ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហគមន៍​ជាតិសាសន៍​ភាគ​តិច​កេនយ៉ា​ប្ដឹង​តវ៉ា​ពី​ការ​បណ្ដេញ​ចេញ​ពី​ព្រៃ​ដោយ​បង្ខំ


សមាជិក​នៃ​សហគមន៍ Sengwer ដែល​កំពុង​រស់​នៅ​ក្នុង​ព្រៃ Embobut ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ដើរ​ក្បួន​ទៅ​កាន់​ការិយាល័យ​របស់​លោក​ប្រធានាធិបតី ដើម្បី​ដាក់​ញត្តិ​ដើម្បី​បញ្ឈប់​ការ​បណ្តេញ​ចេញ​ពី​ព្រៃ កាលពី​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩។
សមាជិក​នៃ​សហគមន៍ Sengwer ដែល​កំពុង​រស់​នៅ​ក្នុង​ព្រៃ Embobut ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ដើរ​ក្បួន​ទៅ​កាន់​ការិយាល័យ​របស់​លោក​ប្រធានាធិបតី ដើម្បី​ដាក់​ញត្តិ​ដើម្បី​បញ្ឈប់​ការ​បណ្តេញ​ចេញ​ពី​ព្រៃ កាលពី​ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩។

ក្រុម​ជាតិសាសន៍​ភាគ​តិច Ogiek និង Sengwer នៅ​ក្នុង​ប្រទេស​កេនយ៉ា​បាន​ឱ្យ​ដឹង​ថា អាជ្ញាធរ​បាន​បណ្ដេញ​ពួកគេ​ដោយ​បង្ខំ​ចេញ​ពី​ព្រៃ Mau និង Embobut និង​បាន​ដុត​បំផ្លាញ​ផ្ទះ​សម្បែង​រាប់​រយ​ខ្នង បណ្ដាល​ឱ្យ​មនុស្ស​ជា​ច្រើន​គ្រួសារ​គ្មាន​ផ្ទះ​សម្បែង​រស់​នៅ ចំ​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ១៩។ រដ្ឋាភិបាល​កេនយ៉ា​បាន​ចាប់ផ្ដើម​ការ​បណ្ដេញ​ចេញ​កាល​ពី​ឆ្នាំ​មុន ដោយ​បាន​អះអាង​ថា សហគមន៍​ជាតិសាសន៍​ភាគ​តិច​ដែល​រស់នៅ​ក្នុង​ព្រៃ បាន​បំផ្លិច​បំផ្លាញ​បរិស្ថាន។ ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​ បាន​ឱ្យ​ដឹង​ថា ក្រុម​ជាតិ​សាសន៍​ភាគ​តិច​ទាំង​នេះ​ការពារ​ព្រៃឈើ​ពី​ការ​ប្រម៉ាញ់​សត្វ​ និង​ការ​កាប់​ឈើ​ខុស​ច្បាប់។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​តាម​កម្មវិធី Zoom កាល​ពី​ពេល​ថ្មីៗ​នេះ សហគមន៍​ជាតិសាសន៍​ភាគ​តិច​នានា​នៅ​ក្នុង​ប្រទេស​កេនយ៉ា បាន​ប្ដឹង​តវ៉ា​អំពី​ការ​រំលោភ​បំពាន និង​ការ​បណ្ដេញ​ចេញ​ម្ដង​ហើយ​ម្ដង​ទៀត​ឱ្យពួក​គេ​ចាក​ចេញពី​ព្រៃ​ដែល​ពួកគេ​អះអាង​ថា​ជា​ផ្ទះ​របស់​ពួកគេ​អស់​ជា​ច្រើន​សតវត្សរ៍​មក​ហើយ។

អ្នកស្រី Milka Chepkorir តំណាង​ឱ្យ​សហគមន៍ Sengwer។ អ្នកស្រី​បាន​និយាយ​ថា ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ១៩ មិន​បាន​បញ្ឈប់​អាជ្ញាធរ​កេនយ៉ាន​ពី​ការ​បណ្ដេញ​ប្រជាពលរដ្ឋ Sengwer ចេញ​ពី​ផ្ទះ​សម្បែង​ឡើយ។

អ្នកស្រី​បាន​និយាយ​ថា៖ «នេះ​គឺ​ជា​ការ​បណ្ដេញ​ចេញ​មួយ​ដែល​ពិតជា​ប៉ះពាល់​ដល់​ពួកយើង​ក្នុង​រូបភាព​ផ្សេង ដោយ​សារ​តែ​វា​ជា​ការ​បណ្ដេញ​ចេញ​ក្នុង​អំឡុង​ពេល​កំពុង​មាន​វិបត្តិ​ជំងឺ​កូវីដ១៩។ វា​ជា​ការ​បណ្ដេញ​ចេញ​នៅ​ចំ​ពេល​ដែល​ក្មេងៗ​មិន​បាន​រៀន​នៅ​ក្នុង​សាលា ហើយ​ដោយសារ​តែ​គ្មាន​កន្លែង​ទៅ ពួកគេ​បាន​ក្លាយ​ខ្លួន​ជា​ជន​គ្មាន​ផ្ទះ​សម្បែង​ស្នាក់នៅ ហើយ​វា​កើត​ឡើង​ចំ​ពេល​រដូវ​រងា​បំផុត​ប្រចាំ​ឆ្នាំ​នៅ​តំបន់​លើ​ភ្នំ»។

ការ​ពី​ពេល​ថ្មីៗ​នេះ គ្រួសារ​មួយ​ចំនួន​នៃ​សហគមន៍ Ogiek ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ព្រៃ​ដែល​ជា​ផ្ទះ​របស់​ពួក​គេ។ លោក Daniel Kobei បាន​និយាយ​ថា លោក និង​ជាតិសាសន៍​ភាគ​តិច Ogiek ៥ ម៉ឺន​នាក់​ផ្សេង​ទៀត បាន​ជួប​ប្រទះ​រឿង​បណ្ដេញ​ចេញ​នេះ​ពេញ​មួយ​ជីវិត​ទៅ​ហើយ។

លោក Kobei បាន​និយាយ​ថា៖ «យើង​ចង់​បង្ហាញ​ឱ្យ​ច្បាស់​ថា ជាតិសាសន៍​ភាគ​តិច Ogiek បាន​ក្លាយជា​ប្រធានបទ​នៃ​ការ​បណ្ដេញ​ចេញ។ ហេតុការណ៍​បណ្ដេញ​ចេញ​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ធ្វើ​ឱ្យ​មនុស្ស ៣០០ គ្រួសារ​គ្មាន​ផ្ទះ​សម្បែង​ស្នាក់នៅ ហើយ​ពួកគេ​ត្រូវ​បាន​អ្នក​ជិតខាង​ផ្ដល់​កន្លែង​ឱ្យ​ស្នាក់នៅ»។

បើ​យោង​តាម​អង្គ​ការ​សិទ្ធិ​មនុស្ស Human Rights Watch ជាតិសាសន៍​ភាគ​តិច​ប្រមាណ ៥ ម៉ឺន​គ្រួសារ​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​ព្រៃ Mau ហើយ ៦ ពាន់​គ្រួសារ​ទៀត​ទើបតែ​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ​ពី​ព្រៃ​នេះ​ក្នុង​ពេល​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ។

អង្គ​ការ​សិទ្ធិ​មនុស្ស​នេះ​ក៏​បាន​កត់​សម្គាល់​ផង​ដែរ​ថា នៅ​ក្នុង​កាលៈទេសៈមួយ​ចំនួន អាជ្ញាធរ​បាន​ប្រើ​កម្លាំង​ដើម្បី​បណ្ដេញ​ប្រជាជន​ចេញ​ពី​ព្រៃ។ អង្គការ​នេះ​បាន​ឱ្យ​ដឹង​ថា មនុស្ស​មួយ​ចំនួន​បាន​រង​របួស​ដោយ​សារ​ការ​វាយដំ ហើយ​ផ្ទះ​ជា​ច្រើន​ខ្នង​ត្រូវ​បាន​ដុត​បំផ្លាញ។

