​ពី​ខែ​ឧសភា​ ឆ្នាំ​ ២០២២​ សមាជិក​សភា​អឺរ៉ុប​ភាគ​ច្រើន​លើស​លប់​បាន​បោះឆ្នោត​សម្រេច​លើ​ញត្តិ​មួយ ​ដោយ​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​អំពី​ការ​បន្ត​បង្រ្កាប​ខាង​នយោបាយ​នៅ​កម្ពុជា​ ហើយ​បាន​ជំរុញ​ឱ្យ​គណៈ​កម្មការ​អឺរ៉ុប​ត្រៀម​ខ្លួន​ក្នុង​ការ​ដក​ឋានៈ​អនុ​គ្រោះ​ពន្ធ ​EBA ​ទាំង​ស្រុង ​ប្រសិន​បើ​ការ​ដំណើរ​ការ​បោះ​ឆ្នោត​មិន​ត្រូវ​បាន​រៀប​ចំឡើង​ដោយ​ត្រឹមត្រូវ​ និង​យុត្តិធម៌។​

អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោក​ ​ប៉ែន បូណា បដិសេធ​ផ្តល់​ការ​អត្ថាធិប្បាយ​នៅ​ថ្ងៃ​ពុធ​នេះ។

បន្ទាប់​ពី​បាន​ជួប​ពិភាក្សា​មេដឹកនាំ​កម្ពុជា​ និង​រដ្ឋមន្ត្រី​មួយ​ចំនួន​ រួម​មាន​រដ្ឋមន្ត្រី​ក្រសួង​អប់រំ និង​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​ បចេ្ចកវិទ្យា​ និង​នវានុវត្តន៍ អ្នកស្រី​ស្នងការ​ Jutta Urpilainen បាន​ជួប​សន្ទនា​ជាមួយ​ អនុប្រធាន​ទី ​២ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា។

កិច្ច​សន្ទនា​នោះ​បាន​អបអរ​ការ​ចាប់​ផ្តើម​យុទ្ធនាការ​នៃ​គំនិត​ផ្តួចផ្តើម​ក្រុម​អឺរ៉ុប​ចំនួន​ពីរសម្រាប់​កម្ពុជា ដោយ​មួយ​ផ្នែក​ផ្តោត​លើ​ «កសិពាណិជ្ជកម្ម​បៃតង​ និង​ការងារ​សមរម្យ» ដែល​មាន​ទឹក​ប្រាក់​ប៉ាន់​ស្មាន​ប្រមាណ ​១,១ ​ពាន់​លាន​ដុល្លារ​អាមេរិក និង​មួយ​ផ្នែក​ទៀត​ផ្តោត​លើ​«រោងចក្រ​បៃតង​ និង​ការងារ​សមរម្យ»​ ដែល​មាន​ទឹក​ប្រាក់​ប៉ាន់ស្មាន​ប្រមាណ ​៤៣០​ លាន​ដុល្លារ​អាមេរិក។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈប្រតិភូ​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ គំនិត​ផ្ដួចផ្ដើម​ទាំង​អស់​នេះ​ នឹង​ផ្តល់​ក្របខណ្ឌ​មួយ​សម្រាប់​ក្រុម​អឺរ៉ុប​ ដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​ស្រប​គ្នា​ទៅ​នឹងគោលដៅ​រួម​នៅ​ក្នុង​វិស័យ​នយោបាយ​នានា​ដែល​ជា​អាទិភាព​សម្រាប់​ទាំង​សហភាព​អឺរ៉ុប និង​កម្ពុជា​ ជាពិសេស​គឺ​រោងចក្រ​និង​កសិពាណិជ្ជកម្ម​បៃតង​ដែល​មាន​ចីរភាព​ និង​ការងារ​សមរម្យ។

គណៈប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​មិន​ទាន់​ឆ្លើយ​តប​សំណួរ​របស់​សំឡេង​សហរដ្ឋ​អាមេរិក ជុំវិញ​ការ​ពិភាក្សា​រវាង​អ្នកស្រី​ស្នងការ Urpilainen និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ ម៉ាណែត អំពីស្ថានភាព​នយោបាយ​នៅ​កម្ពុជា។ ​

​យ៉ាងណាក៏ដោយ​ ​គណៈប្រតិភូ​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ជាក់​ឱ្យ​ដឹង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ខ្លួន​ថា ​អ្នកស្រី​ស្នង​ការ​ Urpilainen បាន​ជ្រើសរើស​ប្រទេស​កម្ពុជា​ជា​ប្រទេស​ដំបូង​គេ​ដើម្បី​ទស្សនកិច្ច​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។ ការ​ទំនាក់ទំនង​របស់​អ្នកស្រី​ជាមួយ​រដ្ឋាភិបាល​កម្ពុជា យុវជន​ និង​សង្គមស៊ីវិល​ ជា​ការ​ផ្តល់ឱកាស​សម្រាប់​ការ​ពិចារណា​ឱ្យ​បាន​ដិតដល់​លើ​កិច្ច​សហការ​យូរអង្វែង​រវាង​សហភាព​អឺរ៉ុប​និង​កម្ពុជា​ ហើយ​ដើម្បី​ប្រកាស​គំនិត​ផ្តួចផ្តើម​ថ្មីៗ​សម្រាប់​ជំរុញ​ការ​វិនិយោគ​ក្នុង​ភាព​ជា​ដៃគូ​ជាមួយ​សហភាព​អឺរ៉ុប៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG