ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អតីត​កម្មាភិបាល​ខ្មែរក្រហម​ធូរ​ចិត្ត​ពេល​ចៅ​ក្រម​ទម្លាក់​បទ​ចោទ


អ្នកស្រីអ៊ឹម ចែម និយាយ​ទៅកាន់ VOA នៅ​ផ្ទះអ្នកស្រី​ ក្នុងស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ កាល​ពី​ថ្ងៃ​ទី២០ ខែ​មេសា ឆ្នាំ២០១៧។ (សុខ ខេមរា/VOA)

តុលាការ​ខ្មែរក្រហម​ បាន​ចោទប្រកាន់​អ្នកស្រី អ៊ឹម ចែម​ អាយុ​៧៥ឆ្នាំ អតីត ចៅហ្វាយ​ស្រុក​ព្រះនេត្រ​ព្រះ​កាលពី​ជាង​១២​ឆ្នាំ​មុន ហើយ​ក្រោយ​មក ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ជំនួស​ឲ្យ​ការ​ចាប់ខ្លួន​ដូច​សំណុំ រឿង​មុន​ៗ។

ជនសង្ស័យ​ដែល​ត្រូវ​តុលាការ​ខ្មែរក្រហម​បាន​ចោទ​ប្រកាន់​ពី​បទ​ពាក់ព័ន្ធ នឹង​ឧក្រិដ្ឋកម្ម​នានា​ក្នុង​របប​ខ្មែរ​ក្រហម​គឺ​អ្នកស្រី អ៊ឹម ចែម បង្ហាញ​ពី​ភាពធូរស្រាល​ក្នុង​ចិត្ត ក្រោយ​ពេល​សហ​ចៅក្រម​ស៊ើបអង្កេត​នៃ​តុលាការ​ខ្មែរក្រហម រក​មិន​ឃើញ​ពី​ទោស​កំហុស​របស់​អ្នក​ស្រី ហើយ​បាន​សម្រេច​ទម្លាក់​ចោល​បទ​ចោទ​ទាំងស្រុង​ថ្មីៗ​នេះ។

«អញ្ចឹង​ពេលនេះ​ខ្ញុំ​ធូរស្រាល​នៅពេល​ដែល​តុលាការ​លែង​ហៅ​អី​ទម្លាក់​ទោស​តាម​គេ​ចោទ​ខ្ញុំ​រួច​មក ​ខ្ញុំ​មាន​ចិត្ត​ជ្រះថ្លា ហើយ​ផ្តាំ​ផ្ញើ​បងប្អូន​ទាំងអស់ ប្រជាពលរដ្ឋ​ទាំងមូល​ថា​ខ្ញុំ​ជា​មនុស្ស​ត្រឹមត្រូវ​ល្អ​ទេ មិន​ដូច​ការ​ចោទប្រកាន់​កុំ​ឆ្ងល់​តទៅទៀត​ហើយ​កុំ​ថា​ខ្ញុំ​នេះ​មាន​រឿង​ដូចគេ​ចោទ»។

តុលាការ​ខ្មែរក្រហម​ បាន​ចោទប្រកាន់​អ្នកស្រី អ៊ឹម ចែម​ អាយុ​៧៥ឆ្នាំ អតីត ចៅហ្វាយ​ស្រុក​ព្រះនេត្រ​ព្រះ​កាលពី​ជាង​១២​ឆ្នាំ​មុន ហើយ​ក្រោយ​មក ត្រូវ​បាន​ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ជំនួស​ឲ្យ​ការ​ចាប់ខ្លួន​ដូច​សំណុំ រឿង​មុន​ៗ។

អ្នកស្រី​ បាន​ក្លាយ​ជា​ជន​ជាប់សង្ស័យ​ចំពោះ​ឧក្រិដ្ឋកម្ម​នានា​ក្នុងសំណុំរឿង​០០៤ ដូច​ជនជាប់ចោទ​២​នាក់​គឺ លោក អោ អាន និង លោក យឹម ទិត។

