ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តី​សមាគម​អាដហុក​បដិសេធ​ពាក្យ​សម្តី​ចុះ​ផ្សាយ ខណៈ​រង​ការ​ព្រមាន​ប្តឹង​ពី​ លោក ហ៊ុន សែន


លោក ស៊ឹង សែនករុណា អ្នកនាំពាក្យ​សមាគម​អាដហុក នៅការិយាល័យអាដហុក ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យ​សមាគម​អាដហុក នៅការិយាល័យអាដហុក ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៣។ (កាន់ វិច្ឆិកា/វីអូអេ)

មន្រ្តី​ជាន់​ខ្ពស់​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក និង​ជា​អ្នកនាំ​ពាក្យ លោក ស៊ឹង សែនករុណា នៅ​ថ្ងៃ​ចន្ទ​នេះ បាន​បដិសេធ​ថា​លោក​មិន​បាន​ប្រើប្រាស់​ពាក្យ​ពេចន៍​ចំៗ​លើ​គណបក្ស​ប្រជាជន​កម្ពុជា ដូច​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ឡើយ។

ការ​លើក​ឡើង​របស់​លោក ស៊ឹង សែន​ករុណា ខណៈ​លោក​រង​ការ​ព្រមាន​ប្តឹង​ពី​អតីត​នាយក​រដ្ឋមន្រ្តី​លោក ហ៊ុន សែន ថា​លោក​បាន​ចោទ​ប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​លោក ហ៊ុន សែន ជា​ប្រធាន​គណបក្ស តាម​រយៈ​ការ​ផ្តល់​បទ​សម្ភាសន៍​ដល់​សារព័ត៌មាន។

កាល​ពី​ថ្ងៃ​អាទិត្យ លោក ហ៊ុន សែន បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក​ថា​មាន​ការ​វាយ​ប្រហារ​មក​លើ​គណបក្សប្រជាជន​កម្ពុជា​ពី​សំណាក់​លោក ស៊ឹង សែន​ករុណា។ លោក​បាន​ស្នើ​ឱ្យ​មេធាវី​ពិនិត្យ​មើល​ដើម្បី​ដាក់​ពាក្យ​បណ្តឹង។

លោក​ថ្លែង​ថា៖ «ខ្ញុំ​សូម​ឱ្យមេធាវី​គណបក្ស​សិក្សាផ្លូវ​ច្បាប់​ ដើម្បី​ប្តឹង​មនុស្ស​ម្នាក់​នេះ​ទៀត​ប្រសិន​មាន​មូលដ្ឋាន​គ្រប់គ្រាន់​ខាង​ផ្លូវច្បាប់។ យើង​សូម​បញ្ជាក់​ថា​គណបក្ស​ប្រជាជន​កម្ពុជា​មិន​ផ្តល់​ឱកាស​សម្រាប់​មនុស្ស​ណា​ក៏​ដោយ​ប្រមាថ​មើល​ងាយ​គណ​បក្ស​តទៅ​ទៀត​ទេ យើង​ត្រូវ​រក​យុត្តិធម៌​សម្រាប់​ខ្លួន​យើង​តាម​ផ្លូវ​តុលាការ។ (សិទ្ធិ​របស់​អ្នក​មាន​ព្រំដែន​ជាមួយ​សិទ្ធិ​របស់​ខ្ញុំ)»។

លោក ហ៊ុន សែន មិន​បាន​បញ្ជាក់​ថា​តើ​លោក ស៊ឹង សែន​ករុណា បាន​ថ្លែង​បែប​ម៉េច ហើយ​ពាក្យ​សម្តី​របស់​លោក​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​លើ​សារព័ត៌មាន​ណាមួយ​ឡើយ។

ប៉ុន្តែ​សារ​បង្ហោះ​របស់​លោក ហ៊ុន សែន ភ្ជាប់​ទៅ​នឹង​ករណី​របស់​លោក សុន ឆ័យ ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ប្តឹង​ករណី​ចោទ​ប្រកាន់​លួច​បន្លំ​សន្លឹក​ឆ្នោត។

ទោះជា​យ៉ាងណា កាល​ពី​ថ្ងៃ​ទី​២ ខែ​កុម្ភៈ សារព័ត៌មាន​The Cambodia Daily បាន​ផ្សព្វ​ផ្សាយ​នៅ​លើ​ហ្វេស​ប៊ុក​របស់​ខ្លួន ពាក់ព័ន្ធ​នឹង​អត្ថបទ​មួយ​៖ «លោក សុន ឆ័យ គ្រោង​លក់​ផ្ទះ​ចុង​ក្រោយ​របស់​លោក​ជាង​១​លាន​ដុល្លារ ដើម្បី​សង​ជំងឺ​ចិត្ត​បក្ស​កាន់​អំណាច»។

លោក ស៊ឹង សែនករុណា ត្រូវ​បាន​យោង​សម្តី​មួយ​ចំនួន​ក្នុង​អត្ថបទ​នោះ ដោយ​លើក​ឡើង​ថា​វិវាទ​របស់​អ្នក​នយោបាយ​គួរ​បញ្ចប់​ដោយ​នយោបាយ មិន​គួរ​ប្រើ​ប្រព័ន្ធ​តុលាការ​មក​ដោះ​ស្រាយទេ។ លោក​ត្រូវ​បាន​ដក​ស្រង់​សម្តី​បន្ថែម​ថា​គណបក្ស​ប្រជាជន​កម្ពុជា​ជា​គណបក្ស​មួយ​មាន​ធនធាន​ថវិកា​ច្រើន ដូច្នេះ​គួរ​យោគ​យល់​ដល់​លោក សុន ឆ័យ។

លោក ស៊ឹង សែន​ករុណា ត្រូវ​បាន​ដកស្រង់​សម្តី​បន្ថែម ត្រង់​ចំណុច​មួយ ដែល​ទំនង​ពាក់ព័ន្ធ​នឹង​ការ​ព្រមាន​របស់​លោក ហ៊ុន សែន ថា៖ «ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ថា​គណ​បក្ស​កាន់​អំណាច​តែង​តែ​យក​តុលាការ​មក​ធ្វើ​ជា​របាំង​ក្នុង​ការ​គាប​សង្កត់​ដៃគូ​នយោបាយ​ប្រឆាំង​របស់​ខ្លួន»។

ក្រោយ​ការ​ព្រមាន​ប្តឹង​ពី​លោក ហ៊ុន សែន លោក ស៊ឹង សែន​ករុណា ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​លោក​ធ្វើ​ការងារ​ក្នុង​បេសកកម្ម និង​សកម្មភាព​ពង្រឹង​ការ​គោរព​សិទ្ធិ​មនុស្ស គោរព​ច្បាប់ និង​ចង់​បាន​យុត្តិធម៌​សង្គម និង​ប្រជាធិបតេយ្យ​ពិត​ប្រាកដ។ លោក​បន្ថែម​ថា​ការ​ផ្តល់​បទ​សម្ភាសន៍​កាល​ពី​កន្លង​ទៅ លោក​មាន​ការ​ប្រុង​ប្រយ័ត្ន ហើយ​ក៏​គ្មាន​គោល​ដៅ​វាយ​ប្រហារ​គណបក្ស​ណាមួយ​ឡើយ។ លោក​ស្នើ​ឱ្យ​ពិនិត្យ​មើល​សម្តី​ដើម​របស់​លោក ប្រសិន​បើ​មាន​ការ​ប្តឹង​ផ្តល់​ណាមួយ។

លោក​ថ្លែង​ថា៖ «​អ៊ីចឹង​យើ​ងក៏​ទទូច​សុំ​ឱ្យ​មាន​ការ​ពិនិត្យ​មើល​ឡើង​វិញ​ពីព្រោះ​ទាំង​អស់​នេះ​វា​មិន​មែន​ជាចេត​នា​នៃ​កិច្ច​ការងារ​បេសកកម្ម​របស់​ខ្ញុំ​ខ្លួន​ឯ​ង​ផ្ទាល់​ផង​ ក៏​សមាគម​អាដហុក​ផ្ទាល់​ផងដែរ។ អ៊ីចឹង​យើង​ធ្វើកិច្ច​ការងារ​ហ្នឹង​ទៅ​តាម​អាណត្តិ​ការងារ​និង​តួនាទី​របស់​យើង​ដោយ​ប្រកាន់​នូវ​ឯករាជ្យភាព​ និង​អព្យា​ក្រឹត្យ​ភាព​នៃ​ការ​ងារ​របស់​យើង»។

លោក ស៊ឹង សែនករុណា ក៏​បាន​បង្ហោះ​សារ​នៅ​លើ​ទំព័​រ​ហ្វេស​ប៊ុក​របស់​លោក​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ថា​រាល់​ការ​ស្រង់​ពាក្យសម្តី​របស់​លោក​ទៅ​បន្ថែម​បន្ថយ​បញ្ចេញ​បញ្ចូល​វាយ​ប្រហារ​ចំៗ​លើ​ឈ្មោះ​បក្ស​នយោបាយ​ណា​មួយ​នោះ វា​មិន​មែន​ជា​ចេតនា និង​គោល​បំណង​របស់​លោក​ឡើយ។

លោក​បញ្ជាក់​ថា៖ «ដូច្នេះ​ខ្ញុំ​មិន​ទទួល​ស្គាល់​ឡើយ​»។

តំណាង​មេធាវី​គណបក្ស​ប្រជាជន​ម្ពុជា​លោក ម៉ម ចាន់ណែត​ និង​លោក ផូ សុធាផល បដិសេធ​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​នៅ​ពេល​វីអូអេ​ទាក់​ទង​ទៅ។

មេធាវី ម៉ម ចាន់ណែត ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​តេឡេក្រាម​ជា​អក្សរ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​៖ «ពាក់​ព័ន្ធ​ជាមួយ​ការងារ​នេះ ខ្ញុំ​សុំ​ទុក​ជា​ការ​រក្សា​ការ​សម្ងាត់​ក្នុង​វិជ្ជា​ជីវ:​មេធាវី»។

នាយក​ទទួល​បន្ទុក​ទូទៅ​នៃសមាគម​ការ​ពារ​សិទ្ធិមនុស្ស​លីកាដូ​ លោក អំ សំអាត​ ប្រាប់​វីអូអេ​ថា​លោក​ស្តាយ​ចំពោះ​ករណី​ដែល​បាន​កើត​ និង​ថា​លោក ស៊ឹង​ សែន​ករុណ​ គ្រាន់​តែ​ជា​អ្នក​អត្ថាធិប្បាយ​ដែល​ចង់​ឃើញ​កម្ពុជា​មាន​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​ និង​លទ្ធិប្រជាធិប​តេយ្យ​តែ​ប៉ុណ្ណោះ។

លោក​ថ្លែង​ថា៖ «មិន​គួរ​មាន​រឿង​អ៊ីចឹង​កើត​ឡើង​ ដោយ​សារអី ដោយ​សារ​តែ​លោក ស៊ឹង សែនករុណា​ លោក​ធ្លាប់​ធ្វើការ​ផ្នែកសិទ្ធិ​មនុស្ស​នេះ​ជាង​២០​ឆ្នាំ​ហើយ​ ហើយ​គោល​បំណង​របស់​លោក​ដែល​តែង​ផ្តល់​បទ​សម្ភាសន៍ឬក៏​ផ្តល់​យោ​បល់​សម្រាប់​សារព័ត៌មាន​ផ្សេងៗ​គឺ​ក្នុង​គោល​បំណង​លើក​កម្ពស់​សិទ្ធិ​មនុស្ស»។

គួរញ្ជាក់​ថា​លោក សុន ឆ័យ ដែល​រង​បណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ពី​បទ​«បរិហារ​កេរ្តិ៍»​គ្រោង​លក់​ផ្ទះ​របស់​លោក​នៅ​ភ្នំពេញ​ក្នុង​តម្លៃ​ជាង​១​លាន​ដុល្លារ​អាមេរិក ដើម្បី​សង​ជំងឺ​ចិត្ត​គណបក្ស​កាន់​អំណាច ក្នុង​ករណី​ដែល​គណបក្ស​កាន់​អំណាច​បាន​ប្ដឹង​លោក កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២២ ពាក់ព័ន្ធ​នឹង​ការ​រិះគន់​ថា​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​៥ កន្លង​ទៅ មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​ប្រជាពលរដ្ឋ មាន​ការ​បំភិត​បំភ័យ និង​លួច​បន្លំ​សន្លឹកឆ្នោត​ជាដើម។ តុលាការ​បាន​បង្គាប់​ឱ្យ​លោក សុន ឆ័យ បង់​ប្រាក់​ជំងឺ​ចិត្ត​ប្រមាណ​៧៥​ម៉ឺន​ដុល្លារ​អាមេរិក​ទៅ​ឱ្យ​គណបក្ស​កាន់​អំណាច៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG