ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ឃ្លាំ​មើល​ទទូច​ឲ្យ​ពន្លឿន​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​១០​លាននាក់​តាម​ប្រព័ន្ធ​កុំព្យូទ័រ


រូបភាព​ឯកសារ៖ មជ្ឈមណ្ឌល​កុំព្យូទ័រ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត។
រូបភាព​ឯកសារ៖ មជ្ឈមណ្ឌល​កុំព្យូទ័រ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត។

គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​កំពុង​រៀប​ចំ​នីតិវិធី​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ទូទាំង​ប្រទេស​ជាថ្មី​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ដើម្បី​ឲ្យ​មាន​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​មួយ​មាន​ លក្ខណៈ​សុក្រិត្យ​និង​អាចទុក​ចិត្តបាន​ថា​ គ្មាន​ការ​ស្ទួន​ឈ្មោះ ​គ្មាន​កា​របាត់​ឈ្មោះ​ជាដើម។​ តែ​ការ​ចុះ​ឈ្មោះ​នេះ​មិនទាន់​ត្រូវ​គេ​ចាប់​ផ្តើម​ធ្វើ​នៅ​ឡើយ​ទេ ​ទោះជា​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ទូទាំង​ប្រទេស​ ដែល​អាចមាន​​ការ​​រុះរើ​ អំណាច​មូលដ្ឋាន​ដែល​គណបក្ស​គ្រប់គ្រង​ប្រទេស​កាន់កាប់​ភាគ​ច្រើន​លើស​លុប​ជាង​បី​ទស​វត្សរ៍​នេះ​ក្តី។​

លោក​គល់ បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោតឈ្មោះ​ ខុមហ្រ្វែល​បាន​ថ្លែង​ថា​ ការ​ចុះ​ឈ្មោះ​បោះឆ្នោត​លើក​នេះ​មាន​ទំហំ​ធំ ហើយត្រូវ​ការ​ការ​រៀបចំ​ច្រើន​ ត្រូវ​ការ​បុគ្គលិក​ ត្រូវការ​ជំនួយ​ជាថវិកា​ សម្ភារៈ ​បច្ចេកទេស​ និង​ធនធាន​ផ្សេងៗ​ទៀត​ ដើម្បី​ចុះ​ឈ្មោះ​បោះឆ្នោត​តាម​ប្រព័ន្ធ​ថ្មី​ដែល​តម្រូវ​ឲ្យ​ពលរដ្ឋ​ចុះ​ឈ្មោះ​ឡើង​វិញ។​

«ព្រោះ​ថា​ ការ​ចុះ​ឈ្មោះ​លើក​នេះ​គឺ​ជា​ការ​ចុះឈ្មោះ​ឲ្យ​ប្រជា​ពលរដ្ឋ​ឡើង​វិញ​ទាំងអស់​ មាន​ន័យថា​ អ្នក​ធ្លាប់​ចុះ​ឈ្មោះ​ពីមុន​ក៏ដោយ​ក៏ត្រូវ​មក​ចុះ​ឡើង​វិញ​ដែរ​ ព្រោះ​ដោយសារ​ ឥឡូវ​នេះ​យើង​មាន​ប្រព័ន្ធ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី ​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ហ្នឹង​ ហើយ​មាន​ ការ​បញ្ចូល​ទិន្នន័យ​មួយ​ចំនួន ​មាន​រូបថត ​មាន​ស្នាម​មេដៃ​នៅ​ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ​ ដាក់ចូល​ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ​ហ្នឹង។​ ម្ល៉ោះ​ហើយវា​ទាមទារ​ឲ្យ​អ្នក​បោះឆ្នោត​ពីមុន​ក្តី​ឬ​ក៏អ្នក​ដែល​គ្រប់​អាយុ ​នៅពេល​ខាងមុខ​ក្តី​ ត្រូវតែ​ចុះឈ្មោះ​ឡើង​វិញ‍»។​

បើគិត​ទាំង​អ្នក​ដែល​ទើប​គ្រប់​អាយុ១៨​ឆ្នាំ​ផង​ តួលេខ​អ្នក​បោះឆ្នោត​នៅឆ្នាំ​ខាង​មុខ​នេះ ​ទំនងជា​មាន​ចំនួន​ដល់​ទៅ​១០​លាន​នាក់​ ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរជាង​១៥​លាន​នាក់​ ដែល​មាន​សិទ្ធិ​បោះឆ្នោត​នៅឆ្នាំ​២០១៧​ខាង​មុខ។ ​

លោក​គល់ បញ្ញា​ បាន​បន្ត​ថា​ កិច្ចការ​ចុះឈ្នោះ​អ្នក​បោះឆ្នោត​ពេលនេះ​តម្រូវ​ឲ្យមាន​ ការ​រៀបចំ​ដាក់ថ្ងៃ​ចុះឈ្មោះ​និងថ្ងៃបោះ​ឆ្នោតឲ្យ​បាន​ច្បាស់ ​ដោយ​លោកបាន​ស្នើ​ដល់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ថា ត្រូវ​កំណត់​កាល​បរិច្ឆេទ​បោះឆ្នោត​ ដែលសម្រួល​ដល់ការ​រៀបចំ​ចុះ​ឈ្មោះ​រប​ស់គ.ជ.ប.​ និង​ភាពងាយ​ស្រួល​ដល់​ក្រុម​យុវជន​ជំនាន់​ថ្មី​ដែល​គ្រប់​អាយុ១៨​ឆ្នាំ​នៅខែ​ណា​មួយ​នោះ​ក្នុង​ឆ្នាំ​២០១៧​នេះ​ ក្នុងការ​ចុះ​ឈ្មោះ​បោះឆ្នោត​ ហើយនឹង​ការ​ប្រុងប្រៀប​នានា​របស់​គណបក្ស​នយោបាយ​ដែល​ត្រូវ​ចូលរួម​ប្រកួត​ប្រជែង។​

«នេះជា​ចំណុច​ដែល​មកដល់​សព្វថ្ងៃ​នេះ​យើង​អត់ទាន់​ឃើញ​មានភាព​ច្បាស់លាស់​នៅឡើយ​ទេ​ពី​កាលបរិចេ្ឆទ​នេះ។​ ហើយ​ចំណុច​ទី២គឺ​បរិយាកាស ​ការ​ត្រៀម​ចុះឈ្មោះ​បោះ​ឆ្នោត​ ហើយនឹង​ការ​បោះឆ្នោត​នេះ ​បរិយាកាស​នយោបាយ​នេះ​ យើង​នៅ​ឃើញ​មាន​បញ្ហា​ច្រើន​ដែរ​ ដោយសារ​គណបក្ស​ប្រឆាំង​ទទួល​រង​ការគាប​សង្កត់​ ឬ​ក៏​ការ​ដាក់ សម្ពាធ​ខ្លាំងពី​អាជ្ញាធរ ​ពីរដ្ឋាភិបាល ​ហើយពី​រដ្ឋសភា​ ធ្វើឲ្យ​យើង​ឃើញ​ថា​ ខាង​ គណបក្ស​ប្រឆាំង​ហ្នឹង​ក៏កំពុង​ស្ថិតនៅ​ក្នុង​ដំណើរការ​មួយ​ហាក់​ដូចជា​មិន​ទាន់​ត្រៀម​ កម្លាំង​ដើម្បី​ចូលរួម​ក្នុង​ការងារ​ចុះ​ឈ្មោះ​បោះឆ្នោត​ឬ​បោះឆ្នោត​នៅ​ឡើយ​ ពីព្រោះ​ថា​ បរិយាកាស​នយោបាយ​ពេលនេះ​មាន​ការ​តឹងតែង ​ដែល​អាច​ធ្វើ​ឲ្យ​មាន​ការ​រំលោភ​ បំពាន ​ បង្ក​បរិយាកាស​ភ័យខ្លាច​ទៅ​លើ​សកម្មជន​គណបក្ស​ប្រឆាំង​ ​ទៅ​លើ​ប្រជា​ពលរដ្ឋ ​ដែល​គាំទ្រ​គណបក្ស​ប្រឆាំងក្តី​ជាពិសេស​គណបក្ស​សង្គ្រោះជាតិ។​ នេះជា​បញ្ហា​មួយដែល​យើង​ព្រួយ​បារម្ភ​ដែរមុន​ការ​ត្រៀម​ចុះ​ឈ្មោះ​បោះឆ្នោត ​ហើយនឹង​ការងារ​បោះឆ្នោត​ នៅ​ពេលខាង​មុខនេះ​គឺ​ទាក់ទិន​នឹង​បរិយាកាស​នយោបាយ‍»។​

ឆ្លងតាម​ការធ្លាក់​ចំនួន​សំឡេងគាំទ្រ​កាលពី​ការ​បោះឆ្នោត​សាកល​ឆ្នាំ​២០១៣​កន្លង​ទៅ ​ពីចំនួន​៩០​អាសនៈ ​មក​ត្រឹម​៦៨​អាសនៈ​ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ដែលជា​គណបក្ស​កាន់​អំណាច ​បាន​ដាក់​ចេញ​យុទ្ធសាស្ត្រ​ជាច្រើន។​ ក្នុង​នោះ​មានការ​ពង្រឹង​យុទ្ធនាការ​របស់​ខ្លួន​ទាំង​ថ្នាក់​ជាតិ ​និង​ថ្នាក់មូល​ ដ្ឋាន​ដើម្បី​យក​ប្រៀប​លើ​គណបក្ស​ដែលជាគូប្រជែង​ ដែល​កើន​សំឡេង​ខ្លាំង​គឺ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​រឿង​ក្តីក្តាំ​នៅ​តុលាការ​ ការ​បោះឆ្នោត​ឃុំសង្កាត់​ឈាន​មក​ដល់។​

លោក​សម គន្ធាម៉ី​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ឃ្លាំមើល​ការបោះ​ឆ្នោត​និចហ៊្វ៊ិច​បាន​ ថ្លែង​ថា​ គ.ជ.ប.​បាន​ពន្យារ​ពេលការ​ចុះ​ឈ្មោះ​បោះឆ្នោត​ម្តងរួច​ហើយ​គឺ​ពន្យារ​ពីខែ​ឧសភា​ទៅ​ខែ​កក្កដា។​ លោក​ថ្លែង​ដូច្នេះ​ទំនងជា​មិន​អាច​ធ្វើ​ទាន់​ទេ ​ដោយសារ​ស្ថាប័ន​គ.ជ.ប.​ ត្រូវការ​ទិញ​សម្ភារៈ​ និង​រៀបចំ​នីតិវិធី​នានា ​ដែល​អាច​អូស​បន្លាយ​ជាច្រើន​ខែទៀត​ ហើយ​ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​អាច​ធ្វើ​ឲ្យ​មាន​លក្ខណៈ​តក់​ក្រហល់​ សម្រាប់​ការ​ចូលរួម​របស់​គណបក្ស​នយោបាយ។​ ​បើការ​បោះ​ឆ្នោត​ត្រូវ​ធ្វើនៅ​ខែ​មិថុនា​ឆ្នាំ​២០១៧​ ក៏​គណបក្ស​នយោបាយ​មាន​ពេល​តិចតួច​ក្នុង​ការ​រៀបចំ។

