ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ជនសង្ស័យក្នុង​សំណុំរឿង​បន្ថែម​និង​ពលរដ្ឋខ្លះ​ចង់ឲ្យ​​តុលាការ​​​ទម្លាក់​បទ​ចោទ​


«ឥឡូវ​រឿង​ដែល​ខ្វល់​ធំ​ជាង​គេ​ព្រះវិហារ​(ពុទ្ធសាសនា)​វា​អត់​ទាន់​ហើយ។ ​បើ​ថា​ព្រះវិហារ​ហើយ​ ងាប់​ធូរ​ហើយ​ (ញញឹម)»។

ជន​សង្ស័យ​ក្នុង​សំណុំរឿង​បន្ថែម​០០៣ និង ០០៤ ​និង​អតីត​ទាហាន​ខ្មែរក្រហម​បាន​ទទូច​ថា តុលាការ​ខ្មែរក្រហម​ដែល​ចូលរួម​ដោយ​អង្គការ​សហប្រជាជាតិ គួរ​ទម្លាក់​បទ​ចោទ​ ដូច​ជា​ សំណុំ​រឿង​អ្នកស្រី អ៊ឹម ចែម ដែរ ដោយ​យោង​ថា ​ពួកគេ​មិន​មែន​ជា​មេដឹកនាំ​ជាន់ខ្ពស់​ឬ​ជា​អ្នក​ទទួលខុស​ត្រូវ​ខ្ពស់​បំផុត។

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ VOA នៅ​ផ្ទះ​របស់​លោក​កាល​ពី​ដើម​សប្តាហ៍​នេះ លោក អោ អាន អាយុ​៧៩​ឆ្នាំ​ បាន​អំពាវនាវ​ឲ្យ​មាន​ការ​ទម្លាក់​បទ​ចោទ​ប្រឆាំង​នឹង​លោក៖

«សូម​ឲ្យ​អស់​លោក​ហ្នឹង​ពិចារណា​ឲ្យ​បាន​ច្បាស់​ ហើយ​ដាម​សំណូមពរ​ របស់ខ្ញុំ សូមឲ្យបញ្ចប់រឿងរ៉ាវទៅ ដូចជាយាយចែមអញ្ចឹងដែរ»។

លោក អោ អាន អំពាវនាវ​ដូច្នេះ​ដោយ​សារ​លោក​មិនមែន​ជា​អ្នកទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត និងអ្នកដឹកនាំ​ជាន់ខ្ពស់​ ដែល​លោក​ថា គួរត្រូវ​បាន​ទម្លាក់​បទចោទ​ដូច​ជា​អ្នកស្រី អ៊ឹម ចែម អតីត​ចៅហ្វាយ​ស្រុក​ព្រះ​នេត្រព្រះ​ ដែរ​ដែល​ត្រូវ​សហចៅក្រម​ស៊ើបអង្កេត​ទម្លាក់​បទចោទ​កាល​ពី​ដើមឆ្នាំ។

លោក អោ អាន ជា​ជនសង្ស័យ​ក្នុង​សំណុំរឿង ០០៤ ដូចលោក យឹម ទិត និងអ្នកស្រី អ៊ឹម ចែម ត្រូវ​តុលាការ​ចោទ​ប្រកាន់​ពី​បទឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ មនុស្សឃាត ធ្វើ​ឲ្យ​មាន​ទាសភាព​ ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ ផ្នែក​នយោបាយ​និង​ឧក្រិដ្ឋកម្ម​ផ្សេងទៀត​ ដែល​មាន​មនុស្ស​ជា​ច្រើន​ម៉ឺន​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត។

ប៉ុន្តែ​ជនសង្ស័យ​ទាំង​៤រូប​ក្នុង​សំណុំរឿង បន្ថែម​នៅ​តែ​ស្ថិត​ក្រោម​ការ​អនុវត្ត​នីតិវិធី​តុលាការ​ដដែល​ទោះ​ជា​ ចៅក្រម​ស៊ើបអង្កេត​ទម្លាក់​បទចោទ​ប្រឆាំង​នឹង​អ្នកស្រី អ៊ឹម ចែម ជា​អតីត​ចៅហ្វាយ​ស្រុក​ព្រះនេត្រព្រះ​ក្តី។ ប៉ុន្តែ​លោក អោ អាន ដែល​ជា​អនុប្រធាន​តំបន់​មជ្ឈិម​បាន​បដិសេធ​ថា លោក​មិន​បាន​ដឹង​រឿង​ឃាតកម្ម​ដូច​ការ​ ចោទ​ប្រកាន់​របស់​តុលាការ​ទេ។

«ខ្ញុំ​មិនមែន​ជា​អ្នកដឹកនាំ​ជាន់ខ្ពស់​ ជា​អ្នក​រងគ្រោះ​ដូច​តែ​គេ​អញ្ចឹង»។

ថ្លែង​ប្រាប់ VOA យ៉ាង​ខ្លី​នៅ​ផ្ទះ​របស់​លោក​ក្នុង​ស្រុក​សំឡូត លោក មាស មុត អតីត​មេបញ្ជាការ​កងទ័ព​ជើងទឹក​ ហើយ​ជា​ជនសង្ស័យ​ក្នុង​សំណុំ រឿង០០៣ បាន​អះអាង​ថា​ សំណុំ​រឿង​លោក​គឺ​ស្រេច​តែ​លើ​តុលាការ​ធ្វើ​ តាម​នីតិវិធី។

លោក មាស មុត បញ្ជាក់​ថា៖

«រឿង​សាលា​ក្តី​គិត​យ៉ាង​ម៉េច​ទៅ​អញ្ចឹង? អត់​អី​ទេ​ទុក​ឲ្យ​តុលាការ​គេ​ដំណើរការ​ចុះ»។

លោក​មិន​ផ្តល់​ការ​អត្ថាធិប្បាយ​ច្រើន​ទេ ទោះ​ជា​អ្នកស្រី​ អ៊ឹម ចែម ត្រូវ​ បាន​សហចៅក្រម​ទម្លាក់​បទចោទ​ប្រកាន់​ក្តី។ ប៉ុន្តែ​លោក​បាន​បង្ហាញ​ពី​ភាព​ក្លាហាន​របស់​លោក​ដោយ​បាន​បង្ហាញ​ប្រាប់ VOA ឲ្យ​ដឹង​ពី​ការ​រៀបចំ​ក្តារ​ម្ឈូស​និង​គ្រឿង​សក្ការៈ​តាម​ទំនៀមទម្លាប់​ខ្មែរ​សម្រាប់​ការ​ចែក​ឋាន​(មរណភាព)​របស់​លោក​នៅ​ថ្ងៃ​អនាគត​ទៅ​វិញ។

«ឥឡូវ​រឿង​ដែល​ខ្វល់​ធំ​ជាង​គេ​ព្រះវិហារ​(ពុទ្ធសាសនា)​វា​អត់​ទាន់​ហើយ។ ​បើ​ថា​ព្រះវិហារ​ហើយ​ ងាប់​ធូរ​ហើយ​ (ញញឹម)»។

លោក មាស មុត អាយុ​៧១​ឆ្នាំ ជាអតីត​អតីត​មេបញ្ជាការ​កងពល​១៦៤​ទទួល​បន្ទុក​ទាហាន ជើងទឹក​នៅខេត្ត​ព្រះសីហនុ​និង​កំពត​នៅក្នុង​សម័យ​ខ្មែរ​ក្រហម។
លោក មាស មុត អាយុ​៧១​ឆ្នាំ ជាអតីត​អតីត​មេបញ្ជាការ​កងពល​១៦៤​ទទួល​បន្ទុក​ទាហាន ជើងទឹក​នៅខេត្ត​ព្រះសីហនុ​និង​កំពត​នៅក្នុង​សម័យ​ខ្មែរ​ក្រហម។

លោក មាស មុត អាយុ​៧៩​ឆ្នាំ​ជា​ជនសង្ស័យ​ក្នុង​សំណុំរឿង​ ០០៣ ដែល​ សហ​ព្រះរាជអាជ្ញា​បាន​ចោទ​ប្រកាន់​ពី​បទឧក្រិដ្ឋ​នានា​ក្នុង​សម័យ​ខ្មែរក្រហម​ តែ​លោក​បដិសេធ​ថា​គ្មាន​ការ​ពាក់ព័ន្ធ​នោះ​ទេ។

សំណុំរឿង ០០៣​ និង ០០៤ ត្រូវ​គេ​ចាត់ទុក​ថា ជា​សំណុំរឿង​ចម្រូងចម្រាស​ ហើយ​មាន​ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​ ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​បញ្ជាក់​ជា​ច្រើន​លើក​ជា​សាធារណៈ​ពី​ការ​ជំទាស់​មិន​ ឲ្យ​មាន​ការ​កាត់ទោស​បន្ត​ដល់​សំណុំ​រឿង​បន្ថែម​០០៣​និង​០០៤​នេះ​ ដោយ​ឈរ​លើ​សន្តិភាព​និង​ការ​បង្រួមបង្រួមជាតិ ហើយ​គំរាម​ទៀត​ថា លោក​សុខចិត្ត​ឲ្យ​តុលាការ​រលាយ​ជា​ជាង​កាត់​ទោស​បន្ថែម។ ការណ៍​នេះ​ ផ្ទុយ​ពី​ការ​ចង់​បាន​របស់​អន្តរជាតិ​ដែល​ថា​យុត្តិធម៌ ត្រូវ​តែ​កើត​មាន​ ហើយ​ វប្បធម៌​គ្មាន​ទោស​ពៃរ៍​មិន​អាច​បន្ត​កើត​មាន​ទេ។

ក៏ប៉ុន្តែ​ចំពោះ​ពលរដ្ឋ​ខ្មែរ​ដែល​ជា​អតីត​ទាហ៊ាន​ខ្មែរ​ក្រហម​មួយ​ចំនួន​ដែល​ រស់នៅ​ក្នុង​ភូមិភាគ​ពាយ័ព្យ​ដែល​ជា​អតីត​តំបន់​ខ្មែរក្រហម​បាន​អះអាង​ថា​ការ​បញ្ចប់​ការ​កាត់​ទោស​សំណុំរឿង​ខ្មែរក្រហម​ត្រឹម ០០២ ជា​ការ​ល្អ​ដោយ​ សារ​ថា​ការ​កាត់ទោស​យ៉ាង​ណា​ក៏​មិន​ឃើញ​មាន​អ្វី​រីកចម្រើន​ដល់​ប្រទេស​ដែរ។

អតីត​យោធា​ខ្មែរក្រហម​មួយ​រូប​ក្នុង​វ័យ​៦០​ឆ្នាំ​ដែល​ពិការ​ជើង​ឆ្វេង​ដោយ​សារ​គ្រាប់មីន​ក្នុង​សមរភូមិ​គឺ​លោក ព្រាប យឿម បាន​ថ្លែង​ថា តាម​យោបល់​របស់​លោក​គេ​គួរ​បញ្ចប់​ការ​កាត់ទោស​ត្រឹម​សំណុំរឿង​០០២ ព្រោះ​ជន​ សង្ស័យ​ក្នុង​សំណុំរឿង ០០៣ និង​ ០០៤ មាន​វ័យ​ចំណាស់ៗ​អស់​ហើយ។

អតីត​ទាហាន​ខ្មែរក្រហម​រូប​នេះ​ពន្យល់​ប្រាប់ VOA ថា៖

«បើ​កាត់​តែ​មេៗ​ក៏​ចប់​សព្វ​គ្រប់​ដែរ​ព្រោះ​សំខាន់​មេ​ហ្នឹង​ហើយ ព្រោះ​កាល​ ហ្នឹង​ការ​ដឹកនាំ​មិន​មាន​ប្រជាធិបតេយ្យ​ឯណា គឺ​កុំម្មុយនីស។ ដូច្នេះ​ការ​ជ្រុល​ការជ្រួស ការ​លើស​ការ​លួស​ក៏​វា​មាន។ ខាងក្រៅ​លូកដៃ​មក​មិន​មែន​ គាត់​ធ្វើ​តែ​ឯង​កើត​ទេ នេះ​ខ្ញុំ​យល់​ទេ​ណាស់»។

អតីត​ខ្មែរក្រហម​ម្នាក់​ទៀត​គឺ​លោក ម៉ែន ជឹម អាយុ​៧២​ឆ្នាំ បាន​ថ្លែង​ថា​ ការ​បញ្ចប់​ការ​កាត់ទោស​ត្រឹម​សំណុំរឿង​០០២ ជា​រឿង​ដែល​លោក​ចង់​ឃើញ​ព្រោះ​ជន​សង្ស័យ​ដទៃ​ទៀត​មិនមែន​ជា​មេដឹកនាំ​ដែរ។

លោក ម៉ែន ជឹម ថ្លែង​ថា៖

«ការ​កាត់ទោស​តែ​មេ​វា​អត់​បញ្ហា​ទេ បើ​ចេះតែ​កាត់បន្ត​ទៅ​ទៀត​ក្រែង​លោ វា​ឆ្លង​គ្នា។ ដល់​វា​ឆ្លងក្រែង​លោ​អស់​មួយ​ជំនាន់ វា​ចូល​មួយ​ជំនាន់​ទៅ រឿង​ហ្នឹង​ជា​បញ្ហា»។

លោក​ សែម សារិន អាយុ​៥១​ឆ្នាំ ជា​ជាង​ម៉ៅការ​សំណង់​ក្នុង​តំបន់​ផ្តាច់ខ្លួន​ បាន​យល់​ស្រដៀង​គ្នា​ដែរ​ថា ជា​រឿង​ល្អ​សម្រាប់​សន្តិភាព​និង​ការ​អភិវឌ្ឍ បើ​អាច​បញ្ចប់​ត្រឹម​សំណុំ​រឿង​០០២។

«ការ​កាប់​សម្លាប់​ហ្នឹង វា​មិន​ត្រឹមត្រូវ​ទេ។ តែ​ការ​កាត់ទោស​ហ្នឹង​ជា​រឿង​ត្រឹមត្រូវ​ហើយ។ ប៉ុន្តែ​គ្រាន់​តែ​ថា ឥឡូវ​នេះ​ អ្នក​ដែល​ពាក់ព័ន្ធ​ហ្នឹង​គាត់​ស្លាប់​ចង់​អស់​ហើយ​ហ្នឹង នៅ​សល់តែ​តិចតួច​ហ្នឹង ឲ្យ​គាត់​រស់​ទៅ។ មិន​ យូរ​ប៉ុន្មាន​ទេ​អាយុ​៧០​និង​៨០​ឆ្នាំ​ស្លាប់​បាត់​អស់​ដដែល​ហ្នឹង»។

លោក ឡុង បញ្ញាវុឌ្ឍ មន្ត្រី​កម្មវិធី​នៃ​គម្រោង​យុត្តិធម៌​នៅ​កម្ពុជា​បាន​ចោទ​ សួរ​ថា តើ​អ.ស.ប.​និង​រដ្ឋាភិបាល​កម្ពុជា​ដល់​ពេល​ត្រូវ​ចរចា​គ្នា​តាម​បែប​នយោបាយ​ដោយ​តម្លាភាព​ដើម្បី​បញ្ចប់​សំណុំរឿង​០០៣ និង​០០៤​នេះ​ ឬ​ក៏​ទុក​ឲ្យ​មាន​ការ​ខ្វែង​គំនិត​គ្នា​ដែល​លោក​ថា​ ពិបាក​រក​ច្រក​ចេញ?

អ្នក​ឃ្លាំ​មើល​ដំណើរការ​សាលាក្តី​ខ្មែរ​ក្រហម​រូប​នេះ​បញ្ជាក់​ប្រាប់ VOA ថា៖

«អញ្ចឹង​បើ​អត់​មាន​ការ​ចរចា​ទេ យើង​ទុក​ឲ្យ​ចៅក្រម​ជាតិ​និង​អន្តរជាតិ​ដោះស្រាយ​រឿង​នេះ​ដោយ​ខ្លួន​ឯងនោះ ខ្ញុំ​ជឿ​ថា​ស្ថានភាព​សំណុំរឿង​០០៣ និង​០០៤ វា​ហាក់ដូច​ជា​ស្ថិត​នៅ​ក្នុងស្ថានភាព​មួយ​ដូច​យើង​អាំង​ដំរី​អញ្ចឹង​ គឺ​យើង​អត់​ដឹង​ចប់​ដោយ​មធ្យោបាយណា ហើយ​អាំងហ្នឹង អាំងឆ្អិនដែរ ឬអត់។ នេះ​ហើយ​ដែល​ជា​កង្វល់មួយ​របស់​ជនរងគ្រោះ​និង​អ្នក​តាមដាន​សាលាក្តី​ទូទៅដែរ»។

លោក​បាន​បន្ថែម​ថា តុលាការ​នេះ​ហាក់​ដូច​ជា​ពិបាក​ធ្វើ​ឲ្យ​មាន​ការ​ទទួល​ បាន​មក​វិញ​នូវ​ការ​ជឿជាក់​ដែល​ថា ជា​តុលាការ​គំរូ ស្តង់ដា​អន្តរជាតិ​ដែល​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ និង​ចោទប្រកាន់​ដោយ​ឯករាជ្យ។

លោក​បាន​លើក​ឡើង​ពី​សេនារីយោ(ស្ថានភាព​ដែល​អាច​កើត​ឡើង) ខ្លះ​ក្នុង​ពេល​ដែល​កម្ពុជា​ គ្មាន​ឆន្ទៈ​នយោបាយ​ក្នុង​ការ​បន្ត​សំណុំ​រឿង​០០៣​និង​០០៤។ សេនារិយោ​ទាំង​នោះ​មាន​ដូច​ជា៖ ​ការ​ធ្វើ​ដីកា​ដំណោះស្រាយ​ ហើយ​ផ្ទេរ​ឲ្យ​តុលាការ​ជាតិ​កាត់​បន្ត ការ​ជំនុំជម្រះ​ដោយ​តុលាការ​ជាតិ​តែ​ភាគី​អន្តរជាតិ​ធ្វើ​ជា​ទីប្រឹក្សា ការ​បង្កើត​អង្គ​ជំនុំជម្រះ​តូច​មួយ​សម្រាប់​កាត់ទោស​សំណុំរឿង​០០៣ និង​០០៤ ហើយ​និង​ការ​ពិចារណា​ លើ​ការ​ធ្វើ​ដីកា​ដំណោះស្រាយ​រួចហើយ​ដាក់​តម្កល់​នៅ​កន្លែង​ណា​មួយ​ទុក​ឲ្យ​មាន​ការ​ស្រាវជ្រាវ។

«តែ​ចំពោះ​ខ្ញុំ​ សេនារីយោ​ទាំង​អស់​ហ្នឹង​វា​សុទ្ធ​តែ​មាន​ចំណុច​វិជ្ជមាន​និង​អវិជ្ជមាន​ដូចគ្នា»។

លោក​បាន​បន្ថែម​ថា មាន​ការ​ទម្លាក់​បទចោទ​ប្រកាន់​ប្រឆាំង​នឹង​អ្នកស្រី អ៊ឹម ចែម ហាក់​ដូច​ជា​មាន​ភាព​រលូន​រវាង​សហចៅក្រម​ជាតិ​និង​អន្តរជាតិ។ ប៉ុន្តែ​លោក​បាន​សួរ​ថា ចុះ​តើ​ក្នុង​ដំណាក់កាល​ចោទប្រកាន់​វិញ​ តើ​នឹង​មាន​ភាព រលូន​ដែរ​ឬ​យ៉ាងណា?

ដោយ​ឡែក​អ្នកស្រី អ៊ឹម ចែម អាយុ​៧៥​ឆ្នាំ​បាន​ទទួច​ថា តុលាការ​គួរ​ ពិចារណា​ឲ្យ​បាន​ច្បាស់មុន​ការ​ចោទ​ប្រកាន់​ដល់​ជនសង្ស័យ​ដទៃ​ទៀត ហើយ​ទទូច​ឲ្យ​មាន​ការ​ទម្លាក់​បទ​ចោទដូច​ជា​សំណុំរឿង​អ្នកស្រី​ដែរ​ ប្រសិន​ជា​ការ​ចោទប្រកាន់​ខុស។

អតីត​កម្មាភិបាលខ្មែរក្រហម​រូប​នេះ​ដែល​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​ថ្លែង​ប្រាប់ VOA ថា៖

«បើ​តុលាការ​ដែល​សម្រាប់​កាត់​ទោស​ចេះ​តែ​ជឿ រឿង​ហ្នឹង​ខុស​ហើយ»។

អ្នកស្រី​ អ៊ឹម ចែម​ អាយុ៦៥ឆ្នាំ​ជាអតីត​ចៅហ្វាយ​ស្រុក​ព្រនេតព្រះ​នៅក្នុង​ខេត្តនៅ​ភាគ​ពាយ័ព្យ​ និងធ្លាប់​ជា​ប្រធានគុក​ភ្នំត្រយូង​ដែលមាន​មនុស្ស​យ៉ាងតិច​៤០.០០០​នាក់ស្លាប់​នៅក្នុង​ទសវត្សរ៍​១៩៧០។
អ្នកស្រី​ អ៊ឹម ចែម​ អាយុ៦៥ឆ្នាំ​ជាអតីត​ចៅហ្វាយ​ស្រុក​ព្រនេតព្រះ​នៅក្នុង​ខេត្តនៅ​ភាគ​ពាយ័ព្យ​ និងធ្លាប់​ជា​ប្រធានគុក​ភ្នំត្រយូង​ដែលមាន​មនុស្ស​យ៉ាងតិច​៤០.០០០​នាក់ស្លាប់​នៅក្នុង​ទសវត្សរ៍​១៩៧០។

សាលាក្តី​ខ្មែរក្រហម​កំពុង​កាត់ទោស​សំណុំរឿង​០០២​វគ្គ២​ជា​វគ្គ​បញ្ចប់។ មេដឹកនាំ​ជាន់ខ្ពស់​ពីរ​នាក់​គឺ​លោក ខៀវ សំផន ប្រមុខ​រដ្ឋ​និង​លោក​ នួន​ ជា បង​ធំ​ទី​២​នៃ​របប​ខ្មែរក្រហម​ត្រូវ​តុលាការ​បន្ត​កាត់ទោស​ពី​បទ​ទាក់ទង​នឹង​ ការ​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ជាង​១.៧​លាន​នាក់​ក្នុង​ទសវត្សរ៍​១៩៧០។ សាលាក្តី​នេះ​ទំនង​ជា​បញ្ចប់​សំណុំរឿង​០០២​ វគ្គ​បញ្ចប់​នៅ​ក្នុង​ឆ្នាំ​២០១៨ ខាង​មុខ មុន​ពេល​ដំណើរការ​សំណុំ​រឿង​បន្ថែម​ ដែល​មាន​ការ​ទាមទារ​ឲ្យ​ បញ្ចប់​ពី​ជនសង្ស័យ​និង​អតីត​ទាហាន​ខ្មែរក្រហម​មួយ​ចំនួន​នោះ៕

XS
SM
MD
LG