ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Macron និង​លោកស្រី Le Pen នឹង​ប្រកួត​គ្នា​នៅ​ជុំ​ចុង​ក្រោយ​នៃ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នៅ​ប្រទេស​បារាំង


លោក Macron និង​លោកស្រី Le Pen បេក្ខជនប្រធានាធិបតី​បារាំង។

លទ្ធផល​ចុង​ក្រោយ នៃ​ការ​បោះឆ្នោត ​ជ្រើសរើស​ប្រធានាធិបតី​បារាំង​ជុំ​ទី​មួយ ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ បាន​បង្ហាញ​ថា លោក Emmanuel Macron បេក្ខជន​ដែល​ប្រកាន់​ទស្សនៈ​នយោបាយ​កណ្ដាល និង​លោកស្រី Marine Le Pen បេក្ខជន​ដែល​ប្រកាន់​ទស្សនៈ​នយោបាយ​ជាតិ​និយម និង​ប្រឆាំង​ចំពោះ​បញ្ហា​អន្តោប្រវេសន៍ ទទួល​បាន​ជោគជ័យ ដើម្បី​ចូលរួម​ប្រកួត​ជុំ​ចុង​ក្រោយ នៅ​ថ្ងៃ​ទី ៧ ខែ​ឧសភា ខាង​មុខ​នេះ។

លោក Macron បាន​និយាយ​នៅ​ឯ​ការ​ជួបជុំ​អបអរ​ជ័យជំនះ​របស់​លោក កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា៖ «ក្នុង​រយៈពេល​មួយ​ឆ្នាំ​តែ​ប៉ុណ្ណោះ យើង​មាន​នយោបាយ​បារាំង​ដែល​មាន​ការ​ផ្លាស់ប្ដូឬ​ទាំង​ស្រុង​តែ​ម្ដង‍»។

ចំណែក​ឯ​លោកស្រី Marine Le Pen វិញ បាន​បញ្ជាក់​ថា៖ «វា​ដល់​ពេល ដែល​ត្រូវ​រំដោះ​ប្រជាពលរដ្ឋ​បារាំង​ហើយ‍»។

លទ្ធផល​ចុង​ក្រោយ​នៃ​ការ​បោះ​ឆ្នោត​ថ្ងៃ​អាទិត្យ​ម្សិលមិញ បាន​បង្ហាញ​ថា លោក Macron ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន ២៣,៨ ភាគរយ ហើយ​លោកស្រី Le Pen ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន ២១,5 ភាគរយ។ ចំនួន​ប្រជាពលរដ្ឋ​ដែល​មក​បោះ​ឆ្នោត មាន​ចំនួន ៧៩ ភាគរយ។ ដោយសារ​អ្នក​ដែល​អាច​ឈ្នះ​ឆ្នោត ដើម្បី​ក្លាយជា​ប្រធានាធិបតី ត្រូវការ​សំឡេង​ឈ្នះ​ឆ្នោត​ភាគ​ច្រើន​បំផុត ការ​បោះ​ឆ្នោត​ជុំ​ទី​ពីរ ដែល​ជា​ជុំ​ចុង​ក្រោយ​នៅ​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៧ ខែ​ឧសភា ខាង​មុខ​នេះ៕

XS
SM
MD
LG