ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកតស៊ូមតិ៖ ការស្តារ​ឡើងវិញ​នូវ​ការ​គោរព​សិទ្ធិកម្មករ​ចាំបាច់​ដល់​ការ​ទទួល​បាន​ពេញលេញ​នូវ​ឋានៈអនុគ្រោះ​ពន្ធ EBA និង GSP


រូបឯកសារ៖ បុគ្គលិក​កំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​ឱ្យ​ក្រុមហ៊ុន H&M នៅខេត្តកណ្តាល ប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។
រូបឯកសារ៖ បុគ្គលិក​កំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​ឱ្យ​ក្រុមហ៊ុន H&M នៅខេត្តកណ្តាល ប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។

ការ​ធ្វើ​ឲ្យ​ប្រសើរ​វិញ​នូវ​ការ​គោរព​សិទ្ធិ​កម្មករ និង​ការ​ផ្តល់​ឲ្យ​សហជីព​ឯករាជ្យ នូវ​សិទ្ធិ​សេរីភាព​ដើម្បី​ការពារ​ប្រយោជន៍​កម្មករ​ជា​ចំណុច​ស្នូល​សម្រាប់​កម្ពុជា​ក្នុង​ការ​ទទួល​បាន​ត្រឡប់​មកវិញ​នូវ​ឋានៈ​អនុគ្រោះពន្ធ​ពេញលេញរបស់​សហភាព​អឺរ៉ុប​គឺ​ «​គ្រប់​មុខ​ទំនិញ​លើក​លែង​តែ​សព្វាវុធ​»​ ហៅកាត់​ថា EBA និង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅរបស់​សហរដ្ឋ​អាមេរិក​ហៅកាត់​ថា​ GSP។ នេះ​ជា​ការ​បកស្រាយ​របស់​អ្នក​តស៊ូមតិ​ក្នុង​វិស័យ​ការងារ​តាម​អត្ថបទ​បញ្ចេញ​មតិមួយ​ដែល​វីអូអ​បាន​ទទួល។

កាល​ពី​ខែ​សីហា ឆ្នាំ ​២០២០ សហភាព​អឺរ៉ុប​បាន​ដក​មួយ​ផ្នែក​នៃ​ឋានៈ​អនុគ្រោះពន្ធ​ EBA របស់​ខ្លួន​ស្មើ​នឹង​ ២០ ភាគរយ​ ដោយ​សារ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជាប្រព័ន្ធ​នៅ​កម្ពុជា ហើយ​រហូត​មក​ដល់​ពេល​នេះ​ សហរដ្ឋ​អាមេរិក​មិន​ទាន់​បញ្ជាក់​ថា​ កម្ពុជា​អាច​នឹង​ទទួល​បាន​ឋានៈ​អនុគ្រោះ​ពន្ធ​ GSP ជាថ្មី​ទៀត​ ឬ​យ៉ាង​ណា​នោះ​ទេ។​

នៅ​ក្នុងការ​ផ្សព្វផ្សាយអត្ថបទ​បញ្ចេញ​មតិ​មួយ​ មុនពេល​ចាប់​ផ្តើម​ដំណើរការ​ពិនិត្យ​ជា​សាកល​តា​ម​កា​ល​កំណត់​ទៅ​លើ​ប្រវត្តិសិទ្ធិ​មនុស្ស ​(Universal Periodic Review ឬ UPR) នៅ​អង្គការ​សហ​ប្រជាជាតិនា​ខែ​កុម្ភៈ​នេះ ប្រធាន​គ្រប់​គ្រង​កម្មវិធី​ការ​ងារ​របស់​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា​សង់​ត្រាល់ ​លោក​ ឃុន ថារ៉ូ បាន​បកស្រាយ​ថា​ ស្ថានភាពនៃ​ការ​គោរពសិទ្ធិ​កម្មករ​នៅ​មិន​ទាន់​មាន​ភាព​ប្រសើរ​ឡើង​នៅឡើយ​ ហើយ​សហជីព​ឯករាជ្យ​ដែល​ការពារ​ប្រយោជន៍​កម្មករ​ជា​រឿយ​ៗ​រង​ការ​យាយី​តាម​ផ្លូវ​ច្បាប់​ ការ​គំរាម​កំហែង ​ និង​បាន​កំពុង​បាត់​បង់​សិទ្ធិ​ជួយ​កម្មករ​ ព្រោះ​តែ​ចំណុច​សំខាន់​មួយ​គឺ​«ភាព​ជា​តំណាង​បំផុតរបស់​កម្មករ»​ដែល​នៅ​មិន​ទាន់​ត្រូវ​បាន​កែ​សម្រួល​។​

