ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​សម រង្ស៊ី ​សោកស្តាយ​ដែល​ គង់ រ៉ៃយ៉ា ​ជាប់​គុក​១៨​ខែ​ ព្រោះ​សារ​ក្នុង​ហ្វេសប៊ុក


យុវជន គង់ រ៉ៃយ៉ា (កណ្តាល) ត្រូវបាន​នាំ​ខ្លួន​មក​កាន់​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃអង្គារ ទី១៥ ខែ​មីនា ឆ្នាំ​២០១៦។ យុវជន​នេះ​ត្រូវបាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១ឆ្នាំ​កន្លះ ដោយសារ​តែ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គមហ្វេកប៊ុក​ទាមទារ​ឲ្យ​មាន​បដិវត្តន៍​ពណ៌។ (Reuters/Samrang Pring)
យុវជន គង់ រ៉ៃយ៉ា (កណ្តាល) ត្រូវបាន​នាំ​ខ្លួន​មក​កាន់​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃអង្គារ ទី១៥ ខែ​មីនា ឆ្នាំ​២០១៦។ យុវជន​នេះ​ត្រូវបាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១ឆ្នាំ​កន្លះ ដោយសារ​តែ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គមហ្វេកប៊ុក​ទាមទារ​ឲ្យ​មាន​បដិវត្តន៍​ពណ៌។ (Reuters/Samrang Pring)

គង់ រ៉ៃ​យ៉ា អាយុ​២៤ឆ្នាំ ត្រូវមាន​ទោស​ជាប់​ពន្ធនាគារ​១​ឆ្នាំ៦​ខែ​ តាម​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​អាទិ៍។

នៅ​ពេល​អនុរក្ស​ពន្ធនាគារ​កំពុង​នាំ​យុវជន​ គង់ រ៉ៃយ៉ា​ និង​ជន​ជាប់ចោទ​ផ្សេង​ទៀត ​ចេញ​ពី​បន្ទប់​រង់ចាំ​ទៅកាន់​បន្ទប់​ប្រកាស​សាលក្រម​នោះ ​អតីត​និស្សិត​សាកលវិទ្យាល័យ​ខេមរៈ​រូប​នេះ​ សង្ឃឹម​ថា​ ខ្លួន​នឹង​រួចពី​ការ​ឃុំឃាំង​នៅ​ថ្ងៃ​អង្គារ​នេះ។​

«ខ្ញុំ​សង្ឃឹម​ សង្ឃឹម​ថា ​តុលាការ​នឹង​ដោះលែង»។

ផ្ទុយ​ទៅវិញ ​នៅ​ពេល​ប្រកាស​សាលក្រម​ ចៅ​ក្រម​ ហេង សុខណា​ ប្រកាស​ថា ​គង់ រ៉ៃ​យ៉ា អាយុ​២៤ឆ្នាំ ត្រូវមាន​ទោស​ជាប់​ពន្ធនាគារ​១​ឆ្នាំ៦​ខែ​ តាម​ការ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​អាទិ៍។

ក្រោយ​ការ​ប្រកាស​សាលក្រម យុវជន​ គង់ រ៉ៃយ៉ា ​ដែល​ជាប់​ចោទ​ពីបទ​អំពាវនាវ​ឲ្យ​មាន​បដិវត្តន៍​ពណ៌​នេះ ​និយាយ​ថា ​សាល​ក្រម​នេះ​អយុត្តិ​ធម៌។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

នាង​ គង់ មករា​ ជា​ប្អូនស្រី​របស់​ គង់ រ៉ៃយ៉ា​ មិន​អាច​និយាយ​ឲ្យ​បាន​អស់​សេចក្តី​ថា ​សាលក្រម​នេះ​អយុត្តិធម៌​ទេ​ ​ព្រោះ​នាង​អួលដើម​ក​និយាយ​មិន​រួច។ នាងបាន​ត្រឹមតែ​សម្រក់​ទឹកភ្នែក។​ ក្រោយពី​បាន​សម្រួល​អារម្មណ៍​ និង​បាន​ជូត​ទឹក​ភ្នែក​ នាង​និយាយ​ថា ​នាង​គាំទ្រ​ឲ្យ​បង​ប្រុស​នាង​មាន​សេចក្តី​ក្លាហាន​ធ្វើ​សកម្មភាព​ដើម្បី​សង្គម​ទៀត ​នៅពេល​ចេញ​ពី​ការ​ឃុំឃាំង «ព្រោះ​អ្វី​គាត់​ធ្វើ​ហ្នឹង​អត់​មាន​ខុស​អ្វី​ទេ»។

