ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឪពុកម្តាយ​អស់​សង្ឃឹម​ថា​នឹង​រកឃើញ​កម្មករ​ម្នាក់​ដែល​បាត់​ខ្លួន​ក្រោយ​ពី​ការ​បង្រ្កាប


អស់​រយៈពេល​ជាង​១០​ថ្ងៃ​ហើយ​ដែល​លោក​ឃឹម សឿន បាន​រង់​ចាំ​ដំណឹង​កូន​ប្រុស​របស់​លោក។

កូនប្រុស​របស់​លោក​ ឈ្មោះ ​ឃឹម សូផាត ​បាន​បាត់ខ្លួន​ក្នុង​ព្រឹត្តិការណ៍​នៃ​បាញ់​បង្រ្កាប​បាតុករ​ជា​កម្មករ​រោងចក្រ​នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា​កាល​ពី​ថ្ងៃ​ទី​៣​ខែ​មករា​កន្លង​ទៅ​ក្នុង​ទីក្រុង​ភ្នំពេញ។

មនុស្ស​ចន្លោះ​ពី​បួន​ទៅ​ប្រាំ​នាក់​បាន​ស្លាប់​ របួស​៣៩​នាក់ ​និង​មួយ​ចំនួនទៀត​ត្រូវ​ចាប់​ខ្លួន។

​ដោយក្តី​អស់​សង្ឃឹម​បី​ថ្ងៃ​ក្រោយពី​ព្រឹត្តិការណ៍​នោះ​លោកឃឹម សឿន ​អាយុ​៣៨​ឆ្នាំ​បានសម្រេចចិត្ត​ធ្វើ​ពិធី​បុណ្យ​សព​ដ៏តូច​មួយ​នៅភូមិ​បឹងគ្រាល ​ស្រុក​ស្វាយជ្រំ ​ខេត្តស្វាយរៀង​ ដើម្បីឧទ្ទិស​កុសល្យ​ដល់​កូនប្រុស​អាយុ១៦​ឆ្នាំ​របស់​គាត់។

ក្នុង​ទឹក​មុខ​ស្រពាប់​ស្រពោន ​កំពុង​ឈរ​នៅ​ខាង​មុខ​បន្ទប់​ជួល​របស់​កូនស្រី​ច្បង​របស់​លោក​នៅ​ភូមិ​ត្រពាំងថ្លឹង​ជិត​កន្លែង​កើត​ហេតុ​ លោក ឃឹម សឿន បាន​បញ្ជាក់​ថា៖ «ខ្ញុំ​ស្តាយ​ណាស់ ​ស្តាយ​កូន​ណាស់ ​បើ​ម៉ែ​វា​វិញ​សន្លប់​រហូត​ដុត​ភ្លើង​ឆ្អើ​រហូត។ ឈប់​រក​ហើយ​បង ដោយ​សារ​រក​អត់​ឃើញ។ មាន​តែ​ត្រឡប់​ទៅ​ស្រុក​វិញ​ទៅ​ធ្វើ​បុណ្យ​ព្រោះ​ខ្ញុំ​ដើរ​រក​ឆ្អែត​ហើយ​គ្រប់​វត្ត​មន្ទីរពេទ្យ​សព្វ​អស់​ហើយ។ ឮ​គេ​ថា​ឃើញ​ខ្មោច​នៅ​វត្ត​ទួល ​ពេល​ខ្ញុំ​ទៅ​មើល​ក៏​អត់​ឃើញ ​ឃើញ​តែ​សព​គេ»។

លោក​ទើបតែ​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។


យុវជន ឃឹម សូផាត ​ហៅ​ក្រៅ​ថា​«ជ្រូក» ​មាន​អាយុ​១៦​ឆ្នាំ។ យុវជន​រូប​នេះ​បាន​មក​ធ្វើការ​រោងចក្រ​នៅ​ភ្នំពេញ​ជាង​មួយ​ឆ្នាំ​ហើយ ​ដោយ​សារ​ម្តាយ​ឪពុក​មាន​ជីវភាព​ខ្សត់ខ្សោយ។

នៅ​ថ្ងៃ​កើត​ហេតុ​មាន​សាក្សី​ខ្លះ​បាន​អះអាង​ថា​ពួកគេ​ឃើញ​ក្រុម​កងកម្លាំង​មាន​សមត្ថកិច្ច​បាញ់​សូផាត​ចំ​ទ្រូង​បណ្តាល​ឱ្យ​របួស​ធ្ងន់ ​មុន​នឹង​ក្រុម​សមត្ថកិច្ច​ចាប់​បោះ​រូប​គេ​ដាក់​លើ​ឡាន​ទាហាន។

អ្នកស្រី ខាត់ ស្រីរ័ត្ន ​អាយុ​២៥​ឆ្នាំ​ជា​សាក្សី​ម្នាក់​និង​ជា​កម្មករ​រោងចក្រ​ម្នាក់​មក​ពី​ខេត្ត​កណ្តាល។

«ខ្ញុំ​ឃើញ​គេ​លើក​ដាក់​ឡាន​ទាហាន​ទៅ។ ខ្ញុំ​ឃើញ​ផ្ទាល់​ភ្នែក​តែ​ម្តង។ ខ្ញុំ​មើល​តាម​ប្រឡោះ​សោ​ទ្វារ​តូច ​ព្រោះ​ខ្ញុំ​ពួន​ក្នុង​ផ្ទះ​គេ​លក់​ទូរស័ព្ទ​ហ្នឹង។ ម្នាក់​ហ្នឹង​ខ្ញុំ​អត់​ដែល​ស្គាល់​ដែរ ​ប៉ុន្តែ​យើង​ឈរ​ជាមួយ​គ្នា​ពេល​គេ​បាញ់​ត្រូវ​អញ្ចឹង​ទៅ​ យើង​ក៏​ជួយ​គ្រា​គ្នា​មក​អញ្ចឹង។ ខ្ញុំ​ខំ​ប្រឹង​អូស​ម្នាក់​ហ្នឹង​គ្នា​ពីរ​នាក់ ​ប៉ុន្តែ​ពេល​អូស​អត់​រួច ​វា​ក៏​ដួល។ ពេល​វា​ដួល​អញ្ចឹង​ថា​ថា​មិន​ចាំ​បាច់​អូស​វា​ទៀត​ទេ ​រត់​យក​ឱ្យ​រួច​តែ​ខ្លួន​ទៅ។ ដល់​ពេល​ទម្លាក់​ទៅ​ឃើញ​ឈាម​វា​ច្រើន​នៅ​ដក់​នៅ​កន្លែង​ហ្នឹង​តែ​ម្តង»។​

ដោយ​យក​ដៃ​ស្ទាប​ក្បាល​និង​គ្រវី​ក្បាល​តិចៗ​ លោក ឃឹម សឿន ​ថ្លែង​ថា ​លោក​មិន​សង្ឃឹម​ថា​កូន​ប្រុស​លោក​នៅ​មាន​ជីវិត​ទេ។

លោក អំ សំអាត ​ប្រធាន​ផ្នែក​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ថ្លែង​ថា​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​ជាប់​ឃុំ​ទាំង​២៣​នាក់​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង​មិន​ឃើញ​មាន​ឈ្មោះ​ឃឹម សូផាត​ទេ។ ប៉ុន្តែ​លោក អំ សំអាត​មិន​ទាន់​បាន​បញ្ចូល​យុវជន​ដែល​បាត់​ខ្លួន​ម្នាក់​នេះ​ចូល​ក្នុង​បញ្ចី​អ្នក​ស្លាប់​នៅ​ឡើយ​ទេ។

«ខ្ញុំ​មិន​ទាន់​សន្និដ្ឋាន​ទេ ​ប៉ុន្តែ​បើ​តាម​អ្វី​ដែល​គេ​និយាយ ​គាត់​ទំនង​ជា​ស្លាប់។ ប៉ុន្តែ​ឥឡូវ​មិន​ទាន់​ច្បាស់​ដោយ​សារ​យើង​មិន​ទាន់​រក​ព័ត៌មាន ​រក​សាកសព​ឃើញ»។

លោក រ័ត្ន ស្រៀង មេ​បញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដែល​បាន​ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​នៅ​កន្លែង​កើត​ហេតុ​ស្នើ​មិន​ធ្វើ​អត្ថាធិប្បាយ​នោះ​ទេ ​ដោយ​បង្វែរ​សំណួរ​ទៅ​លោក ខេង ទីតូ ​អ្នកនាំពាក្យ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស។

លោក ខេង ទីតូ ​អះអាង​ថា​ ក្រុម​កម្លាំង​មាន​សមត្ថកិច្ច​មិន​អាច​ធ្វើ​អំពើ​អមនុស្ស​ធម៌​អញ្ចឹង​បាន​ទេ ​ហើយ​លោក​ស្នើ​ឱ្យ​សាក្សី​ដែល​ឃើញ​ហេតុការណ៍​ផ្ទាល់​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ។

«មិន​អមនុស្សធម៌​ដល់​ម្លឹង​ទេ។ សមត្ថកិច្ច​មិន​អាច​ធ្វើ​អញ្ចឹង​បាន​ទេ ព្រោះ​ខុស​ក្រមសីលធម៌​របស់​មន្ត្រី​អនុវត្ត​ច្បាប់។ បើ​សាក្សី​ហ្នឹង​ឃើញ​ឱ្យ​គាត់​អះអាង​ទៅ ​ឱ្យ​គាត់​ឡើង​ទៅ​តុលាការ​បង្ហាញ​ភស្តុតាង​ទៅ។ ចេះ​តែ​ចោទ​អញ្ចឹង​យ៉ាង​ម៉េច​បាន មាន​ពី​ណា​គេ​ទទួល​យក»។

ប៉ុន្តែ​លោក ឃឹម សឿន ​ថ្លែង​ថា​លោក​មិន​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ទេ៕
XS
SM
MD
LG