ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​នានា​បន្ត​បង្កើត​ក្រុម​ការងារ​តាមដាន​ក្តី​កង្វល់​ពលរដ្ឋ​ពី​ហ្វេសប៊ុក​លោក​ហ៊ុន សែន


មន្រ្តី​ជាន់​ខ្ពស់​​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​​ប្រើប្រាស់ ​Smart Phone (ទូរស័ព្ទ​ដៃ​ទំនើប) ខណៈ​​ដែល​​កំពុង​​រង់ចាំ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រឡប់​​មក​ពីទស្សនកិច្ចនៅឯប្រទេសបារាំងវិញ​ កាល​ពី​ថ្ងៃ​ទី​​២៨ ខែតុលា ឆ្នាំ២០១៥។​ ថ្មីៗ​​នេះ​ មន្ត្រី​រាជរដ្ឋាភិបាលកម្ពុជា និង​​ស្ថាប័នសាធារណៈ​ចាប់ផ្តើម​​ប្រើប្រាស់​បណ្តាញ​សង្គម​​ហ្វេសប៊ុក (Facebook) ​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ជូន​សាធារណជន​​។​ (ហ៊ាន សុជាតា/ VOA)
មន្រ្តី​ជាន់​ខ្ពស់​​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​​ប្រើប្រាស់ ​Smart Phone (ទូរស័ព្ទ​ដៃ​ទំនើប) ខណៈ​​ដែល​​កំពុង​​រង់ចាំ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រឡប់​​មក​ពីទស្សនកិច្ចនៅឯប្រទេសបារាំងវិញ​ កាល​ពី​ថ្ងៃ​ទី​​២៨ ខែតុលា ឆ្នាំ២០១៥។​ ថ្មីៗ​​នេះ​ មន្ត្រី​រាជរដ្ឋាភិបាលកម្ពុជា និង​​ស្ថាប័នសាធារណៈ​ចាប់ផ្តើម​​ប្រើប្រាស់​បណ្តាញ​សង្គម​​ហ្វេសប៊ុក (Facebook) ​ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ជូន​សាធារណជន​​។​ (ហ៊ាន សុជាតា/ VOA)

ការបង្កើត​ក្រុម​ការងារ​នៅ​តាម​ស្ថាប័ន​រដ្ឋ​ដើម្បី​ឃ្លាំ​មើល​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​​ហ៊ុន សែន​ បន្ត​​​កើត​មាន​ ​ខណៈ​ដែល​លោក​នាយក​រដ្ឋមន្ត្រី​កាន់​តែ​បង្កើន​ភាព​សកម្ម​របស់​លោក​លើ​បណ្តាញ​​សង្គម​ដ៏​ពេញ​និយម​មួយ​នេះ។​

ការបង្កើត​ក្រុម​ការងារ​នៅ​តាម​ស្ថាប័ន​រដ្ឋ​ដើម្បី​ឃ្លាំ​មើល​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន​ បន្ត​កើត​មាន​ ​ខណៈ​ដែល​លោក​នាយក​រដ្ឋមន្ត្រី​កាន់​តែ​បង្កើន​ភាព​សកម្ម​របស់​លោក​លើ​បណ្តាញសង្គម​ដ៏​ពេញ​និយម​មួយ​នេះ។​

អ្នក​វិភាគ​នយោបាយ​កម្ពុជា​ និង​សកម្មជន​សិទ្ធិមនុស្ស​យល់​ឃើញ​ស្រដៀង​គ្នា​ថា​ ការ​បង្កើត​ក្រុម​ការងារ​នេះ​ អាចជួយ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ ដឹង​ពី​ក្តី​កង្វល់​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​ធ្វើ​ទំនាក់​ទំនង​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រីនៅ​លើ​បណ្តាញ​សង្គម​នេះ​ តែ​ពួកគេ​ថា​ ក្រសួង​ស្ថាប័ន​រដ្ឋ​គួរ​បង្កើតក្រុមការ​ងារ​សកម្ម​ផ្សេង​ទៀត​សម្រាប់​ឃ្លំា​មើល​ និងដោះ​ស្រាយ​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តាម​មូលដ្ឋានភូមិ​ឃុំ។​

យោង​ទៅ​តាម​សេចក្តី​សម្រេច​របស់​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ ដែល​ធ្វើ​ឡើង​កាលពី​ចុង​ខែកុម្ភៈ​ ឆ្នាំ​ ២០១៦​ ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ សង្គមកិច្ច​ និង​វប្បធម៌​ បាន​សម្រេច​បង្កើត​ក្រុម​ការងារ​សម្រាប់​តាម​ដាន​ព័ត៌មានក្នុងទំព័រ​បណ្តាញ​សង្គម​ ហ្វេស​ប៊ុក​ របស់​លោកហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​ដ៏មាន​ឥទ្ធិពល​នៅ​កម្ពុជា។​

សេចក្តី​សម្រេច​នោះ​ បាន​បញ្ជាក់​ថា​ មន្ត្រី​៦រូប​ នឹង​ស្ថិត​នៅ​ក្នុង​ក្រុម​ការងារ​នេះ​ ហើយ​មាន​តួនាទី​ និង​ភារកិច្ច​តាមដាន​មតិ​មហាជន​ដែល​បង្ហោះ​នៅ​ក្នុង​ទំព័រ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​ លោក​នាយក​រដ្ឋ​មន្ត្រី។​

លោក​ផៃ ស៊ីផាន​ អ្នក​នាំ​ពាក្យ​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​ប្រាប់​ VOA ថា​ ការ​បង្កើត​ក្រុម​ការងារ​នេះ​ គឺធ្វើ​ឡើង​ទៅតាម​ការ​ចង់​បាន​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ដែល​ខិតខំ​បង្កើន​ការ​ទំនាក់​ទំនង​ជាមួយ​ប្រជាពលរដ្ឋ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ក្នុង​គោល​បំណង​ដោះស្រាយ​បញ្ហា​នានា​ដែល​បាន​កើត​ឡើង​នៅ​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ។​

«អានេះ​ គឺ​ជា​ការ​ចូលរួម​ចំណែក​មួយ​ របស់​សម្តេច​ដែល​ធ្វើ​ឲ្យ​ព័ត៌មាន​ហ្នឹង​ បាន​គ្រប់ជ្រុង​ជ្រោយ​ ហើយ​មាន​ការ​ចូលរួម​ ជម្រាប​ឆ្លើយ​ ឬក៏ដោះស្រាយ​ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ របស់​សម្តេច​ ដើម្បី​សម្តេច​លោក​តាម​ដាន​ មិនមែន​ឲ្យ​អ្នក​ដទៃ​ តាមដាន​មើល​សម្តេច​ទេ​ អ្នក​ទាំង​អស់​នេះ​ តាមដាន​មើល​ព័ត៌មាន​ដែល​បញ្ចេញ​ ឬ​សំណូម​ពរ​ ឬ​ការមិនសប្បាយ​ចិត្ត​ របស់​ប្រជាពលរដ្ឋ​ទៅ​លើ​ហ្វេសប៊ុក​របស់​សម្តេច»។​

កាល​ពី​ដើម​ខែ​កុម្ភៈ​នេះ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ​បាន​បញ្ជា​ឲ្យ​មន្ត្រី​សាធារណៈ​របស់​ខ្លួន​បង្កើត​ក្រុមការងារ ​ហ្វេសប៊ុក ​រៀងៗ​ខ្លួន ​និង​យក​ចិត្ត​ទុកដាក់​ដោះស្រាយ​បញ្ហា​នានា​របស់​ប្រជា​ ពលរដ្ឋ​ដែល​បាន​ រាយការណ៍​នៅ​លើ​បណ្តាញ​សង្គម ​ហ្វេសប៊ុក។ ក្រសួង​ធម្មការ​និង​សាសនា​ ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម ​ក្រសួង​រ៉ែ​ និង​ថាមពល ​ក្រសួង​យុត្តិធម៌​ និង​ក្រសួង​អប់រំ​ជាដើម​បាន​ចាប់​ផ្តើម​បង្កើត​គណៈ​កម្មការ​តាមដាន​ហ្វេសប៊ុក​ ដែល​មាន​សមាជិក​យ៉ាង​ហោច​ណាស់​ចំនួន​៤​រូប​ ត្រូវ​បាន​បង្កើត​ឡើង​ជា​បន្ត​បន្ទាប់។​

ក៏ប៉ុន្តែ​អ្នក​វិភាគ​នយោបាយ​កម្ពុជា​ និង​សកម្មជន​សិទ្ធិមនុស្ស​ថ្លែងថា​ ការ​ជឿ​លើ​តែ​ព័ត៌មាន​ដែល​ចែក​រំលែក​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ជាពិសេស​ទំព័រហ្វេសប៊ុក​របស់​លោក​ ហ៊ុន សែន មិន​គ្រប់​គ្រាន់​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​រាល់​បញ្ហា​សង្គម​ដែល​កំពុង​កើត​មាន​រាល់​ថ្ងៃ​នោះឡើយ។​

លោក​អ៊ូ វីរៈ​ ជាអ្នកវិភាគ​នយោបាយ​កម្ពុជា​ និង​ជាប្រធាន​វេទិការ​អនាគត​ ដែល​ជាមជ្ឈមណ្ឌល​ស្រាវ​ជ្រាវ​គោលនយោបាយ​ក្នុង​ស្រុក​ថ្លែងថា​ ការ​ជឿ​ទុកចិត្ត​ទៅលើ​ប្រភព​ព័ត៌មាន​ដែល​ចែករំលែក​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ​អាច​គ្រោះ​ថា្នក់​ដល់​ប្រទេសជាតិ។​ លោក​ពន្យល់​ថា៖​

«តាមពិត​ហ្វេសប៊ុក​ ក៏ជាប្រភព​ព័ត៌មាន​ដ៏ល្អៗ​ដែរ​ ប៉ុន្តែ​គ្រាន់​ថា​ ជាទូទៅ​គណៈ​រដ្ឋមន្ត្រី​ គាត់​យក​ចិត្ត​ទុកដាក់​ចាត់​ទុក​ ហ្វេសប៊ុក​ជា​ប្រភព​មួយ​ជា​ការពិចារណា​។​ ប៉ុន្តែ​ត្រូវ​តែ​បង្កើត​យន្តការ​ប្រភពផ្លូវ​ការ​ជាច្រើន​ផ្សេង​ទៀត​ដូច​ជាការ​សិក្សា​បែបវិទ្យាសាស្ត្រ​ ដូច​ជាក្រុម​ក្នុង​ការ​គិត​ វិភាគ​ និង​ស្វែងរក​ព័ត៌​មាន ទទួល​ព័ត៌មាន​ ដូចជា​ក្រុម​ទទួល​ព័ត៌មាន​ និង​ពាក្យ​បណ្តឹង​ពី​ប្រជា​ពលរដ្ឋ​។​ ឧទាហរណ៍​បង្កើត​ក្រុម​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​គាត់អាច​ ជូនដំណឹង​មក​ជាផ្លូវការ​ ព្រោះ​តាម​អី​ហ្វេសប៊ុក​ ជួនកាល​ក្មេង​បង្ហោះ​លេង​។​ ជួនកាល​បង្ហោះ​មែន​ទែន​ យើង​អត់​ដឹង​ មួយ​ណា​ពិត​មួយ​ណា​មិន​ពិត​»។​

លោក​បន្ថែម​ថា​ ប្រទេស​ក្បែរ​ខាង​កម្ពុជា​ ដូចជា​ប្រទេស​ថៃ​ មិនបាន​យក​ហ្វេសប៊ុក​ ធ្វើ​ជា​យន្តការ​សំខាន់​ ស​ម្រាប់​រកផ្លូវ​ដោះ​ស្រាយ​បញ្ហា​នោះ​ទេ។​ លោក​និយាយ​ថា៖​

«អត់​ទេ​ គេអត់​ធ្វើ​អញ្ចឹង​ទេ​ ដោយសារ​អ្វី?​ ដោយ​សារ​ គេមាន​យន្តការ​ខុសៗ​គ្នា​ ក្នុង​ការ​ទទួល​ខុស​ត្រូវ​ខុសៗ​គ្នា​។​ គេ​អត់​មើលហ្វេសប៊ុក​ទំព័រ​របស់នាយករដ្ឋមន្ត្រី​អញ្ចឹងទេ។​ ជាទូទៅ​ ប្រសិន​បើ​ប្រជា​ពលរដ្ឋ​មាន​បញ្ហា​ជម្លោះ​ គេ​ទៅ​តុលាការ​ គេ​មាន​យន្តការ​តាំង​ពីថ្នាក់​លើ​ ដល់​មូលដ្ឋាន​ ដល់​ថ្នាក់​ភូមិ​ថ្នាក់​ឃុំ​អី​អញ្ចឹង​ទៅ។​ បើសិន​ក្នុង​ករណី​យើង​ចាប់​ផ្តើម​បើក​ចំហរ​រដ្ឋាភិបាល​ គេហៅថា e-government។​ E-government ហ្នឹង​គឺ​បាន​ន័យថា​ រដ្ឋាភិបាល​បើក​ចំហរ​ ទៅតាម​បណ្តាញ​អេឡិកត្រូនិក»។

លោក​បន្ត​ថា​ការ​បង្កើត​ឲ្យ​មាន​យន្តការ​ e-government​ ឬ​រដ្ឋាភិបាល​អេឡិកត្រូនិក​ គឺ​ជា​ជម្រើស​ល្អ​ តែ​ថា​ រដ្ឋាភិបាល​មិន​អាច​ពឹង​តែ​លើ​ប្រភព​ព័ត៌មាន​លើ​បណ្តាញ​សង្គម​នោះឡើយ។​

«អាហ្នឹង​គឺល្អ​ ខ្ញុំ​ស្វាគមន៍។​ ប៉ុន្តែ​យើង​ត្រូវ​គិតថា​ ប្រជាពលរដ្ឋ​ជាច្រើន​អ្នក​ដែល​គាត់​មិន​អាច​ ដាក់​ព័ត៌​មានទៅហ្នឹង​ ឬក៏​តវ៉ានៅ​តាម​បណ្តាញ​ហ្វេសប៊ុក​ហ្នឹង​ទេ។​ អញ្ចឹងហើយ​ គេ​បើក​ e-government ​នេះ​ គឺ​ជា​ប្រភព​ដើម្បីចែក​ចាយ​ព័ត៌មាន​ ​ ទាក់​ទងរឿងរដ្ឋ។​ ក៏ប៉ុន្តែ​ គេ​ប្រើ​ប្រភព​ផ្សេង​ៗ​ច្រើន​ ប្រភព​ផ្សេង​ទៀត​ ធ្វើ​ម៉េច​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​គាត់​មាន​ ព័ត៌មាន​គ្រប់​ជ្រុង​ជ្រោយ​ ហើយ​នឹង​ទទួលបាន​ព័ត៌មាន​ពី​ប្រជា​ពលរដ្ឋ​ ពី​បញ្ហា​អំពី​ប្រជាពលរដ្ឋ​គ្រប់​ជ្រុង​ជ្រោយ។​ ក៏ប៉ុន្តែ​ទោះបី​ម៉េច​ក៏​ដោយ​ ​មិន​អាច​ជំនួស​ប្រព័ន្ធ​តុលាការ​ត្រឹមត្រូវ​ ឬមួយ​ប្រព័ន្ធ​ដោះស្រាយ​បញ្ហា​ដូច​ជា​ប្រព័ន្ធ​រដ្ឋ​បាល​ត្រឹម​ត្រូវ​ទេ»។ ​

លោក​អំ សំអាត​ ប្រធាន​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ និយាយ​ថា​ ក្រសួង​ និង​ស្ថាប័ន​របស់​រដ្ឋ​ គួរផ្តោត​លើការ​បង្កើតក្រុម​ការងារ​ជាក់​លាក់​មួយ​ សម្រា​ប់​ដោះ​ស្រាយ​បញ្ហា​ដែល​កើត​មាន​នៅ​តាម​មូលដ្ឋាន​ ជា​ជាង​ការ​តាមដាន​តែ​ព័ត៌មាន​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ បើ​ទោះ​ជាបណ្តាញ​សង្គម​នេះ​ បាន​រួម​ចំណែក​ដល់​ការ​ដោះ​ស្រាយ​បញ្ហា​បន្ទាន់​មួយ​ចំនួន​ក្តី។​ លោក​ថា​ ការ​ផ្តេកផ្តួល​ខ្លាំង​ទៅលើ​បណ្តាញ​សង្គម​ អាច​ធ្វើ​ឲ្យ​មន្ត្រី​ថ្នាក់​មូល​ដ្ឋាន​ស្ពឹក​ស្រពន់​ និង​មិនមាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ការងារ​បម្រើរាស្ត្រ​របស់​ពួក​គេ។​

«ខ្ញុំ​គិត​ថា​ សម្តេច​នាយក​រដ្ឋ​មន្ត្រី​ ​ការងារ​ប្រទេស​ជាតិ​ធំៗ​ ច្រើន​ណាស់​ ហើយ​បញ្ហា​ដែល​កើត​ឡើង​តាម​មូលដ្ឋាន​ និង​អាជ្ញាធរ​ដែន​ដី​នោះ​ វាគួរ​ណាស់​តែ​អាជ្ញាធរ​ដែន​ដី​ហ្នឹង​ត្រូវ​ធ្វើ​ការ​ ហើយ​បើ​អាជ្ញាធរ​ដែនដី​ណា​ វា​អសកម្ម​ ពួក​អាជ្ញាធរ​មូលដ្ឋាន​ណា​ ដែល​អសកម្ម​ គួរតែ​ចាត់​វិធានការ​ទៅលើ​ ពួក​អាជ្ញាធរ​ហ្នឹង​វិញ​ ដើម្បី​ឲ្យ​ការ​បម្រើ​សេវា​សាធារណៈដល់​ប្រជាពលរដ្ឋ​ហ្នុង​ វា​មាន​ប្រសិទ្ធភាព»។​

លោក​ថា​ ការ​ចាត់​តាំង​ឲ្យ​មាន​មនុស្ស​ច្រើន​ នៅ​ក្នុង​ក្រុម​ការងារ​តាម​ដាន​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ហ៊ុន​ សែន​ នៅ​តាម​ក្រសួង​ ឬ​ស្ថាប័ន​នីមួយៗ​ បង្ហាញ​ថា​ ក្រសួង​ ឬ​ស្ថាប័ន​ទាំងនោះ​ មិន​សូវ​មាន​ការ​ងារ​ធ្វើ​ និង​មាន​ពេល​ទំនេរច្រើន​។​ លោកថា​ ការណ៍នេះហើយ ​ដែល​បញ្ហាសំខាន់​ៗ​ដែល​បាន​កើត​ឡើង​ ដូចជាវិបត្តិ​ដីធ្លី​ និង​អំពើ​ពុក​រលួយ​ មិន​ត្រូវ​បាន​ដោះ​ស្រាយ​ឆាប់​រហ័ស។​ ​

យ៉ាងណាក៏ដោយ​ លោក​ ផៃ ស៊ីផាន​ បាន​អះអាងថា​ ក្រុម​សង្គម​ស៊ីវិល​មិន​ដែល​មើល​ឃើញ​ចំណុច​វិជ្ជមាន​របស់​រដ្ឋាភិ​បាល​ក្នុង​ការ​ប្រើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ដើម្បី​ដោះ​ស្រាយក្តី​កង្វល់របស់​ប្រជាពលរដ្ឋ​ខ្មែរ​នោះទេ។​

«សង្គម​ស៊ីវិល​គាត់​និយាយ​តែអញ្ចឹង​ឯង​ តាំងពីដើមមក​ គាត់​មិន​ដែល​ឃើញ​វិជ្ជមាន​ទេ​ ពីព្រោះ​គាត់​ទទួល​លុយ​ដើម្បី​និយាយ​អាក្រក់​ អញ្ចឹង​ហើយ​ ដើម្បី​បាន​លុយ​តទៅ​ទៀត។​ សាមញ្ញបំផុត។​ បើ​មិន​បាន​ដោះ​ស្រាយ​បាន​ទេ​ មិនមែន​សង្គម​ខ្មែរ​បាន​ដល់​ពេលនេះ​ទេ»។

លោក​បញ្ជាក់​ថា​ បញ្ហា​ដែល​បាន​ ដោះស្រាយ​រួចតាម​រយៈ​ការ​ទំនាក់​ទំនង​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ រួម​មានការ​មិន​ឲ្យបង់ប្រាក់​សម្រាប់​ការ​ធ្វើ​ដំណើរ​លើ​ផ្លូវ​ជាតិ​លេខ​បួន​ ការ​មិន​យក​ពន្ធ​ផ្លូវ​សម្រាប់​ម៉ូតូ​ជា​ដើម។

តាមរយៈ​ការប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ដ៏សកម្ម​នេះ​ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន​ សែន​ បាន​ប្រកាស​កាល​ពី​ពេល​កន្លងមក​ថា ​ រដ្ឋាភិបាល​របស់​លោក​បាន​ក្លាយ​ជា​ រដ្ឋាភិបាល​អេឡិកត្រូនិក​ ឬ​ e-government។​ យ៉ាង​ណាក៏ដោយ​ ក្រុម​សង្គម​ស៊ីវិល​ធ្លាប់​បាន​លើកឡើង​ថា​ ការ​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ មិន​អាច​ឆ្លើយតប​នឹង​ចំណុច​អវិជ្ជមាន​ធំ​ៗ​ ដូច​ជា​អំពើ​ពុករលួយ​ បក្សពួក​និយម កម្សោយ​អភិបាល​កិច្ច​ និង​ប្រព័ន្ធ​តុលាការ​ដែល​មិន​ទាន់​ឯករាជ្យ​បាន​ទេ៕

XS
SM
MD
LG