\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ជន​អន្តោ​ប្រវេសន៍​រឹត​ចំណង​ទំនាក់​ទំនង​ចិន​និង​អូស្រ្តាលី

  • Phil Mercer

រូបភាពឯកសារ៖ ភ្ញៀវទេសចរ​ចិន​កំពុ​ង​ថត​រូប​នៅ​ខាង​មុខ​Sydney Opera House ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី​កាល​ពី​ថ្ងៃទី​២៨ កញ្ញា ២០១៥។

រូបភាពឯកសារ៖ ភ្ញៀវទេសចរ​ចិន​កំពុ​ង​ថត​រូប​នៅ​ខាង​មុខ​Sydney Opera House ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី​កាល​ពី​ថ្ងៃទី​២៨ កញ្ញា ២០១៥។

នៅ​ប្រទេស​អូស្រ្តាលី​ ជនជាតិ​ចិន​ជា​ក្រុម​អន្តោប្រវេសន៍​ដែល​មានចំនួន​ច្រើន​ជាង​គេ​ទី៣​ បន្ទាប់​ពី​ជនជាតិ​អង់គ្លេស​ និង​នូវែលសេឡង់។ ប៉ុន្តែ​និន្នាការ​នៃ​អន្តោប្រវេសន៍​មាន​បម្រែបម្រួល​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ។ បើ​ប្រៀបធៀប​នឹង​ជន​អន្តោប្រវេសន៍​នៅ​ទសវត្សរ៍​ទី​៧០​ និង​៨០​ ដែល​​រត់គេច​ពី​របប​កុម្មុយនិស្ត​ ជន​អន្តោប្រវេសន៍​ក្រោយៗ​នេះ​ច្រើន​តែ​ជា​អ្នក​មាន​ទ្រព្យសម្បត្តិ​ មាន​ជំនាញ​ និង​មានសមាន​ចិត្ត​ចំពោះ​អាជ្ញាធរ​នៅ​មាតុភូមិ។ ប្រទេស​ចិន​ក៏​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាង​គេ​របស់​ប្រទេស​អូស្រ្តាលី​ដែរ។

ពិធី​ចូលឆ្នាំ​ថ្មី​របស់​ជនជាតិ​ចិន​ បាន​ក្លាយ​ជា​ចំណុច​ចែងចាំង​មួយ​នៅ​លើ​ទំព័រ​ប្រតិទិន​របស់​ទីក្រុង​ស៊ីដនី។

តាំង​ពី​មុន​មក​មិន​ដែល​មាន​ជនជាតិ​ដើម​កំណើត​ចិន​ច្រើន​ជាង​នេះ​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​ទេ។ ពួកគេ​មាន​ប្រវត្តិសាស្រ្ត​ជាមួយ​ប្រទេស​នេះ​ តាំង​ពី​វិបត្តិ​សេដ្ឋកិច្ច​នៅ​ពាក់​កណ្តាល​ទសវត្សរ៍១៨០០។ សព្វថ្ងៃ​ ប្រទេស​អូស្រ្តាលី​កំពុង​ប្រមូល​អ្នក​ជំនួញ​ធំៗ​ពី​ប្រទេសចិន​ ក៏​ដូចជា​សិស្សានុសិស្ស​រាប់​ម៉ឺន​នាក់។

Wen Chen​ បាន​មក​ដល់​អូស្រ្តាលី​បី​ឆ្នាំ​មុន។ នាង​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ស៊ីដនី ​(University of Sydney)​ ហើយ​ក៏​ត្រូវ​ជា​ស្ថាប័ន​ដែល​នាង​កំពុង​ធ្វើ​ការ​ក្នុង​តំណែង​មន្រ្តី​គម្រោង​ពិសេស​ នៅ​មជ្ឈមណ្ឌល​សិក្សា​ប្រទេសចិន។ នាងនិយាយថា​ នាង​ឲ្យ​តម្លៃ​កេរ្តិ៍​ដំណែលជនជាតិ​ចិន​ណាស់។

«ខ្ញុំ​ជា​សកម្មជន​មួយ​រូប​នៃ​វប្បធម៌​ និង​ទំនៀមទម្លាប់​ចិន​ និង​ចំណេះដឹង​គ្រប់​យ៉ាង។ ខ្ញុំ​មាន​មោទនភាព​ក្នុង​នាម​ជា​ជនជាតិ​ចិន​ម្នាក់​ ព្រោះ​ខ្ញុំ​មាន​គំនិត​វិជ្ជមាន​ចំពោះ​ទំនាក់ទំនង​របស់​អូស្រ្តាលី​និង​ចិន​ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ល្អ​នៅ​ពេល​ជួយ​មនុស្ស​នៅ​ជុំវិញ​ខ្លួន ខ្ញុំ​ឲ្យ​យល់​ដឹង​អំពី​មាតុភូមិ​របស់​ខ្ញុំ​កាន់តែ​ច្រើន។ ដូច​នេះ ខ្ញុំ​ពិត​ជា​មាន​មោទនភាព»។

ផ្អែក​លើ​ការព្យាករណ៍​ចុងក្រោយ​ មាន​មនុស្ស​ចំនួន​១.២លាន​នាក់​ដែល​ជា​កូនចៅ​ចិន​នៅ​ប្រទេស​អូស្រ្តាលី​ក្នុង​ចំណោម​ចំនួន​ប្រជាជន​សរុប ​២៤លាន​នាក់។

លោក​ James Laurenceson​ នៃ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា​ស៊ីដនី​ (University of Technology Sydney) និយាយ​ថា​ និន្នាការ​នៃ​ការ​ធ្វើ​អន្តោប្រវេសន៍​ពី​ប្រទេស​ចិន​មាន​ការ​ប្រែប្រួល​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ។​

«ដំបូង​ វា​គ្រាន់​តែ​ជា​កម្មវិធី​មនុស្សធម៌​មួយ​ទេ។ ជន​អន្តោប្រវេសន៍​ជនជាតិ​ចិន​ជា​ច្រើន​ចូល​មក​ស្នាក់​នៅ​ក្រោម​កម្មវិធី​ជន​ភៀស​ខ្លួន​មួយ​ ឧទាហរណ៍​ដូចជា​ នៅ​ចុង​ទសវត្សរ៍​ទី​៨០។ ឥឡូវ​ ជន​ភាគ​ច្រើន​ជា​ជន​អន្តោប្រវេសន៍​ដែល​មាន​ជំនាញ​ និង​ជា​អ្នក​ជំនួញ។ ដូច​នេះ​ ឧទាហរណ៍​ថា​ នៅ​អូស្រ្តាលី​ យើង​មាន​កម្មវិធី​ទិដ្ឋាការ​វិនិយោគទុន​សំខាន់​ សម្រាប់​ទាក់ទាញ​បុគ្គល​មាន​ឋានៈ​ពី​ក្រៅ​ប្រទេស។ ៩០%​នៃ​អ្នក​ដាក់​ពាក្យ​ទៅ​ប្រទេស​អូស្រ្តាលី​តាម​រយៈ​កម្មវិធី​នេះ​គឺ​មក​ពី​ប្រទេស​ចិន»។

ប្រទេស​អូស្រ្តាលី​ដែល​មាន​វប្បធម៌​ចម្រុះ មាន​ចំណុច​ខ្សោយ​មួយ​ គឺ​ការ​រើសអើង​ពូជសាសន៍។ យោងតាម​ការ​ស្ទាប​ស្ទង់​មតិ​កាលពី​ឆ្នាំ​ទៅ​ លើស​ពី​មួយ​ភាគបី​នៃ​ជន​អន្តោប្រវេសន៍​ចិន​នៅ​អូស្រ្តាលី​និយាយ​ថា​ ពួកគេ​បាន​ប្រឈម​មុខ​នឹង​ការ​រើសអើង។ ពីរ​ឆ្នាំ​មុន​អ្នក​ដំណើរ​ម្នាក់​ត្រូវ​បាន​កាត់ទោស​ពី​បទ​បញ្ចេញមតិ​ប្រកាន់​ពូជសាសន៍​នៅ​លើ​រថភ្លើង​ជិត​ទីក្រុង​ស៊ីដនី។

ជាមួយ​នឹង​ការ​ប្រកាន់​ពូជសាសន៍​ ជន​អន្តោប្រវេសន៍​ចិន​ដែល​មាន​វ័យ​ចំណាស់​បាន​ជម្នះ​បញ្ហា​ភាសា​ និង​ការ​កសាង​ការ​រស់នៅ​ពី​ចំណុច​សូន្យ។

លោក John Zhang​ ជា​អ្នក​វិទ្យាសាស្រ្ត​ ពេល​លោក​ធ្វើ​ដំណើរពី​ទីក្រុង​សៀងហៃ​ទៅអូស្រ្តាលី​ នៅ​ឆ្នាំ​១៩៨៩​ ក្នុង​គោលបំណង​ស្វែងរក​ឱកាស​ដែល​មិន​មាន​នៅ​មាតុភូមិ ​លោក​បាន​ធ្វើ​ជា​ជាងក្រឡឹង​ មុន​ពេល​ចាប់ផ្តើម​ក្រុមហ៊ុន​វ៉ែនតា​ ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​នឹង​ប្រទេស​ចិន។

