\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គ.ជ.​ប.​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ខណៈ​​ថ្ងៃ​ចុះ​ចុង​ក្រោយ​កាន់​តែ​ខិត​ជិត​ដល់


រូបឯកសារ៖ លោក​ ស៊ិក​ ប៊ុនហុក​ ប្រធាន​គណៈ​កម្មការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត (គ.ជ.ប.) កំពុង​ចុះ​ឈ្មោះ​បោះឆ្នោត​នៅឯ​សាលា​សង្កាត់​បឹង​កេងកង៣​ រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ២០១៦។​ (ហ៊ាន សុជាតា/VOA)

រូបឯកសារ៖ លោក​ ស៊ិក​ ប៊ុនហុក​ ប្រធាន​គណៈ​កម្មការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត (គ.ជ.ប.) កំពុង​ចុះ​ឈ្មោះ​បោះឆ្នោត​នៅឯ​សាលា​សង្កាត់​បឹង​កេងកង៣​ រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ២០១៦។​ (ហ៊ាន សុជាតា/VOA)

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់គ្នា មុន​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា​ខាង​មុខ ខណៈ​ដែល​​​​​ពលរដ្ឋ​​ជាង​៧០​ភាគ​រយ​នៃ​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​​បាន​ចុះ​ឈ្មោះ​រួច​រាល់។

ខណៈ​ដែល​ថ្ងៃ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នឹង​ត្រូវបញ្ចប់​ក្នុង​រយៈ​ពេល​១៥​ថ្ងៃ​ទៀត ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប) បង្ហាញការបារម្ភ​ពី​អត្រា​នៃ​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​ចំនួន​ទាប និង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា។ ចំណែក​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​មើល​ឃើញថា អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​ចំនួន​ទាប​នេះ ដោយ​សារ​ គ.ជ.ប ខ្វះការ​ផ្សព្វ​ផ្សាយ។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់គ្នា មុន​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា​ខាង​មុខ ខណៈ​ដែល​ពលរដ្ឋជាង​៧០​ភាគ​រយ​នៃ​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោតបាន​ចុះ​ឈ្មោះ​រួច​រាល់។

សេចក្តី​អំពាវនាវ​របស់​គ.ជ.ប មួយ​ចេញ​នៅ​ថ្ងៃទី​១២ ខែ​វិច្ឆិកា​ ឲ្យ​ដឹង​ថា​ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នឹង​ត្រូវ​បញ្ចប់​នៅ​ម៉ោង​៥:៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៦​នេះ ស្រប​ពេល​ដែល​អត្រា​នៃ​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​ការ​ធ្លាក់​ចុះ។​ គ.ជ.ប​បាន​អំពាវ​នាវដល់​ព្រះសង្ឃ​គ្រប់​អង្គ និង​ប្រជា​ពលរដ្ឋខ្មែរ​ដែល​មាន​អាយុ និង​ព្រះជន្ម ១៨​ឆ្នាំ​វស្សា​ឡើង​ទៅ​ ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត ឲ្យ​ទាន់​ពេល​វេលា ដើម្បី​បោះ​ឆ្នោត​ឃុំ​សង្កាត់​ នៅ​ខែ​មិថុនា ឆ្នាំ​២០១៧​ខាង​មុខ។

បើ​តាម​គ.ជ.ប គិត​ពី​ថ្ងៃ​ទី១ ខែ​កញ្ញា មក​ដល់​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ចំនួន​ប្រជាពលរដ្ឋ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​ចំនួន​៧​លាន​៥ម៉ឺន​នាក់។ ចំនួន​ពលរដ្ឋ​អាយុ​ចាប់​ពី​១៨​ឆ្នាំ​ឡើងដែល​មាន​សិទ្ធិ​បោះ​ឆ្នោត មាន​ចំនួន​ជាង​៩,៦​លាន​នាក់។

លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គ.ជ.ប​ប្រាប់ VOA នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ថា ការ​ចុះ​ឈ្មោះ​របស់​ប្រជាពលរដ្ឋ​ដែល​មាន​ចំនួន​ជាង​៧​លាន​នាក់​ ក្នុង​រយៈពេល​២​ខែ​កន្លះ គឺ​ជា​ចំនួន​ច្រើន​ដែល​បង្ហាញ​ពី​ភាព​វិជ្ជមាន​ក្នុង​ការ​ចូល​រួម​បោះ​ឆ្នោត​ក្នុង​ពេល​ខាងមុខ។ លោក​បន្ថែម​ថា បើ​ទោះ​បី​ជា​ការ​ចុះ​ឈ្មោះ​នេះ​មាន​ចំនួន​តែ​ជាង​៧៣​ភាគ​រយ តែ​ជា​ចំនួន​ដែលខ្ពស់​បើ​ធៀប​នឹង​បណ្តា​ប្រទេស​ដទៃ។​

លោក​មាន​ប្រសាសន៍​ថា៖

«ចំនួន​នេះ​បង្ហាញ​អំពី​ចំណាប់​អារម្មណ៍​នៃ​ការ​ចូល​រួម​របស់​ប្រជា​ពលរដ្ឋ និង​កិច្ច​ប្រឹងប្រែង​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​រៀប​ចំ​បញ្ជី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី ហើយ​និង​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បីធានា​ឲ្យ​បញ្ជី​បោះ​ឆ្នោត​មួយ​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា»។

លោក​ ហង្ស ពុទ្ធា បន្ថែម​ថា ប្រសិន​ជា​ប្រជាពលរដ្ឋ​មិន​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្នុង​អំឡុង​ពេល​៣​ខែ​ដែល​បាន​កំណត់​ទេ នោះ​ប្រជាពលរដ្ឋ​មិន​អាច​បោះ​ឆ្នោត​ជ្រើសរើស​ឃុំ សង្កាត់ ក្នុង​ឆ្នាំ២០១៧បាន​ឡើយ។ ទោះ​ជា​យ៉ាង​ណា​ លោក​ថា​ ប្រជាពលរដ្ឋ​អាច​ចុះ​ឈ្មោះ​ម្តង​ទៀត​ក្រោយការ​បោះឆ្នោត​ឃុំ​សង្កាត់ ដើម្បី​អាច​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ក្នុង​ឆ្នាំ​២០១៨​ខាង​មុខ។

លោក យឿង សុធារ៉ា មន្រ្តី​ច្បាប់​និង​អង្កេត​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ ហៅ​កាត់​ថា​ ខុមហ្រ្វែល ប្រាប់ VOA ថា ចំនួន​ប្រជាពលរដ្ឋ​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោតមិន​បាន​ខ្ពស់​តាម​ការ​រំពឹង​ទុក ដោយ​សារ​មាន​ការ​ខ្វះ​ខាត​ការ​អប់រំ និង​ការ​ផ្សព្វ​ផ្សាយ​តាម​មូលដ្ឋាន​របស់​គ.ជ.ប​ មិន​បាន​ទូលំទូលាយ។ លោក​បន្ថែមថា គ.ជ.ប គួរ​តែ​បង្កើន​ការ​ផ្សព្វ​ផ្សាយ​ និង​សហការ​ជាមួយ​គ្រប់​ភាគី​ដែល​ជួយ​ជំរុញ​ប្រជា​ពលរដ្ឋឲ្យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដោយ​មិន​ប្រកាន់​គណបក្ស​នយោបាយ។

លោក​បញ្ជាក់​ថា៖

«មាន​ឧបសគ្គ​មួយ​ចំនួន​ដូច​ជា​ពាក់ព័ន្ធ​ទៅ​នឹង​ការ​អប់រំ​ទៅ​តាម​មូលដ្ឋាន​របស់​ គ.ជ.ប ហ្នឹង​នៅ​មាន​ភាព​ទន់​ខ្សោយ យើង​ឃើញ​ថា​ ការ​អប់រំ ការ​ផ្សព្វ​ផ្សាយ​អី​ហ្នឹង​បើយើង​ធៀប​ទៅ​ មិន​ទាន់​បាន​ស្មើ​នឹង​ការ​ផ្សព្វ​ផ្សាយ​របស់​ក្រុមហ៊ុន​របស់​អីហ្នឹង​ផង ខ្ញុំ​សង្កត់​ធ្ងន់​ទៅ​លើ​ការ​អប់រំ​ផ្សព្វ​ផ្សាយ​ ការ​យល់​ដឹង​ហ្នឹង​ដល់​ប្រជាពលរដ្ឋ​តាម​ជនបទ​ហ្នឹង​គឺ​នៅ​ខ្វះ​ខាត​ច្រើន​ ហើយ​ប្រជាពលរដ្ឋ​ច្រើន​មិន​ទាន់​បាន​យល់​ដឹង​ពី​អាហ្នឹង ថា​ នីតិវិធី​ហ្នឹង​គេ​ធ្វើ​យ៉ាង​ម៉េច ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ហ្នឹង​គេ​ធ្វើ​យ៉ាង​ម៉េច? តាម​ដឹង​គឺ​ថា គម្រោង​របស់​គ.ជ.ប ចាក់​ផ្សាយ​តាម​ឧគ្ឃោសនស័ព្ទ​តាម​ភូមិ​មួយ​រយៈពេលហ្នឹង​គឺ​ថា​បាន​តែ​បី​ដង​ទេ ហើយ​ចំនួន​បី​ដង ហើយ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​តែបី​ខែ​គឺ​រយៈពេល​តិច​មែន​ទែន»។​