ឧក្រិដ្ឋកម្ម​ទាំង​នោះ​មាន​ដូចជា​មនុស្សឃាត​ដែល​ជា​ការរំលោភ​បំពាន​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​ឆ្នាំ ១៩៥៦ ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ដែល​បាន ប្រព្រឹត្ត​នៅ​មន្ទីរ​សន្តិសុខ​ភ្នំ​ទ្រ​យោង និង​ការដ្ឋាន​ស្ពាន​ស្រែង ដែល​មាន​ការ​សម្លាប់រង្គាល ការ​ធ្វើ​ឲ្យ​ទៅ​ជា​ទាសករ ការ​ដាក់​ក្នុង​មន្ទីរ​ឃុំឃាំង ការ​ធ្វើ​ទុក្ខបុកម្នេញ​ដោយ​មូលហេតុ​នយោបាយ និង​អំពើ​អមនុស្សធម៌ ដែល​មាន​មនុស្ស​ជាច្រើន​ម៉ឺន​នាក់​បាន​ស្លាប់​ក្នុង​តំបន់​អ្នកស្រី​គ្រប់គ្រង។

រូប​ឯកសារ៖ អ្នក​ទោស​ទាំងអស់​ ដែល​បញ្ជូនទៅ​មន្ទីរ​ស-២១ ឬ​គុក​ទួលស្លែង ត្រូវ​បាន​ខ្មែរ​ក្រហម​ថត​រូប​ មុន​នឹង​សួរ​ចម្លើយ​ និង​ធ្វើ​ទារុណកម្ម។ រូប​នេះ​ថត​ចេញ​ពី​ជញ្ជាំង​តាំង​រូបថត​មួយ​នៅ​សារមន្ទីរ​ទួលស្លែង​នៅ​ទី​ក្រុង​ភ្នំពេញ។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)
រូប​ឯកសារ៖ អ្នក​ទោស​ទាំងអស់​ ដែល​បញ្ជូនទៅ​មន្ទីរ​ស-២១ ឬ​គុក​ទួលស្លែង ត្រូវ​បាន​ខ្មែរ​ក្រហម​ថត​រូប​ មុន​នឹង​សួរ​ចម្លើយ​ និង​ធ្វើ​ទារុណកម្ម។ រូប​នេះ​ថត​ចេញ​ពី​ជញ្ជាំង​តាំង​រូបថត​មួយ​នៅ​សារមន្ទីរ​ទួលស្លែង​នៅ​ទី​ក្រុង​ភ្នំពេញ។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

ថ្លែង​ប្រាប់​VOA​បន្ថែម​ក្នុង​គេហដ្ឋាន​របស់​អ្នកស្រី​ក្នុង​ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ អ្នកស្រី បាន​បដិសេធ​ដូច​ពេល​មុនៗ​ដែរ​ថា​ អ្នកស្រី​មិនបាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​ដែល​បាន​ចោទ​ប្រកាន់​ទេ ហើយ​បន្ត​ថា ពេល​អ្នកស្រី​ទៅ​កាន់កាប់​គឺ​អ្នក​ស្រុក​អ្នកភូមិ​ស្ងាត់​អស់​ហើយ។

តែ​អ្នកស្រី​ថា​ អ្នកស្រី​ក៏​ឈប់​គិត​ហើយ​អំពី​រឿង​នេះ ដោយសារ​តុលាការ​កាត់ទោស ខ្មែរ​ក្រហម​ហៅថា អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក.) ដែល​ចូលរូម​ដោយ​អង្គការ​សហប្រជាជាតិ ​បាន​បញ្ចប់​រឿង​ក្តី​អ្នកស្រី​កាលពី​ថ្ងៃ​ទី ២២​ខែ កុម្ភៈ ឆ្នាំ​២០១៧​ទៅ​ហើយ​នោះ។

អ្នកស្រី​បាន​ទទូច​ថា​តុលាការ​ គួរ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់​ជាមុន ​មុន​ចាត់ការ​នីតិវិធី​ដើម្បី​កុំ​ឲ្យ​គេយល់ច្រឡំ​ដូច​សំណុំរឿង​អ្នកស្រី​ទៀត។

«ព្រោះ​ខ្ញុំ​ពី​មុន​មក​មាន​ការ​គិត​អំពី​រឿង​ការចោទប្រកាន់​នេះ តែ​ឥឡូវ​នេះ ខ្ញុំ​មាន​គិត​ផ្សេង​ទៀត​ទី១ ខ្ញុំ​ជាប់​ខាង​ការចោទ​ប្រកាន់​ដោយសារ​តុលាការ គាត់​រក​យុត្តិធម៌ ហើយ​ក៏​ទម្លាក់ការ​ចោទប្រកាន់​ខ្ញុំ​ចេញ​ ពីព្រោះ​នេះ​ហើយ​ដែល​មិន​ពិត។ អញ្ចឹង​រក​ការ​ពិត​វា​អត់​ឃើញ​ត្រូវ​ទម្លាក់​ចេញ។ អញ្ចឹង​ពេល ក្រោយ​ទៀត​ជា​សំណូមពរ​នឹង​ផ្តាំ​ផ្ញើរ​របស់​ខ្ញុំ​ថា​តុលាការ​គឺ​ត្រូវ​រក​ជាក់ស្តែង​និង​ការពិត​ដូច​ដែល​ទម្លាក់​រឿង​ខ្ញុំ​នេះ​ឲ្យ​ច្បាស់។​អញ្ចឹង ​ទោះ​បី​ជា​គេ​ចោទ​យ៉ាង​ណា​ក៏​ដោយ​ បើ​អត់​ពិត​ត្រូវតែ​ទម្លាក់​ចេញ។ អញ្ចឹង​កុំ​ចេះ​តែយក ដោយ​មិន​ពិត»។

កូនស្រី​របស់​អ្នកស្រី អ៊ឹម ចែម គឺ​អ្នកស្រី កាំង រិន អាយុ​៥២​ឆ្នាំ​ បង្ហាញ​ពី​ភាពរីករាយ​ដែរ​ នៅពេល​ដែល​បាន​ទទួល​ព័ត៌មាន​ពី​មេធាវី​ការពារ​រឿង​ក្តី​របស់​អ្នកស្រី អ៊ឹម ចែម​ថា ករណីរបស់​អ្នកម្តាយ​អ្នក​ស្រី ​ត្រួវ​តុលាការ​បញ្ចប់ ដោយ​ទម្លាក់​បទ​ចោទ​នោះ។

«គាត់​ទូរស័ព្ទ​មក​ប្រាប់​ថា​ គេ​ចោទ​ប្រកាន់​ម៉ែ​ហ្នឹង​ បាន​ធូរស្រាល​ហើយ»។

អ្នកស្រី អ៊ឹម ចែម អតីត​មេដឹកនាំ​ខ្មែរក្រហម​មួយ​រូបកំពុងជិះកង់​ជាមួយ​ចៅប្រុស កាលពីថ្ងៃទី២៣ ខែមេសា ទៅកន្លែងដាក់ចំណីឲ្យគោ ដើម្បីយកគោ​មក​ដាក់នៅចម្ការ​របស់អ្នកស្រី ក្នុងស្រុកអន្លង់វែង។ (ស៊ុន ណារិន/VOA)
អ្នកស្រី អ៊ឹម ចែម អតីត​មេដឹកនាំ​ខ្មែរក្រហម​មួយ​រូបកំពុងជិះកង់​ជាមួយ​ចៅប្រុស កាលពីថ្ងៃទី២៣ ខែមេសា ទៅកន្លែងដាក់ចំណីឲ្យគោ ដើម្បីយកគោ​មក​ដាក់នៅចម្ការ​របស់អ្នកស្រី ក្នុងស្រុកអន្លង់វែង។ (ស៊ុន ណារិន/VOA)

អតីត​យោធា​ខ្មែរ​ក្រហម​មួយ​រូប​ក្នុង​វ័យ​៦០ឆ្នាំ​ដែល​ពិការ​ជើង​ឆ្វេង​ដោយសារ​គ្រាប់​មីន​ក្នុង​សមរភូមិ​សង្គ្រាម ហើយ​រស់នៅ​ក្នុង​តំបន់​ខ្មែរក្រហម​ផ្តាច់ ខ្លួន​នៅ​ភាគពាយព្យ​គឺ​លោក ព្រាប យឿម បាន​ថ្លែង​គាំទ្រ​ការ​បញ្ចប់ការ កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​បន្ថែម​ដូចជា​អ្នកស្រី អ៊ឹម ចែម​ ដោយ សំអាង​ថា ​ជនសង្ស័យ​ក្នុង​សំណុំរឿង​បន្ថែម​មិនមែន​ជា​មេដឹកនាំ​ជាន់ខ្ពស់។

«បើ​កាត់​តទៅទៀត បើ​វា​ចំណេញ​ចេះ​តែ​កាត់​ទៅ។ បើ​កាត់​ទៅ​វា​ប៉ះពាល់​គួរ ឲ្យ​យើង​ឈប់​ទៅ ក៏​វា​ល្អ​ប្រសើរ​ដែរ​ ព្រោះ​ខ្មែរ​យើង​ទាំងអស់​គ្នា​រស់នៅ ដើម្បី​សុខសាន្ត​ទាំងអស់​គ្នា។ មក​ដល់​ថ្ងៃ​នេះ អភិវឌ្ឍ​ប្រទេស​ប៉ុណ្ណេះ ហើយ យើង​ចេះ​តែនាំ​គ្នា​កាត់​ទៀត​ទៅ​ ក៏​វា​មិន​រីកចំរើន​ប៉ុន្មាន​ដែរ​តាម​ខ្ញុំ​យល់»។

ទោះ​ជា​មាន​ការទម្លាក់ចោល​ការចោទ​ប្រកាន់​ពី​សហ​ចៅក្រម​ស៊ើបអង្កេត​ចំពោះ​អ្នកស្រី​អ៊ឹម ចែម ក៏​ពិត​មែន តែ​ដំណើរការ​នីតិវិធី​ នៅ​បន្ត​ទៅ​មុខ​ទៀត ប្រសិន បើ​មាន​ការជំទាស់​នឹង​ដីកា​ទម្លាក់​បទចោទ​របស់​សហចៅក្រម​ស៊ើប​អង្កេត ជាតិ​និង​អន្តរជាតិ​នេះ។

អ្នកស្រី អ៊ឹម ចែម បាន​អះអាង​ថា អ្នកស្រី​ពេល​នេះ​គិតតែ​ពី​ការ​កសាង​បុណ្យ​កុសល តាម​ផ្លូវ​ព្រះពុទ្ធ​សាសនា ដោយ​ការ​ចូល​បច្ច័យ​កសាង​វត្តអារាម សាលារៀន បន្ទប់​ទឹក របង​វត្ត​និង​គំនូរ​ ហើយ​ក្រៅពីនេះ ​អ្នកស្រី បាន​បន្ត​ថា អ្នកស្រី​គិតតែ​ពី​ខិតខំ​ធ្វើ​ការងារ ប្រកប​មុខរបរ​ចញ្ចឹម​ជីវិត​ជាមួយ​នឹង​ការ​ដាំដុះ និង​ធ្វើ​ចំការ​នៅ​ក្រោយ​ផ្ទះ។

តែ​អ្នកស្រី បដិសេធ​ការចោទប្រកាន់​ថា​ការ​កសាង​ផលបុណ្យ​នេះ មិនមែន​ជា​ការលាង​បាប​ពី​ការប្រព្រឹត្ត​ក្នុង​របប​ខ្មែរក្រហម​ដែល​អ្នកស្រី​បានអះអាង​ថា​គ្មាន​ជាប់ពាក់ព័ន្ធ​នោះ​ទេ។

អ្នកស្រី អ៊ឹម ចែម បាន​បន្ថែម​ថា​ នឹង​មាន​ការភ័យខ្លាច​និង​ភ្ញាក់ផ្អើល​ពី​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​ផ្សេងទៀត បើ​តុលាការ​ ចេះ​តែ​ដើរ​ចោទ​ប្រកាន់​បន្ថែម​លើ​អតីត​កមា្មភិបាល​ខ្មែរ​ក្រហម​នោះ។

សំណុំរឿង ០០៤​ នៅ​មាន​ជនជាប់សង្ស័យ​ពីរ​នាក់​ផ្សេង​ទៀត​គឺ​លោក អោ អាន ហៅ​តា អាន លោក យឹម ទិត ហៅតា​ទិត ហើយ​សំណុំ​រឿង​០០៣ មាន​ជនសង្ស័យ​មួយ​រូប​ទៀត​គឺ លោក មាស មុត ដែល​តុលាការ​ កំពុង​បន្ត​ចាត់​ការ​តាម​នីតិវិធី ដំណាលគ្នា​ដែល​តុលាការ​ កំពុង​កាត់ទោស​បន្ត​សំណុំរឿង០០២ វគ្គ២​ជា​វគ្គ​បញ្ចប់។

មេដឹកនាំ​ជាន់ខ្ពស់​ពីរ​នាក់​គឺ ខៀវ សំផន អតីត​ប្រមុខរដ្ឋ និង នួន​ ជា អតីត​បងធំ​ទី២ នៃ​របប​ខ្មែរ​ក្រហម​ ត្រូវ​តុលាការ​បន្ត​កាត់ទោស​ពី​បទ​ទាក់ទង​នឹង​ការកាប់សម្លាប់​និង​ស្លាប់​ពលរដ្ឋ​ខ្មែរ​ជាង​១​លាន​៧ សែន នាក់​ក្នុង​ទសវត្សរ៍ ១៩៧០៕

XS
SM
MD
LG