ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី​លោក ​កឹម សុខា ចង់​ឲ្យ​តុលាការ​កោះ​ហៅ​អាមេរិក​មក​បំភ្លឺ


រូបឯកសារ៖ លោក ចាន់ ចេន មេធាវីមួយរូបក្នុងចំណោមបួនរូបដែលការពារក្តីឲ្យលោក កឹម សុខា ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីលោក កឹម សុខា បញ្ចប់ជំនួបជាមួយឯកអគ្គរដ្ឋទូតប្រទេសញូវហ្សេលែន នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)
រូបឯកសារ៖ លោក ចាន់ ចេន មេធាវីមួយរូបក្នុងចំណោមបួនរូបដែលការពារក្តីឲ្យលោក កឹម សុខា ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីលោក កឹម សុខា បញ្ចប់ជំនួបជាមួយឯកអគ្គរដ្ឋទូតប្រទេសញូវហ្សេលែន នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩។ (កាន់ វិច្ឆិកា/VOA)

ក្រុម​មេធាវី​ការពារ​ក្ដី​របស់​លោក កឹម សុខា មេដឹកនាំអតីត​គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឃើញតុលាការកោះ​ហៅ​សហរដ្ឋអាមេរិក មក​បំភ្លឺ​សំណុំ​រឿង «សន្ទិដ្ឋិភាព​ជាមួយ​បរទេស» ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ប្រទេស​មហាអំណាច​មួយ​នេះ នៅ​ពី​ក្រោយ​គណបក្ស​ប្រឆាំង ក្នុង​គម្រោង​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន។

លោក​ ចាន់ ចេន ​មេធាវី​មួយ​រូប​ក្នុង​ចំណោម​មេធាវី​៤​រូប​ដែល​ការពារ​ក្ដី​ឲ្យ​លោក កឹម សុខា បាន​ថ្លែង​ប្រាប់ ​VOA ​នៅ​ថ្ងៃ​ពុធ​នេះ​ថា តុលាការ​មាន​សិទ្ធិ​ក្នុង​ការ​កោះហៅ​សាក្សី​ដែល​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​របស់​លោក​ កឹម​ សុខា ប៉ុន្តែ​លោក​ថា មិន​ទាន់​មាន​សាក្សី​បរទេស​ណាមួយ​ដែល​តុលាការ​បាន​កោះហៅ​នោះ​ទេ។ ​លោក​ចង់​ឲ្យ​តុលាការ​កោះ​ហៅ​ជន​បរទេស ដែល​លោក​ប្រហែល​ជា​សំដៅ​លើ​អាមេរិក ឲ្យ​ចូល​មក​បំភ្លឺ។

«រហូត​ដល់​ពេល​នេះ​យើង​អត់​ទាន់​ឃើញ​តុលាការចេញ​ដីកា​កោះហៅជនបរទេស​ ឬក៏​ថ្នាក់ដឹកនាំ​នៃ​រដ្ឋ​បរទេស​ណាមួយ​នៅឡើយ​ទេ។ ប៉ុន្តែ​មេធាវី​យើង​ចង់​ឃើញ​ឲ្យ​តុលាការ​ធ្វើការ​កោះ​ហៅ ដើម្បី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​កូន​ក្ដី​ខ្ញុំ​គឺ​ឯកឧត្ដម​ កឹម​ សុខា»។

ទោះ​យ៉ាង​ណា លោក ចាន់ ចេន បន្ត​ថា​លោក​មិន​ទាន់​បាន​ពិភាក្សា​ជាមួយ​ក្រុម​មេធាវី​របស់​លោក​ កឹម សុខា ថា​នឹង​ត្រូវ​ស្នើ​ឲ្យ​ភាគី​អាមេរិក​ចូល​រួម​ឬ​យ៉ាង​ណា​នោះ​ទេ។

