ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នកជំនាញ៖ ការយល់ខុស​និង​កង្វះ​ខាត​គោលនយោបាយ​​នាំ​ឱ្យ​ការ​អនុវត្ត​ CSR នៅ​មាន​កម្រិត


វេទិកា​ស្ដីពី​ធុរកិច្ច​បៃតង​លើក​ទី​៤ ដែល​រៀបចំ​ដោយ​សភា​ពាណិជ្ជកម្ម​អ៊ឺរ៉ុប ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧។ (អ៊ិត សូធឿត/VOA)

អ្នកជំនាញ​លើក​ឡើង​ថា ការ​យល់ខុស​អំពី​អត្ថន័យ​នៃ​​​ការ​អនុវត្ត​ការទទួល​ខុស​ត្រូវ​សង្គម​របស់​ក្រុមហ៊ុន (Corporate Social Responsibility ឬ CSR) និង​កង្វះ​ខាត​ច្បាប់​និង​គោលនយោបាយ​លើ​បញ្ហា​នេះ​ គឺ​ជា​ឧបសគ្គ​​ចម្បង​​ដែល​នាំ​ឱ្យ​ការ​អនុវត្ត CSR នៅ​កម្ពុជា​មាន​តិចតួច​នៅ​ឡើយ។

ការទទួល​ខុសត្រូវ​របស់​ក្រុមហ៊ុន​ទៅ​លើ​សង្គម​ដែល​ភាសា​អង់គ្លេស​ថា (Corporate Social Responsibility ហៅ​កាត់​ថា CSR) កំពុង​ក្លាយ​ទៅ​ជា​ប្រធានបទ​សំខាន់​មួយ​ ខណៈពេល​ប្រទេស​កម្ពុជា​យក​ចិត្ត​ទុកដាក់​ទៅ​លើ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​បញ្ហា​បរិស្ថាន។ អ្នកជំនាញ​មើល​ឃើញ​ថា មាន​បញ្ហា​ធំៗ​២ ដែល​ធ្វើ​ឱ្យ​ការអនុវត្ត CSR នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ការ​លូតលាស់​យឺត។

អ្នកជំនាញ​លើក​ឡើង​ថា ការ​យល់ខុស​អំពី​អត្ថន័យ​នៃ​ការ​អនុវត្ត​ការទទួល​ខុស​ត្រូវ​សង្គម​របស់​ក្រុមហ៊ុន (Corporate Social Responsibility ឬ CSR) និង​កង្វះ​ខាត​ច្បាប់​និង​គោលនយោបាយ​លើ​បញ្ហា​នេះ​ គឺ​ជា​ឧបសគ្គចម្បងដែល​នាំ​ឱ្យ​ការ​អនុវត្ត CSR នៅ​កម្ពុជា​មាន​តិចតួច​នៅ​ឡើយ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ សភា​ពាណិជ្ជកម្ម​អ៊ឺរ៉ុប​នៅ​កម្ពុជា (Eurocham Cambodia) បាន​រៀបចំ​វេទិកា​ធុរកិច្ច​បៃតង (Green Business Forum) លើក​ទី​៤​ ដោយ​មាន​ការ​ចូលរួម​ពី​បណ្ដា​ក្រុមហ៊ុន​ឯកជន អង្គការ​សង្គម​ស៊ីវិល និង​មន្ត្រី​រដ្ឋាភិបាល​សរុប​ជាង​២០០នាក់។

ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​ពេល​ម៉ោង​សម្រាក​នៃ​វេទិកា​នេះ លោកស្រី Romina De Jong ប្រធាន​គណៈកម្មាធិការ​ធុរកិច្ច​បៃតង​របស់​សភា​ពាណិជ្ជកម្ម​អ៊ឺរ៉ុប​ លើក​ឡើង​ថា នៅ​កម្ពុជា មាន​ការយល់ខុស​ថា ​ការ​អនុវត្តការទទួល​ខុស​ត្រូវ​សង្គម​របស់​ក្រុមហ៊ុន ឬ ​CSR គឺ​គ្រាន់តែ​ជា​ការ​បរិច្ចាគ​ថវិកា សម្រាប់​សកម្មភាព​សប្បុរសធម៌​ប៉ុណ្ណោះ។