នាង​និយាយ​ថា ​បងប្រុស​របស់​នាង​មិន​គួរ​មាន​ទោស​ជាប់​ពន្ធនាគារ ​ដោយសារ​តែ​ការ​ឈឺ​ឆ្អាល​រឿង​ជាតិ​ និង​រឿង​សង្គម​នោះ​ទេ។

​លោក ​តាំង គង់ ​អាយុ​៦៧​ឆ្នាំ ​មកពី​ភូមិខ្ពប​លើ ​ឃុំស្តៅ​ ស្រុក​កងមាស​ ខេត្ត​កំពង់ចាម​ និយាយ​ថា ​ការ​ដាក់​ទោស​នេះ​ធ្ងន់ធ្ងរ ​ព្រោះ​កូន​ប្រុស​របស់​លោក​គ្រាន់តែ​បញ្ចេញ​មតិ​តាម​បណ្តាញ​សង្គម​ Facebook​ តែ​ប៉ុណ្ណោះ​ ហើយ​មិនមាន​ធ្វើ​ចលនា​បដិវត្តន៍​អ្វី​ទេ។

«វា​អយុត្តិ​ធម៌​ចំពោះ​បញ្ហា​ហ្នឹង​ ពីព្រោះ​រឿង​នេះ​វា​មិន​អាច​ដល់​ទៅ​កាត់ទោស​ថ្នាក់​ដល់​ប៉ុណ្ណឹង​ ព្រោះ​ជា​រឿង​បញ្ចេញ​មតិ»។

ក្នុងពេល​ដែល​លោក​សម្រេច​ចិត្ត​ឲ្យ​កូន​ប្រុស​លោក និង​មេធាវី​ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍​នោះ លោក​ក៏បាន​អំពាវនាវ​សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ និង​រដ្ឋាភិបាល​បន្ធូរ​បន្ថយ​ទោស​កូន​ប្រុស​របស់​លោក​ផង​ដែរ។​

«វា​ក្មេង ​ហើយ​វា​អាយុ​តិច​ មិនទាន់​ចេះ​ពិចារណា​ឲ្យ​ច្បាស់​លាស់​ពី​បញ្ហា​ថា ​ធ្វើ​បដិវត្តន៍​អី​អញ្ចឹង។សូម​ឲ្យ​លោក​មេត្តា​អនុគ្រោះ​នូវ​ពាក្យ​សម្តី»។

លោក​ អំ សំអាត ​ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ ដែល​បាន​ចូល​រួម​ស្តាប់​សវនាការ​ នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​មុខ​តុលាការក្រុង​ភ្នំពេញ​ថា​ ការ​ដាក់​ទោស​យុវជន​ គង់ រ៉ៃយ៉ា​ នេះ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ សម្រាប់​ការ​បញ្ចេញ​មតិ។​ លោក​បន្តថា ​ការ​អំពាវនាវ​របស់​ គង់ រ៉ៃយ៉ា ​នោះ​មិន​បាន​បង្ក​ឲ្យ​មាន​សកម្ម​ភាព​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​ទេ។

សាលក្រម​នៅ​ថ្ងៃទី​១៥​ ខែ​មីនា​នេះ​ គឺ​ជា​លទ្ធផល​នៃ​សវនាការ​ កាលពី​ថ្ងៃទី​២៦​ ខែ​កុម្ភៈ​ ​ដែលក្នុង​នោះ​យុវជន ​គង់ រ៉ៃយ៉ា​ ប្រាប់​ចៅក្រម​ថា ​ខ្លួន​មិន​យល់​ពី​ពាក្យ​បដិវត្តន៍​ពណ៌​នោះ​ទេ។ ហើយ​មុន​ពេល​សរសេរ​លើ​ទំព័រ​ Facebook យុវនិស្សិត​នេះ​បាន​សួរ​សាស្រ្តាចារ្យ​ដែល​ពន្យល់​ថា ​បដិវត្តន៍​ពណ៌​មាន​ន័យ​ថា ​ការ​ប្រមូល​ផ្តុំ​តវ៉ា​ដោយ​សន្តិវិធី​ ហើយ​មាន​ន័យ​ដូច​បាតុកម្ម​អហិង្សា​ដែរ។

កាលពី​ថ្ងៃទី​៧ ​ខែ​សីហា ​ឆ្នាំ​២០១៥ យុវជន​ឈ្មោះ គង់ រ៉ៃយ៉ា​ បាន​សរសេរ​បង្ហោះ​លើ​ Facebook ​ថា៖​ «តើ​មាន​នរណា​ម្នាក់​ហ៊ាន​ធ្វើ​បដិវត្តន៍​ពណ៌​ជាមួយ​ខ្ញុំ​ទេ?»។ លោក​បាន​សរសេរ​បន្ត​ថា ថ្ងៃ​ណា​មួយ​នៅ​ពេល​អនាគត ​លោក​នឹង​ធ្វើ​បដិវត្តន៍​ពណ៌​ដើម្បី​ផ្លាល់​ប្តូរ​របប​សម្រាប់​សង្គម​ខ្មែរ​ ហើយ​បើទោះ​ជា​ត្រូវ​ជាប់​ពន្ធនាគារ ​ឬ​ស្លាប់​ក៏​នៅតែ​ធ្វើ​វា​ដដែល។​

យុវជន​ឈ្មោះ​ គង់ រ៉ៃយ៉ា ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន ហើយ​តុលាការ​បាន​សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​កាលពី​ថ្ងៃទី​២២​ ខែ​សីហា​ឆ្នាំ២០១៥​ ក្រោម​ការ​ចោទ​ប្រកាន់ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្តិ​បទ​ឧក្រិដ្ឋ​ជាអាទិ៍។​

ក្រោយពី​ការ​ប្រកាស​សាលក្រម អ្នក​យក​ព័ត៌មាន​ និង​សាច់​ញាតិ​របស់​យុវជន​ គង់ រ៉ៃយ៉ា ​ត្រូវបាន​ប៉ូលិស​បណ្តេញ​ចេញ​ក្រៅ​របង​តុលាការ​ ហើយ​ឪពុក ​និង​ប្អូន​ស្រី​របស់​យុវជន​ដែល​ជាប់​ចោទ​ពី​បទ​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​តែម្នាក់​ឯង​នេះ​ ត្រូវ​រង់​ចាំ​ឃើញមុខ​កូន ​និង​បងប្រុស​នៅ​ក្រៅ​របង​តុលាការ​ ​ពេល​អនុរក្ស​ពន្ធនាគារ​ នាំ​អតីត​និស្សិត​សាកល​វិទ្យាល័យខេមរៈ​នេះ​ទៅ​ពន្ធនាគារ​វិញ។

លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ចេញ​ប្រតិកម្ម​នឹង​ការ​ដាក់​ទោស​នេះ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ VOA ថា៖

«ខ្ញុំ​មាន​ការ​សោកស្តាយ​ណាស់ ​ដោយ​ឃើញ​ថា​តុលាការ​បាន​កាត់​ទោស​និស្សិត​ឈ្មោះ​ គង់ រ៉ៃយ៉ា​ ឱ្យ​ជាប់​ពន្ធនាគារ​១៨ខែ​ ដោយ​គ្រាន់តែ​គ្នា​លើក​អំពី​បញ្ហា​បដិវត្តន៍​ពណ៌។ បដិវត្តន៍​ពណ៌​គឺ​គ្រាន់​តែ​ចង់​បាន​ការ​ផ្លាស់​ប្តូរ​ដោយ​សន្តិវិធី ចង់​បាន​សេរីភាព ចង់​បាន​យុត្តិធម៌។ គ្រាន់តែ​ចង់​បាន​ប៉ុណ្ណឹង​មាន​អ្វី ខុស? មាន​អំពាវនាវ​ឱ្យ​ប្រព្រឹត្តិ​អំពើ​ហិង្សា​កន្លែងណា​អត់​ទាល់​តែសោះ‍»។

មួយ​ថ្ងៃ​មុន​ការ​ប្រកាស​សាលក្រម​នេះ មាន​និស្សិត​៦នាក់​តំណាង​ឲ្យ​និស្សិត​ប្រមាណ​៥០​នាក់​ បាន​សរសេរ​ញត្តិ​សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​និង​ក្រសួង​យុត្តិធម៌​ធ្វើ​អន្តរាគមន៍​ ដើម្បី​ឲ្យ​មាន​ការ​ដោះលែង​យុវជន​ គង់ រ៉ៃយ៉ា​ ដែល​ជា​និស្សិតរួម​សាលា​ និង​រួមថ្នាក់​របស់​ខ្លួន​ តែ​ការ​អំពាវនាវ​នេះ​មិន​ទាន់​មាន​លទ្ធផល​អ្វី​ទេ៕

XS
SM
MD
LG