ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កេនយ៉ា​ចង់​ចរចា​សាជាថ្មី​​រឿង​កម្ចី​សម្រាប់​ផ្លូវដែក​សាងសង់​ដោយ​ចិន


រូបឯកសារ៖ រូបភាព​ថត​ពី​លើ​អាកាស​បង្ហាញ​រថភ្លើង​នៅ​ខ្សែ Standard Gauge Railway (SGR) ដែល​សាងសង់​ដោយ​ក្រុមហ៊ុន China Road and Bridge Corporation (CRBC) និង​ផ្តល់​ហិរញ្ញប្បទាន​ដោយ​រដ្ឋាភិបាល​ចិន នៅ​ទីក្រុង Kimuka ប្រទេសកេនយ៉ា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩។
រូបឯកសារ៖ រូបភាព​ថត​ពី​លើ​អាកាស​បង្ហាញ​រថភ្លើង​នៅ​ខ្សែ Standard Gauge Railway (SGR) ដែល​សាងសង់​ដោយ​ក្រុមហ៊ុន China Road and Bridge Corporation (CRBC) និង​ផ្តល់​ហិរញ្ញប្បទាន​ដោយ​រដ្ឋាភិបាល​ចិន នៅ​ទីក្រុង Kimuka ប្រទេសកេនយ៉ា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩។

រដ្ឋមន្រ្តី​ផ្នែក​ដឹកជញ្ជូន​ដែល​ត្រៀម​នឹង​ចូល​កាន់​តំណែង​នៅ​កេនយ៉ា​និយាយ​ថា កេនយ៉ា​មិន​អាច​បន្ត​បង់ប្រាក់​កម្ចី​ពី​ចិន​ក្រោម​លក្ខខណ្ឌ​នា​ពេល​បច្ចុប្បន្ន​នោះ​ទេ។ ​

ឆ្លើយតប​នឹង​សំណួរ​ពី​គណៈកម្មាធិការ​សភា លោក Kipchumba Murkomen បាន​និយាយ​ថា កេនយ៉ា​នឹង​ត្រូវ​សុំ​ពន្យារ​រយៈពេល​បង់​ប្រាក់​ ជា​ពិសេស​ពាក់ព័ន្ធ​នឹង​កម្ចី​ ដែល​ត្រូវ​បានប្រើ​ដើម្បី​សាងសង់​ផ្លូវ​ដែក​ Standard Gauge Railway (SGR)។

លោក Murkomen ថ្លែង​ថា៖ «មាន​សេចក្តី​សម្រេច​ជា​យុទ្ធសាស្រ្ត​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​គ្រា​នោះ​ ដែល​យើង​បាន​ធ្វើ​ដើម្បី​វិនិយោគ​នៅ​ក្នុង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ហើយ​រដ្ឋាភិបាល​កេនយ៉ា​នឹង​បង់​ត្រឡប់​សងទៅ​វិញ​ក្នុង​រយៈពេល ១៥​ ទៅ២០​ឆ្នាំ។ ឥឡូវ​នេះ យើង​កំពុង​ជួប​បញ្ហា​ជាមួយ​កម្ចី​ជា​ច្រើន ដោយសារ​យើង​ត្រូវ​បង់​ប្រាក់ ៨០​លាន​ដុល្លារជា​រៀងរាល់​ឆ្នាំ​ទៅ​កាន់​ម្ចាស់កម្ចីចំពោះ​គម្រោង​ផ្លូវ​ដែក SGR។ ​យើង​មាន​ទំនោរ​បន្ត​បង់​តាម​ទំហំ​ប្រាក់​កំណត់​ឡើង​ ប៉ុន្តែ​យើង​ក៏​ត្រូវ​មាន​ឆន្ទៈ​ក្នុង​ចរចា​ឡើង​វិញ​លើ​រយៈពេល​កម្ចី ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី ថា​តើ​យើង​អាច​ពន្យារ​បន្ថែម​រយៈពេល​បង់កម្ចី​យ៉ាង​ហោចណាស់​ដល់​ ៥០​ឆ្នាំ​ឬ​ទេ»។

កេនយ៉ា​បាន​ខ្ចី​ប្រាក់ ៥​ពាន់​លាន​ដុល្លារ ដើម្បី​សាងសង់​ផ្លូវ​ដែក​ពី​កំពង់ផែ Mombasa ទៅ​កាន់​ក្រុង Naivasha ភាគ​ខាង​លិច​រដ្ឋធានី​ណៃរ៉ូប៊ី។

គម្រោង​ផ្លូវ​ដែក​នេះ​បាន​បើក​ដំណើរការ​កាល​ពី​ឆ្នាំ ២០១៧ ហើយ​រដ្ឋាភិបាល​បាន​បង្ខំ​ឱ្យ​អាជីវកម្ម​ផ្សេងៗ ដឹក​ទំនិញ​តាម​ផ្លូវ​ដែក ដើម្បី​ជួយ​ជ្រោមជ្រែង​ក្នុង​ការ​សង​ប្រាក់កម្ចី។ ​

យ៉ាង​ណា​ក្តី​ គម្រោង​ផ្លូវ​ដែក​នេះ​បាន​ខាតបង់​ថវិកា។

លោក​ Murkomen បាន​ថ្លែង​ថា៖ «យើង​លែង​មាន​លទ្ធភាព​បង់​កម្ចី​បាន​តាមរយៈ​ចំណូល​ពីផ្លូវ​ដែក។ ហើយ​ទោះបី​នៅ​ក្នុង​រយៈពេល ៥០​ឆ្នាំ​ក៏ដោយ ការ​ទូទាត់​ដាច់​កម្ចី​នៅ​មិនអាច​ធ្វើ​បានដាច់​ស្រាច់​នោះ​ទេ ប្រសិន​បើ​យើង​បន្ត​បង់​កម្ចី​លើ​ផ្លូវ​ដែក​ដូច​ពេល​ឥឡូវ​នេះ»។​

រដ្ឋាភិបាល​អាណត្តិ​មុន​នៅ​កេនយ៉ា​ត្រូវ​បាន​ចោទប្រកាន់​ពី​ការ​ខ្ចី​លុយ​ច្រើន​ជ្រុល​ដើម្បី​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​អភិវឌ្ឍន៍​ផ្សេងៗ ដែល​ការណ៍​នេះ​ក៏​បាន​ជំរុញ​ឱ្យ​អំពើ​ពុករលួយកើនឡើង​ផង​ដែរ។ ចិនក៏​បាន​ផ្តល់​ហិរញ្ញប្បទាន​ដើម្បី​សាង់សង់​ផ្លូវ​ល្បឿនលឿន​ចម្ងាយ ២៧​គីឡូម៉ែត្រ​នៅ​ក្រុង​ណៃរ៉ូប៊ី ដែល​បាន​ចំណាយ​ទឹកប្រាក់​អស់ ៧៣៤​លាន​ដុល្លារ។

ភាគច្រើន​នៃ​កិច្ចព្រមព្រៀង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​របស់​កេនយ៉ា​ជាមួយ​ចិន​គឺ​មាន​ប្រកប​ដោយ​ភាព​សម្ងាត់។ កិច្ចព្រមព្រៀងដែល​នាំ​ឱ្យ​មាន​ការ​សាងសង់​ផ្លូវ​ដែក​ថ្មី នៅ​តែ​ជា​រឿង​សម្ងាត់ ទោះបីជា​មាន​បទបញ្ជា​ពី​តុលាការ​ ដែល​ទាមទារ​ឱ្យ​មាន​ការ​បង្ហាញ​ជា​សាធារណៈ​ក៏​ដោយ។

លោក Murkomen បាន​និយាយ​ថា លោក​នឹង​ស្នើ​សុំ​កិច្ចព្រមព្រៀង​នោះ​ និង​ចែករំលែក​ជាមួយ​នឹង​សភា។

អ្នក​សេដ្ឋកិច្ចនៅ​កេនយ៉ា​លោក Gerrishon Ikiara លើកឡើង​ថា ការ​ប្រើប្រាស់​ថវិកា​ខុស និង​អំពើពុករលួយ​គឺ​ជា​កត្តាគួរ​ស្តីបន្ទោស ​ចំពោះ​បញ្ហា​បំណុល​របស់​កេនយ៉ា។

លោក​បាន​ថ្លែង​ថា៖ «យើង​មិន​បាន​អនុញ្ញាត​ឱ្យ​ប្រើថវិកា​កម្ចី​ត្រឹម​តែ​លើ​គម្រោង​នេះ​ប៉ុណ្ណោះ​ទេ។ ប៉ុន្តែ​ពេល​ខ្លះ នៅ​កេនយ៉ា មាន​អំពើ​ពុករលួយ​ច្រើន​នៅ​តាម​គម្រោង​ផ្សេងៗ ពីព្រោះ​ប្រសិន​បើ​អ្នក​អាច​ប្រើប្រាស់​ថវិកា​ដែល​ត្រូវ​បាន​វាយតម្លៃ​ត្រឹមត្រូវ នោះ​នឹង​មាន​ការ​ប្រកួត​ប្រជែងត្រឹមត្រូវ​ក្នុង​ការ​ដេញថ្លៃ​សម្រាប់​គម្រោង​ផ្សេងៗ។ ខ្ញុំ​គិត​ថា យើងអាច​សាងសង់​ផ្លូវ​បានប្រវែង​ច្រើន​គីឡូម៉ែត្រ​ជាង​នេះ។ ប៉ុន្តែ​កំហុស​នេះ​បាន​ធ្វើ​រួច​ទៅ​ហើយ។ អំពើ​ពុករលួយ​ញាំញី​បាន​ជះ​ផលអាក្រក់​ទៅ​លើ​ការ​ចំណាយ​ពេញលេញ​នៃ​គម្រោង​ផ្សេងៗ​នៅ​ក្នុង​ប្រទេស»។

លោក Ikiara ក៏បាន​និយាយ​ថា ទំនាក់ទំនង​ល្អ​របស់​កេនយ៉ា​ជាមួយ​ចិន​ប្រហែល​នាំ​ឱ្យ​មាន​កម្មវិធី​បង់​បំណុល​ប្រកប​ដោយ​ចីរភាព​ជាង​នេះ។

លោក​ថ្លែង​ថា៖ «ប្រទេស​ដែល​មាន​ចំណង​មិត្តភាពល្អ​នឹង​គ្នា​តែង​ធ្វើ​ការចរចា​រវាង​គ្នា។ ពីព្រោះ​ចិន​ប្រហែល​មាន​បញ្ហា​ផ្ទាល់​របស់​ពួកគេ​ ប្រហែល​ពួកគេក៏​បាន​ខ្ចី​ថវិកា​ផង​ដែរ ដូច្នេះ​ចិន​ក៏​កំពុង​សម្លឹង​មើល​ទៅ​សេដ្ឋកិច្ច​របស់​ខ្លួន និង​ថ្លឹងថ្លែង​ពី​សមត្ថភាព​ក្នុង​ការ​កែសម្រួល​លក្ខខណ្ឌ​តាម​ការ​ចង់បាន​របស់​កេនយ៉ា។ នេះ​ជា​ហេតុផល​ដែល​ថា ​ទំនាក់ទំនង​ល្អ​ជា​រឿង​សំខាន់»។

ចិន​រ៉ាប់រង​មួយ​ភាគបី​នៃ​បំណុល​បរទេស​របស់​កេនយ៉ា។ រដ្ឋាភិបាល​កេនយ៉ា​ថ្មី​ក្រោម​ការ​ដឹកនាំ​របស់​ប្រធានាធិបតី​ លោក William Ruto បាន​និយាយ​ថា ខ្លួន​នឹង​កាត់បន្ថយ​ការ​ពឹងផ្អែក​លើ​កម្ចី​បរទេស និង​ធ្វើការ​ខ្ចី​ថវិកា​ច្រើន​ជាង​មុន​ពីទីផ្សារ​ក្នុង​ស្រុក៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG