ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈកម្មការ​ស៊ើប​អង្កេត​មិន​ទាន់​បញ្ចេញ​ព័ត៌មាន​ពី​ការ​បាញ់​សម្លាប់​កម្មករ


បាតុករ​ម្នាក់​ត្រូវ​បាន​ចាប់ឃុំ​ខ្លួន​នៅ​ក្បែរ​ស្ថានទូត​បារាំង​នៅ​រាជធានី​ភ្នំពេញ នៅ​ពេល​ដែល​គាត់​ព្យាយាម​ដាក់​ញត្តិ​ទៅ​ស្ថានទូត​បរទេស ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី ២១ ខែមករា ឆ្នាំ២០១៤។
បាតុករ​ម្នាក់​ត្រូវ​បាន​ចាប់ឃុំ​ខ្លួន​នៅ​ក្បែរ​ស្ថានទូត​បារាំង​នៅ​រាជធានី​ភ្នំពេញ នៅ​ពេល​ដែល​គាត់​ព្យាយាម​ដាក់​ញត្តិ​ទៅ​ស្ថានទូត​បរទេស ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី ២១ ខែមករា ឆ្នាំ២០១៤។
គណៈកម្មការ​ស៊ើប​អង្កេត​អំពើ​ហិង្សា​លើ​បាតុកម្ម​កម្មករ​រោង​ចក្រ​កាត់​ដេរនៅ​លើផ្លូវ​វ៉េងស្រេង​បាន​ប្រជុំ​គ្នា​នៅ​ថ្ងៃ​សុក្រ​នេះ​ ប៉ុន្តែ​មិន​ទម្លាយ​ព័ត៌មាន​ជាក់​លាក់​ណា​មួយ​ជា​សាធារណៈ​នោះ​ទេ។

​គណៈកម្មការ​នេះ​មាន​សមាសភាព​ពី​មន្ត្រី​នគរបាល​និង​មន្ត្រី​កង​រាជអាវុធហត្ថ។

​លោក​ស ខេង ​ រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​និង​ជា​ប្រធាន​ក្រុមការ​ងារ​នេះ បាន​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក ក្រោយ​ពី​កិច្ច​ប្រជុំ​នោះ​ថា នេះ​គ្រាន់​តែ​កិច្ចប្រជុំ​សម្រាប់​ធ្វើ​ការងារ​បន្ត​ទៀត​តែ​ប៉ុណ្ណោះ។

​«ប្រជុំ​ដើម្បី​ដាក់​ទិស​ផែន​ការ​បន្ត​ទៀត។ ​ខ្ញុំ​មិន​ទាន់​ជម្រាប​ជូន​បាន​ទេ​ពី​ព្រោះ​កំពុង​បន្ត​ធ្វើ​តទៅ​ទៀត»។

​កាល​ពីដើម​ខែ​មករា​កន្លង​ទៅ​នេះក​ងប្រដាប់​អាវុធ​របស់​រដ្ឋា​ភិបាលបាន​បាញ់​បង្រ្កាប​បាតុករ​ដែល​ជា​កម្មករ​រោង​ចក្រ​នៅ​ឧទ្យាន​ឧស្សាហកម្ម​កាណាឌីយ៉ា។ ​ការ​បាញ់​ប្រហារ​នោះ​បាន​បណ្តាល​ឲ្យមនុស្ស​យ៉ាង​តិចពី​៤​ទៅ​៥​នាក់​ស្លាប់​និង​ជិត​៤០​នាក់ទៀត​រងរបួស។

​បាតុករ​ទាំង​នេះ​បាន​តវ៉ា​ដើម្បី​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល​ឲ្យ​ដល់​១៦០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ។

​រដ្ឋា​ភិបាល​បាន​បង្កើត​គណៈ​កម្មការ​ស៊ើប​អង្កេត​លើ​អំពើ​ហិង្សា​នេះប៉ុន្តែ​ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បាន​រិះ​គន់​ថា​ការ​ស៊ើប​អង្កេត​មិន​មាន​តម្លា​ភាព​ដោយសារ​តែ​អ្នកស៊ើប​អង្កេត​មាន​សមាសភាព​ជា​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋា​ភិបាលដោយ​មិន​មាន​ការ​ចូលរួម​ពី​ស្ថាប័ន​ឯករាជ្យ ​ជា​ពិសេស​ការ​ចូល​រួម​ពី​អង្គការ​សង្គម​ស៊ីវិល។​

​លោក​ឧត្តម​សេនីយ៍​ឯក​ខៀវ សុភ័គ​ អគ្គនាយកនិង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​បាន​ឲ្យដឹង​ថា​កិច្ច​ប្រជុំ​ព្រឹកមិញ​នេះ​គ្រាន់​តែ​ជា​កិច្ច​ប្រជុំ​បូក​សរុប​មួយ​តែ​ប៉ុណ្ណោះ។

«នឹង​មាន​របាយការណ៍​ជា​សាធារណៈ។ ​ឥឡូវ​គេ​កំពុង​បូក​សរុប​របាយការណ៍​នេះ។ការស្រាវ​ជ្រាវ​ចាប់​តាំង​ពី​ដើម​ហេតុ​ដំបូង​មក​រហូត​ដល់​ការ​ចាប់ផ្តើម​នៃ​អំពើ​ហិង្សា»។

​កិច្ចប្រជុំ​នៃ​គណៈកម្មការ​ចំរុះ​ស៊ើប​អង្កេត​លើ​អំពើ​ហឹង្សា​លើ​បាតុករ​ធ្វើ​ឡើង​ប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ​មុន​នឹងក្រុម​កម្មករ​និង​សហជីពដង្ហែរ​ញ្ញតិ​ទៅ​កាន់ស្ថាន​ទូតនានា​ក្នុង​ទី​ក្រុង​ភ្នំពេញ​នៅថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយ​ក្នុងនោះ​ក្រុមសហជីព​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​និង​ថៅ​កែ​រោងចក្រ​វែកមុខ​ខ្មាន់​កាំ​ភ្លើង​ដែល​បាន​បាញ់​សម្លាប់​កម្មករ​និង​បាញ់​កម្មករ​ឲ្យ​របួស​ហើយ​រដ្ឋា​ភិបាល​ត្រូវ​តែ​ជំរុញ​ការ​ផ្តល់​ជំងឺ​ចិត្ត។

​លោកអាត់ ធន់ ​ប្រធាន​សហព័ន្ធ​សហជីព​CCAWDU បញ្ជាក់​បន្ថែម។

«ស្នើ​ឲ្យ​ខាង​រដ្ឋា​ភិបាល​ក៏ដូចជា​ក្រុម​ហ៊ុន​ធ្វើ​យ៉ាង​ណា​ស្វែង​រក​ឃាតករ​ដែល​បាន​បាញ់សម្លាប់​កម្មករ​ក្នុង​អំឡុង​ពេលធ្វើ​កូដកម្ម​ក៏​ដូចជា​បង់សំណង​ជំងឺ​ចិត្ត​ផង​ដែរ»។

លោកចាន់ សូវ៉េត ​អនុប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ជំរុញ​ឲ្យ​រដ្ឋា​ភិបាល​ឆាប់​បញ្ចប់​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​ដែល​រហូត​មក​ទល់​ពេល​នេះ​ការ​ស៊ើប​អង្កេត​មិន​ទាន់​ពេញ​លេញ​នៅ​ឡើយ។

«សំខាន់ជាង​គេគណៈកម្មការ​ហ្នឹង​ត្រូវ​ដើរ​ឲ្យ​បានលឿន​បំផុត​ដើម្បី​កុំ​ឲ្យមាន​ការ​ទុក​យូរធ្វើ​ឲ្យ​បាត់​បង់​អត្ថ​ប្រយោជន៍​ក្នុង​ការស៊ើប​អង្កេត​ ភស្តុតាង​ផ្សេងៗ​ឬសាក្សី​ផ្សេងៗ​អាច​គិតគូ​ឡើង​វិញ​ឬ​មាន​ការ​ភ័យ​ខ្លាច»។

​សូម​បញ្ជាក់​ថា​រហូត​មក​ទល់​ពេល​នេះ​មិន​មាន​សំណង​ណា​មួយ​ដល់​ជន​រងគ្រោះឬ​សមាជិក​គ្រួសារ​ជន​រងគ្រោះក្នុង​ការ​បាញ់​បង្រ្កាប​ដោយ​កង​ប្រដាប់​អាវុធ​របស់​រដ្ឋា​ភិបាល​នោះ​ទេ៕
XS
SM
MD
LG