លោក​ យឿង សុធារ៉ា បន្ថែម​ថា ប្រជាពលរដ្ឋ​គួរ​តែ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​គ្នា​ដើម្បី​ចូល​រួម​សម្តែង​សិទ្ធិ​ និង​ឆន្ទៈ​ក្នុង​ការ​ជ្រើស​រើស​តំណាង​មក​ដឹកនាំ​ប្រទេស និង​សហគមន៍​របស់​ខ្លួន​ទៅ​តាម​បែប​ប្រជាធិបតេយ្យ។

លោក​ សំ គន្ធាមី​ នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត​ និង​យុត្តិធម៌​ ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​ត្រឹមត្រូវ​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ និកហ្វិក ប្រាប់ VOA ថា ចំនួន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោតក្នុង​រយៈ​ពេល​ជាង​២ខែ​កន្លះ​នេះ នៅ​មាន​កម្រិត​ទាប​ខុស​ពី​ការ​រំពឹង​ទុក​ បើ​ធៀប​នឹង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​អាណត្តិមុន។ ​លោក​បន្ថែម​ថា ចំនួន​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​គួរ​តែ​មាន​ចំនួន​ជាង​៨លាន​នាក់ ប៉ុន្តែ​លោក​ថា ការ​ចុះ​ឈ្មោះ​ក្នុង​កម្រិត​ទាប​នេះ​ដោយសារ​ អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដូចជា​ព្រះ​សង្ឃ ជន​ពិការ​ ពលករ​ចំណាកស្រុក​ជាដើម ជួប​ការ​លំបាក​ក្នុង​ការ​ទៅ​ចុះ​ឈ្មោះ។

លោក​បញ្ជាក់​ថា៖

«ព្រះ​សង្ឃ​ហ្នឹង​គាត់​ជួប​ការ​លំបាក​ច្រើនជាង​គេ​ ទី​២​បងប្អូន​ជន​ពិការ​ ជួន​កាល​ការិយាល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​សាលា​ឃុំ​អី​ហ្នឹង​គាត់​ខ្ពស់​ ពិបាក ពិការ​ជើង​ពិការ​អីហ្នឹង​ គាត់​ជួប​ការ​លំបាក​ច្រើន ហើយ​និង​ឯកសារ​ទី​៣ សម្រាប់​ពលករ​ក្រៅ​ប្រទេស​អី​ហ្នឹង​ជួប​ការ​លំបាកត្រឡប់​មក​ស្រុក​ខ្មែរ​ចុះ​ឈ្មោះ​ ទី៤ ​បងប្អូន​ជនជាតិដើម​ភាគ​តិច​ដែលរស់​នៅ​តាមតំបន់​ដាច់​ស្រយាល ហើយ​កន្លង​មក​ជួប​ប្រទះ​ទឹក​ភ្លៀង រដូវ​វស្សា​ភ្ជុំ​បិណ្ឌ​អី​ហ្នឹង​ភ្លៀង​ច្រើន គាត់​ជួប​ការ​លំបាក​ច្រើន​ កត្តា​ទាំង​អស់​ហ្នឹង​ហើយ​វា​ជា​ការរាំង​ស្ទះ​មួយ​ដែរ​ដល់​ដំណើរការ​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត»។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ គ.ជ.ប ចេញ​កាលពី​ថ្ងៃ១០ ខែ​វិច្ឆិកា នេះ​បង្ហាញ​ថា ក្នុង​ដំណើរការ​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​ចំនួន ៨១​បណ្តឹង ដែល​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ និង​ គ.ជ.ប ទទួលបាន។ បណ្តឹង​ទាំង​នោះ​ពាក់ព័ន្ធ​នឹង​ការ​បាត់​ឈ្មោះ ការ​ប្តឹង​ពី​ជន​បរទេសមាន​សិទ្ធិ​បោះ​ឆ្នោត និង​បណ្តឹង​ពាក់ព័ន្ធ​នឹង​ការ​បំពេញ​ភារកិច្ច​របស់​មន្រ្តី​បោះ​ឆ្នោត​ជាដើម។

​ការ​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ថ្មីបាន និង​កំពុងតែប្រព្រឹត្ត​ទៅ​រយៈពេល​៩០​ថ្ងៃ​ ចាប់តាំង​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ឆ្នាំ២០១៦។ ចំណែក​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី៤​ ខែ​មិថុនា ឆ្នាំ​២០១៧។ ដោយ​ឡែក​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នឹង​ប្រព្រឹត្ត​ទៅ​ក្នុងឆ្នាំ​២០១៨៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG