ក្រសួងការងារកម្ពុជាបានប្រកាសយកខែសីហា ជាការចាប់ផ្តើមពិភាក្សាប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និងកម្មការិនីដែលធ្វើការក្នុងឧស្សាហកម្មវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០១៧។ នេះបើយោងទៅតាមសេចក្តីប្រកាសព័ត៌មាន ដែលបានចេញផ្សាយជាសាធារណៈនៅថ្ងៃច័ន្ទនេះ។
សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ការពិភាក្សានៅក្នុងខែសីហាខាងមុខនេះ ជាការពិភាក្សាលក្ខណៈទ្វេភាគី ហើយការពិភាក្សាជាលក្ខណៈត្រីភាគី នឹងត្រូវធ្វើឡើងនៅខែកញ្ញា។ នៅក្នុងខែតុលា ក្រសួងនឹងបើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារ ដើម្បីសម្រេចប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០១៧។ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ប្រាក់ឈ្នួលដែលបានកំណត់នឹងចូលជាធរមាន។
មេដឹកនាំសហជីពកម្មករឯករាជ្យបានប្រាប់ VOA នៅថ្ងៃច័ន្ទនេះថា ការត្រៀមពិភាក្សាប្រាក់ឈ្នួលនេះ គឺត្រូវបានគ្រោងធ្វើជារៀងរាល់ឆ្នាំ ហើយក្រុមសហជីពគ្រោងនឹងជួបគ្នាចាប់ពីខែកក្កដាខាងមុខនេះ។
អ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា បានមានប្រសាសន៍ប្រាប់ VOA ថា ក្រុមសហជីពបានកំពុងធ្វើការសិក្សាស្រាវជ្រាវតួលេខថ្មីទាក់ទិននឹងការចំណាយរបស់កម្មករ និងស្ថានភាពទូទៅរបស់វិស័យកាត់ដេរនៅមុនក្រុមសហជីពជួបចរចាជាមួយខាងនិយោជក។ អ្នកស្រីបញ្ជាក់ថា ក្រុមសហជីពគ្រោងនឹងប្រើតួលេខ ២០៧ដុល្លារសម្រាប់ការចរចា ប៉ុន្តែចំនួននេះអាចមានការប្រែប្រួល ប្រសិនបើមានការស្រាវជ្រាវណាផ្សេងទៀត ដែលអាចរកឃើញតួលេខថ្មី។ អ្នកស្រីបន្ថែមថា ប្រាក់ឈ្នួលដែលកម្មករទទួលបានសព្វថ្ងៃនេះ មិនអនុញ្ញាតឲ្យកម្មកររស់នៅបានសមរម្យនោះទេ។
ក្រសួងការងារបានបញ្ជាក់ថា គ្រប់ភាគីទាំងអស់ ត្រូវប្រើលក្ខខណ្ឌវិនិច្ឆ័យបែបសង្គម រួមមាន ស្ថានភាពគ្រួសារ អត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ និងលក្ខណៈវិនិច្ឆ័យបែបសេដ្ឋកិច្ច រួមមានផលិតភាព ភាពប្រកួតប្រជែង ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យកាត់ដេរ ក៏ដូចជាបន្ទាត់ភាពក្រីក្រ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា។
ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករកាត់ដេរ ដែលទើបតែចូលជាធរមានកាលពីដើមឆ្នាំ២០១៦ មានចំនួន១៤០ក្នុងមួយខែ។ កម្មករទទួលបានប្រាក់ឈ្នួលនេះក្រោយពីមានបាតុកម្មទាំងអហិង្សា និងហិង្សា អស់រយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ ដែលបានបណ្ដាលឲ្យកម្មករមួយចំនួនបានបាត់បង់ជីវិត និងជាច្រើននាក់ទៀតរងរបួស។
ការដំឡើងប្រាក់ឈ្នួលអប្បបរមាម្តងៗ បានបង្កឲ្យថៅកែរោងចក្រមានការរអ៊ូរទាំ។ ពួកគេបានចោទកម្មករថា បានធ្វើឲ្យផលិតភាពការងារធ្លាក់ចុះ បន្ទាប់ពីការដំឡើងប្រាក់ឈ្នួលអប្បបរមានោះ។ កាលពីចុងខែឧសភា ថៅកែរោងចក្រកាត់ដេរនៅក្នុងប្រទេសកម្ពុជា បានព្រមានដល់កម្មករឲ្យខិតខំបង្កើនផលិតភាពដែលកំពុងធ្លាក់ចុះដើម្បីទប់ទល់នឹងការកើនឡើងនៃការប្រកួតប្រជែងក្នុងវិស័យឧស្សាហកម្មកាត់ដេរនៅក្នុងតំបន់អាស៊ី។ ប៉ុន្តែ ក្រុមអ្នកការពារសិទ្ធិកម្មករ និយាយថា ថៅកែបានបង្កើនចំនួនការងារឲ្យកម្មករធ្វើ ហួសពីកម្លាំងរបស់កម្មករ នៅក្រោយការដំឡើងប្រាក់ឈ្នួលអប្បបរមាដដែលនោះ។
កម្ពុជានាំចេញផលិតផលសម្លៀកបំពាក់របស់ខ្លួនប្រមាណ៤៦ភាគរយ ទៅកាន់សហភាពអឺរ៉ុប ៣០ភាគរយ ទៅកាន់សហរដ្ឋអាមេរិក និង២៤ភាគរយផ្សេងទៀតទៅកាន់ប្រទេសកាណាដា និងជប៉ុន។
ចំណូលដែលបានមកពីការនាំចេញនេះ គឺមានជាង៦.០០០លានដុល្លារអាមេរិកនៅឆ្នាំ២០១៥។ នេះបើយោងទៅតាមទិន្នន័យដែលផ្តល់ដោយសមាគមមណ្ឌលព័ត៌មានកម្មករ។
មណ្ឌលព័ត៌មាននេះឲ្យដឹងថា កម្មករក៏កំពុងរស់នៅក្នុងស្ថានភាពអសន្តិសុខ និងប្រកបដោយគ្រោះថា្នក់ តាមរយៈការជួលបន្ទប់ស្នាក់នៅ ដែលមិនមានបំពាក់ប្រព័ន្ធការពារសុវត្ថិភាព និងបរិយាកាសខ្វះការថែទាំអនាម័យនៅទីកន្លែងស្នាក់នៅរបស់ពួកគេ៕