ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឪពុក​ម្តាយ​កម្មករ​បាត់​ខ្លួន​ជាង​មួយ​ខែ​អស់​សង្ឃឹម​នឹង​រក​សាកសព​កូនឃើញ


រយៈ​ពេល​ជាង​មួយ​ខែ​​កន្លង​ផុត​ទៅ​ លោក​ឃឹម សឿន ​​បាន​សន្និដ្ឋាន​ទាំង​មិន​អស់​ចិត្ត​​ថា​កូន​ប្រុស​របស់​លោក​ពិត​ជា​បាន​ស្លាប់​បាត់​បង់ជីវិត​ទៅ​ហើយ។
រយៈ​ពេល​ជាង​មួយ​ខែ​​កន្លង​ផុត​ទៅ​ លោក​ឃឹម សឿន ​​បាន​សន្និដ្ឋាន​ទាំង​មិន​អស់​ចិត្ត​​ថា​កូន​ប្រុស​របស់​លោក​ពិត​ជា​បាន​ស្លាប់​បាត់​បង់ជីវិត​ទៅ​ហើយ។
រយៈ​ពេល​ជាង​មួយ​ខែកន្លង​ផុត​ទៅ​ លោក​ឃឹម សឿន បាន​សន្និដ្ឋាន​ទាំង​មិន​អស់​ចិត្តថា​កូន​ប្រុស​របស់​លោក​ពិត​ជា​បាន​ស្លាប់​បាត់​បង់ជីវិត​ទៅ​ហើយ។

កូន​ប្រុស​របស់​លោក​ឈ្មោះឃឹម សូផាត ​ហៅ​ក្រៅ​ថា​ជ្រូក ​អាយុ​១៦​ឆ្នាំ ​បាន​បាត់ខ្លួន​ក្នុង​ព្រឹត្តិការណ៍​នៃ​ការ​បាញ់​បង្រ្កាប​បាតុករ​ជា​កម្មករ​រោងចក្រ​នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​កាល​ពី​ថ្ងៃ​ទី​៣​ខែ​មករា​កន្លង​ទៅ​ក្នុង​ទីក្រុង​ភ្នំពេញ។

នៅ​ក្នុង​ការ​បង្រ្កាប​នោះ​មាន​មនុស្ស​ចន្លោះ​ពី​បួន​ទៅ​ប្រាំ​នាក់​បាន​ស្លាប់​ របួស​៣៩​នាក់ ​និង​មួយ​ចំនួន​ទៀត​ត្រូវ​ចាប់​ខ្លួន។

លោក ឃឹម សឿន ​ថ្លែង​ថា​លោក​គ្មាន​សង្ឃឹម​ថា​សូផាត​កូន​ប្រុស​លោក​នៅ​មាន​ជីវិត​នោះ​ទេ។

«បើ​វា​នៅ​រស់ រយៈពេល​មួយ​ខែ​ជាង​ហើយ ​អត់​មាន​ទំនាក់ទំនង ​ដំណឹង​អ្វី​សោះ។ ខ្ញុំ​អស់​សង្ឃឹម​ហើយ។ គេ​ថា​បើ​មិន​ឃើញ​មាន​តែ​ក្រពើ​ស៊ី»។

នៅ​ថ្ងៃ​កើត​ហេតុ​មាន​សាក្សី​ខ្លះ​បាន​អះអាង​ថា​ពួកគេ​ឃើញ​ក្រុម​កងកម្លាំង​មាន​សមត្ថកិច្ច​បាញ់​សូផាត​ចំ​ទ្រូង​បណ្តាល​ឱ្យ​របួស​ធ្ងន់ ​មុន​នឹង​ក្រុម​កម្លាំង​មាន​សមត្ថកិច្ច​ចាប់​បោះ​រូប​គេ​ដាក់​លើ​ឡាន​ទាហាន ​ហើយ​សូផាតបាន​បាត់​ដំណឹង​តាំង​ពី​ពេល​នោះ​មក។

គ្រួសារ​លោក ​ឃឹម​ សឿន ​បាន​រៀបចំ​ពិធី​បុណ្យ​សព​ឱ្យ​សូផាត​ចំនួន​ពីរ​ដង​រួច​មក​ហើយ ​គឺ​បី​ថ្ងៃ​និង​៧​ថ្ងៃ​បន្ទាប់​ពី​ឧបទ្ទវហេតុ​នេះ ​ហើយ​លោក​គ្រោង​នឹង​ធ្វើ​បុណ្យ​សព​គម្រប់​១០០​ថ្ងៃ​ឱ្យ​រូប​គេ​ម្តង​ទៀត។

«តូច​ចិត្ត​ណាស់ ​និយាយ​មិន​ចង់​ចេញ។ បើ​ម៉ែ​វា​ពេល​ឮ​បង​ប្អូន​នៅ​ជិត​ខាង​និយាយ​ពី​រឿង​នេះ​ គឺ​សន្លប់​រហូត​តែ​ម្តង។ ឥឡូវ​នៅ​សល់​តែ​ស្បែក​និង​ឆ្អឹង​ទេ ​ម៉ែ​វា​នោះ ​ដោយ​សារ​ហួស​ចិត្ត ​ស្រឡាញ់​កូន»។

លោក ឃឹម សឿន ​បាន​ស្វែងរក​កូន​ប្រុស​លោក​តាម​មន្ទីរពេទ្យ ​វត្ត​អារាម ​និង​ទីកន្លែង​សង្ស័យ​នានា ប៉ុន្តែ​នៅ​តែ​គ្មាន​តម្រុយ​ពី​កូនប្រុស​លោក​ទាល់​តែ​សោះ។ ប៉ុន្តែ​ទោះ​បី​ជា​ក្តី​រំពឹង​ថា​រក​កូន​លោក​ឃើញ​ហាក់​ដូចជា​រសាត់​បាត់​ក៏​ដោយ ​ក៏​លោក​នៅ​តែ​មិន​បោះបង់​ការ​តាម​រក​កូន​ប្រុស​លោក​ដែរ។ តាំង​ពី​ថ្ងៃ​កើត​ហេតុ​មក​ដល់​ថ្ងៃ​នេះ ​លោក​បានឡើង​មក​ភ្នំពេញប្រហែល​១០​ដង​ហើយ។

លោក​បាន​ឡើង​ពី​ខេត្ត​ស្វាយ​រៀង​របស់​លោក​មក​កាន់​រាជធានី​ភ្នំពេញ​រាល់​ពេល​ដែល​លោក​ទទួល​ដំណឹង​ថា​គេ​បាន​ប្រទះ​ឃើញ​សាកសព​កូន​របស់​លោក។​

លោក​ត្រូវ​បង្ខំ​ចិត្ត​ខ្ចី​ប្រាក់​ពី​អ្នក​ជិត​ខាង​សម្រាប់​ធ្វើ​សោហ៊ុយ ​ដើម្បីស៊ើប​ដំណឹង​កូន​លោក ​និង​ស្វែងរក​អន្តរាគមន៍​ពី​សង្គម​ស៊ីវិល​នានា​ ដូចជា​អង្គការ​លីកាដូ ​អង្គការ​អាដហុក ​និង​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​កម្ពុជា​ជាដើម។

លោក អំ សំអាត ​ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើប​អង្កេត​នៅ​អង្គការ​លីកាដូ​ថ្លែង​ថា​លោក​នៅ​បន្ត​ការ​ស្រាវជ្រាវ​ចំពោះ​ការ​បាត់​ខ្លួន​របស់​សូផាត​នេះ។

«ឥឡូវ​យើង​មិន​អាច​ធ្វើ​ការ​សន្និដ្ឋាន​បាន​ទេ។ យើង​កំពុង​តែ​បន្ត​ការ​ស្រាវជ្រាវ​បន្ត​ទៀត»។

លោក ខេង ទីតូ ​អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ​ថ្លែង​ថា​អាជ្ញាធរ​នា​ពេល​កន្លង​មក​ក៏​បាន​ស្វះស្វែង​ជួយ​រក​សូផាត​ដែរ។

«អាជ្ញាធរ​ជួយ​ដែរ ​គឺ​ជួយ​រក​មើល​ក្នុង​បញ្ជី​ឈ្មោះ​ដែល​មាន​ក្នុង​អំឡុង​ពេល​ដែល​យើង​ធ្វើ​ការ​ឃាត់​ខ្លួន​កន្លង​មក ​ប៉ុន្តែ​អត់​ឃើញ​មាន​ឈ្មោះ​នោះ​ក្នុង​បញ្ជី​ហ្នឹង»។

លោក ខេង ទីតូ ​លើក​ទឹក​ចិត្ត​ឱ្យ​ក្រុម​គ្រួសារ​ឬ​សាក្សី​ដែល​បាន​ឃើញ​ផ្ទាល់​ភ្នែក​ឱ្យ​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ។

ប៉ុន្តែ ​លោក ឃឹម សឿន ​ថ្លែង​ថា​លោក​នៅ​តែ​មិន​ហ៊ាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ឬ​ខាង​សមត្ថកិច្ច​នៅ​ឡើយ ​ព្រោះ​លោក​យល់​ថា​ខ្លួន​ជា​ជន​ក្រីក្រ ​គ្មាន​អ្នកណា​រក​យុត្តិធម៌​ឱ្យ​គ្រួសារ​លោក​ទេ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG