\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​អូបាម៉ា​ថ្លែង​ថា​​អាមេរិក​នឹង​ចាត់​វិធានការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​បរទេស​​ដែល​លូក​លាន់​ចូល​ការ​បោះ​ឆ្នោត​នៅ​អាមេរិក


លោក​បារ៉ាក់ អូបាម៉ា​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ប្រជុំ​ My Brother's Keeper នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦។

លោក​បារ៉ាក់ អូបាម៉ា​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ប្រជុំ​ My Brother's Keeper នៅ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦។

លោក​ប្រធានាធិបតី​សរអា ​អូបាម៉ា ​ថ្លែង​ថា​ សរអា​នឹង​ចាត់​វិធានការ​ប្រឆាំង​នឹង​ប្រទេស​រុស្ស៊ី ឬ​រដ្ឋាភិបាល​បរទេស​ណា​ដែល​ព្យាយាម​លូក​លាន់​ចូល​ការ​បោះ​ឆ្នោត​នៅ​សរអា។

«ខ្ញុំ​គិត​ថា​ជា​ការ​ច្បាស់​លាស់​ណាស់​ថា​នៅពេល​ណា​ដែល​រដ្ឋាភិបាល​បរទេស​ណាមួយ​ព្យាយាម​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់ភាព​សុចរិត​នៃ​ការ​បោះ​ឆ្នោត​របស់​យើង យើង​ត្រូវ​តែ​ចាត់​វិធានការ​ឆ្លើយ​តប។ ហើយ​យើង​នឹង​ចាត់​វិធានការ» នេះ​ជាសម្តី​ដើម​របស់​លោក​ប្រធានាធិបតី នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជា​មួយ​ស្ថានីយ​វិទ្យុ​សាធារណ​ជាតិ ដែល​នឹង​ត្រូវ​ចាក់​ផ្សាយ​ទាំង​ស្រុង​នៅ​ថ្ងៃ​សុក្រ​នេះ។

លោក​អូបាម៉ា​បន្ថែម​ទៀត​ថា៖ វិធានការ​ខ្លះ​នឹង​មាន​ភាព​ច្បាស់​លាស់ ហើយ​នឹង​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ ហើយ​វិធានការ​ខ្លះ​ទៀត ប្រហែល​ជា​មិន​ដូច្នោះ​ទេ»។ ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ CIA ​បាន​សន្មត់​ថា​ពួក​អ្នក​លួច​ចូល​ប្រព័ន្ធ​អ៊ីនធឺណិត​រុស្ស៊ី បាន​លួច​ចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​របស់​គណបក្ស​ប្រជាធិបតេយ្យ​ដើម្បី​បង្ហាញ​នូវ​សារ​អ៊ីម៉ែលអាម៉ាស់​មុខ​ស្តី​ពី​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​របស់​លោកស្រី​ Hillary Clinton ក្នុង​គោល​បំណង​ដើម្បី​ជួយ​ឲ្យ​លោក​ Donald Trump នៃ​គណបក្ស​សាធារណ​រដ្ឋ​ឈ្នះ​ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ខែ​មុន។ ក្រុម​មន្ត្រី​ជាន់​ខ្ពស់​នៃ​សេតវិមាន​ថ្លែង​ថា​ការ​លួច​ចូល​បែប​នេះ​មិន​អាច​កើតឡើង​បាន​ទេ បើ​សិន​ជា​គ្មាន​ការ​ពាក់​ព័ន្ធ​របស់​លោក​ប្រធានាធិបតីរុស្ស៊ី​ Vladimir Putin ឬ​បើ​លោក​មិន​បាន​ដឹង​ផ្ទាល់​នោះ។

រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​ហៅ​ការ​ចោទ​ប្រកាន់​បែប​នេះ​ថា​ជា​ការ «និយាយ​ផ្តេស​ផ្តាស​គួរ​ឲ្យ​អស់​សំណើច»។ លោក​ Trump ​បាន​ចោទ​សួរ​ក្នុង​សារ Twitter ​មួយ​ថា​បើ​សិនជា​រុស្ស៊ី ឬ​អ្នក​ណា​ធ្វើ​អញ្ចឹង​មែន ហេតុ​អ្វី​បាន​ជា​សេតវិមាន​រង់​ចាំ​យូរ​ម្លេះ​ទើប​ចាត់​វិធានការ? ហើយ​ថា​ហេតុ​អ្វី​បាន​ជា​គេ​រអ៊ូ​ក្រោយ​លោកស្រី​ Hillary ​ចាញ់​ឆ្នោត​ទៅ​វិញ»?

XS
SM
MD
LG