អ្នក​នាំ​ពាក្យស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា អ្នកស្រី Emily Zeeberg ​បដិសេធ​ផ្ដល់​ការអធិប្បាយ​លើ​បញ្ហា​នេះ។ ប៉ុន្តែ​កន្លង​ទៅ សហរដ្ឋ​អាមេរិក​បាន​ទាមទារ​ឲ្យមាន​ការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​លោក កឹម សុខា។ សហរដ្ឋ​អាមេរិក​ក៏​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ថា​ខ្លួន​នៅ​ពី​ក្រោយ​គណបក្ស​ប្រឆាំង នៅ​ក្នុងគម្រោង​ចោទ​ប្រកាន់​ដែល​ថា​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។

ចៅ​ក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​កំណត់​យក​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០២០ ​ដើម្បី​កាត់​ក្ដី​ លោក​ កឹម​ សុខា បន្ទាប់​ពី​ការ​ស៊ើប​អង្កេត​ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ​មក​ហើយ​នោះ។

លោក គុជ គឹមឡុង អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បដិសេធ​ផ្ដល់​ការ​អធិប្បាយ​អំពី​ការ​កោះ​ហៅ​សាក្សី ហើយ​លោក​ប្រាប់​ឲ្យ​ទាក់ទង​ទៅ​លោក អ៊ី​ រិន្ទ ដែល​ជា​អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដូចគ្នា។ VOA មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក អ៊ី រិន្ទ បាន​នៅ​ឡើយ​ទេ។

កូនស្រី​របស់​លោក កឹម សុខា គឺ​កញ្ញា កឹម មនោ​វិទ្យា ធ្លាប់​បាន​ប្រាប់ ​VOA​ តាម​សារ​អេឡិចត្រូនិក​ថា បើ​មាន​ការ​កាត់​ទោស​លោក កឹម សុខា សហរដ្ឋ​អាមេរិក​ មិន​អាច​ទទួលយក​បាន​នោះ​ទេ ហើយ​អាច​មាន​ការ​ឆ្លើយ​តប​អវិជ្ជមាន​ណាមួយ​ពី​សហរដ្ឋ​អាមេរិក។

យោង​តាម​ដីកា​កោះ​របស់​លោក វង្ស ប៊ុនវិសុទ្ធ ព្រះ​រាជអាជ្ញា​រង​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ​ដែល ​VOA ទទួល​បាន បុគ្គល​ពីរ​រូប​ដែល​ជា​សកម្មជន​ និងហ៊ាន​បញ្ចេញ​មតិ ​គឺ​លោក ម៉ា ចិត្រា និង​អ្នកស្រី សរ ស៊ន ត្រូវ​បាន​កោះ​ហៅ​មក​ធ្វើ​ជា​សាក្សី​ក្នុង​សំណុំ​រឿង​របស់​លោក កឹម សុខា។

លោក​ ម៉ា ចិត្រា​ និង​អ្នកស្រី សរ ស៊ន សុទ្ធ​តែ​អះអាង​ថា​ពួកគេ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​របស់​លោក ​កឹម សុខា ឡើយ ​ប៉ុន្តែ​នឹង​ចូល​បំភ្លឺ​តាម​ដីកា​កោះ​ហៅ​នេះ។

លោក ម៉ា​ ចិត្រា អាយុ២៨​ឆ្នាំ ប្រាប់ ​VOA ​ថា​លោក​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​ពេល​ទទួល​បាន​ដីកា​កោះ​ហៅ​របស់​តុលាការ ដោយ​អះអាង​ថា លោក​មិន​បាន​ដឹង​រឿង​រ៉ាវ​ពាក់​ព័ន្ធ​នឹង​លោក កឹម សុខា នោះ​ទេ។

«ខ្ញុំ​មិន​ទាន់​យល់​ថា​ម៉េច ព្រោះអី​មនុស្ស​យើង​មិនដែល​ពាក់ព័ន្ធ​គ្នា ហើយ​ដល់ពេល​គេ​កោះ​ហៅ​អ៊ីចឹង​យើង​មាន​តែ​ឡើង​តាម​គេ​ទៅ បើ​គេ​ហៅ​ហើយ។ បើ​សិន​ជា​យើង​រត់​គេច ​វា​មិន​សម ព្រោះអី​យើង​ចង់​នៅ​មើល​ដំណើរការ​តុលាការ​ហ្នឹង​យ៉ាងម៉េច ថា​តើ​តុលាការ​ហ្នឹង​នឹង​ផ្ដល់​ភាព​យុត្តិធម៌​ដល់​យើង​ដែរ​ឬ​អត់»។

​ចំណែក​អ្នក​ស្រី សរ ស៊ន សកម្ម​ជន​ដី​ធ្លី​នៅ​សហគមន៍​បុរីកីឡា ត្រូវ​គេ​សង្កេត​ឃើញ​ថា​ បាន​ចូលរួម​ជា​ញឹក​ញាប់​ក្នុង​ការ​ធ្វើ​យុទ្ធនាការ​ថ្ងៃច័ន្ទ​ពណ៌​ខ្មៅ​កាល​ពី​៣​ឆ្នាំ​មុន និង​ត្រូវ​បាន​តុលាការ​កោះ​ហៅ​ជា​ញឹកញាប់។

អ្នក​ស្រី​យល់​ថា​ការ​កោះ​ហៅ​អ្នកស្រីជា​សាក្សី​នេះ​ គ្រាន់​តែ​ជា​ការ​បំភិត​បំភ័យ​មក​លើ​អ្នកស្រី​តែ​ប៉ុណ្ណោះ។

«មីង​យល់​ថា​តុលាការ​គាត់​ចេះ​តែ​ធ្វើ​ដើម្បី​គាបសង្កត់​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ហ៊ាន​ធ្វើ​សកម្មភាព​អី​នៅ​ក្នុង​សហគមន៍​អ៊ីចឹង។​ កុំ​ឲ្យ​ហ៊ាន​ណា ហើយ​អ៊ីចឹង​សហគមន៍​មីង​ក៏​គេ​ខ្លាច​ដែរ។​ តាំង​ពី​គេ​ឧស្សាហ៍​ហៅ​មីង ឡើង​តុលាការ​អ៊ីចឹង គេ​ខ្លាច​អត់​សូវ​ហ៊ាន​និយាយ ​អត់​ហ៊ាន​ធ្វើ​សកម្មភាព​អី​ណា»។

លោក​ ​កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​កញ្ញា​ ឆ្នាំ​២០១៧។ កាល​ពី​ខែ​វិច្ឆិកា លោក កឹម សុខា ត្រូវ​បាន​តុលាការ​សម្រេច​ដក​បម្រាម​ពី​ការ​ឃុំឃាំង​ក្នុង​ផ្ទះ។ ប៉ុន្តែ​លោក​ត្រូវដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ និង​មិន​ត្រូវ​ធ្វើ​សកម្មភាព​នយោបាយ។

គួរ​បញ្ជាក់​ថា​ សហភាព​អឺរ៉ុបឬ​ European Union (EU) បាន​និង​កំពុង​ចាប់​ផ្ដើម​ដំណើរការ​នីតិវិធី​ដក​ឋានៈ​អនុគ្រោះ​ពន្ធ​«គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ» ឬ Everything But Arms (EBA) ដែល​កម្ពុជា​ទទួល​បាន បើ​សិន​ជា​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ មិន​ស្តា​ស្ថានការណ៍​មក​ដូច​ដើម​វិញ​ទេ។ ការ​សម្រេច​ជា​ចុង​ក្រោយរបស់ ​EU ថា​ត្រូវ​ព្យួរ​ EBA ឬ​យ៉ាងណា នឹង​ធ្វើ​ឡើង​នៅ​ខែ​កុម្ភៈ​ ឆ្នាំ ២០២០៕

XS
SM
MD
LG