ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េខាងជើង​គំរាម​ ប្រសិន​បើ​អាមេរិក​និង​កូរ៉េខាងត្បូង​បំពាក់​ប្រព័ន្ធ​ការពារ​​គ្រាប់មីស៊ីល


រូបភាព​ឯកសារ៖ មេដឹកនាំ​ប្រទេស​កូរ៉េខាងជើង​លោក​គីម​​ ជុង​អ៊ុនឈរ​មើល​ការ​ហែ​ក្បួន​ពីរានហាល​មួយនៅ​ឯទិលាន​រដ្ឋធានី​ព្យុងយ៉ាង។
រូបភាព​ឯកសារ៖ មេដឹកនាំ​ប្រទេស​កូរ៉េខាងជើង​លោក​គីម​​ ជុង​អ៊ុនឈរ​មើល​ការ​ហែ​ក្បួន​ពីរានហាល​មួយនៅ​ឯទិលាន​រដ្ឋធានី​ព្យុងយ៉ាង។

ប្រទេស​កូរ៉េខាងជើង​កំពុង​តែ​គំរាមកំហែង​ថា​នឹង​ចាត់វិធានការ បន្ទាប់​ពី​សហរដ្ឋអាមេរិក​និង​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​បាន​ប្រកាស​អំពី​ផែនការ​ក្នុង​ការបំពាក់​ប្រព័ន្ធ​ការពារ​ពី​គ្រាប់មីស៊ីល​នៅ​ក្នុង​ប្រទេស​កូរ៉េខាងត្បូង។ ​

រដ្ឋាភិបាល​រដ្ឋធានី​ព្យុងយ៉ាង​ បាន​ប្រកាស​អំពី​ការគំរាមកំហែង​យ៉ាង​ដូច្នេះ​នៅ​ថ្ងៃ​ច័ន្ទ​នេះ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​រដ្ឋាភិបាល​រដ្ឋធានី​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ទីក្រុង​សេអ៊ូល​បាន​បញ្ចេញ​ផែនការ​ក្នុង​ការប្រើប្រាស់​ប្រព័ន្ធ​ការពារគ្រាប់មីស៊ីល​ដែល​ហៅ​ថា THAAD នៅ​ក្នុង​ឧបទ្វីប​កូរ៉េ ​បន្ទាប់​ពី​មាន​ការសាកល្បង​គ្រាប់​មីស៊ីល​បាញ់​ឆ្លង​ទ្វីប​និង​នុយក្លេអ៊ែរ​ជាច្រើនដង​បន្តបន្ទាប់​ដោយ​រដ្ឋាភិបាល​រដ្ឋធានី​ព្យុងយ៉ាង​។ ទីតាំង​និង​ពេលវេលា​នៃ​ការបំពាក់​ប្រព័ន្ធ​ការពារ​នេះ​នៅ​មិន​ទាន់​ត្រូវ​បាន​គេ​ប្រកាស​នៅ​ឡើយ​ទេ។

ទីភ្នាក់ងារ​សារព័ត៌មាន KCNA ផ្លូវការ​របស់​រដ្ឋាភិបាល រដ្ឋធានី​ព្យុងយ៉ាង បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​យ៉ាង​ដូច្នេះ​ថា «នេះ​គឺ​ជា​ឆន្ទៈ​របស់​យោធា​យើង​ក្នុង​ការឆ្លើយតប​ទៅ​នឹង​ការវាយប្រហារ​បែប​សងសឹក​ដ៏​សាហាវ ហើយ​នឹង​ធ្វើ​ឲ្យ​កូរ៉េខាងត្បូង​ក្លាយ​ទៅ​ជា​សមុទ្រ​ដែល​ពោរពេញ​ដោយ​ភ្លើង និង​ក្លាយ​ទៅ​ជា​ផេះផង់​នៅ​ពេល​ដែល​យើង​បញ្ជា។ រដ្ឋាភិបាល​រដ្ឋធានី​ព្យុងយ៉ាង បាន​និយាយ​ថា ការឆ្លើយតប​នេះ​នឹង​ធ្វើ​ឡើង​នៅ​ពេល​ណា​ដែល​ទីតាំង​និង​ពេលវេលា​នៃ​ការបំពាក់​ប្រព័ន្ធ THAAD ត្រូវ​បាន​បញ្ជាក់។

ប្រទេស​ចិន​និង​រុស្សី ក៏​ដូច​ជា​កូរ៉េខាងជើង​បាន​សម្តែង​ជំហរ​ប្រឆាំង​យ៉ាង​ខ្លាំងក្លា ចំពោះ​ការបំពាក់​ប្រព័ន្ធ​ការពារ​ពី​គ្រាប់​មីស៊ីលTHAAD ​នេះ និង​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាលរដ្ឋធានី​វ៉ាស៊ីនតោន​ និង​រដ្ឋាភិបាល​ក្រុង​សេអ៊ូល បញ្ឈប់​សកម្មភាព​នេះ។​
លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង Park Guen hye បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ប្រព័ន្ធ THAAD គឺ​ដើម្បី​ជា​ចំណាត់ការ​ការពារ​ខ្លួន​ពី​កូរ៉េខាងជើង​តែ​ប៉ុណ្ណោះ ហើយ​មិន​មាន​បំណង​ប្រឆាំង​នឹង​ប្រទេស​ណាមួយផ្សេង​នោះ​ទេ៕

XS
SM
MD
LG