លោក​ចង់ឲ្យ​ការ​បោះឆ្នោត​ត្រូវ​ធ្វើឲ្យ​បាន​ឆាប់​មុន​រដូវ​វស្សា។​

«បើសិន​ជាការ​ចុះ​ឈ្មោះ​បោះឆ្នោត​ធ្វើ​នៅ​ខែកញ្ញា ​(ខែ៩)​ វានឹង​ជួប​ការ​លំបាក​ច្រើន ​តាម​បទ​ពិសោធន៍​ខ្ញុំ ​ព្រោះខែ​កញ្ញា​ជា​រដូវ​វស្សា។​ ដូចឆ្នាំ​មុនៗ​ ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ប្រចាំ​ឆ្នាំ​ធ្វើនៅ​ខែ​កញ្ញា​ និង​ខែ​តុលា​ ដូច្នេះ​ជួបការ​លំបាក​នៅ​រដូវ​វស្សា។​ នេះជា​ការ​លំបាក​របស់​ប្រជា​ពលរដ្ឋ ​អ្នក​ដែល​ត្រូវ​ចុះ​ឈ្មោះ​បោះឆ្នោត។ ​យើង​ឃើញ​ថា​ គាត់​ជួប​ការ​លំបាក​ច្រើន នេះគឺ​ទី១។​ ​ហើយ​ទី២ ​ចុះឈ្មោះខែ​កញ្ញា​ គឺ​ត្រូវចប់​នៅខែ​ធ្នូ​ដោយសារ​ការ​ចុះ​ ឈ្មោះ​មាន​រយៈពេល​បីខែ​លើក​នេះ​ ព្រោះ​បញ្ជី​បោះឆ្នោត​ថ្មី ហើយ​ ​អាច​ចប់​នៅ​ខែធ្នូ ​ហើយ​យើង​ជួប​ការ​លំបាក​ បើសិន​ជា​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​ធ្វើដូច​អាណត្តិ​មុនៗ​ ខែ​ មិថុនា​នោះ ​នឹងមាន​ការ​ប្រថុចញុច​បន្តិច​ ដូច​ថា​ ល្បឿន​វាមាន​ពេល​វេលា​ខ្លី‍»។​

លោក​បាន​បន្តថា​ បញ្ជី​ឈ្មោះ​បោះឆ្នោត​ចាស់​អាចនៅ​ប្រើបាន​ ប្រសិនបើ​បញ្ជីចុះ​ឈ្មោះ​បោះឆ្នោត​ថ្មីមិន​អាច​ធ្វើ​ទាន់​ពេល។​

«ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះឆ្នោត​ក្រោយ​យើង​ប្រើ​ប្រព័ន្ធ​កុំព្យូទ័រ​ដែល​មាន​បញ្ចូល​ ឬស្កេន​ម្រាមដៃ ​មាន​បញ្ចូល​រូបថត។ ​ក្នុង​ករណី​មួយ​ទៀត​ បើសិន​ជា​ការ​ចុះ​ឈ្មោះ​អត់មាន​បញ្ជីថ្មី​នឹង​អាច​ប្រើ​បញ្ជីចាស់»។​

​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ.ជ.ប.​បាន​ឲ្យដឹង​ថា ​ប្រទេស​ជប៉ុន​និង​សហភាព​អឺរ៉ុប​ដែល​មាន​បំណង​ជួយ​ដល់ការ​ចុះ​ឈ្មោះ​បោះឆ្នោត​នោះ​ បាន​បញ្ជូន​ឯក​អគ្គរដ្ឋទូត​ជួប​ប្រជុំ​ជាមួយ​ប្រធាន​គណៈ​កម្មាធិការ​បោះឆ្នោត​កម្ពុជា​គឺ​លោក​ស៊ិក ប៊ុនហុក។​ ​កាលពី​ដើម​សប្តាហ៍មុន ​គ.ជ.ប.បានរៀបចំ​កិច្ច​ប្រជុំដែល​មាន​ការ​ចូលរួម​របស់​ឯក​អគ្គរាជ​ទូត​ជប៉ុន ​យូជី គូម៉ាម៉ារូ (Yuji Kumamaru) ​និង​លោក ​George Edgar ​ឯក​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជាផងដែរ។​ កិច្ច​ប្រជុំ​នោះពិភាក្សា​គ្នា​អំពី​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​គ.ជ.ប.​និង​ប្រទេស​ជប៉ុន​ ហើយ​នឹង​សហ​ភាពអឺរ៉ុប និង​ការ​ពន្លឿន​ការ​ឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៦​ តាម​រយៈ​សម្ភារៈ​ បច្ចេក​ទេស​ និង​ការ​ពង្រឹង​សន្តិសុខ​ សុវត្ថិភាព​លើ​កម្ម​វិធី​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ ​អ្នក​ចុះ​ឈ្មោះ។​

VOA បានព្យាយាម​ទាក់ទង​ក្រុម​មន្ត្រី​គ.ជ.ប.ដើម្បី​សុំ​សេចក្តីអត្ថាធិប្បាយ​លម្អិត​ តែ​ពុំ​អាច​ទាក់ទង​បាន​ទេ។ ​តែ​មន្ត្រីខ្លះ​បាន​ បញ្ជាក់​ឲ្យដឹង​ថា ​គ.ជ.ប.​ កំពុង​រង់ចាំ​ជំនួយ​ពី​ប្រទេស​នានា​ រួមទាំង​សហគមន៍​អឺរ៉ុប ​ដែល​បាន​សន្យា​ជួយ​ជា​សម្ភារៈ​ កុំព្យូទ័រ​ និង​ជំនួយ​បច្ចេក​ទេស​ផង​ដែរ។​ ហើយមួយ​ទៀត​ គ.ជ.ប.​ក៏​រង់ចាំ​ការ​កំណត់​ថ្ងៃ​បោះឆ្នោត​ពី​រដ្ឋាភិបាល​ដើម្បី​ដំណើរការ​កិច្ចការ​របស់​ខ្លួន​ ជាពិសេស​ការ​កំណត់​តួលេខមនុស្ស​ដែល​ត្រូវ​ដល់​អាយុ​បោះឆ្នោត។​

ក្រៅពី​គណបក្ស​នយោបាយ​ដែល​ធ្លាប់ចូល​ប្រកួត​ប្រជែង​ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា​ គណបក្ស​សង្គ្រោះជាតិ​ គណបក្ស​សម្ព័ន្ធ​ដើម្បីប្រជា​ធិបតេយ្យនោះ​ គេ​បាន​ដឹង​ថា នៅមាន​គណបក្ស​នយោបាយ​ថ្មី​ចំនួន​៦ ​ទៅ​៧​កំពុង​ត្រៀម​ប្រកួត​ប្រជែង​ផង​ដែរ​ ក្នុង​ពេល ដែល​គ.ជ.ប.​មិនទាន់​បាន​ប្រកាស​ឲ្យ​គណបក្ស​នយោបាយ​ដាក់​ពាក្យ​ចុះ​ឈ្មោះគណបក្ស​នៅ​ឡើយ​នោះ។​

ក្រោយការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ចំនួន​១៦៣0​ឃុំ សង្កាត់​នៅ​ទូទាំង​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ២០១២​ គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ជាប្រធាន​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ចំនួន​១៥៩២​ និង​ចំនួន​ក្រុមប្រឹក្សា​មានដល់​ទៅ​៨២៩២ ​ដោយ​ត្រួតត្រា​កិច្ចការ​រដ្ឋបាល​មូលដ្ឋាន​សឹងតែ​ទាំងអស់។ ​ចំណែក​ឯ​គណបក្ស​ជំទាស់​របស់​លោក​ សម រង្ស៉ី​ និង​លោក​កឹម សុខា​បាន​ឈ្នះ​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​ចំនួន​៤០ ​និង​មាន​តួនាទី​ជា​សមាជិក​ក្រុម​ប្រឹក្សា ​ឃុំ​ សង្កាត់​ជិត​៣០០០​នៅ​ទូទាំង​ប្រទេស។ ​គណបក្ស​រាជានិយម​ ហ៊្វុនស៊ីនប៉ិច​ទទួល​បាន​អាសនៈ​ជា​ប្រធាន​ក្រុមប្រឹក្សា​ឃុំសង្កាត់​ចំនួន​១​ និង​មាន​សមាជិក​ចំនួន​១៥១ ​ទូទាំង​ប្រទេស៕

XS
SM
MD
LG