\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គ.ជ.ប.​រក​ឃើញ​ករណី​មិន​ប្រក្រតី​ជាង​​១០.០០០​ទាក់ទង​នឹង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត


រូបឯកសារ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានចាប់ផ្ដើមថ្ងៃដំបូង នៃការចុះឈ្មោះបោះឆ្នោត«សាកល្បង» នៅ ឃុំ សង្កាត់ ដែលបានជ្រើសរើស ក្នុងខេត្តរាជធានីទាំង២៥។ (អូន ឆេងប៉រ/VOA)

រូបឯកសារ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) បានចាប់ផ្ដើមថ្ងៃដំបូង នៃការចុះឈ្មោះបោះឆ្នោត«សាកល្បង» នៅ ឃុំ សង្កាត់ ដែលបានជ្រើសរើស ក្នុងខេត្តរាជធានីទាំង២៥។ (អូន ឆេងប៉រ/VOA)

នៅ​ក្នុង​ចំណោម​ករណី​មិន​ប្រក្រតី​ជាង​១០.០០០​នេះ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​រក​ឃើញ​ការ​បាត់​ឈ្មោះ​ជាង​២.០០០​ករណី​ ដោយសារ​កំហុស​បច្ចេកទេស​ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​តាមរយៈ​កុំព្យូទ័រ ខណៈ​ឈ្មោះ​ស្ទួន​ជាង​៩.០០០​ករណី​នឹង​ត្រូវ​លុប​ចេញ​ពី​បញ្ជី។

បន្ទាប់​ពី​ការ​បិទ​បញ្ចប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​រយៈពេល​ជាង​២​សប្តាហ៍ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ​បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​ពាក់ព័ន្ធ​នឹង​ការ​បាត់​ឈ្មោះ និង​ឈ្មោះ​ស្ទួន​ជាង​១​ម៉ឺន​ករណី។ ទោះ​ជា​យ៉ាង​ណា​ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​នេះ​អះអាង​ថា គ.ជ.ប ​កំពុង​ដោះស្រាយ​បញ្ហា​នេះ ដើម្បី​ធានា​ពី​ភាព​ត្រឹម​ត្រូវ​របស់​ខ្លួន។

​នៅ​ក្នុង​ចំណោម​ករណី​មិន​ប្រក្រតី​ជាង​១០.០០០​នេះ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​រក​ឃើញ​ការ​បាត់​ឈ្មោះ​ជាង​២.០០០​ករណី​ ដោយសារ​កំហុស​បច្ចេកទេស​ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​តាមរយៈ​កុំព្យូទ័រ ខណៈ​ឈ្មោះ​ស្ទួន​ជាង​៩.០០០​ករណី​នឹង​ត្រូវ​លុប​ចេញ​ពី​បញ្ជី។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត។

ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ដែល​ធ្វើ​ឡើង​អស់​រយៈពេល​បី​ខែ ចាប់​តាំង​ពី​ថ្ងៃ​ទី​១ ​ខែ​កញ្ញា​មក​នោះ​ បាន​បិទ​បញ្ចប់​ជា​ស្ថាពរ​ កាល​ពី​ថ្ងៃ​៣០ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦ ដោយ​មាន​ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​សរុប​ជាង​៧​លាន​៨​សែន​នាក់ ​ឬ​ស្មើ​នឹង​៨១.៤៨% នៃ​ចំនួន​ប្រជាពលរដ្ឋ​គ្រប់​អាយុ​បោះ​ឆ្នោត​ចំនួន​ជាង​៩លាន​៦​សែន​នាក់។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ.ជ.ប​ថ្លែង​ប្រាប់ VOA នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ថា រហូត​មក​ដល់​ពេល​នេះ​ គ.ជ.ប បាន​រក​ឃើញ​ការ​បាត់​ឈ្មោះ​ចំនួន​២.៣១៨​ករណី និង​បាន​រក​ឃើញ​ឈ្មោះ​ស្ទួន​ជាង​៩​ពាន់​ករណី​ដែល​នឹង​ត្រូវ​លុប​ចេញ​ពី​បញ្ជី។​ លោក​បន្ថែម​ថា ករណី​ទាំង​អស់​នេះ​ភាគ​ច្រើន​កើត​ឡើង ​ដោយសារ​ប្រព័ន្ធ​បច្ចេកវិទ្យា​ថ្មី​ ជាពិសេស​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អ៊ីនធឺណិត។