លោកស្រី Romina De Jong ប្រធាន​គណៈកម្មាធិការ​ធុរកិច្ច​បៃតង​របស់​សភា​ពាណិជ្ជកម្ម​អ៊ឺរ៉ុប​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី២៧ ខែមេសា ឆ្នាំ២០១៧។ (អ៊ិត សូធឿត/VOA)
លោកស្រី Romina De Jong ប្រធាន​គណៈកម្មាធិការ​ធុរកិច្ច​បៃតង​របស់​សភា​ពាណិជ្ជកម្ម​អ៊ឺរ៉ុប​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី២៧ ខែមេសា ឆ្នាំ២០១៧។ (អ៊ិត សូធឿត/VOA)

លោកស្រី​បន្ត​ថា ក្រុមហ៊ុន​ភាគច្រើន​ក៏​មិន​សូវ​បាន​យល់ដឹង​ពី​គុណសម្បត្តិ​និង​សារៈសំខាន់​នៃ​ CSR ឬ​គិត​ថា ការ​អនុវត្ត​ CSR មាន​តម្លៃ​ថ្លៃ ទើប​ធ្វើ​ឱ្យ​ពួកគេ​មាន​ការរារែក​ក្នុង​ការ​បញ្ចូល​ CSR ទៅ​ក្នុង​ក្រុមហ៊ុន​របស់​ពួកគេ។

លើស​ពី​នេះ លោកស្រី Romina អះអាង​ទៀត​ថា កង្វះ​ខាត​គោលនយោបាយ និង​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​ CSR នេះ​ទៀត​សោត ក៏​ជា​ឧបសគ្គ​ក្នុង​ការ​ជំរុញ​ការ​អនុវត្ត​ CSR នៅ​ក្នុង​ប្រទេស​កម្ពុជា​ផងដែរ។

«ពីព្រោះ​តាមពិត​ទៅ ឥឡូវ​នេះ​យើង​គ្រាន់​តែ​រង់ចាំ​ឱ្យ​ក្រុមហ៊ុនទទួល​យក​ការទទួល​ខុសត្រូវ​នេះ​ដោយ​ឆន្ទៈ​របស់​ពួក​គេ​ផ្ទាល់។ មាន​ក្រុមហ៊ុន​កាន់​តែ​ច្រើន​ឡើង​ដែល​ធ្វើ​ដូច​នេះ ក៏​ប៉ុន្តែ​វា​អាច​នឹង​កាន់តែ​ប្រសើរ​ជាង​ហ្នឹង​ទៀត ប្រសិន​បើ​យើង​មាន​ច្បាប់ ឬ​ក្រម​បរិស្ថាន ហើយ​យើង​អាច​និយាយ​បាន​ថា វា​ត្រូវ​អនុត្ត​ចំពោះ​គ្រប់​ក្រុមហ៊ុន​ដែល​បើក​រកស៊ី​នៅ​កម្ពុជា។ ដូច្នេះ យើង​អាច​មានកម្លាំង​បន្ថែម​ទៀត​ទៅ​លើ​ករណី​ធុរកិច្ច​ប្រកប​ដោយ​ការទទួល​ខុស​ត្រូវ»។

បើ​តាម​លោកស្រី Romina ការទទួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន ឬ CSR សំដៅ​លើ​ការ​ធ្វើ​ជំនួញ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ ដោយ​ត្រូវ​យក​ចិត្ត​ទុកដាក់​លើ​បញ្ហា​បរិស្ថាន សុខុមាលភាព​របស់​បុគ្គលិក​ អថិជន ពលរដ្ឋ​នៅ​ក្នុង​សហគមន៍ និង​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​ខ្លួន​ឯង​ផ្ទាល់។

