ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ចោទ​គ្រូពេទ្យ​ដែល​សារភាព​ចម្លង​មេរោគ​អេដស៍​ដោយ​ប្រើ​ម្ជុល​រួម


គ្ឡីនិក​សុខភាព​គ្រួសារ​មួយនៅស្រុក​សង្កែ​ខេត្តបាត់ដំបង​​នៃប្រទេសកម្ពុជា។​
គ្ឡីនិក​សុខភាព​គ្រួសារ​មួយនៅស្រុក​សង្កែ​ខេត្តបាត់ដំបង​​នៃប្រទេសកម្ពុជា។​

សាលា​ដំបូង​ខេត្ត​បាត់​ដំបង​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ បាន​ចោទ​ប្រកាន់​គ្រូ​ពេទ្យ​ប្រចាំ​ភូមិ​រកា​ ស្រុក​សង្កែ ​និង​សម្រេច​ឃុំ​ខ្លួន​គ្រូ​ពេទ្យ​រូប​នេះ​ ដោយ​សង្ស័យ​ថា បាន​ធ្វើ​ឲ្យ​មាន​ការ​ចម្លង​មេរោគ​អេដស៍​ដ៏​ច្រើន​បំផុត​ដែល​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រទេស។​

ការ​ចោទ​ប្រកាន់​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែលការ​ពិនិត្យឈាម​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ក្រុង​ភ្នំពេញ​ដើម្បី​រក​មេរោគ​អេដស៍ ​HIV ​បាន​បង្ហាញ​ថា ​អ្នក​ភូមិ​រកាបាន​កើន​ដល់​យ៉ាង​តិច​ចំនួន​១៤០​នាក់​ត្រូវ​បាន​រក​ឃើញ​ថា​ មាន​ផ្ទុក​មេរោគ​អេដស៍។

លោក​ព្រះ​រាជ​អាជ្ញា​នួន សាន​នៃ​សាលា​ដំបូង​ខេត្ត​បាត់​ដំបង​ ​បាន​ឲ្យ​ដឹង​ថា​ គ្រូពេទ្យ​យ៉ែម ជ្រិន ​អាយុ​៥៥​ឆ្នាំ ​ត្រូវ​ចោទប្រកាន់​ពី​បទ​ប្រព្រឹត្ត​ក្នុង​ចេតនា​ចម្លង​ជំងឺ​អេដស៍ទៅ​អ្នក​ដទៃ​ ពី​បទ​ឃាតកម្ម​ដ៏ឃោរឃៅ​និង​បទ​បើក​កន្លែង​ពិគ្រោះ​ជំងឺដោយ​គ្មាន​លិខិត​អនុញ្ញាត​ពី​ក្រសួង​សុខា​ភិបាល។​ គ្រូ​ពេទ្យ​រូប​នេះ​អាច​ប្រឈម​នឹង​ការ​ដាក់​ទោស​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​តាម​បទ​ចោទ​នេះ។​

«ចោទ​ប្រកាន់​ហើយ​និង​បញ្ជូន​ទៅ​កាន់​ចៅ​ក្រម​ស៊ើប​អង្កេត»។​

មនុស្ស​ជាច្រើន​រយ​នាក់​នៅ​ក្នុង​ភូមិរកា ​ឃុំរកា ​ស្រុក​សង្កែ ​ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ៨​គីឡូ​ម៉ែត្រ​ពី​ទី​រួម​ខេត្ត​បាត់​ដំបង ​បាន​ពិនិត្យ​ឈាម​ជាមួយ​មន្ទីរ​ពេទ្យ​ខេត្ត ហើយ​មនុស្ស​ច្រើន​ជាង​១០០​នាក់​ត្រូវ​រក​ឃើញ​ថា ​មាន​ផ្ទុក​មេរោគ​អេដស៍។​ មនុស្ស​ភាគ​ច្រើន​បាន​អះអាង​ថា​បាន​ទទួល​សេវា​ពិនិត្យ​ និង​ព្យាបាល​ ដោយ​គ្រូ​ពេទ្យ​យ៉ែម ជ្រិន​ ដែល​ជា​គ្រូ​ពេទ្យ​មាន​ប្រជាប្រិយ​ភាព​ម្នាក់ប្រចាំ​ភូមិ។​ មន្ត្រី​សុខា​ភិបាល​នៃ​ប្រទេស​កម្ពុជា​បាន​ផ្តោត​ការ​សង្ស័យ​លើ​ការ​ប្រើ​ប្រាស់​ម្ជុល​រួម​គ្នា​ ដែល​ជា​កត្តា​ចម្បងនៃ​ការ​ចម្លង​មេរោគ​នេះ។​

លោក​ឧត្តមសេនីយ៍​ស​ ថេង​ ស្នង​ការ​នគរ​បាល​ខេត្ត​បាត់​ដំបង​ មាន​ប្រសាសន៍​ថា​ គ្រូ​ពេទ្យ​រូប​នេះ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​នគរបាល​មុន​នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​តុលាការ។​

