\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​និពន្ធ​បង្កើត​និង​បង្ហាញ​ស្នាដៃ​និពន្ធ​ថ្មី ​តែ​ការ​ប្រើ​ប្រាស់​ភាសា​ជាតិ​អាច​ជា​ក្តី​បារម្ភ


រូបថត​ពី​គេហទំព័រ​របស់​កញ្ញា ថុន ថាវរី ដែល​បង្ហាញ​អំពី​សៀវភៅ «A Proper Women‍»។ (ថត​ពី​គេហទំព័រ thavry.com)

រូបថត​ពី​គេហទំព័រ​របស់​កញ្ញា ថុន ថាវរី ដែល​បង្ហាញ​អំពី​សៀវភៅ «A Proper Women‍»។ (ថត​ពី​គេហទំព័រ thavry.com)

ខុសពី​អ្នក​និពន្ធ​ក្នុង​ស្រុក​ភាគ​ច្រើន​ កញ្ញា ​ថាវរី ​មាន​មហិច្ឆតា​ចង់​ឃើញ​សៀវភៅ​របស់​ខ្លួន​លក់​ក្នុង​ទីផ្សារ​នៅ​ប្រទេស​ប៉ែក​អឺរ៉ុប។​

កញ្ញា ​ថុន ថាវរី​ ធ្លាប់​ជា​កុមារី​ជន​បទម្នាក់។ ​នាង​បានលូត​លាស់​ធំធាត់​នៅ​កោះ​តូច​មួយ​ក្នុង​ស្រុក​ស្អាង​ ខេត្ត​កណ្តាល​ ហើយ​តែងតែស្រមៃ​ចង់ក្លាយ​ជា​អ្នក​និពន្ធសៀវភៅ​ តាំង​ពីអាយុ​៩​ឆ្នាំ​មក​ម្ល៉េះ។​

ការ​ចង់​ឃើញ​ក្មេងស្រី​នៅ​តាម​ជនបទ​ទទួល​បាន​ការ​លើក​ទឹកចិត្ត​បន្ថែម​ក្នុង​ការ​អភិវឌ្ឍ​ខ្លួនគឺ​ជា​គោល​បំណង​ដ៏ចម្បងដែល​ជំរុញចិត្ត​អ្នក​និពន្ធ​វ័យ​២៦​ឆ្នាំ​រូប​នេះ​ ឲ្យ​ព្យាយាម​បញ្ចប់​សៀវ​ភៅ​ទី៤​របស់​នាងដែល​សរសេរ​ជា​ភាសា​អង់គ្លេស​ មាន​ចំណង​ជើង​ថា​ ​«A Proper Women»​ ​ឬ​ជា​ភាសា​ខ្មែរ​ថា​«ស្រ្តី​ប្រពៃរ៍»។​

ខុសពី​អ្នក​និពន្ធ​ក្នុង​ស្រុក​ភាគ​ច្រើន​ កញ្ញា ​ថាវរី ​មាន​មហិច្ឆតា​ចង់​ឃើញ​សៀវភៅ​របស់​ខ្លួន​លក់​ក្នុង​ទីផ្សារ​នៅ​ប្រទេស​ប៉ែក​អឺរ៉ុប។​

«សម្រេច​ចិត្ត​សរសេរ​អង់គ្លេស​មុន​គឺ​ដោយសារ​ចង់​លក់​ទៅកាន់​ទីផ្សា​អឺរ៉ុប​ និង​សាកល​លោក។ ​ហើយ​ដោយ​សារ​តែ​មិន​ចង់​មាន​ការ​រង់ចាំ​ការ​ត្រួត​ពិនិត្យ​មុន​នឹង​មាន​ការ​បោះពុម្ព​ ព្រោះ​ខ្ញុំ​ចង់​សរសេរ និង​បោះពុម្ពដោយ​ឯករាជ្យ ​និង​ចេញ​លុយ​ខ្លួន​ឯង​ផ្ទាល់ ​លក់​នៅ​ទីផ្សារ​បរទេស។ ​ក្រោយម​ក​នឹង​បក​ប្រែ​ជា​ភាសា​ខ្មែរ​សម្រាប់​អ្នក​អាន​នៅ​កម្ពុជា»។​