«ពួក​យើង​អាច​ដូច​ជា​ស្ពាន​អញ្ចឹង។ ពួកយើង​យល់​ពី​ប្រទេស​ចិន។ ពួកយើង​យល់​ពី​ប្រទេស​អូស្រ្តាលី​ និង​ពេល​ខ្លះ​ពួកយើង​អាច​លើក​កម្ពស់ការ​ចែករំលែក​វប្បធម៌​ ការ​ផ្សព្វផ្សាយ​មុខ​ជំនួញ។ ហើយ​ឧទាហរណ៍​ដូចជា​ពេលនេះ​ អ្នក​ជំនួញ​ជនជាតិ​ចិន​ជាច្រើន​ចង់​វិនិយោគទុន​នៅ​អូស្រ្តាលី​ ប៉ុន្តែ​ពួកគេ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​តាម​របៀប​ណា។ ពួកគេ​មិន​យល់​ពី​ច្បាប់​ទម្លាប់​នៅ​ទីនេះ​ ហើយ​ពួកយើង​អាច​ជួយ​បាន»។

ប៉ុន្តែ​ឥទ្ធិពល​របស់​ប្រទេស​ចិន​ដែល​កំពុង​តែកើនឡើង​មក​លើ​ប្រទេស​អូស្រ្តាលី​ក៏​ជា​ឧបសគ្គ​មួយ​ផង​ដែរ។ ថ្មីៗ​នេះ​ រដ្ឋាភិបាល​បាន​បិទ​ការ​លក់​ចេញ​នូវ​គ្រឿង​អេឡិចត្រូនិក​សំខាន់​ទៅ​ក្រុមហ៊ុន​ចិន​ ដោយ​មូលហេតុ​សន្តិសុខ​ថ្នាក់​ជាតិ។

ផ្នែក​ផ្សេង​ទៀត​នៃ​ជម្លោះ​ គឺ​ដីស្រែចំការ​ និង​អចលនទ្រព្យ។

លោកស្រី​ Helen Sham-Ho​ ជា​សមាជិក​សភា​ជនជាតិ​ចិន​ដំបូង​នៃ​ប្រទេស​អូស្រ្តាលី។ លោកស្រី​បាន​កាន់​តំណែង​នៅ​សភា​ New South Wales ​នៅ​ចុង​ទសវត្សរ៍ទី​៨០​ ហើយ​ជឿជាក់​ថា​អ្នក​វិនិយោគទុន​ពី​ប្រទេស​ចិន​បាន​ធ្វើ​ឲ្យ​តម្លៃ​ផ្ទះ​នៅ​ទីនេះ​ឡើង​ថ្លៃ​ជា​លំដាប់។

«នេះ​ជា​ផល​ប៉ះពាល់​អវិជ្ជមាន​ និង​ជា​កេរ្តិ៍ឈ្មោះ​អាក្រក់សម្រាប់ជនជាតិ​ចិន។ ពួកគេ​មិន​មែន​ត្រឹមតែ​ជា​អ្នក​វិនិយោគទុន​ទេ​ អ្នក​ខ្លះ​ជា​អ្នក​ស្នាក់នៅ​ ឬ​ពលរដ្ឋ​ ប៉ុន្តែ​ពួកគេ​មាន​ថវិកា​ ហើយ​ពួកគេ​ជា​អ្នក​មាន​ ដូចនេះ​ពួកគេ​ទិញ​ក្នុង​តម្លៃ​ថ្លៃ​ជាង​អ្នក​នៅ​ទីនេះ។ ប្រាកដ​ហើយ​ អ្នក​នឹង​ខឹង​ ព្រោះ​ទីផ្សារ​នេះ​មិនមែន​ទីផ្សារ​អូស្រ្តាលី​ទៀត​ទេ។ វា​បាន​ក្លាយជា​ទីផ្សារ​របស់​អ្នក​វិនិយោគទុន​ ឬ​ទីផ្សារ​ចិន​តែ​ម្តង។ វា​អយុត្តិធម៌​ចំពោះ​អ្នក​នៅ​ទីនេះ​ណាស់»។

ប៉ុន្តែ​ប្រទេស​អូស្ត្រាលី​ កំពុង​តែ​ទាក់ទាញ​ជន​អន្តោប្រវេសន៍​ដែល​ទ្រព្យសម្បត្តិ​ពី​ប្រទេស​ចិន​ មក​ចូល​ជា​ចំណែកនៃ​ប្រទេសមួយ​ក្នុង​ចំណោម​ប្រទេសដែល​មាន​ស្ថិរភាព​ និង​មាន​សក្តានុពល​ជាងគេ​លើ​ពិភពលោក៕

ប្រែសម្រួលដោយ៖ វិញ សុជាតា

XS
SM
MD
LG