«គាត់​ក៏​បាន​សារភាពថា​ បាន​ប្រើ​ប្រាស់​សារ៉ាំង​រួម​គ្នា​ ម្ជុល​រួម​គ្នា ​ម្តង​ម្កាល»។​

វីអូអេ​បាន​ព្យាយាម​ទាក់ទង​ដើម្បី​សុំការ​បំភ្លឺពី​លោក​វេជ្ជ​បណ្ឌិត​ឌីឌីយេ ហ្វុងតានីល​ (Didier Fontanile) ​នាយក​វិទ្យា​ស្ថាន​ប៉ាស្ទ័រ​កម្ពុជា តែ​មិន​អាច​ទាក់​ទង​បាន​ទេ​នៅ​ថ្ងៃ​នេះ។​

ទោះ​ជា​យ៉ាង​ណា​លោក​ត្រូវ​ស្រង់សម្តី​ដោយបណ្តាញ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ និង​ក្រៅ​ស្រុក​មួយ​ចំនួន​ និង​ស្រង់​សម្តី​ដោយលោកស្រី​កែ សុវណ្ណា​រ័ត្ន ​ប្រធាន​គណៈ​កម្មការ​ទី​៨​ ដែល​ជា​គណៈ​កម្មការ​សុខា​ភិបាល​ សង្គម​កិច្ច​ អតីត​យុទ្ធជន ​យុវនីតិសម្បទា​ ការងារ ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ​និង​កិច្ចការ​នារី​នៃ​រដ្ឋ​សភា។ ​លោក​ស្រី​បាន​ស្រង់​សម្តី​លោក​ថា​ ​មាន​អ្នក​ភូមិរកា​កើន​ដល់​ចំនួន​១៤០​នាក់​ត្រូវ​បាន​រក​ឃើញ​ថាមាន​ផ្ទុក​មេរោគ​អេដស៍។​

លោក​វេជ្ជ​បណ្ឌិត​មាន ​ឈីវុន ​នាយក​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធនឹង​ជំងឺ​អេដស៍ ​សើស្បែក ​និង​កាម​រោគ ​មាន​ប្រសាសន៍​ថា ​ក្រសួង​សុខា​ភិបាល​ត្រូវ​ការ​ធ្វើ​ការ​តាម​ដាន​បន្ថែម​លើ​កត្តា​ដែល​បណ្តាល​ឲ្យ​មាន​ការ​ចម្លង​មេរោគ​ខាង​លើ​នេះ​ដើម្បី​ស្វែង​រក​ភស្តុតាង​បន្ថែម។​

លោក​បញ្ជាក់​បន្ថែម​ថា ​អ្នក​ដែល​មាន​រោគ​សញ្ញាមួយ​ចំនួន​ក្នុង​ចំណោមនោះ​អាច​ជា​អ្នក​ជំងឺ​ចាស់។​

«យើង​ត្រូវ​ផ្ទៀង​ផ្ទាត់​មើល​ទៀត​ ថា​តើ​ក្នុង​សំណាក​ឈាម​ប៉ុន្មាន​ហ្នឹង​នៅ​ក្នុង​ប្រភេទ​អ្វី​ខ្លះ។ ​ជួន​កាល​បង​ប្អូន​ផ្ទុក​មេរោគ​ហើយ​ ប៉ុន្តែ​គាត់​មក​នេះ​ដើម្បី​ត្រួត​ពិនិត្យ​ជំងឺ។​ ប៉ុន្តែ​ជា​អ្នក​ជំងឺ​មុន​នៅ​ក្នុងឃុំ​ហ្នឹង​ដែរ។​ដូច្នេះ​យើង​ត្រូវ​ញែក​ករណី​ទាំង​អស់​ឲ្យ​អស់​សិន​ ទើប​យើង​និយាយ​ថា​តើ​មាន​អ្នកឆ្លង​ប៉ុន្មាន​នាក់»។

សូម​បញ្ជាក់​ថា ការ​ពិនិត្យ​ឈាម​ដើម្បី​បញ្ជាក់លើ​រោគ​សញ្ញា​មេរោគ​អេដស៍​ក្នុង​ចំណោម​អ្នក​ភូមិ​រកា ​ត្រូវ​ធ្វើ​យ៉ាង​ហ្មត់ចត់​ ចាប់​តាំង​ពី​មន្ទីរ​ពេទ្យ​ខេត្ត​បាត់​ដំបង​រហូត​ដល់​ការ​ពិនិត្យ​ឈាមនៅ​មន្ទីរ​ពិសោធន៍​របស់​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធនឹង​ជំងឺ​អេដស៍ ​សើស្បែក​ និង​កាម​រោគ​ ​និង​ជា​ចុង​ក្រោយ​សំណាក​ឈាម​ដដែល​នោះ​នឹង​ត្រូវ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​របស់​បារាំង​នៅ​ក្នុង​ប្រទេស​កម្ពុជាមុន​នឹង​ធ្វើ​ការ​បញ្ជាក់​ជា​ស្ថាពរ៕​

XS
SM
MD
LG