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះថា សិទ្ធិ​ជា​មូលដ្ឋាន​មួយ​ចំនួនរបស់​ពលរដ្ឋ​កំពុង​បន្ត​សិ្ថត​ក្រោម​ការរឹតត្បិត​ ដែល​ទាមទារ​ឲ្យមាន​កែ​ទម្រង់​ច្បាប់​ពាក់​ព័ន្ធ​ ដើម្បី​ធានាថាសិទ្ធិពលរដ្ឋ​គ្រប់​រូប​ រួម​ទាំង​កម្មករ ថ្នាក់​ដឹកនាំ​សហជីព​ ឬសកម្មជន​សង្គម​ឯទៀត​ៗ​ ក៏ដូច​ជា​អ្នកការពារ​សិទ្ធិមនុស្ស​ត្រូវ​បាន​គេ​គោរព​ និង​មិន​រង​ការ​បំពារ​បំពាន។

លោក​ថ្លែងថា​៖ «​បច្ចុប្បន្ន​នេះ​ នៅ​ពេល​ដែល​សកម្មជន​ ថ្នាក់​ដឹកនាំ​សហជីព​ ឬក៏​សកម្មជន​សង្គម​ ឬក៏​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ងារ​ ក្នុង​ការ​លើក​កម្ពស់​សិទ្ធិមនុស្ស​ត្រូវបាន​បន្ត​ទទួល​រង​នូវ​ការ​គំរាម​កំហែង​ ដូច​យើង​ដឹង​ហើយ​ថ្មី​ៗ​នេះ​ លោក​ស៊ឹង​ សែន​ករុណា ​ដែល​ជា​អ្នក​នាំពាក្យ​របស់​សមាគម​អាដហុក​ គាត់​ក៏ត្រូវ​បាន​ខាង​គណបក្ស​ប្រជាជន​ហ្នឹង​ធ្វើ​ការ​ប្តឹង​ទាក់​ទង​ទៅ​នឹង​ការ​លើក​ឡើង​របស់​គាត់​ជា​មួយ​នឹង​សារព័ត៌មាន​ឌឹ ខេមបូឌា​ដេលី ​ជាដើម​អីចឹង។ អានេះ​វា​ឆ្លុះបញ្ចាំង​អំពី​សិទ្ធិ​សេរីភាព​ជាមូលដ្ឋាន​នៅ​ក្នុង​ការ​លើកឡើង​អំពី​កង្វះខាត​ ឬក៏​នៅពេល​ដែល​យើង​ក្នុង​នាម​អង្គការ​សង្គម​ស៊ីវិលហ្នឹង​ ដែល​ធ្វើ​កិច្ចការ​ងារ​លើ​វិស័យ​ហ្នឹង​មើល​ឃើញ​ថា​ សិទ្ធិ​សេរីភាព​ ក្នុង​ការ​បញ្ចេញ​មតិ​នេះ​ វា​មាន​ការ​ធ្លាក់​ចុះ​អ៊ីចឹងអា​នេះ​វាជា​ទឡ្ហីករណ៍ជាសូចនាករ​មួយ»។

លោកបន្ថែមថា ​ក្នុងរយៈពេល ​៣ ឆ្នាំ​ចុងក្រោយនេះ​ ការ​គំរាមកំហែង​លើ​សហជីព​ឯករាជ្យ​ត្រូវ​បាន​ធ្វើ​ឡើង​ជា​លក្ខណៈប្រព័ន្ធ ខណៈមិន​មានការ​កែប្រែ​ច្បាប់​ស្តីពីការងារ​ និង​ច្បាប់​សហជីព​ដែល​អាច​យក​ជា​ការ​បាន​ក្នុងការ​លើក​កម្ពស់​សិទ្ធិការងារ​។

