ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​សាកល្បង​គ្រាប់​មីស៊ីល​របស់​កូរ៉េ​ខាងជើង​បង្ហាញ​ពី​ដំណើរ​វិវឌ្ឍន៍​ទៅ​មុខ​យ៉ាង​ពិត​ប្រាកដ


បុរស​ម្នាក់​មើល​កម្មវិធី​ព័ត៌មាន​តាម​ទូរទស្សន៍​ដែល​ផ្សាយ​ពី​ការ​បាញ់​បង្ហោះ​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​ នៅ​ស្ថានីយ​រថភ្លើង​សេអ៊ូល នៅ​ក្នុង​ក្រុង​សេអ៊ូល កូរ៉េ​ខាង​ត្បូង។
បុរស​ម្នាក់​មើល​កម្មវិធី​ព័ត៌មាន​តាម​ទូរទស្សន៍​ដែល​ផ្សាយ​ពី​ការ​បាញ់​បង្ហោះ​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​ នៅ​ស្ថានីយ​រថភ្លើង​សេអ៊ូល នៅ​ក្នុង​ក្រុង​សេអ៊ូល កូរ៉េ​ខាង​ត្បូង។

ការ​សាកល្បង​គ្រាប់​មីស៊ីល​ចុង​ក្រោយ​បង្អស់​របស់​កូរ៉េ​ខាង​ជើង​បង្ហាញ​ថា រដ្ឋាភិបាល​របស់​លោក គីម ជុងអ៊ុន កំពុង​តែ​បន្ត​ធ្វើ​ឲ្យ​បច្ចេកវិទ្យា​ផលិត​គ្រាប់​មីស៊ីល​បាញ់​ឆ្លង​ទ្វីប​របស់​ខ្លួន​កាន់​តែ​ទំនើប ដែល​សកម្មភាព​នេះ​ប្រឆាំង​ទៅ​នឹង​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ។

រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង (Pyongyang) បាន​ធ្វើ​ការ​សាកល្បង​បាញ់​គ្រាប់​មីស៊ីល Musudan ចម្ងាយ​មធ្យម​លើក​ទី​៥​និង​ទី​៦​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ពុធ ដោយ​បាញ់​ចេញ​ពី​ទីក្រុង​ឆ្នេរ​សមុទ្រ Wonsan។ មន្ត្រី​យោធា​សហរដ្ឋ​អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​បាន​ឲ្យ​ដឹង​ថា គ្រាប់​មីស៊ីល​ទី​មួយ​បាន​បរាជ័យ​ភ្លាមៗ​បន្ទាប់​ពី​បាន​បាញ់​ចេញ ប៉ុន្តែ​គ្រាប់​មីស៊ីល​ទី​ពីរ​ហោះ​បាន​ចម្ងាយ​ប្រមាណ​៤០០​គីឡូម៉ែត្រ មុន​ពេល​ដែល​វា​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ​ជប៉ុន​ឬ​ដែល​កូរ៉េ​ខាង​ត្បូង​ហៅ​ថា សមុទ្រ​ខាង​កើត។

ការ​សាកល្បង​គ្រាប់​មីស៊ីល​ចុង​ក្រោយ​បង្អស់​មិន​បាន​ទៅ​ដល់​ចម្ងាយ​៣០០០​គីឡូម៉ែត្រ ដើម្បី​ទៅ​ដល់​ទី​បញ្ជា​ការដ្ឋាន​យោធា​អាមេរិក​នៅ​ក្នុង​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិក​ទេ ដែល​គ្រាប់​មីស៊ីល​ប្រភេទ Musudan ធម្មតា​គួរ​តែ​ទៅ​ដល់។ គ្រាប់​មីស៊ីល​នោះ​ក៏ទំនង​ជា​មិន​បាន​បង្ហាញ​ពី​សមត្ថភាព​ដែល​អាច​ងើប​ឡើង​ម្តង​ទៀត ដើម្បី​ទៅ​ផ្ទុះ​ឲ្យ​ចំ​គោលដៅ​បាន​នោះ​ដែរ។ ប៉ុន្តែ​ក្រុម​អ្នកវិភាគបាន​និយាយ​ថា កូរ៉េ​ខាង​ជើង​នៅ​តែ​បន្ត​ដក​ពិសោធន៍​ពី​ការ​បរាជ័យ​នេះ និង​កំពុង​តែ​ផលិត​គ្រាប់​មីស៊ីល​ឲ្យ​កាន់​តែ​ទំនើប​ជាង​មុន​រាល់​ពេល​ដែល​ខ្លួន​សាកល្បង​ម្តងៗ។

«នេះ​គឺ​ជា​ព្រឹត្តិការណ៍ដ៏​សំខាន់​មួយ ពីព្រោះគ្រាប់​មីស៊ីល​ដែល​បាន​បាញ់​កាល​ពី​លើក​មុនៗ​បាន​ផ្ទុះ​ក្រោយ​ពី​បាញ់​បាន​បន្តិច ឬ​ផ្ទុះ​នៅ​ពេល​បាញ់​តែ​ម្តង។ ដូច្នេះ​នេះ​គឺ​ជា​សញ្ញាណ​នៃ​ការ​វិវឌ្ឍ​ដ៏​ពិតប្រាកដ​មួយ។ នេះ​ជា​សម្តី​របស់​លោក Jeffrey Lewis ប្រធាន​កម្មវិធី​ទប់ស្កាត់​ការ​រីករាលដាល​នុយក្លេអ៊ែរ​នៅ​អាស៊ី​ខាង​កើត​នៃ​សាកលវិទ្យាល័យ Middlebury Institute of International Studies នៅ​ក្នុង​រដ្ឋ California។ ​

លោក Lewis បាន​មាន​ប្រសាសន៍​បន្ថែម​ថា ការ​សាកល្បង​នុយក្លេអ៊ែរ​ជាច្រើន​ដង​មក​នេះ​ក៏​បង្ហាញ​ថា ទណ្ឌកម្ម​អន្តរជាតិ​នានា​ដែល​បាន​ដាក់​លើ​ប្រទេស​កូរ៉េ​ខាង​ជើង​មិន​បាន​ជះ​ឥទ្ធិពល​ដល់​សមត្ថភាព​របស់​ប្រទេស​នេះ​ក្នុង​ការ​ទទួល​បាន​សម្ភារៈ​និង​បច្ចេកវិទ្យា​ដែល​ចាំបាច់​ដើម្បី​ផលិត​អាវុធ​នុយក្លេអ៊ែរ​ទាំង​នេះ​នោះ​ឡើយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG