ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការសិក្សា​មួយ​បាន​បង្ហាញ​ថា​ប្រទេស​ម៉ិក​ស៊ិក​ទទួល​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ពី​ការ​យក​ពន្ធ​ស្ករ​


បុរស​ម្នាក់​ទទួល​ទាន​ភេសជ្ជៈនៅ​ក្នុង​ហាង​មួយ​ប្រទេស​ម៉ិក​ស៊ិក​ កាល​ពី​ថ្ងៃទី​០៩ កញ្ញា ២០១៣។
បុរស​ម្នាក់​ទទួល​ទាន​ភេសជ្ជៈនៅ​ក្នុង​ហាង​មួយ​ប្រទេស​ម៉ិក​ស៊ិក​ កាល​ពី​ថ្ងៃទី​០៩ កញ្ញា ២០១៣។

ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី​២​ គឺ​ជា​ជំងឺ​មិន​ឆ្លង​តាម​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ដែល​កំពុង​រីក​ដុះដាល​យ៉ាង​ខ្លាំង​ក្នុង​ពិភពលោក។​ ជំងឺ​នេះ​បណ្តាល​ឲ្យ​មាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ខុស​ពី​ធម្ម​តា ដែល​អាច​នាំ​ទៅ​រក​ជំងឺ​បេះ​ដូង​ ពិការ​អវយវៈ​ បាត់​បង់​​ចក្ខុ​វិញ្ញាណ​ ឈឺ​ចាប់​សរសៃ​ប្រសាទ និង​ជំងឺ​ជា​ច្រើន​ទៀត។​ ប៉ុន្តែ​ការ​ផ្លាស់​ប្តូរ​នៃ​របៀប​រស់​នៅ​របស់​មនុស្ស​ ដូច​ជា​ការ​ធ្វើ​លំហាត់​ប្រាណ​ និង​ការ​ទទួល​របប​អាហារ​​​ប្រសើរ​ជាងមុន​ អាច​ធ្វើ​ឲ្យ​មាន​ផល​វិជ្ជមាន​យ៉ាង​ច្រើន។​

ប្រទេស​ម៉ិក​ស៊ិក​ កំពុង​ព្យាយាម​ធ្វើ​ឲ្យ​របបអាហារ​សម្រាប់​ប្រជាជន​របស់​ខ្លួន​កាន់​តែ​ប្រសើរ​ ដោយ​បាន​យក​ពន្ធលើ​ភេសជ្ជៈ​ទាំងឡាយ​ណា​ដែល​មាន​ជាតិ​ស្ករ។ ការសិក្សា​ថ្មី​មួយបាន​បង្ហាញ​ថា ​ពន្ធ​លើ​ផលិត​ផល​មាន​ជាតិ​ស្ករ​ទាំង​នោះ​អាច​ជួយ​កាត់​បន្ថយ​គ្រោះ​ថ្នាក់នេះ​បាន​យ៉ាង​ច្រើន​ ក៏ដូច​ជា​ការ​ស្លាប់​ដោយ​ជំងឺទឹក​នោម​ផ្អែម​ និង​ជំងឺដាច់​សរសៃ​ឈាម​បេះ​ដូង។

រដ្ឋា​ភិបាល​ម៉ិកសិក​ បាន​កំណត់​យក​ពន្ធ​១០​ភាគ​រយ​លើ​ភេសជ្ជៈដែល​មាន​ជាតិ​ស្ករ​ក្នុង​ឆ្នាំ​២០១៤។​ នេះ​ជា​ការ​ព្យាយាមលើក​ទឹក​ចិត្តឲ្យ​ប្រជាជន​ជ្រើស​យក​ជម្រើស​ផ្សេង​ទៀត​ដែល​ធ្វើ​ឲ្យ​មាន​សុខភាព​ល្អ​ ដោយសារ​តែ​ប្រទេស​នេះ​មាន​ការ​កើត​ឡើង​ខ្លាំងនៃ​ករណី​លើស​ទម្ងន់​ រួម​ទាំង​ការ​រាតត្បាត​នៃ​ជំងឺ​ទឹក​នោម​ផ្អែម។

លោកស្រី Kirsten Bibbins-Domingo សាស្រ្តា​ចារ្យនៃ​សាកល​វិទ្យាល័យ​ California San Francisco​ បាន​ដឹក​នាំ​ការសិក្សា​មួយ​ស្តី​ពី​ផល​ប្រយោជន៍​ចម្បង​ចំពោះ​សុខភាព​កើត​ចេញ​ពី​ការការ​បង់​ពន្ធ។ អ្នកស្រីនិយាយ​ថា​ ការ​យក​ពន្ធ​នេះ​បាន​ផ្តល់​ផល​ដ៏​ធំធេងរួច​មក​ហើយ។

«ការ​ជាវ​ភេសជ្ជៈដែល​មាន​ជាតិ​ស្ករ​បាន​ធ្លាក់​ចុះ​ ១២ ​ភាគរយ​នៅ​ប្រទេស​ម៉ិក​ស៊ិក»។

ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា ​ការ​កាត់​បន្ថយ​ការ​ទទួល​ទាន​ភេសជ្ជៈ​ផ្អែម​អាច​ធ្វើ​ឲ្យ​សុខភាព​មាន​ភាព​ប្រសើរឡើង​ ជាពិសេស​ចំពោះ​ជំងឺ​ទឹក​នោម​ផ្អែម។ លោក​ស្រី​សាស្រ្តា​ចារ្យ​ Bibbins-Domingo ​និយាយ​ថា​ លោកស្រី​រំពឹង​ថា​ការ​កាត់​បន្ថយ​ជាតិ​ស្ករ​ក្នុង​ភេសជ្ជៈ​នេះ​នឹង​កើត​មាន​នៅ​ប្រទេស​ម៉ិកស៊ិក។

«យើង​រំពឹង​ថា​ ករណី​ជំងឺ​ទឹក​នោម​ផ្អែមប្រហែល​២០០.០០០​ករណីនឹង​លែង​កើត​មានក្នុង​រយៈពេល​១០ឆ្នាំ​ខាង​មុខ ប្រសិន​បើ​ការ​បន្ថយ​ការ​ទទួល​ទាន​ជាតិ​ផ្អែម​នៅ​តែ​បន្ត ដែល​ជា​ការ​រួម​ចំណែក​ដោយ​សារ​តែ​ការ​តំឡើង​ពន្ធ​នេះ។​ ហើយនេះ​ក៏​ជា​ប្រយោជន៍ដ៏​ធំ​មួយ​ចំពោះ​សុខភាព​ ថែម​ទាំង​អាច​សន្សំ​ថវិកា​បាន​ច្រើន​ទៀត​ផង។ ថិវកាប្រហែល​ ១ពាន់​លាន​ដុល្លារ​ ទំនង​ជា​ត្រូវ​បានសន្សំ​ ​ដោយ​សារ​តែ​ការកាត់​បន្ថយ​ការ​ចំណាយ​សម្រាប់​ថែទាំង​សុខភាព»។

ប៉ុន្តែ​ការ​ដាក់​ពន្ធ​លើ​ទំនិញ​ មិន​ថា​នៅ​ប្រទេស​ម៉ិកស៊ិក​ ឬ​នៅ​សហរដ្ឋអាមេរិក​ទេ គឺ​មិន​សូវ​ជា​មាន​ប្រជាប្រិយភាព​ឡើយ»។

លោកស្រី​សាស្រ្តា​ចារ្យ​បាន​ពន្យល់​ថា៖ «ដូច្នេះ​ ការ​តវ៉ា​ប្រឆាំង​នឹង​ការ​បង់​ពន្ធនេះ​ ​ពិត​ជាកើត​មាន​ជា​មិន​ខាន។ ប្រជា​ជន​មិន​ចូល​ចិត្ត​បង់​ពន្ធ​នោះ​ទេ​ ហើយ​ច្បាស់​ណាស់​ សមាគម​ភេសជ្ជៈ​អាមេរិក​ បាន​តវ៉ា​ប្រឆាំង​នឹង​ពន្ធ​អាករ​នានា​ជា​បន្ត​បន្ទាប់។ ប៉ុន្តែ​យើង​គួរ​តែដឹង​ដែរ​ថា​ អង្គការ​សុខភាព​ពិភពលោក​ក៏​បាន​បញ្ចេញ​របាយការណ៍​មួយ​កាល​ពី​ប៉ុន្មាន​សប្តាហ៍មុន​នេះ ដែលបង្ហាញ​ពី​ទីកន្លែង​ដែល​បាន​អនុវត្ត​ការ​យក​ពន្ធ​ទាំង​នេះ។ របាយការណ៍នោះ​បង្ហាញ​ថា ការយក​ពន្ធ​បែប​នេះ​ជា​ឧបករណ៍​សំខាន់​ដើម្បី​ជួយ​ពួក​យើង​ទប់​ទល់ការ​កើន​ឡើង​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ទូទាំង​ពិភពលោក»។

កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​អនុម័ត​ពន្ធ​លើ​ភេសជ្ជៈ​សូដា ​ទទួល​បានលទ្ធផល​ផ្សេងៗ​គ្នា​នៅ​តាម​ទីក្រុង​នានា​ក្នុង​សហរដ្ឋអាមេរិក។​ ក្រុម​អ្នក​រិះ​គន់​ ជាពិសេស​ឧស្សាហកម្ម​ភេសជ្ជៈនិយាយ​ថា​ វាអាច​ផ្តល់​ផល​អាក្រក់​ចំពោះ​សេដ្ឋកិច្ច​ក្នុង​ស្រុក។

លោកស្រី​សាស្រ្តា​ចារ្យ Bibbins-Domingo បាន​ព្រមាន​ថា​ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី​២​ មិន​មែន​ត្រឹម​តែ​ជា​បញ្ហា​របស់​ប្រទេស​ម៉ិកស៊ិក​ និង​សហរដ្ឋ​អាមេរិកប៉ុណ្ណោះ​ទេ។

«ជំងឺ​ទឹក​នោម​ផ្អែម​ គឺ​ជា​បញ្ហា​សម្រាប់​ពិភពលោក​ទាំង​មូល។ អត្រា​នៃ​ជំងឺ​នេះ​បាន​កើន​ស្ទើរ​តែ​គ្រប់​ប្រទេស​ទាំង​អស់​លើ​សាកល​លោក។​ ប្រទេស​ម៉ិក​ស៊ិក​ ក៏​កំពុង​មាន​បញ្ហា​ខ្លាំង​ជា​មួយ​នឹង​ជំងឺទឹក​នោម​ផ្អែម​នេះ។ ប្រទេស​នេះ​មាន​អត្រា​ជំងឺ​ទឹក​នោម​ផ្អែម​ខ្ពស់​បំផុត​នៅ​ទ្វីប​អាមេរិក ហើយ​ប្រទេស​នេះ​ក៏​មាន​អាត្រា​ខ្ពស់​បំផុត​នៃ​ការ​ទទួល​ទាន​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ផង​ដែរ»។

កាល​ពីមុន ​នៅ​សហរដ្ឋអាមេរិក ​ក្នុង​ចំណោម​យុវជន​១១​នាក់​ មាន​ម្នាក់​មាន​កម្រិត​ជាតិ​ស្ករ​ខ្ពស់​ដែល​ឈាន​ទៅ​រកការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម។​ បច្ចុប្បន្ន​នេះ​ ចំនួន​កុមារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់​បាន​កើន​ដល់​ម្នាក់​ក្នុង​ចំណោម​ប្រាំ​នាក់។

លោកស្រី​សាស្រ្តា​ចារ្យ​ Bibbins-Domingo បាន​ពន្យល់​ថា៖ «នេះ​គឺ​ដោយ​សារ​តែ​ឥរិយាបថ​របស់​បុគ្គល​ម្នាក់ៗ​ ហើយ​ក៏​ដោយ​សារ​តែ​បរិស្ថាន​ជុំ​វិញ​ដែរ​ ដូចជា​បរិស្ថាន​ចំណី​អាហារ​ដែល​ពួក​យើង​រស់​នៅ​ ដែល​ជា​បរិស្ថាន​សម្បូរ​ទៅ​ដោយ​អាហារ​កំប៉ុង​មាន​ជាតិ​ស្ករ​ខ្ពស់។ វា​ជាទំនួល​ខុស​ត្រូវ​របស់​សង្គម​យើង​ទាំង​អស់​គ្នា។ នេះ​ជា​ស្ថាន​ភាព​ដែល​យើង​ពិត​ជា​អាច​ការពារ​បាន»។​

ប្រទេស​កាន់​តែ​ច្រើន​នៅ​ជុំវិញ​ពិភពលោក​កំពុង​យក​តម្រាប់​តាម​របបអាហារ​បែប​បស្ចិម​ប្រទេស​ ​ដែល​ជា​រឿយ​ៗ​សម្បូរ​ទៅ​ដោយ​ជាតិស្ករ​ សារធាតុ​ធ្វើ​ឲ្យ​ធាត់​និង​អំបិល។ អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា​ ទម្លាប់​របប​អាហារ​ទាំង​នោះ​បាន​នាំ​ឲ្យ​មានជំងឺ​មិន​ឆ្លង​ បូក​រួម​និង​កង្វះ​លំហាត់​ប្រាណ​ ការ​ប្រើប្រាស់​ថ្នាំ​ជក់​និង​ការ​សេព​គ្រឿង​ស្រវឹង​លើស​កម្រិត។​ ជំងឺ​ទាំង​នោះ​រួម​មាន​ ជំងឺ​ទឹក​នោម​ផ្អែម​ មហារីក​ ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ និង​ជំងឺ​ផ្លូវ​ដង្ហើម​។ ជំងឺ​ទាំង​នេះ​បាន​សម្លាប់​មនុស្ស​ ៣៨​លាន​នាក់​ជា​រៀង​រាល់​ឆ្នាំ។

ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី​១ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ជំងឺ​ទឹក​នោម​ផ្អែម​វ័យ​ក្មេង​ កើត​មាន​នៅ​ពេល​លំពែង​អាច​ផលិត​ជាត់​អាំង​ស៊ុយលីន​បាន​តិចតួច​ ឬ​មិន​អាច​ផលិត​បាន​តែ​ម្តង​ សម្រាប់​ត្រួត​ពិនិត្យ​ជាតិ​ឃ្លុយកូស​ ដែល​ជា​ជាតិ​ស្ករ​ចម្បង​សម្រាប់​ផលិត​ថាម​ពល។ មូល​ហេតុ​ពិត​ប្រាកដ​មិន​ត្រូវ​បាន​គេ​ដឹង​នោះ​ទេ។ ការ​ព្យាបាល​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​នេះ​រួម​មាន​ការ​ទទួល​ទាន​ថ្នាំ​ដែល​មាន​សារធាតុ​អាំង​ស៊ុយ​លីន​ជា​រៀង​រាល់​ថ្ងៃ។

នៅសហរដ្ឋ​អាមេរិក​ ខែ​វិច្ឆិកា ​គឺ​ជា​ខែ​ដែល​គេ​ប្រារព្ធ​កម្មវិធី​យល់​ដឹង​អំពី​ជំងឺ​ទឹក​នោម​ផ្អែម៕​

ប្រែសម្រួល​ដោយ ទុំ ម្លិះ

XS
SM
MD
LG