លោក Cyrus Oguna អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កេនយ៉ា បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​របស់​អង្គការ Human Rights Watch នេះ ដោយ​បាន​បញ្ជាក់​ថា ក្ដី​បារម្ភ​របស់​ពួកគេ «ត្រូវ​បាន​ជំរុញ​ឡើង​ដោយ​សកម្មភាព​តស៊ូ​មតិ​មួយ​ចំនួន មិន​មែន​ដោយសារ​ការ​ស្រាវជ្រាវ​នោះ​ទេ»។

លោក​ក៏​បាន​និយាយ​ទៀត​ថា រដ្ឋាភិបាល​នឹង​ការពារ​ព្រៃឈើ​សម្រាប់​អ្វី​ដែល​ល្អ​សម្រាប់​ប្រទេស​ជាតិ ប៉ុន្តែ​ក្នុង​លក្ខខណ្ឌ​មនុស្សធម៌។

លោក Peter Kitelo នាយក​អង្គការ Community Land Action Now (CLAN) ដែល​ជា​បណ្ដាញ​មួយ​តំណាង​ឱ្យ​សហគមន៍​កសិករ និង​ព្រៃឈើ បាន​និយាយ​ថា ការ​បណ្ដេញ​ចេញ​បាន​កើត​ឡើង​ជា​ច្រើន​ទស្សវត្ស​មក​ហើយ​ក្រោម​លេស​នៃ​ការ​អភិរក្ស។

លោក Kitelo និយាយ​ដូច្នេះ​ថា៖ «ភាគ​ច្រើន​នៃ​ទីតាំង​ដែល​ត្រូវ​បាន​គេ​បណ្ដេញ​ចេញ សុទ្ធ​សឹង​ជា​ទីតាំង​ដែល​មាន​ព្រៃឈើ​ល្អ​បំផុត។ នៅ​ពេល​បច្ចុប្បន្ន​នេះ​សម្រាប់​សហគមន៍​ជាតិសាសន៍​ភាគ​តិច Ogiek នៃ​ព្រៃ Mount Elgon ពួកគេ​ត្រូវ​បាន​គេ​បណ្ដេញ​ឱ្យ​ឡើង​ទៅ​លើ​ភ្នំ ដោយ​ហេតុ​ថា ព្រៃឈើ​ល្អៗ​គឺ​នៅ​ចង្កេះ​ភ្នំ។ តើ​អ្វី​នឹង​ត្រូវ​កើត​ឡើង​ចំពោះ​ព្រៃ​ទាំង​នោះ? អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ គេ​ឃើញ​មាន​ការ​កាប់​ព្រៃឈើ ហើយ​ឥឡូវ​នេះ​មិន​មាន​ព្រៃឈើ​ទៀត​ទេ។ ព្រៃឈើ​ធម្មជាតិ​គឺ​ឥឡូវ​នេះ​មានតែ​នៅ​កន្លែង​ដែល​មាន​សហគមន៍​នេះ​រស់នៅ​តែ​ប៉ុណ្ណោះ»។

រដ្ឋាភិបាល​ចង់​ឱ្យ​ប្រទេស​កេនយ៉ា​មាន​ព្រៃឈើ​គ្រប​ដណ្ដប់​ឱ្យ​បាន​ចំនួន ១០% នៅ​ត្រឹម​ឆ្នាំ ២០២២ ដែល​នៅ​ពេល​បច្ចុប្បន្ន​នេះ​មានតែ ៧% ប៉ុណ្ណោះ។

អ្នកស្រី Chepkorir មក​ពី​សហគមន៍​ជាតិសាសន៍​ភាគ​តិច Sengwer បាន​និយាយ​ថា វិធី​ល្អ​បំផុត​តទៅ​មុខ គឺ​រដ្ឋាភិបាល​ត្រូវ​ទទួល​ស្គាល់​សិទ្ធិ​របស់​សហគមន៍​ជាតិសាសន៍ Ogiek និង Sengwer ក្នុង​ការ​រស់នៅ​ក្នុង​ព្រៃ និង​ធ្វើការ​ជាមួយ​ពួកគេ​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​ការ​អភិរក្ស​ព្រៃឈើ​ប្រកប​ដោយ​ជោគជ័យ៕

ប្រែ​សម្រួល​ដោយ សឿន វឌ្ឍនា

XS
SM
MD
LG