កន្លង​មក​វិស័យ​តែង​និពន្ធ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​នៅ​មិន​ទាន់​រីកចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ឡើយ។ ​អ្នក​ប្រកប​របរ​ តែង​និពន្ធ​នៅ​កម្ពុជា​ជួប​ឧបសគ្គ​ជាច្រើន​ក្នុង​អាជីព ​ដែល​រាប់​ទាំងការរក​ចំណូល​ពី​ការ​លក់​ ការ​ការពារ​តាម​ផ្លូវ​ច្បាប់​នូវ​សមិទ្ធិផល​ដែល​ខ្លួន​បាន​តាក់តែង ​ការ​ទទួល​ស្គាល់​គុណ​តម្លៃ​ ​និង​កម្លាំង​ចិត្ត​ផ្សេងៗ​ទៀត​ដើម្បី​អភិវឌ្ឍ​ជំនាញ​របស់​ខ្លួន ​និង​វិស័យ​មួយ​នេះ។​

ការដាក់តាំង​បង្ហាញ​សៀវភៅ​នៅក្នុង «ពិព័រណ៌​សៀវភៅ​នៅ​កម្ពុជា​លើកទី៤ » នៅឯ​បណ្ណាល័យ​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី ១១ ខែ​ធ្នូ ឆ្នាំ​២០១៥។ (ហ៊ាន សុជាតា/ VOA)

ការដាក់តាំង​បង្ហាញ​សៀវភៅ​នៅក្នុង «ពិព័រណ៌​សៀវភៅ​នៅ​កម្ពុជា​លើកទី៤ » នៅឯ​បណ្ណាល័យ​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី ១១ ខែ​ធ្នូ ឆ្នាំ​២០១៥។ (ហ៊ាន សុជាតា/ VOA)

លោក ​ធៀ សុខម៉េង ​ប្រធាន​ផ្នែក​អក្សរ​សាស្រ្ត​ខ្មែរ​នៃ​ សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​បាន​ឲ្យ​ដឹង​ថា ​និស្សិត ​ដែល​ចូល​រៀន​ផ្នែក​អក្សរ​សាស្រ្ត​ខ្មែរ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ​មាន​ប្រមាណ​៣០០​នាក់​ក្នុង​មួយ​ឆ្នាំៗ​ ហើយ​និស្សិត​ភាគតិច​ចាប់​យក​ជំនាញ​ជា​អ្នក​និពន្ធ​អាជីព ​ព្រោះ​ការ​រក​ចំណូល​នៅ​តែ​ជា​បញ្ហា​ដែល​ចោទ។​

«សិស្ស​ចេញពី​ផ្នែក​អក្សរ​សាស្រ្ត​មិន​សូវ​ជាទៅ​ខាង​និពន្ធ​ទេ ច្រើន​តែទៅ​ជាគ្រូ​ ព្រោះ​ខាង​និពន្ធ​ហ្នឹង​វា​មិនអាច​ឲ្យ​យើង​រស់​នឹង​របរ​អ្នក​និពន្ធ​ហ្នឹង»។​

ម៉្យាង​ទៀត​ ​ការ​ទទួល​ស្គាល់​អំពី​គុណភាព​ និង​អត្ថន័យ​នៃ​សាច់​រឿង​តែង​ដោយ​អ្នក​និពន្ធ​កម្ពុជា​បច្ចុប្បន្ន​នៅ​មាន​កម្រិត​នៅ​ឡើយ ដែល​ធ្វើ​ឲ្យ​យុវជន​ជាច្រើន​ងាក​ទៅ​អាន​សរសេរ​សៀវភៅ​ជា​ភាសា​បរទេស​ ពិសេស​ភាសា​អង់គ្លេស។​ នេះជា​ការ​យល់​ឃើញ​របស់​លោក​ចាន់ សំណព្វ​ ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​ភាសាខ្មែរ​នៃ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី។​

«យុវជន​មាន​ការ​អាន​ទំនោរ​អង់គ្លេស​ជាង​ខ្មែរ​ ដោយ​សារ​អត្ថបទ​ខ្មែរ​យើង​មិន​សូវ​មាន​ភាព​សម្បូរ​បែប​ក្នុង​ការ​ផ្តល់​នូវ​ដំណឹង​ ឬ​ព័ត៌មាន។ ​ជាពិសេស​អត្ថបទ​អង់គ្លេស​ហ្នឹង​មិនមែន​ខ្មែរ​យើង​សរសេរ​ទៀត​ ច្រើន​តែ​បរទេស​គេ​សរសេរ។ ​អត្ថបទ​គេមាន​ស្តង់ដារ​មួយ​ដែល​ខ្លី​ ខ្លឹម​ ខ្លាំង។​ គេ​មិន​និយាយ​រឿង​អត់​ប្រយោជន៍​ អញ្ចឹង​វា​ទាក់ទាញ​យុវវ័យ​ដែរ»។​

លោក ​Jean-Michel Filippi ​ជា​នរវិទូ​ ​និង​ជា​សាស្រ្តាចារ្យ​ថ្នាក់​អនុ​បណ្ឌិតជំនាញ ​អក្សរ​សាស្រ្ត​ខ្មែរ​នៃ​សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ ​មើល​ឃើញ​ថា​ អក្សរ​សាស្រ្ត​ខ្មែរ​ និង​ការ​តែង​និពន្ធ​ក្នុង​សង្គម​កម្ពុជា​បាន​កើត​ឡើង​វិញ​តាំងពី​ក្រោយ​សម័យ​ខ្មែរក្រហម​ ហើយ​វា​ជា​ដំណើរ​ការ​រីក​ចម្រើន​សន្សឹមៗ។​ ពីឆ្នាំ​១៩៩២​មក ​លោក​ឃើញ​ថា មាន​ការ​កើន​ឡើង​នៃ​អ្នក​និពន្ធ​វ័យក្មេង ​សម័យ​ទំនើប​ដែល​ភាគ​ច្រើន​ប្រើ​ភាសា​អង់គ្លេស​ជា​យាន។​

«ហេតុផល​មួយ​ដែល​អ្នក​និពន្ធ​ខ្មែរ​ជំនាន់​ថ្មី​មួយ​ចំនួន​ចាប់​ផ្តើម​ប្រើប្រាស់​ភាសា​អង់គ្លេស​នោះ​ ​អាច​មក​ពី​ភាពងាយ​ស្រួល​ក្នុង​ការ​សរសេរ​របស់​ពួក​គេ។​ ពេល​យើង​សរសេរ​ជា​អង់គ្លេស​ យើង​មិន​ចាំបាច់​គិត​ពេក​ទេ។​ យើង​សរ​សេរ​តាម​អ្វី​ដែល​យើង​និយាយ។​ ហើយ​វាពុំមាន​ទេ​ក្នុង​ភាសា​អាល្លឺម៉ង់​ ឬ​បារាំង ឬ​ភាសា​ខ្មែរ»។​

ទោះជាយ៉ាងណា​ក៏​ដោយ លោក​ ចាន់ សំណព្វ ​បានឲ្យ​ដឹង​ថា​ ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ការ​តែងនិពន្ធ​ គេគួរ​បារម្ភ​ពី​គុណភាព​នៃ​គំនិត ​និង​អត្ថន័យ​ទើប​អាច​ទាក់ទាញ​យុវវ័យ។​

«វា​ជាការ​ចាប់​ផ្តើម​ឡើង​វិញ​ និង​ប្រឡូក​របស់ស្រទាប់​យុវជន​ក្នុង​ការ​តាក់តែង​និពន្ធ​ ​អញ្ចឹង​អត្ថបទ​ដែល​គាត់​សរសេរ​មួយ​ចំនួន​ហ្នឹង​យើង​អាច​ទទួល​យក​បាន​ហើយ។ ​ចំណុចចាប់​ផ្តើម​ហ្នឹង ​យើង​មិនត្រូវ​ប្រកាន់​ខ្លាំង​ពេក​ទេ។ ​អត្ថបទ​ខ្លះ​គាត់​សរសេរ​ល្អ។ ​តែ​អត្ថបទ​ខ្លះ ​អក្ខរា​វិរុទ្ធ​ខុស​ផង​ ប្រព័ន្ធ​សម្ព័ន្ធ​ឃ្លា​ស្តាប់​មិន​យល់​ ហើយ​មាន​ប្រើ​ពាក្យ​បរទេស​លាយ​ចូល​អញ្ចឹង​ទៅ ​មិន​ទៀង​ទាត់»។​

កញ្ញា​ ថាវរី​ ប្រើពេល​វេលា​ជាង​៦​ខែ​សរសេរ​សៀវភៅ​ A Proper Women។​ ផ្នែក​ពិសេស​មួយ​នៃ​សៀវភៅ ​ដែល​កញ្ញា​ពេញចិត្ត​គឺ​ការ​លាត​ត្រដាង​អំពី​ទស្សនៈ​របស់​ស្រ្តី​៣​ជំនាន់​គឺ​ជំនាន់​របស់​លោក​យាយ​របស់​កញ្ញា ថាវរី​ ជំនាន់​ម្តាយ​ និង​ជំនាន់​របស់​កញ្ញា។​

«សរសេរ​ហ្នឹង​ចង់​ប្រៀបធៀប​ការ​គំនាប​សង្គម​ក្នុង​ជំនាន់​យាយវា​យ៉ាង​ម៉េច?​ ជំនាន់ម៉ែ​យ៉ាងម៉េច? អញ្ចឹង​ត្រូវ​សម្ភាសយាយ​ផ្ទាល់​ ហើយ​ម៉ែ។​ ចំណុច​ខ្លះ​ត្រូវ​សម្ភាស​ម៉ែ​ទាក់ទង​នឹង​ការ​រៀបចំ​ឲ្យ​មាន​ការ​រៀបការ​របស់​គាត់ គឺ​គាត់​អៀន។ ​អញ្ចឹង​ទាល់តែ​លួច​ដាក់​ទូរស័ព្ទ​ថត​សំឡេង​គាត់»។​

កញ្ញា​ប្រាប់​ថា​ នេះ​ជា​យុទ្ធ​សាស្រ្ត​ថ្មី​មួយ​ក្នុង​ការ​ពិពណ៌នា​សាច់​រឿង​ ដែល​មាន​ការ​ប្រៀបធៀប ​និង​រៀបរាប់​រឿង​រ៉ាវ​ឲ្យ​ប្រទាក់​ក្រឡា​គ្នា​ ដែល​អាច​ទាក់ចិត្ត​អ្នក​អាន។​

អ្នក​និពន្ធ​សម័យ​ទំនើប ​(comtemporary writer) ​នៅ​កម្ពុជា​នៅ​ខ្វះខាត​ច្រើន​ ក្នុងការលើក​ស្ទួយ​វិស័យតែង​និពន្ធ​ និង​អក្សរ​សាស្រ្ត​កម្ពុជា​ នេះបើ​តាម​ លោក​ Jean-Michel Filippi ​តែ​លោក​បន្ថែម​ថា​ ​វាជា​សញ្ញា​វិជ្ជមាន​ដែលមាន​អ្នក​និពន្ធ​បច្ចុប្បន្ន​អាច​សរសេរ​រឿងរ៉ាវ​ក្នុង​សង្គម​ ដែល​ប្រកប​ដោយ​គុណ​ភាព​ ​ហើយ​ពួក​គេ​នៅ​មាន​កិច្ចការ​ជាច្រើន​ទៀត​ដែល​គួរ​ធ្វើ។​

«សម្រាប់​ខ្ញុំ ​អ្វី​ដែល​ជា​កិច្ចការ​សំខាន់​ដែល​អ្នក​និពន្ធ​ខ្មែរ​សម័យ​នេះ​ គួរ​ធ្វើ​នោះ​គឺ​ការ​បង្កើត​បដិវត្ត​ភាសា​សំណេរ​ជាតិ ​ហើយ​សរសេរ​បែបថ្មី​ ដោយ​កុំ​ប្រើ​ពាក្យ​ពេចន៍​ដែល​អ្នក​អាន​ពិបាក​យល់​ ដូចជា​កន្លង​មក​មាន​សៀវភៅ​មួយ​ចំនួនដែល​ស្ទើរតែ​ពាក់​កណ្តាល​ហើយ​ប្រើ​ពាក្យ​ពេចន៍​ដែល​យើង​ស្វែង​រក​ក្នុង​វចនានុ​ក្រម​ពុទ្ធ​សាសន​បណ្ឌិត។ ​ខ្ញុំ​មាន​ន័យ​ថា នេះ​គឺ​ជា​បដិវត្ត​នៃ​ការ​និពន្ធ​ដែល​អ្នក​និពន្ធ​សរសរ​សម្រាប់​ទាំង​អស់គ្នា។​ នេះ​ទើប​ជា​បដិវត្ត​ពិត​ប្រាកដ​ដែល​មកដល់​ពេល​នេះ​មិនទាន់​កើត​មាន​នោះ​ទេ»៕

XS
SM
MD
LG