លោក ទិន ពន្លក អគ្គលេខាធិការ​ក្រុម​ប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព ថ្លែង​នៅ​ក្នុង​វេទិកា​ស្ដីពី​ធុរកិច្ច​បៃតង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ទម្លាប់នៃ​ការធ្វើ​ធុរកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ភាគច្រើន​ផ្ដោត​លើ​លទ្ធផល​ជាក់ស្ដែង ហើយ​ទម្លាប់​នេះ​នឹង​មិន​អាច​ផ្លាស់ប្ដូរ​ភ្លាមៗ​នោះ​ទេ។

លោក ទិន ពន្លក អះអាង​ទៀត​ថា រដ្ឋាភិបាល​កំពុង​ព្យាយាម​បង្កើត​បរិយាកាស​មួយ​ដែល​អនុញ្ញាត​ឱ្យ​ធុរកិច្ច​បៃតង​អាច​រីក​លូតលាស់​បាន។ លោក​មាន​ប្រសាសន៍​ថា៖

«ក្រុមប្រឹក្សា​នឹង​ពិភាក្សា​ជាមួយ​ស្ថាប័ន​រដ្ឋ​ពាក់ព័ន្ធ និង​ប្រតិបត្តិករ​ឯកជន​ ដើម្បី​រៀបចំ​វិធានការ​ជាក់លាក់»។

លោក ទិន ពន្លក អំពាវនាវ​ឱ្យ​សមាជិក​របស់​សភា​ពាណិជ្ជកម្ម​អ៊ឺរ៉ុប​ទាំងអស់​បន្ត​ធ្វើ​ជា​គំរូ​ក្នុង​ការត្រួសត្រាយ​ផ្លូវ​ក្នុង​ការ​ធ្វើ​ធុរកិច្ច​បៃតង និង​CSR ដើម្បី​បង្ហាញ​ថា ការ​អនុវត្ត​ទាំង​នេះ​មិនត្រឹមតែ​ជា​រឿង​ត្រឹមត្រូវ​ដែល​គួរ​ធ្វើ​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ជា​រឿង​ល្អ​សម្រាប់​មុខ​ជំនួញ​ផងដែរ។

លោកស្រី សៅ ចរិយា ប្រធាន​គ្រប់គ្រង​ផ្នែក​ធនធាន​មនុស្ស និង​ការទទួល​ខុស​ត្រូវ​ផ្នែក​សង្គម​របស់​ក្រុមហ៊ុន Raytecs Cambodia ផ្ដល់​បទ​សម្ភាសន៍​ដល់ VOA ​កាល​ពី​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧។ (អ៊ិត សូធឿត/VOA)
លោកស្រី សៅ ចរិយា ប្រធាន​គ្រប់គ្រង​ផ្នែក​ធនធាន​មនុស្ស និង​ការទទួល​ខុស​ត្រូវ​ផ្នែក​សង្គម​របស់​ក្រុមហ៊ុន Raytecs Cambodia ផ្ដល់​បទ​សម្ភាសន៍​ដល់ VOA ​កាល​ពី​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧។ (អ៊ិត សូធឿត/VOA)

លោកស្រី សៅ ចរិយា ប្រធាន​គ្រប់គ្រង​ផ្នែក​ធនធាន​មនុស្ស​ និង​ការទទួល​ខុសត្រូវ​ផ្នែក​សង្គម​របស់​ក្រុមហ៊ុន Raytecs Cambodia ប្រាប់​VOA នៅ​ឯ​វេទិកា​ស្ដីពី​ធុរកិច្ច​បៃតង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នោះ​ថា ដោយសារ​ការ​អនុវត្ត​ CSR ត្រូវ​ការ​ចំណាយ​ថវិកា​ច្រើន និង​រង់ចាំ​រយៈពេល​ពី​២ទៅ​៣ឆ្នាំ ដើម្បី​មើល​ឃើញ​លទ្ធផល​នោះ ក្រុមហ៊ុន​ភាគ​ច្រើន​មិនសូវ​ចាប់​អារម្មណ៍​អនុវត្ត​គោលការណ៍​នេះ នោះ​ទេ។

ទោះយ៉ាងណា លោកស្រី​បន្ត​ថា យោងតាម​បទពិសោធ​ដែល​លោកស្រី​ធ្លាប់​រៀបចំ​ធ្វើ CSR សម្រាប់​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​របស់​លោកស្រី​នា​ពេល​បច្ចុប្បន្ន​នោះ ការ​អនុវត្ត​ CSR ផ្ដល់​ផលប្រយោជន៍​ត្រលប់​មក​ឱ្យ​ក្រុមហ៊ុន​វិញ​ក្នុង​រយៈពេល​វែង ដូចជា​អត្រា​បុគ្គលិក​លា​ឈប់​ទាប ដែល​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​របស់​ក្រុមហ៊ុន និង​ផលិតភាព​ការងារ​ខ្ពស់ ដោយសារ​បុគ្គលិក​ទទួល​បាន​ការយកចិត្ត​ពី​ក្រុមហ៊ុន។

«ទាក់ទង​នឹង​ productivity (ផលិតភាព) ប្រសិន​បើ​យើង​ take care employee (យក​ចិត្ត​ទុកដាក់​បុគ្គលិក) យើង​ well (បាន​ល្អ) គាត់​ happy សប្បាយ​ចិត្ត អ៊ីចឹង​គាត់​ក៏​ take care product (យក​ចិត្ត​ទុកដាក់​ដល់​ផលិតផល) យើង​ដែរ។ បាន​ន័យ​ថា របស់របរ​ដែល​គាត់​បង្កើត​ចេញ​មក គឺ​វាមាន​គុណភាព។ គាត់​មិនមែន​ធ្វើ​ឱ្យ​រួច​តែ​ពី​ដៃ​ថា គាត់​មិន​យកចិត្ត​ទុក​ដាក់​ខ្ញុំ​ផង រឿង​អី​ខ្ញុំ​ត្រូវ​ take are (យក​ចិត្ត​ទុកដាក់)​ Product (ផលិតផល) ហ្នឹង​ឱ្យ​បាន​ល្អ?»។

ប្រធាន​គណៈកម្មាធិការ​ធុរកិច្ច​បៃតង​របស់​សភា​ពាណិជ្ជកម្ម​អ៊ឺរ៉ុប ​លោកស្រី Romina De Jong មាន​ប្រសាសន៍​ថា ការអនុវត្ត​ CSR គឺ​ជា​រឿង​ចាំបាច់​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ប្រកប​ដោយ​ចីរភាព និង​រក្សា​និរន្តរភាព​បរិស្ថាន។

លោកស្រី​បន្ត​ថា ទោះបី​ក្រុមហ៊ុន​កាន់តែ​ច្រើន​ចាប់​អារម្មណ៍​ការ​អនុវត្ត​ CSR នេះ​ក៏ដោយ ក៏​ប៉ុន្តែ​កំណើន​នេះ​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ។ លោកស្រី ឱ្យ​ដឹង​ដែរ​ថា បច្ចុប្បន្ន មាន​ក្រុមហ៊ុន​ក្នុង​ស្រុក​និង​អន្តរជាតិ​ចំនួន​៣៥ ដែល​ជា​សមាជិក​សភា​ពាណិជ្ជកម្ម​អ៊ឺរ៉ុប បាន​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​អនុវត្ត​ CSR នៅ​ក្នុង​ក្រុមហ៊ុន​របស់​ពួកគេ៕

XS
SM
MD
LG