រូបឯកសារ៖ លោក​ ហង្ស​ ពុទ្ធា​ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិរៀបចំ​ការ​បោះឆ្នោត​ ហៅ​កាត់​ថា​ គ.ជ.ប នៅ​ក្នុង​ទីស្នាក់​ការ​ គ.ជ.ប នៃ​ក្រសួង​មហាផ្ទៃ​ ក្នុង​រាជធានីភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី៤ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦​។ (ហ៊ាន សុជាតា​/ VOA)

រូបឯកសារ៖ លោក​ ហង្ស​ ពុទ្ធា​ អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិរៀបចំ​ការ​បោះឆ្នោត​ ហៅ​កាត់​ថា​ គ.ជ.ប នៅ​ក្នុង​ទីស្នាក់​ការ​ គ.ជ.ប នៃ​ក្រសួង​មហាផ្ទៃ​ ក្នុង​រាជធានីភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី៤ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៦​។ (ហ៊ាន សុជាតា​/ VOA)

លោក ហង្ស ពុទ្ធា ​បញ្ជាក់​ថា៖

«ចុច​បញ្ជូន ចុច​លើក​ទី​មួយ​ហើយ​វា​អត់​ឃើញ​ផ្ញើ​មក ក៏​ចុច​ម្តង​ទៀត​ទៅ។ ដល់​ចុច​ម្តង​ទៀត​ទៅ​ឈ្មោះ​វា​មក​ពីរ​ដង អាហ្នឹង​រឿង​ទី​មួយ។ រឿង​ទីពីរ មុន​នឹង​ថ្ងៃ​ចុះ​ឈ្មោះ​គេ​ធ្វើ​ការ​សាក​ល្បង ​ដល់​សាកល្បង​ទៅ ​ដល់​ពេល​ចុច​បញ្ជូន​ ចុច​បញ្ជូន​អា​សាក​ល្បង​ហ្នឹង​វា​រត់​ចូល​មក​ក្នុង​បញ្ជី​ឈ្មោះ​នេះ​ដែរ។ អាហ្នឹង​គឺជា​ប្រព័ន្ធ​បច្ចេកវិទ្យា ហើយ​បញ្ហា​សំខាន់​គឺ​មក​ពី​បញ្ហា​អ៊ីនធឺណិត​ហ្នឹង​តែ​ម្តង។ ហើយ​អ្នក​ប្រើប្រាស់​ការី​កុំព្យូទ័រ​របស់​យើង​ក៏​មាន​បញ្ហា​ខ្លះ​ដែរ​ដូចជា​ គាត់​បាន​ចុច​មក​ហើយ​ទោះ​បី​វា​អត់​ទាន់​មក​ប៉ុន្តែ​កុំព្យូទ័រ​វា​កំពុង​វិល​ជុំ​ឲ្យ​មក​ហើយ​ ប៉ុន្តែ​គាត់​ខ្លាច​មិន​មក​គាត់​ក៏​ចុច​មក​ទៀត​មក»។

លោក ហង្ស​ ពុទ្ធា បន្ថែម​ថា ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ ការ​បោះ​ឆ្នោត​បាន​បង្កើត​គណៈកម្មការ​ដើម្បី​ធានា​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព។

លោក​បញ្ជាក់​ថា៖

«គ.ជ.ប​បាន​បង្កើត​នូវ​គណៈកម្មការ​មួយ​ដើម្បី​ធ្វើ​ការងារ​រឿង​ហ្នឹង។ ទី១ ​ស្រាវជ្រាវ​បន្ថែម​អំពី​បញ្ហា ទី២​ រៀបចំ​ការ​បញ្ចូល​ឈ្មោះ​ទៅ​ក្នុង​ឈ្មោះ​តាម​ឈ្មោះ​ក្នុង​ឃុំ​សង្កាត់​ហ្នឹង​វិញ ដោយ​ត្រូវ​គោរព​អញ្ជើញ​ភាគី​ពាក់ព័ន្ធ​ដូចជា​គណបក្ស​នយោបាយ ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត អង្គ​ការ​មិនមែន​រដ្ឋាភិបាល​ហ្នឹង​មក​ពិនិត្យ​មើល​អំពី​ភាព​ត្រឹមត្រូវ​នៃ​ការងារ​របស់​គ.ជ.ប»។

ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​អាណត្តិ​មុនៗ​ដែល​ធ្វើ​ឡើង​ដោយ​ការ​សរសេរ​ដៃ មិន​មាន​ប្រើ​ប្រព័ន្ធ​កុំព្យូទ័រ​ក៏​មាន​ភាព​មិន​ប្រក្រតី​ច្រើន​ពាក់ព័ន្ធ​នឹង​ការ​បាត់​ឈ្មោះ​នេះ​ដែរ ប៉ុន្តែ​ភាគ​ច្រើន​នៃ​ការ​បាត់​ឈ្មោះ​ទាំង​នោះ​មិន​អាច​រក​ឃើញ​ និង​ដោះ​ស្រាយ​បាន​នោះ​ទេ។

លោក​ គល់ ​បញ្ញា​ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី ​និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ខុមហ្វ្រែល (Comfrel) បាន​ប្រាប់​ VOA​ ថា​ ជា​ធម្មតា​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​តែងតែ​មាន​កំហុស ឬ​ភាព​មិន​ប្រក្រតី​កើត​ឡើង​ មិន​ថា​តែ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​តាម​ប្រព័ន្ធ​ចាស់​ និង​ប្រព័ន្ធ​ថ្មី។ ទោះ​ជា​យ៉ាង​ណា​លោក​ថា គ.ជ.ប ​គួរ​តែ​ត្រៀម​រៀប​ចំ​ឲ្យ​បាន​ល្អិត​ល្អន់​ជាង​នេះ ដើម្បី​ជៀស​វាង​បញ្ហា​ដែល​កើត​មាន​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព។

លោក​ គល់ ​បញ្ញា បញ្ជាក់​ថា៖

«ដំណោះ​ស្រាយ​យើង​ត្រូវ​មាន​អ៊ីនធឺណិត​នៅ​កន្លែង​ហ្នឹង​ឲ្យ​វា​បាន​ខ្លាំង​អី​អញ្ចឹង​ទៅ វា​មិនមែន​ជា​បញ្ហា​ក្នុង​ការ​ដោះស្រាយ ប៉ុន្តែ​ប្រហែល​វា​អាច​មក​ពី​ភាព​ Error (កំហុស) របស់​មនុស្សដែរ​ មនុស្ស​មិន​សូវ​យក​ចិត្ត​ទុក​ដាក់ អញ្ចឹង​ គ.ជ.ប​ គេ​អាច​ពង្រឹង​មន្រ្តី​ចុះ​ឈ្មោះ​បោះឆ្នោត​ហ្នឹង​ គាត់​រក​មធ្យោបាយ ឬ​រក​វិធីសាស្រ្ត​ដើម្បី​ធ្វើ​ម៉េច​ធានា​ការ​បញ្ជូន​ទិន្នន័យ​តាម​អ៊ីនធឺណិត​ហ្នឹង​ឲ្យ​មក​ទាន់​ពេល​វេលា»។

ក្នុង​បណ្តឹង​ពាក់ព័ន្ធ​នឹង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដែល គ.ជ.ប និង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ទទួល​បាន​មាន​ជាង​៩០​បណ្តឹង​ ភាគ​ច្រើន​ជា​បណ្តឹង​ពាក់​ព័ន្ធ​នឹង​ការ​រារាំង ការ​ប៉ះពាល់​ដល់​នីតិវិធី​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​ភាព​មិន​ប្រក្រតី​លើ​អ្នក​ចុះ​ឈ្មោះ​ដែល​ត្រូវ​បាន​សង្ស័យ​ថា​ មិន​មាន​សញ្ជាតិ​ខ្មែរ​ រួម​នឹង​ការ​រំលោភ​លើ​នីតិវិធី​ផ្សេងៗ​ជាដើម៕

XS
SM
MD
LG