ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ.ជ.ប​​កំណត់​យក​ខែ​មករា​ឆ្នាំ​២០១៨​ ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធ​សភា


រូបភាព​ឯកសារ៖ ទីស្នាក់ការ​គណៈកម្មាធិការជាតិ​ រៀបចំ​ការ​បោះឆ្នោត​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពីថ្ងៃទី​១៩​ ខែមករា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)
រូបភាព​ឯកសារ៖ ទីស្នាក់ការ​គណៈកម្មាធិការជាតិ​ រៀបចំ​ការ​បោះឆ្នោត​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពីថ្ងៃទី​១៩​ ខែមករា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)

សេចក្តី​ប្រកាស​ដដែល​ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា​ ​ការ​បោះឆ្នោត​ជ្រើស​រើស​សមាជិក​ព្រឹទ្ធសភា​នា​ពេល​ខាង​មុខ​នឹង​បែង​ចែក​ជា​ ៨​ភូមិ​ភាគ​ទូទាំង​ប្រទេស។​

គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នៅ​កម្ពុជា​ហៅ​កាត់​ថា​ ​គ.ជ.ប.​ ​បាន​ ​កំណត់​យក​ថ្ងៃ​អាទិត្យ​ទី​១៤​ ​ខែ​មករា​ឆ្នាំ​២០១៨​ ​ដើម្បី​ធ្វើការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធ​សភា​ថ្មី។​ ​នេះបើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ.ជ.ប.​ដែល​VOA​ ​បាន​ទទួល​នា​ថ្ងៃ​អង្គារ។​

​សេចក្តី​ប្រកាស​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​ ​ស៊ិក ប៊ុនហុក ​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ​និង​ផ្សាយ​តាម​គេហ​ទំព័រ​ផ្លូវការរបស់​ ​គ.ជ.ប.​ ​ឱ្យ​ដឹង​ថា​ ​ការ​បោះឆ្នោត​ជ្រើស​តាំង​ សមាជិក​ព្រឹទ្ធ​សភា​នីតិកាល​ទី៤ នៅ​ដើម​ឆ្នាំ​២០១៨​ខាង​មុខ​នេះ​ ​គឺ​ដើម្បី​ជ្រើស​រើស​សមាជិក​ព្រឹទ្ធ​សភា​ចំនួន៥៨រូប​នៃ​ចំនួន​សរុប​៦២​រូប​ ​ខណៈដែល​សមាជិក​ព្រឹទ្ធ​សភា​នៅ​សេសសល់​ចំនួន​៤រូប​ផ្សេង​ទៀត​នឹង​ជ្រើស​តាំង​ដោយ​ផ្ទាល់​ពី​ព្រះ​មហា​ក្សត្រ​ ​នឹង​តាម​ការបោះឆ្នោត​ក្នុង​រដ្ឋសភា។​

សេចក្តី​ប្រកាស​ដដែល​ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា​ ​ការ​បោះឆ្នោត​ជ្រើស​រើស​សមាជិក​ព្រឹទ្ធសភា​នា​ពេល​ខាង​មុខ​នឹង​បែង​ចែក​ជា​ ៨​ភូមិ​ភាគ​ទូទាំង​ប្រទេស។​

ប្រទេស​កម្ពុជា​ទើប​តែ​បញ្ចប់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សាឃុំ-សង្កាត់​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ។​ ​លទ្ធផល​ផ្លូវការ​ក្រោយ​ការ​បោះឆ្នោត​ទូទាំង​ប្រទេស​បង្ហាញ​ថា ​គណ​បក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ ​អាសនៈ​ចំនួន​ជាង​៦.៥00​ ​រីឯ​គណ​បក្ស​ជំទាស់​ដ៏​ធំ​ក្នុង​ប្រទេស​កម្ពុជា​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​អាសនៈ​សរុប​ជាង​៥ពាន់​នៃ​អាសនៈ​សរុប​ចំនួន១១.៥៧២​អាសនៈ។​ អាសនៈ​ដែល​នៅ​សេស​សល់​ត្រូវ​បាន​ទៅ​គណបក្ស​ផ្សេងៗ​ទៀត។​

សមាជិក​ក្រុម​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ដែល​ជាប់​ឆ្នោត​ទាំង​នេះ​ ​នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភាថ្មី​ ​នៅ​ខែ​មករា​ឆ្នាំ​២០១៨​ ​ខា​ងមុខ៕

XS
SM
MD
LG