លោកថ្លែង​ថា​៖ «កន្លង​មក ​យើង​សង្កេត​ឃើញ​ថា​ មានការ​ស្នើ​ឲ្យ​មានការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការងារ​ច្បាប់​ស្តីពី​សហជីព​ដែល​ត្រូវ​រដ្ឋសភា​បាន​អនុម័ត​ ប្រកាស​ឲ្យ​ប្រើប្រាស់​ ក៏ប៉ុន្តែ​ការ​ធ្វើ​វិសោធនកម្ម ក៏ដូច​ជាការ​កែប្រែ​នូវ​មាត្រា​មួយចំនួន​ ហើយ​ភាគ​ច្រើន​នោះ​ វា​គ្រាន់​តែ​ជា​ការ​កែ​ប្រែ​ ការ​ធ្វើ​វិសោធនកម្ម​ គ្រាន់​តែ​ជា​និមិត្តរូប​តែ​ប៉ុណ្ណោះ​»។

រូបឯកសារ៖ កម្មកររោងចក្រ​កម្ពុជា​ដេរសម្លៀកបំពាក់​ក្នុង​រោងចក្រ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ នៅ​ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ​ ទី​២៣ ខែសីហា ឆ្នាំ​២០១៧។
រូបឯកសារ៖ កម្មកររោងចក្រ​កម្ពុជា​ដេរសម្លៀកបំពាក់​ក្នុង​រោងចក្រ​មួយ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ នៅ​ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ​ ទី​២៣ ខែសីហា ឆ្នាំ​២០១៧។

យោងតាមអត្ថបទ​បញ្ចេញ​មតិ​របស់​អ្នកតស៊ូមតិ​ក្នុងវិស័យ​ការងារ ​ដែល​បាន​ផ្ញើជូន​អង្គភាព​សារ​ព័ត៌មាន​កាលពី​សប្តាហ៍​មុន​ គណៈកម្មាការ​សហភាព​អឺរ៉ុប​បាន​កត់​សម្គាល់​ក្នុង​របាយ​ការណ៍​ចុង​ក្រោយ​ស្តីពី​ឋានៈ​អនុគ្រោះពន្ធ​ EBA របស់​ខ្លួន​មួយ​ថា​កម្ពុជា​នៅ​បណ្តោយ​ឲ្យ​កើត​មាន​ការ​រំលោភ​លើ​សិទ្ធិ​ជួបជុំ​ និង​ការ​ចរចា​រួម​គ្នា​។

អត្ថបទ​ដដែល​រៀបរាប់​ទៀតថា​ មានបញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​ជាច្រើន​បាន​កើតឡើង​ទៅលើ​ការ​ចុះ​បញ្ជី​សហជីព​ និងការ​ចរចា​រួមគ្នា ហើយ​ក៏មាន​ការ​បន្ត​ប្រើប្រាស់​កិច្ច​សន្យា​មាន​ថេរវេលា​កំណត់​ជា​ឧបករណ៍​ប្រឆាំង​នឹង​ការ​បង្កើត​សហជីព។ ​

ផ្អែក​តាម​ទិន្នន័យ​ដែល​ប្រមូល​បាន​ពីសហជីព​ និង​សហព័ន្ធ​ឯករាជ្យ​ យ៉ាង​ហោច​ណាស់​មាន​កម្មករ​ ​ចំនួន​ជិត ៣ម៉ឺន ៤ពាន់​នាក់ មក​ពី​រោងចក្រ​ចំនួន​ ៤៩ នៅ​បន្ត​ធ្វើ​ការ​ក្រោម​កិច្ចសន្យា​ដែល​មាន​ថេរវេលា​កំណត់​ បើ​ទោះបី​តាម​ធាតុ​ពិត​ជាក់​ស្តែង​ ពួក​គេ​ត្រូវ​ទទួល​បាន​កិច្ចសន្យាការងារ​ដែល​គ្មានថេរវេលាកំណត់ ហើយ​មានកម្មករ​ចំនួន ​៦៣០ ​នាក់ ​មិន​ត្រូវ​បាន​ជួល​ឲ្យ​ធ្វើ​ការងារវិញ​ បន្ទាប់​ពី​មាន​ការ​បង្កើត​សហជីព​។

នៅ​ក្នុង​ការ​ផ្តល់​អនុ​សាសន៍​ដល់​រដ្ឋាភិបាល​កម្ពុជា​ អ្នក​តស៊ូ​មតិ​ក្នុង​វិស័យ​ការងារ​ លើក​ឡើង​ចំណុច​សំខាន់​ៗមួយចំនួនថា​ រដ្ឋាភិបាល​ត្រូវ​ធ្វើ​ឲ្យមាន​ភាព​សាមញ្ញ​ជាង​មុន​នៃ​ការកំណត់​ភាព​ជា​តំណាង​បំផុត​របស់កម្មករ ដើម្បី​ដោះស្រាយវិវាទកម្មករ​ឲ្យបាន​ត្រឹមត្រូវ​តាម​រយៈក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល​ឯករាជ្យ​ កែប្រែ​បទប្បញ្ញត្តិ​ដែល​រឹតត្បតិ​សិទ្ធិ​ប្រមូល​ផ្តុំ​ និងសិទ្ធិធ្វើ​កូដកម្ម និង​ការ​ពារ​មេដឹកនាំ​សហជីព​ពី​អំពើ​ហិង្សា​ ការរើសអើង​ និង​ការ​ធ្វើ​ឲ្យ​មាន​ទោស​ទណ្ឌ។

លិខិត​បញ្ចេញ​មតិរ​បស់​អ្នក​តស៊ូ​មតិ​លើក​ឡើងថា៖ «​ការ​ដោះស្រាយ​ក្តីកង្វល់​នានា​ពាក់​ព័ន្ធ​នឹងសិទ្ធិមនុស្ស​ដែល​កំពុង​កើត​មាន ​គឺ​ជាកត្តា​សំខាន់​មួយ​សម្រាប់​ការ​ទទួល​បាន​មក​វិញ​ពេញលេញ នូវ​ឋានៈ​អនុគ្រោះពន្ធ​ EBA​ ក៏ដូច​ជា​ឲ្យ​កម្ពុជា​បាន​ត្រៀម​ខ្លួន​ទុកជាមុន​សម្រាប់​ការទទួល​បាន​ឋានៈ​អនុគ្រោះពន្ធ​សហរដ្ឋអាមេរិក​ GSP ដែល​ទាំង​អស់នេះទាមទារ​ការ​ប្តេជ្ញាចិត្ត​ដ៏គួរឲ្យ​ទុកចិត្ត​បាន​របស់​រដ្ឋាភិបាល​កម្ពុជា»។

អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​លោក ​កត្តា អ៊ន ច្រានចោល​ការ​លើកឡើង​របស់​សង្គម​ស៊ីវិល ​ដែល​ធ្វើការ​តស៊ូមតិ​ក្នុង​វិស័យ​ការងារ​ពាក់​ព័ន្ធ​នឹង​ការរឹតត្បិត​សិទ្ធិ​សហជីព​ ដោយ​ថា កម្ពុជា​ជា​ទី​ដែល​មាន​លម្ហ​សេរី​ភាព​យ៉ាង​ទូលំ​ទូលាយ​សម្រាប់​សហជីពដែល​ត្រូវ​តែ​អនុវត្ត​សិទ្ធិ​អំណាច​របស់​ខ្លួន​ទៅ​តាម​ច្បាប់​ស្តី​ពី​ការងារ និង​សហជីព។

លោក​បន្ថែមថា ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការងារ និង​សហជីព​ គឺដើម្បីធានា​ឲ្យមាន​ការ​គោរព​សិទ្ធិ​ការងារ​ឲ្យបាន​ប្រសើរ​ជាង​មុន ខណៈ​មាន​សហជីព​ សហ​ភាព​សហជីព​ និង​សហព័ន្ធ​សហជីព​ចំនួន​ជាង ​៦០០០ ​ត្រូវ​បាន​បង្កើត​ឡើង​និង​កំពុង​ធ្វើ​តាម​សកម្មភាព​នៅ​តាម​រោង​ចក្រ​ និង​សហគ្រាស​នានា​។ ​

លោក​ប្រាប់​វីអូអេថា៖ «រាជរដ្ឋាភិបាល​បាន​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ការងារ​ ក៏ដូច​ជាច្បាប់​សហ​ជីព​ក្នុង​គោល​ដៅ​ធានា​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​ការងារ​ លក្ខខណ្ឌ​ការងារ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត ក៏ដូច​ជា​ការ​គោរព​នូវ​វិធាន​ដែល​មាន​ចែង​ ពាក់​ព័ន្ធ​នឹង​សហជីព​ ការ​បង្កើត​សហជីព ការ​ចុះ​បញ្ជីការ​សហជីព​ និងការ​ប្រព្រឹត្តទៅ​នៃសហជីព​ ធ្វើ​យ៉ាង​ណា​ឲ្យ​បងប្អូន​កម្មករ​និយោជិត​ក្នុង​ការ​ជ្រើស​រើស​តំណាង​របស់​ខ្លួន ដែល​ជា​សហជីព​នេះ​ត្រឹមត្រូវ​តាម​ច្បាប់​ ហើយ​មាន​វិសាល​ភាព​នៅ​ក្នុង​ការ​ការ​ពារ​ផល​ប្រយោជន៍​របស់​កម្មករ​និយោជិត​ដ៏ពិត​ប្រាកដ»។

លោករៀបរាប់ទៀតថា៖ «មតិ​មួយចំនួន​ដែល​លើក​ឡើងថា ការ​ធ្វើវិសោធនកម្ម​ច្បាប់​ការ​ងារ​ក៏​ដូច​ជា​ច្បាប់សហជីព ​មិន​ផ្តល់​ប្រយោជន៍​ដល់​ភាគី​សហជីព​ក៏ដូច​ជា​កម្មករនិយោជិត​ គឺ​ជា​ការ​មិន​បាន​យល់​ដឹង​អំពី​ខ្លឹម​សារ​ច្បាស់​លាស់ មិន​បាន​អាន​ច្បាប់​ឲ្យ​បាន​ស៊ី​ជម្រៅ​នូវ​មាត្រា​ច្បាប់ ដូច្នេះ​ហើយ​ការណ៍​ដែលយើង​ មាន​ការ​ភាន់​ច្រឡំ​ មាន​ការ​មិន​យល់​ដឹង​ធ្វើ​ឲ្យ​យើង​មាន​ការ​បកស្រាយ ឬការ​អនុវត្ត​មិន ត្រឹម​ត្រូវ​។ ដូច្នេះ​អ្វីៗ​ក៏​ដោយ​ត្រូវ​ទាមទារ​ឲ្យ​មាន​ការ​ពិនិត្យ​ពិច័យ​ឲ្យ​ច្បាស់លាស់​ ឲ្យ​មាន​ការថ្លឹង​ថ្លែង​ឲ្យ​ច្បាស់​លាស់​ឲ្យ​មានការ វិភាគ​យល់​ដឹងអំពីខ្លឹម​សារ​ច្បាប់​ឲ្យ​ច្បាស់​លាស់​ទើប​យើង​អាច​ធ្វើ​ការងារ​មួយ​បាន​ត្រឹមត្រូវ​ក្នុង​ក្រប​ខណ្ឌ​ច្បាប់​ ដើម្បី​ធានា​ផល​ប្រយោជន៍​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ ជាពិសេស​ផលប្រយោជន៍​បងប្អូន​កម្មករ​និយោជិត​របស់​យើង​»។​

ដំណើរការ​ពិនិត្យ​ជា​សាកល​តាម​កាល​កំណត់​ទៅ​លើ​ប្រវត្តិសិទ្ធិ​មនុស្ស ​(Universal Periodic Review ឬ UPR) នៅ​អង្គការ​សហប្រជាជាតិ​លើក​នេះ គឺ​ជា​កា​រពិនិត្យ​ជុំទី ៤​ ដែល​ប្រព្រឹត្ត ទៅចាប់​ពីថ្ងៃទី​ ១២ ដល់ថ្ងៃទី​ ១៦​ ខែ​កុម្ភៈនេះ​។ ភាគី​រដ្ឋាភិបាល​កម្ពុជា​ក៏ត្រូវ​ដាក់​របាយការណ៍​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​ទៅក្នុង​ដំណើរ​ការ​ពិនិត្យ​ជាសាកល​តាម​កាល​កំណត់​នេះ​ដែរ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG